Thursday, September 17, 2009

ព្រះរាជាពុទ្ធសាសនិក​ទី ១ ​នៃ​សម័យ​អង្គរ


ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) បានឡើងសោយរាជនៅឆ្នាំ១០០២ ក្រោយពី បានទទួល ជ័យជំនៈលើគូប្រជែង ក្នុងជម្លោះដណ្តើមរាជសម្បត្តិ ។ នៅពេលព្រះបាទរាជេន្រ្ទវរ្ម័នទី២ សុគតទៅ បុត្រារបស់ ព្រះអង្គគឺជ័យវរ្ម័នទី៥ ឡើងសោយរាជ្យបន្តដោយ មានក្មេងណាស់នៅឡើយ ។

ដូចក្នុងរជ្ជកាលមុនៗ ដែរព្រះអង្គកាន់សាសនាព្រាហ្មណ៍ តែអនុញ្ញាតឲ្យមានការគោរព​បូជាព្រះពុទ្ធសាសនាដែរ ។ ព្រះអង្គបានកសាងប្រាសាទភ្នំមួយ​គឺប្រាសាទតាកែវ តែពុំទាន់បានរួចរាល់ស្រេចទេ ។ នៅពេលទ្រង់ចូលទិវង្គត ការប្រយុទ្ធគ្នាដណ្តើមរាជ​សម្បត្តិក៏កើតមានឡើង ។ ក្រោយមក ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈ លើក្សត្រមួយអង្គ ទៀតជាគូប្រជែង ។

ទ្រង់បានទទួលរាជភិសេក នៅអង្គរហើយរៀបចំ ឲ្យមានសន្តិភាពឡើងវិញ ។ ប្រទេសជាតិរីកចំរើន ចំនួនប្រជាជនកើនឡើងច្រើន ។ អំណាចព្រះរាជា​គ្របដណ្តប់ទៅលើវាល​ទំនាបទន្លេមេណាមទាំងមូល ។ គេបានរកឃើញសិលាចារិករបស់ខ្មែរ ទាក់ទងនិង​ព្រះអង្គនៅតំបន់ល្វោ (លពបុរី) ខាងជើងក្រុង​បាងកកសព្វថ្ងៃ ។

អំណាចកណ្តាល​របស់ក្រុងអង្គរ ក្នុងផ្នែកនយោបាយ និងសាសនា មានកំលាំង​រឹងមាំឡើងជាលំដាប់ ។ ព្រះអង្គជាព្រះរាជាទី១ នៃសម័យអង្គរ ដែល កាន់ព្រះពុទ្ធសាសនា​មហាយាន ។ ប៉ុន្តែនៅក្នុងព្រះ នគរ អ្នកកាន់​សាសនាព្រាហ្មណ៍ និងអ្នកកាន់ពុទ្ធសាសនា​រូមរស់សុខសាន្តជាមួយគ្នា ។ ព្រះអង្គមានកសាង​ប្រាសាទនៅច្រើនកន្លែងដូចជា ប្រាសាទភ្នំជីសូរ(ខេត្តតាកែវ) ផ្នែកខ្លះនៃប្រាសាទព្រះវិហារ សាងបង្ហើយប្រាសាទ ភិមានអាកាស និងប្រាសាទតាកែវ ៕៚

ឯកសារយោង ៖ សៀវភៅជនជាតិខ្មែរ (ភាគ១)ដកស្រង់បន្តពីវត្តខ្មែរ

Tuesday, September 8, 2009

បរាភវ​សូត្រធ៌មនៃ​សេចក្តី​នាំឲ្យ​វិនាស​


បរាភវ​សូត្រ (​អានថាៈប៉ាក់ រ៉ា ភាក់ វាក់ សូ​ត ) តែង​ត្រូវបាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថៃ្ង នា​ពេល​ទៀបភ្លឺ នៅក្នុង​អំឡុង​ពេល​បុណ្យកាន់បិណ្ឌ ។ នៅ ក្នុង​បរាភវ​សូត្រ​នេះ​ជារឿយៗ គេ​ឮ​ឃ្លា​មួយ​ដែលថា “​នាំ​អោយ​វិនាស​” ។ ឃ្លា​នេះ​ជា ហេតុ​នាំ​អោយ​អ្នក​ខ្លះ​មាន​ទស្សនៈ​លេងសើច​ថា ពួកគេ​មិន​ហ៊ាន​ស្តាប់ធម៌​បរាភវ​សូត្រ​ទេ ព្រោះ​ខ្លាច​វិនាស ។​

​តាមពិត បរ​រា​ភ​វ​សូត្រ មានន័យ​ថា “​មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មានក្តី​ចំរើន ឬ​ធម៌​ជាហេតុ​នាំ​អោយ​មាន​ក្តីវិនាស​”​។ ​សូត្រ​នេះ​មាន​នៅក្នុង​គម្ពីរ​សុត្តន្តបិដក​, ខុ​ទ្ទក និកាយ​, សត្ត​និបាត​, តតិយ​ភាគទី​៥៤, ទំព័រ​ទី​៣៦ ។ ធម៌នេះ ​ធ្វើអោយ​អ្នក​ស្តាប់ បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលនាំអោយ​វិនាស ហើយ​អោយ​គេ​ចៀសវាង ដើម្បី​គេច​អោយ​ផុត​ពី​ក្តីវិនាស ហើយ​ប្រសិនបើ​គេ​មិន​បាន​ស្តាប់ធម៌​នេះ គេ​អាច​នឹង​មិន​ដឹង​ពី​ហេតុ​ដែល​នាំអោយ​វិនាស ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស ជាហេតុ​នាំ​អោយ​វិនាស​ទៅវិញ​ទេ ។ ​ក្នុង​ធ៌ម​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុផល​សាមញ្ញៗ និង ជាក់ស្តែង​ដូច​ជា​ថាៈ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​-​ប្តី , ភាព​ជា​បុគ្គល​អកត្ត​ញ្ញូ មិន​ដឹងគុណ​ឪពុក​-​ម្តាយ , អ្នកលេង​ល្បែង​៣​ប្រការ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង ល្បែងភ្នាល់​គ្រប់​ប្រភេទ , ភាព​ជា​អ្នក​ខ្ជឹលច្រអូស​ជាដើម គឺ​ជា​ហេតុ​នាំ​មក​នូវ​ក្តីវិនាស ។

​ ​ឆ្លើយ​នឹង​សំនួរ​ដែល​ថា ហេតុ​អ្វី​ទើប​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​តែ​នៅក្នុង​រដូវ​កាន់បិណ្ឌ ហើយ​ថា ប្រសិន បើ​សូត្រ​នៅពេល​ផ្សេង​ពី​ពេល​បុណ្យ​នេះ តើ​បាន​ដែរ​ឬ​អត់​នោះ ព្រះ​ភិក្ខុ ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“​ការណ៍​ដែល​ព្រះសង្ឃ​តែង​សូត្រ​បរាភវ​សូត្រ​នៅក្នុង​រដូវ​កាន់បិណ្ឌ​នោះ ព្រោះ​ពេលនោះ​ជា​ពេល​ដែល​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​មក​ជួបជុំគ្នា ហើយ​បរាភវ​សូត្រ ជា​ធម៌​ដាស់តឿន​ក្រើន​រំ​ឮ​ក​ដល់​គ្រហស្ថ​ពី​មូលហេតុ​ដែល​នាំមក​នូវ​ក្តីវិនាស ដើម្បី​អោយ​គ្រហស្ថ​ជៀសវាង​”​។​

​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ បាន​បន្ថែមទៀតថា​“​បរាភវ​សូត្រ​នេះ អាច​សូត្រ​នៅ​រដូវ​កាលណា​ក៏​បាន​ដែរ គ្រាន់តែ​យើង​ចំណាំ​ឃើញថា ក្រៅពី​រដូវ​កាល​កាន់បិណ្ឌ​ទៅ​ពុំ​សូវ​មាន​អ្នក​ស្តាប់ ។ ទោះយ៉ាងណា ជារឿយៗ​ធ៌ម​នេះ​ត្រូវបាន​ព្រះសង្ឃ​ជា​អង្គ​ធម្មកថិ​ក ពោល​គឺ​ព្រះសង្ឃ​ដែល​ត្រូវ​គេ​និមន្ត​សំដែង​ធម្ម​ទេសនា បាន​លើកយក​ជា​ធម្មាធិដ្ឋាន​ដែរ​”​។​

​ផលប្រយោជន៍​បុណ្យកាន់បិណ្ឌ​
​ ​ទោះជា​បុណ្យកាន់បិណ្ឌ​នេះ​មិន​ត្រូវបាន​ធ្វើឡើង​ដោយ​សារ​ជា​ការកំណត់ ឬ បញ្ញត្តិ​របស់​ព្រះពុទ្ធក្តី ​ក៏​បុណ្យ​នេះគ្មានអ្វីខ្ទាស់នឹងពុទ្ធប្បញ្ញត្តិដែរ ហើយក៏មានផល ប្រយោជន៍ ​ច្រើន​ប្រការ​ផងៈ​
​ ​-​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ហើយ​ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មាន​ការលំបាក​សម្រាប់​ព្រះសង្ឃ​ក្នុង​ការត្រេ​ចរ​បិណ្ឌបាត្រ ។​
​ ​-​រក្សា​ទំនៀម​ទំលាប់​ខ្មែរ ព្រោះ​វា​ជា​បុណ្យប្រពៃណី​ខ្មែរ​។​
​ ​-​អោយ​មនុស្ស​គ្រប់រូប​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ កុំ​អោយ​លុះ​ក្នុង​ក្តី​ប្រ​មាទ​។​
​ ​-​អោយ​មនុស្ស​មាន​ស្មារតី​ក​ត្ត​ញ្ញូ​(​ដឹងគុណ​)​នឹកឃើញ​គុណ​អ្នក​ដែល​ធ្លាប់​មាន​លើ​ខ្លួន​ទាំង​អ្នក​លាចាក​លោក​ទៅ​ហើយ ទាំង​អ្នក​ដែល​នៅ​រស់​។
​ ​-​បណ្តុះ​ស្មារតី​អោយ​មនុស្ស​លះបង់​សេចក្តី​អាក្រក់​គ្រប់យ៉ាង​។​
​ ​-​បង្កើត​ឱកាស​អោយ​សាច់ញាតិ​ទាំងឡាយ​ដែល​រស់នៅ​ទី​ផ្សេងគ្នា​មាន​ពេល​អាច​ស្កាត់​រកគ្នា ជួបជុំគ្នា ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​គ្នារ​ទៅវិញទៅមក​។​
​ ​-​បង្កើត​អោយ​មាន​ឯកភាព និង សាមគ្គីភាព​ថ្នាក់ជាតិ​ទាំងមូល​៕

Monday, September 7, 2009

អ្នកតា​ក្នុងសង្គម​ខ្មែរ​មាន​ពាសពេញ​ខេត្ត, និគម


បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើសលប់ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ។ ប៉ុន្តែ​មុន​នឹង​សាសនាព្រះពុទ្ធ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនាព្រាហ្មណ៍ ហើយ​នៅ​សម័យ​ដើម​មុននឹង​ទទួលយក​សាសនាព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ផ្ទាល់ខ្លួនរួចទៅហើយ ដូចជា ការជឿ​លើ​កម្លាំង​ធម្មជាតិ​, កម្លាំង​ក្រៅ​ខ្លួន ដែល​ហៅថា “​ជំនឿ​ជី​វច​ល​និយម​” ។​
​ ​តាម​ឯកសារ​ខ្លះ​សរសេរថា​៖ ប្រពៃណី​អ្នក​កាន់​សាសនាព្រាហ្មណ៍​នៅ​ប្រទេស​ឥណ្ឌា តែង​ចាត់ទុក​វត្ថុ​បីយ៉ាង គឺ ព្រះព្រហ្ម, ព្រះ​សិវៈ​(​ឥ​សូរ​), ព្រះ​វិស្ណុ (​នារាយណ៍​)​ ថាជា​ព្រះ​អម្ចាស់​របស់គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​តែង​ចាត់ទុក​វត្ថុ​បី យ៉ាង គឺ​ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទី​សក្ការៈ​ដែរ ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ជា​ព្រះ​កសាង​លោក​, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញ​លោក​, ព្រះ​វិស្ណុ​ជា​ព្រះ​រក្សា​លោក គឺ​ពុំ​ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា​ទេ ។ តែ​នៅ​ស្រុក​ខ្មែរ ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា ខ្លះ​ហៅថា អ្នកតា​ព្រះ​នារាយណ៍ និង​ទុក​ព្រះ​កាលី​(​នាង​ខ្មៅ​) ទេ​ពី​ព្រះ​សិវៈ​ជា​អ្នកតា ខ្លះ​ហៅថា អ្នកតា​នាង​ខ្មៅ ។ ចំពោះ​ព្រះព្រហ្ម មិនឃើញ​មាន​ទុក​ជា​អ្នកតា​ទេ ។ ដូចនេះ​យើង ឃើញថា ពាក្យ “​អ្នកតា​” គ្មាន​នៅក្នុង​សាសនាព្រះពុទ្ធ និង​សាសនាព្រាហ្មណ៍​ឡើយ ។​
​តាម​សៀវភៅ “​ព្រះរាជ​ពិធី​ទ្វារទសមាស​” បានបង្ហាញ​ថា ពាក្យ​“​អ្នកតា​” ពុំ​មាន​ក្នុង​សិលា​ចារិក ឬ​រឿងបុរាណ​ផ្សេងៗ​ឡើយ ។ គេ​ឃើញ​មាន​ពាក្យ​នេះ​តែ​ក្នុង​រឿងរ៉ាវ ដែល​តាក់តែង​ឡើង​ក្នុង​សម័យ​ក្រោយៗ​ប៉ុណ្ណោះ ។​
​ពាក្យ​“​អ្នកតា​” គូ​គ្នា​នឹង​ពាក្យ “​អ្នក​ដូន​” ដែល​សម្គាល់​ភេទ​ខុសគ្នា ។ ប៉ុន្តែ​ពាក្យ “​អ្នក​ដូន​” គេ​ពុំ​សូវ​យកមក​ប្រើប្រាស់​ឡើយ ។ ទោះបីជា​អ្នកតា​ភេទ​ប្រុស ឬ​ភេទ​ស្រី​ក៏​ដោយ គេ​ប្រើ​តែ​ពាក្យ “​អ្នកតា​” ជា​សម្គាល់​ដូចគ្នា ។ ឧទាហរណ៍​ដូចជា “​អ្នកតា​ជំទាវ​ម៉ៅ​” ។
​
​ ​ ​ ​តើ​អ្នកតា​មាន​ប្រភព​មកពីណា​?
​អ្នកប្រាជ្ញ និង​អ្នកស្រាវជ្រាវ​ជាច្រើន បាន​បញ្ចោ​ញ​យោបល់​ខុសៗ​គ្នា​អំពី​បញ្ហា​នេះ ។​
​មតិ​ខ្លះ​យល់ថា អ្នកតា​គឺជា​ព្រលឹង​របស់​បុព្វបុរស​ឬ​ជំពូក​មនុស្ស​ជា​វីរបុរស​(​អ្នក​ខ្លាំង ពូកែ​)​ប្រចាំ​ស្រុក​ឬ​តំបន់​ណាមួយ​។ បើ​មាន​សេចក្តី​ជំពាក់ចិត្ត​ដោយ​កិច្ចការ​ណាមួយ​ក្នុង​លោក លុះ​ស្លាប់​ហើយ តែងតែ​កើត​ទៅជា​អ្នកតា​,​ដូច​ជា​ឧកញ៉ា​សួគ៌ា​លោក​មឿង ចៅហ្វាយខេត្ត​ពោធិ៍សាត់ ដែល​ស្លាប់​ក្នុង​ពេល​ធ្វើ​សឹក​ព្រះ​ចន្ទ​រាជានោះ​ គេ​ថាទៅ​កើត​ជា​អ្នកតា​ឃ្លាំងមឿង នៅ​ខេត្ត​ពោធិ៍សាត់​សព្វ​ថៃ​នេះ ។​
​ ​ឯ​អ្នកខ្លះ​យល់ថា​៖ ពួក​បុព្វបុរស​មាន​ជីតា​ជាដើម​(​ពុំ​ចាំបាច់​ជា​មនុស្ស​មាន​មហិទ្ធប្ញទ្ធិ​ទេ​) នៅ​ពេល​ស្លាប់​ហើយ តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅចាំ​ថែរក្សា​កូនចៅ​ដែល​នៅ រស់ ។ ដូច្នេះ ពាក្យ​“​អ្នកតា​” បាន​ក្លាយទៅជា​ខ្មោច​មួយ​ពួក ដែល​នៅ​រក្សា​មនុស្ស ។
មតិ​ខ្លះ​ទៀត​ថា​៖ “​អ្នកតា​”​ក្លាយ​ចេញមក​ពី​ពាក្យ​ថា “​ទេវតា​” ។នៅជំនាន់ដើមប្រហែល ជា​ហៅ​ថា “​អ្នកតា​ទេវតា​” យូរៗ​មក​កាត់ចោល​“​ទេវ​” ចេញ​នៅ​ត្រឹមតែ​“​អ្នកតា​” ហើយ​ហៅ​ជាប់​រៀង​មក​ដល់​សព្វថៃ្ងនេះ ដោយហេតុ មនុស្ស​បុរាណកាល​នៅពេល​និយាយ​ហៅ​ឈ្មោះ​អ្នកធំ​ច្រើន​ដាក់ពាក្យ​ថា “​អ្នក​”​នៅ​ខាងដើម ។ ដូច​យ៉ាង​ហៅ​ព្រះសង្ឃ​ថា​“​អ្នក​យើង​” ហៅ​ស្តេច​ថា “​អ្នក​ព្រះបាទ​ជា​អម្ចាស់​” ។ ដូច​ច្នេះ​ពាក្យ​“​អ្នកតា​”​ក្នុង​ទីនេះ​ចាស់​បុរាណ​សំដៅយក​ភូមិ​ទេវតា គឺ​ទេវតា​ជាន់​ទាប​ដែល​អាស្រ័យ​នៅ​ស្ថាន​មនុស្ស​លោក​នេះ ។
​
​ ​ ​ ​ហេតុអ្វី​បានជា​ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​អ្នកតា​?
​ ​តាម​សៀវភៅ “​ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ផ្សេងៗ​” បាន​សរសេរ​បកស្រាយ​ថា​៖ មូលហេតុ​ដែល​រាប់អានអ្នកតា​ រហូតដល់​ទៅ​ខ្មោច​,អារក្ស,បិសាច​ផ្សេងៗ​ ជាប់​មក​ពី​ទំនៀមទម្លាប់​មនុស្ស​ក្នុង​ជាន់​ដើម ពី​ក្នុង​សម័យ​ដែល​មិន​ទាន់កើត​មាន​អ្នកប្រាជ្ញ ព្រះពុទ្ធ​ជា​ដើម​ក្នុង​លោក មាន​អ្នក​ល្ងង់ខ្លៅ​ច្រើន ជា​អ្នក​ប្រកប​ដោយ​សេចក្តី​តក់ស្លុត​ក្នុង​រឿង​ស្លាប់ និង​រឿង​ដែល​មិន​សមប្រកប​ច្រើន ។ ហេតុ​នោះ​កាលណា​គេ​ឃើញ​អ្វី​ប្លែក​ចម្លែក​អស្ចារ្យ​ក្នុង​ចិត្ត គេ​ក៏​ស្មានថារបស់​នោះ​ គង់​មាន​អានុភាព​ជួយ​ខ្លួន​បាន ទើប​នាំគ្នា​បន់​បួងសួង​សុំ​ឱ្យ​សម្រេច​តាម​សេចក្តីប្រាថ្នា​ជា​ទីពឹង​ទៅ ។​

​ ​អ្នក​តា​មាន​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ​៖
​ ១-​ពួក​ទេវតា​រក្សា​ព្រះ​នគរ​ប្រជាជន​ខ្មែរ​តែង​ហៅថា “​អ្នកតា​ព្រះ​ស្រុក​” សម័យ​ក្រុង​ឧដុង្គ​មាន​អ្នកតា​ឃ្លាំងមឿង​នៅ​ខាងត្បូង​ព្រះបរមរាជវាំង​ និង​អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ​ជា​អ្នកតា​ព្រះ​ស្រុក ។ សម័យ​ក្រុងភ្នំពេញ មាន​អ្នកតា​ព្រះ​ចៅ​នៅ​វត្ត​ភ្នំ​ជា​អ្នកតា​ព្រះ​ស្រុក ។​

​ ​២-​អ្នកតា​រក្សា​ខេត្ត​ស្រុក​ទាំងឡាយ​គេ​ហៅថា “​អ្នកតា​ចាស់​ស្រុក​” ។ អ្នកតា​ក្រុម​នេះ​ជា​ចន្ទល់​ចម្ពាម​របស់ អ្នកតា​ព្រះ​ស្រុក​។​

​ ​នៅក្នុង​ប្រទេស​ខ្មែរ មាន​អ្នកតា​ជាច្រើន​នៅ​ពាសពេញ​តាម​ភូមិ,ស្រុក,ខេត្ត ដូចជា​អ្នកតា​ឃ្លាំងមឿង​នៅ​ខេត្ត​ពោធិ៍សាត់​, អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ជី​សូរ (​ក្នុង​ខេត្ត​តាកែវ​), អ្នកតា​ជំទាវ​ម៉ៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ​)​ជាដើម​។​អាស្រ័យ​ដោយ​មាន​អ្នកតា​ជាច្រើន​បែបនេះ ទើប​ពុទ្ធសាសនបណ្ឌិត្យ​សម័យ​ដើម បាន​ចងក្រង​ទុក​ក្នុង​សៀវភៅ​ប្រជុំ​រឿងព្រេង​ខ្មែរ​ភាគ​ទី​៨ ​ដែល​មាន​រៀបរាប់​ចាប់តាំងពី​ដើម​កំណើត​ដំបូង​របស់​អ្នកតា​នីមួយៗ​។​

​ ​ចំពោះ​រូបតំណាង​អ្នកតា​ខ្លះ​វិញ ពុំ​ប្រាកដថា ជា​រូប​បុព្វបុរស​កាល​នៅ​រស់​ទេគឺគេគ្រាន់ តែ​ធ្វើ​រូប​សន្មតិ, អ្នកតា​ខ្លះទៀត​មាន​រូបតំណាង​ជា​ដុំ​ថ្ម​តែប៉ុណ្ណោះ ។ ចំពោះ​ការគោរព​បូជា​មាន​ខុសប្លែក​គ្នា​ទៅ​តាម​តំបន់​នីមួយៗ ។ ​យើង​សូម​លើកយក​ឧទាហរណ៍​មួយ​ដែល​ក្រុម​ស្រាវជ្រាវ​ទំនៀមទម្លាប់​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចុះ​ទៅ​ឃើញ​និង​សាកសួរ​ផ្ទាល់ កាល​ពី​ថ្ខៃទី​២៣​ខែ​មីនា​ឆ្នាំ​២០០២ ។ នៅក្នុង​ភូមិ​រកា ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ មាន​ប្រាសាទ​ចាស់​បុរាណ​មួយ ដែល​បាក់បែក​ស្ទើរ​បាត់បង់​រូបរាង​ទៅហើយ​។​ប្រជាជន​នៅ​ទីនោះ តែង​ហៅ​ប្រាសាទ​នេះ​ថា “​ប្រាសាទ​រកា​” ហើយ​គេ​មានជំនឿថា នៅក្នុង​ប្រាសាទ​នេះ មាន​អ្នកតា​ចាំ​ថែរក្សា​បងប្អូន​អ្នក​ភូមិ​ទាំងអស់ ។ អាស្រ័យដោយមានជំនឿបែបនេះ ទើបអ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេន​អ្នក​តាតៗ​គ្នា​រហូត​មកដល់​បច្ចុប្បន្ន ។ ការ​សែនព្រេន​នោះ​មាន​លក្ខណៈសាមញ្ញ​ជាទីបំផុត គឺ​ជា​រៀងរាល់ថៃ្ង​សៅរ៍ គេ​តែង​នាំគ្នា​សែនព្រេន​អ្នកតា ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​អ្នក​ភូមិ​ទាំងអស់ កុំឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​អ្វី​ឡើយ ។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ករណី​ខ្លះ​ដូចជា​មាន​នរណា​ម្នាក់​ឈឺ ឬ​មាន​គ្រោះធម្មជាតិ​ផ្សេងៗ​ក្នុងភូមិ គេ​ក៏​មាន​ការ​សែនព្រេន​អ្នកតា​ខុស​ពី​វេលា​ថៃ្ង​សៅរ៍​នោះដែរ ។​

​ ​រហូតមកដល់​បច្ចុប្បន្ន ទោះបី​វិទ្យាសាស្ត្រ​មាន​ការរីកចម្រើន​ជឿនលឿន​យ៉ាងណា ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ពុំអាច​ប្រឆាំង ឬ​ធ្វើ​ការបកស្រាយ​អំពី​ជំនឿ​ក្រៅ​ខ្លួន​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ឱ្យ​បាន​ជ្រះស្រឡះ​បានដែរ តួយ៉ាង ដូចជា​បញ្ហា “​អ្នកតា​”​ជាដើម ។ អ្នកតា​ដែល​ស្ថិត​ជាប់​ក្នុង​ផ្នត់គំនិត និង​ដួងព្រលឹង​ខ្មែរ​ជា​និច្ច ទោះ​តិច​ឬ​ច្រើន​ក៏ដោយ ដូចជា នៅ​ពេល​អ្នក​ណា​មាន​ជំងឺ ឬ​ហៅ​ថា​អ្នកតា​កាច់​អាសន្នអន្ធក្រ ឬ​ជួបប្រទះ​នូវ​មហន្តរាយ​ផ្សេងៗ គេ​តែង​រក​គ្រឿង​សំណែន​ទៅ​សែនអ្នកតា ។ នៅពេល​គេ​កើត​ទុក្ខព្រួយ​ចិត្តខ្លាំង គេ​រមែង​រំលឹក​គុណ​ដល់​អ្នកតា​ដោយ​ឧទាន​អំពាវនាវ​ថា “​អ្នកតា អ្នកដូន​អើយ​! ជួយ​ខ្ញុំ​ផង​”៕(ដកស្រង់ពីCambodian Express News)

ការបោះ​បាយបិណ្ឌ​


ភ្ជុំបិណ្ឌ​តែងតែ​ជា​ពេល​ដែល​ចង្ហាន់​មាន​ច្រើន​ពោ​រពាស​សំរាប់​ព្រះសង្ឃ​,​ហេតុនេះ​ទើប​តាម​វត្ត​នានា​តែង​រៀបចំ​ឲ្យមាន​ការធ្វើទាន​បន្ត​ទៅកាន់​អ្នកក្រខ្សត់​។​
ភ្នំពេញ​:
​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​
​អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍ គិត​ថា​បោះ​បាយបិណ្ឌ​គឺ​បោះ​អោយ​ពួក​ប្រេត ហេតុនេះ ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​“​បាយ​ប្រេត​” ។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។
​ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“ ការបោះ​បាយបិណ្ឌ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ដែល​មាន​បាបកម្ម​ធ្ងន់ មិន​អាច​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយបាន ” ។
​នៅក្នុង​សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​ដំណាល​អំពី​ប្រេត​ប្រភេទ​ខ្លះ​ដែល​មាន​កម្ម ក្រាស​ខ្លាំង មិន​អាច​ទទួល អនុមោទនា​នូវ​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយ​បាន​នោះ បាន​កាឡាខ្លួន​ជា​សត្វល្អិត​ដូចជា​ស្រមោច ចង្រិត កណ្តូ​ប និង ​ចាប​ដូនតា​ជាដើម ហើយ​ទៅ​នៅតាម​របង​វត្ត និង ខឿន​ព្រះវិហារ​ជាដើម និង​ចាំ​បរិភោគ​បាយបិណ្ឌ​ដែល​គេ​បោះ​ឲ្យ​នោះ ។​
​យើង​មិន​ហ៊ាន​អះអាង​ថា មាន​ប្រេត​កាឡាខ្លួន​ជា​សត្វ​ទាំងនោះ​មែនឬ​អត់​ឡើយ ប៉ុន្តែ​នៅក្នុង​ព្រះពុទ្ធ​សាសនា​បាន​អះអាងថា សត្វ​ដែល​កើត​នៅក្នុង​អបាយ​ភូមិ គឺ​ភូមិ ឬ​កំណើត​ដែល​មាន​តែ​ក្តី​ទុក្ខ​នោះ មិនមែន​មាន​តែ​ប្រេត​ទេ គឺ​មាន​នរក​, ប្រេត​, តិរច្ឆាន និង អសុរ​កាយ ។ ក្នុង​បរិបទ​បាយបិណ្ឌ​នេះ យើង​លើក​នរក និង អសុរ​កាយ ទុក​ដោយឡែ​សិន​ចុះ យើង​នឹង​ធ្វើ​ការពិភាក្សា​តែ​ប្រេត និង​តិរច្ឆាន ។
​ព្រះពុទ្ធសាសនា​អះអាងថា សត្វ​ដែល​កើត​ជា​មនុស្ស និង​តិរច្ឆាន មិន​អាច​ទទួល​បុណ្យ​កុសល​ដែល​គេ​ឧទ្ទិស អោយ​បាន​ទេ ព្រោះ​មនុស្ស និងតិ​ច្ឆាន​ជា​សត្វ​មាន​រូប ចំណែក​បុណ្យ​កុសល​ដែលជា​របស់​អ​រូប ។ យើង​គ្មាន​អ្វី សង្ស័យ​ទេ​ថា ការបោះ​បាយបិណ្ឌ​មុខ​ជា​បានជា​ប្រយោជន៍​ដល់​ពួក​សត្វ​តិរច្ឆាន ។ យើង​អាច​សន្មត​បាន​ថា ប្រសិនបើ បុគ្គល​ណា​ទៅ​កើត​ជា​សត្វ តិរច្ឆាន​ដូចជា សត្វ​ស្រមោច ចង្រិត កណ្តូ​ប កណ្តុរ និង ចាប​ជាដើម​នោះ ពិតជា​អាច បរិភោគ​បាយ​ដែល​គេ​បោះ​នោះ បាន​ដោយ​ផ្ទាល់​តែម្តង ហើយ​ពួក​សត្វ​ខ្លះ​ទោះជា​បាយ​ដែល​មិនមែន​ជា​បាយ​គេ​បោះ​ក្តី ក៏​អាច​បរិភោគបាន​ដែរ ។​
មក​ដល់​ដំណាក់កាល​នេះ​ប្រហែលជា​មាន​សំនួរ​ផ្សេងទៀត​សួរថា​“​ចុះ​បើ​យើង​គិតថា មាន​បុគ្គល​ខ្លះ​ដែល​បាន កើត​ជា​សត្វ​តិរច្ឆាន​ចាំ​ទទួល​បាយបិណ្ឌ​ដូចដែល​បាន​បកស្រាយ​មក​ហើយ​មែន​នោះ ហេតុអ្វី​បានជា​យើង​ត្រូវ​បោះ​ដុំ​បាយ ម្តេច​ក៏​មិន​រៀបចំ​ទុកដាក់​ក្នុង​ចាន ឬ​ភាជន៍​ជាដើម​អោយ​បាន​ត្រឹមត្រូវ ថ្លៃថ្នូរ ព្រោះ​សត្វ​តិរច្ឆាន ឬ​ប្រេត​ទាំង​នោះ​ប្រហែលជា​សាច់ញាតិ ឬ អ្នកមានគុណ​របស់​យើង​ផង​? ” ។​នៅក្នុង​ព្រះពុទ្ធ សាសនា បាន​ដំណាល​រឿង​ប្រេត​ពួក​ខ្លះ​ដែល​មិន​អាច​ទទួល​បរិភោគរ​បស់​ល្អ​បាន ឡើយ គឺថា ឃើញ​របស់​ល្អ​ដូចជា​អាហារ​ដែល​គេ​រៀបចំ​ស្អាតបាត​នោះ ពេល​ទៅ​ចាប់​យក​ដោយ​សេចក្តីស្រេកឃ្លាន​ជា​ពន្លឹក ដុំ​បាយ​នោះ​ក៏​រលាយ​បាត់​ទៅ ។​ពួក​ប្រេត​ទាំង នេះ​អាច​ទទួលបាន​តែ​របស់​ណា​ដែល​ជាទី​ខ្ពើមរអើម ដូចជា លាមក​, ខ្ទុះ​, ឈាម​, ភក់​, ជ្រាំ ជា​ដើម​ប៉ុណ្ណោះ ។ បែប​នេះ​មក​ពី​បាបកម្ម​របស់​ពួក​ប្រេត​ជំពូក​នេះ កាល​នៅ​រស់​ជា​មនុស្ស​ដែល​ចូលចិត្ត​រស់នៅ​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​, កាប់សំលាប់​, បង្ហូរឈាម រស់ នៅ​ដោយ​ការជិះជាន់​កេងប្រវ័ញ្ច បឺត​ជញ្ជក់​ផល​ប្រយោជន៍​អ្នក​ដទៃ ដែល​ជន​ទូទៅ​យល់ថា​ជា​អំពើ​លាមក គួរអោយ​ស្អប់ខ្ពើម​....​មិន​ដែល​ចូលចិត្ត​ទាល់តែសោះ​ក្នុង​ការ ធ្វើ​អំពើ​ល្អ ដូចជា​ចំណាយ​ធនធាន​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​ចូល​ចិត្ត​ណាស់ និង រក​វិធី​គ្រប់យ៉ាង​ក្នុង​ការចំណាយ​ទ្រព្យ​យ៉ាង​ខ្ជះខ្ជាយ​ក្នុងការ​ធ្វើ​អំពើ​លាមក​គ្រប់យ៉ាង ដូចជា​ជួល​គេ​អោយ​ចាប់​ស្រី ឬ​សំលាប់​មនុស្ស និង​ចាប់ជំរិត ទារ​យក​ប្រាក់​ជាដើម​។ ដោយសារ​អំពើ​បាប​ទាំងនោះ​ជាដើម ទើប​បុគ្គល​ទាំងនោះ ពេល​ទៅ​កើត​ជា​ប្រេត ក្រៅពី​រង​ទុក្ខ​ជា​អនេគ និង រង​ក្តីស្រេកឃ្លាន​រាប់​ម៉ឺន​ឆ្នាំទៅ ក៏​នៅ​មិន​អាច​ចាប់​កាន់​យក​របស់ ឬ អាហារ ដែល​ល្អ​បានឡើយ គឺ​អាច​បរិភោគ​តែ​របស់​ដែល​ជា​ទី​ខ្ពើមរអើម​ប៉ុណ្ណោះ ។ ការណ៍​នេះ​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ថា​“​ដរាបណា​បាបមិ​ទាន់​អោយ​ផល ជន​អ្នក​សាង​បាប អាច​រីករាយ​ដោយ​អំពើ​បាប​នោះ លុះណាតែ​បាប កម្ម​អោយ​ផល គេ​នឹង​ទទួល​ទុក្ខ​”​។​
​ ​ទោះយ៉ាងណា អ្នកសិក្សា​ទាំងឡាយ​ចូរ​ចាំ​ថា ព្រះពុទ្ធ​មិន​បាន​បង្រៀន​យើង​អោយ​ធ្វើ​ទាន​ដោយ​ការបោះ ​បាយបិណ្ឌ​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ឬ​សត្វ​តិរច្ឆាន​ណាមួយ​ឡើយ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ដើម្បី​ឧទ្ទិស កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ ហើយ​នោះ ត្រូវ​យក​ទេយ្យទាន ទៅ​អោយ​អ្នក​មាន​សីល អាច​ជា​អ្នកបួសឬជាគ្រហស្ថ​ដែល​រក្សាសីល​ក៏បាន ។ ចំណែក​ការបោះ​បាយបិណ្ឌ​នេះ ជា​ប្រពៃណី​សុទ្ធសាធ ហើយ​ធ្វើ​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ចំណែក ប្រទេស​ផ្សេងៗ មិន​មាន​ឡើយ ប៉ុន្តែ​មាន​បុណ្យ​ស្រដៀង​គ្នា​ដែរ ដូចជា​នៅ​ប្រទេស​ជប៉ុន​មាន​បុណ្យ​មួយ ឈ្មោះថា “​ឧ​ល្លំ​បន​”​។​
ប៉ុន្តែ​ព្រះ​ភិក្ខុ ឃឹម សន មាន​ព្រះ​ថេរ​ដីកា​ថា ការបោះ​បាយបិណ្ឌ​នេះ​មាន​ផល​វិជ្ជមាន និង អវិជ្ជមាន​ដែរ​គឺ​​ ​
​ផល​វិជ្ជមាន​
​ ​-​ធ្វើអោយ​មនុស្ស​ចេះ​នឹក​គុណ​ដល់​បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅហើយ ក៏ដូចជា​អ្នក​នៅរ​ស់មាន​ឱ​ពុក​ម្តាយ ជាដើម​។​
​ ​-​អោយ​មនុស្ស​ចេះ​បំពេញ​សេចក្ត​ល្អ និង អនុគ្រោះ​ដល់​ពួក​សត្វ​តិរច្ឆាន​ទាំងឡាយ ។​
​ ​ផល​អវិជ្ជមាន​
​ ​-​ធ្វើអោយ​ការបោះ​បាយបិណ្ឌ​ទៅ​ជា​មានទោស ដោយសារ​ធ្វើ​ដោយ​ក្តី​ប្រមាទ ។​
​ ​-​ដោយសារ​អ្នក​ទៅ​បោះ​បាយបិណ្ឌ​មួយចំនួន​ទៅ​បោះ​បាយ​ដោយសារតែ​ចង់​សប្បាយ ។​
​ ​-​ធ្វើអោយមាន​ក្លិន​ឆ្អេះឆ្អាប​ដល់ទី​វត្ត​អារាម ។​
​ ​-​មិនសូវ​បាន​ផល ព្រោះ​ជា​ការធ្វើ​ទាន​ដោយ​សេចក្តី​ទ្វេ​ស ឬ មិន​សូវ​គោរព​ទាន ។
មាន​សំនួរ​មួយ​សួរថា ហេតុ​អ្វី​ទើប​គេ​បោះ​បាយបិណ្ឌ​តែ​ពេល​ទៀបភ្លឺ មិន​បោះ​នៅ ពេលថៃ្ង​ផង ។
​អ្នកខ្លះ​ឆ្លើយថា ព្រោះថា​បាយបិណ្ឌ​គេ​បោះ​អោយ​ពួក​ប្រេត ហើយ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង ពេល​ណា​ត្រូវ​ពន្លឺ​ថៃ្ង​នឹង​រលាយ​រូប​បាត់ទៅ មិន​អាច​ទទួល​បាយបិណ្ឌ​បានឡើយ ។​
​ ​ចំលើយ​នេះ​ក៏​នៅ​មិនទាន់​អាច​ទទួលយក​ជា​ផ្លូវកា​រណ៍​បាន​នៅឡើយ​ទេ ហើយ​ក៏​ត្រូវបាន​លើក​សំនួរ​ឡើង​មួយ​ទៀត​ថា មិន​បោះ​នៅពេលថៃ្ង​ព្រោះ​ប្រេ​ត​ខ្លាច​ពន្លឺ​ថៃ្ង ចុះ​ហេតុអ្វី​មិន​បោះ​នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ផង ព្រោះ​ពេលនោះ​ក៏​មិន​មាន​ពន្លឺ​ថៃ្ង​ដែរ ។
​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ ឃឹម សន មិន​បាន​លើកយក​បញ្ហា​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​ជា​មូលហេតុ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​លើកឡើង​ថា​វា​ជា​រឿង​ដើម្បី​បង្ក​ភាពងាយស្រួល​របស់​អ្នក​បោះ​ទៅ​វិញ​ទេ ។
ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ​បាន​មាន​ព្រះ​ថេរ​ដីកា​ថា “​ព្រោះ​ទៀបភ្លឺ ជា​ពេល​ដែល​ព្រះសង្ឃ នមស្សកា​ព្រះ ​រតន​ត្រៃ និង សូត្រ​បរាភវ​សូត្រ ហើយ​ប្រជា​ពុទ្ធសាសនិក​តែងតែ​នាំគ្នា​ទៅ​វត្ត​ដើម្បី​ស្តាប់ ព្រះសង្ឃ​សូត្រធម៌​បរាភវ​សូត្រ​នោះ​ផង និង ស្តាប់​ការផ្តល់​ឱវាទ​ផ្សេង​ខ្លះ​ផង​របស់​ព្រះសង្ឃ ។ នៅ​តំបន់​ខ្លះ ពេល​បោះ​បាយបិណ្ឌ​រួច អាចារ្យ​តែង​ដឹកនាំ​ពុទ្ធបរិស័ទ ចាត់ចែង​រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ដែល​ងាយ ស្រួល​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ បំពេញ​កុសល​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​តែ​ម្តង​កុំអោយ​ខាត​ពេល​ធ្វើដំណើរ​ទៅ​មក​ច្រើនលើក​ច្រើនសារ ។ ម្យ៉ាងទៀត ពេល​ទៀប ភ្លឺ​ជា​ពេល​ដែល​មនុស្ស​គ្រប់រូប​ដល់​ពេល​ល្មម​ក្រោកពីដំណេក មិន​ងោកងុយ​ផង ។ការបោះ បាយបិណ្ឌ​ទៀប​ភ្លឺ​នេះ ក៏​ជា​វិធី​មួយ​ដែល​ធ្វើអោយ​មនុស្ស​ធ្លាប់តែ​មាន​ទំលាប់​ទទួលទានដំណេក​ទ្រ​មក់ រហូត​ដល់​ថៃ្ង​រះ​ទើប​ក្រោក​នោះ អោយ ហាត់ពត់​ខ្លួន​រៀន​ក្រោ​ពី​ដំណេក​ពី​ព្រលឹម កុំអោយ​ខ្ជឹលច្រអូស ស្ពឹក​ស្រពន់​នឹង​ដំណេក​ពេក​ផង​” ។
លោក សៀង ណាត ជា​អតីត​ស​មណ​និស្សិត​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា បាន​អះអាង​ស្រដៀង​គ្នា​នឹង​ព្រះ​ភិក្ខុ​ព្រះ​ញាណ​វង្ស ដែរ ដោយ​លោក លើកឡើងថា​“​បើ​បោះ​បាយ​បិណ្ឌ នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ក៏​គ្មាន​កំហុស​អ្វី​ដែ ប៉ុន្តែ​ដែល​បុរាណា​ចារ្យ ដូនតា​ខ្មែរ​បាន​ទំលាប់​បោះ​បាយបិណ្ឌ​នៅ ពេល​ទៀបភ្លឺ​នោះ​ព្រោះ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត ជា​ពេល​ដែល​មនុស្ស គ្រប់គ្នា​ត្រូវការ​សម្រាក​បន្ទាប់ពី​បាន បំពេញ​ការងារ​ពេញ​មួយ​ថៃ្ង​មក ។ ម្យ៉ាង​បើ​ធ្វើ​នៅ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត នោះ នាំ​អោយ​ខាត​ពេល​ក្នុង​ការធ្វើដំណើរ​ទៅមក ព្រោះ​ព្រឹក​ឡើង​គេ​នៅតែ​ត្រូវ​មក​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង ចង់​ក្រោក​ទៅ​ស្តាប់ធម៌​បរាភវ​សូត្រ​នៅ​ទៀបភ្លឺ​ដដែល ” ។​
ហេតុ​នេះ​ចំពោះ​ទស្សនៈ​ដែលថា គេ​បោះ​បាយបិណ្ឌ​នៅពេល​ទៀប​ភ្លឺ​ព្រោះ​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​នោះ យើងខ្ញុំ​មិន ហ៊ាន​អះអាង​ថា​ជា​យ៉ាងណា​ឡើយ​៕(ដកស្រង់ពីCambodian Express News)
​

Friday, September 4, 2009

ព្រះ​សង្ឃ​និង​និស្សិត​ជួប​ពិភាក្សា​គ្នា​នៅ​បាត់ដំបង​ពី​បញ្ហា​ក្នុង​សង្គម


យ៉ាង​ហោច​ណាស់​មាន​ព្រះ​សង្ឃ​និង​និស្សិត​ប្រហែល​៦០០​នាក់​បាន​ជួប​ជុំ​គ្នា​ជជែក​ពិភាក្សា​ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​វិបត្តិ​នានា​ទាក់ទិន​នឹង​គម្លាត​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។RFA/Sophal Mony
សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម នៅ​ក្នុង​ខែត្រ​បាត់ដំបង នា​ថ្ងៃ​១ កញ្ញា ២០០៩។
កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ ព្រះ​សីហនុ​រាជ ព្រះនាម ពុន ហង្សសេង។
ព្រះតេជគុណ​បាន​មាន​ពុទ្ធ​ដីកា​ថា មាន​បញ្ហា​ចោទ​ជា​ច្រើន​កំពុង​កើត​មាន​ឡើង ៖ «ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រតិបត្តិ​លើ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ការ​ប្រឈម​មុខ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អំពើ​សីលធម៌​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​បញ្ហា​សីលធម៌​និង​បច្ចេកវិទ្យា​ទំនើប»។
កញ្ញា កុយ ដានី ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​សីហនុ​រាជ ដែល​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ៖ «តាម​សង្គម​យើង​បច្ចុប្បន្ន ខាង​វិស័យ​សាសនា​និង​សង្គម​ខ្មែរ​យើង មើល​ទៅ​ដូច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក។ ប្រជាជន​ដឹង​ខ្លួន​ថា ខ្លួន​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​អត់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​តើ​ពុទ្ធ​សាសនា​យ៉ាង​ម៉េច​ទេ ដូច​ថា​យើង​ទៅ​វត្ត ចេះ​តែ​ទៅៗ ប៉ុន្តែ​អត់​ដឹង​ថា ខ្លួន​យើង​ត្រូវ​ធ្វើ​អី​ខ្លះ»។
ចំណែក​ឯ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ក្នុង​ចំណោម​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ថេរដីកា​ថា នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ពិភពលោក កម្ពុជា​បាន​ទទួល​យក​របស់​ប្លែកៗ​ពី​បរទេស​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សីលធម៌​សង្គម ដូច្នេះ​ហើយ​ការ​ចូលរួម​របស់​ព្រះ​សង្ឃ​ក្នុង​សង្គម​គឺ​ជា​ចលក​រចាំបាច់​មួយ។
ព្រះ​សង្ឃ​ដដែល​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ព្រះ​សង្ឃ​ដែល​ជា​សមន​និស្សិត សមន​សិស្ស​របស់​យើង​ហ្នឹង មាន​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​បម្រើ​សង្គម ព្រោះ​នៅ​ក្នុង​បរិបទ​ខ្មែរ​យើង​ព្រះ​សង្ឃ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ជួយ​អប់រំ​សង្គម​ឲ្យ​មាន​សីលធម៌»។
អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​គាំទ្រ​ចំពោះ​សិក្ខាសិលា​នោះ ដោយ​ក្រើន​រំឭក​ថា ព្រះ​ពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អប់រំ​ដល់​សង្គម​និង​ការ​អភិវឌ្ឍ​ប្រទេស។
លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រប់​វត្ត​អារាម​ទាំងអស់​គួរតែ​ពង្រឹង​នូវ​សមត្ថភាព​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​អធិករណ៍​ឲ្យ​សល់​កាន់​តែ​តិច​បំផុត ឬ​អាច​ត្រូវ​លុប​បំបាត់​ទាំង​ស្រុង ព្រោះ​ថា​អធិករណ៍​កាន់​តែ​ច្រើន​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិបត្តិ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​ជា​សញ្ញា​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ផល​ដែរ»។
ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ ព្រះ​នាម ពុន ហង្សសេង បាន​ព្រះ​ថេរ​ដីកា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ប៉ាន់​ស្មាន​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ។
គេ​សង្ឃឹម​ថា ការ​ជួប​ជុំ​ពិភាក្សា​ក្នុង​អង្គ​សិក្ខាសាលា​ខាង​លើ​នេះ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​នឹង​ជួយ​ដោះស្រា​យ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធ​បរិស័ទ ហើយ​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នឹង​បដិបត្តិ​តាម​ឱវាទ​ព្រះ​ពុទ្ធ លើក​កម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ ស្រឡាញ់​វប្បធម៌​ជាតិ៕
(អត្ថបទវិទ្យុអាសីសេរី)