Wednesday, March 17, 2010

​ព្រះ​ពោធិសត្វ​វ​ជ្រធរ ឬវ​ជ្រ​បាណិ នៅ​សម័យ​បាយ័ន​

​ព្រះ​ពោធិសត្វ​វ​ជ្រធរ ឬវ​ជ្រ​បាណិ នៅ​សម័យ​បាយ័ន​

ចម្លាក់​ព្រះ​ពោធិសត្វ​វ​ជ្រ​សារមន្ទីរ​ភិ​មា​យ (​ឯកសារ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​, បាងកក​)
ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​ជយ​វរ្ម័នទី​៧ មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​យ៉ាង​សំខាន់ ដែល​យើង​មិនអាច​បំភ្លេច​បាន​គឺ ស្ដេច​ខ្មែរ​អង្គ​នេះ​បាន​យក​លទ្ធិ​ព្រះពុទ្ធសាសនា​និកាយ​មហា​ហាន មក​ធ្វើជា​សាសនា​រដ្ឋ ។ ព្រះ​ទង្វើ​នេះ​ដែល​ជា​កុសល​ទាន​ប្រកបដោយ​សេចក្ដី​អាណិតអាសូរ ដល់​ប្រជាជន​ខ្មែរ និង​ស្ដែង​ចេញ​ឲ្យឃើញ​នូវ​ឯកភាព​ជាតិ តាម​វិស័យ​មនោ​គម​វិទ្យា​សាសនា ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព ។ ព្រះអង្គ​បាន​លើក​តម្លៃ​យ៉ាងខ្ពស់ ចំពោះ​និកាយ​មហាយាន ដូច្នេះហើយ​បានជា​យើង​តែងតែ​ជួបប្រទះ​នូវ​ចម្លាក់​បុរាណ​តំណាង​ព្រះ​ពោធិសត្វ​វ​ជ្រធរ ធ្វើ​អំពី​ថ្ម ឬ​សំរឹទ្ធិ​នៅតាម​បូជនីយដ្ឋាន​មួយចំនួន​ទូទាំង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ។ មានន័យ​ថា សម័យ​នោះ​លទ្ធិ​មហាយាន មាន​ឧត្តមភាព​លើ​គណៈ​សាសនា​ឯទៀតៗ​យ៉ាង​ប្រាកដ ។​
​ ​ក្នុង​រយៈពេល​នេះ យើង​ក៏​បាន​សង្កេតឃើញ​មាន​ការសាងសង់​នូវ មន្ទីរពេទ្យ ឬ​អរោគ្យ​សាសនា និង​ធម្មសាលា ឬ​សាលាឆទាន សម្រាប់​សាសនិកជន និង​ភិក្ខុសង្ឃ​ស្នាក់​អាស្រ័យ​ជា​បណ្ដោះ​អា​ស័ន្ន ក្នុង​ពេល​ធ្វើដំណើរ​ជិត​ឆ្ងាយ ។ ព្រះរាជ​ឧបត្ថម្ភ និង​ការយក​ព្រះទ័យ​ទុកដាក់​ចំពោះ​វិស័យ​សាសនា​នៅក្នុង​អាណាខេត្ត​នានា នៃ​ចក្រភព​អង្គរ បាន​នាំមក​នូវ​ការរីកចំរើន ។​
​ ​យោង​លើ​ឯកសារ​សិលាចារឹក​នា​សម័យ​វប្បធម៌​បាយ័ន យើង​បានដឹង​ថា នៅក្នុង​បូជនីយដ្ឋាន​ដែល​ជា​មន្ទីរពេទ្យ​នីមួយៗ មាន​ការតម្កល់​ចម្លាក់​ព្រះ​ពោធិសត្វ​ជាច្រើន​អង្គ ដែល​មាន​ព្រះ​ពោធិសត្វ​ស្រី​អារ្យ​មេ​ត្រៃ​្យ លោកេស្វរៈ​, អវលោកេ​ស្វរៈ និង​ព្រះ​វ​ជ្រធរ ឬ​វ​ជ្រ​បាណិ​ជាដើម ។ ចម្លាក់​ព្រះ​ពោធិសត្វ​ទាំងនេះ​សាង​ឡើង​សម្រាប់​ជា​ទី​សក្ការៈបូជា ពី​សំណាក់​ពុទ្ធសាសនិកជន​ខ្មែរ ។ បើទោះបីជា​មាន​ការតម្កល់​ទុក​ចម្លាក់​ទាំង​នេះ​ក្ដី ក៏​គេ​ពុំបាន​ដឹងថា តើ​ព្រះពុទ្ធ​ទាំងនោះ​មាន​សភាព ឬ​រូបរាងកាយ​យ៉ាងដូចម្ដេច​នៅឡើយ ។ ប៉ុន្ដែ​នៅ​ប្រទេស​ទី​បេត៍ ឬ​នេ​ប៉ាល់​វិញ គេ​បាន​ប្រទះ​ចម្លាក់​ព្រះ​វ​ជ្រធរ​យ៉ាងច្រើន ។ ហេតុនេះ លទ្ធផល​នៃ​ការសិក្សា​ប្រៀបធៀប គឺជា​បង្អែក​សម្រាប់​ពុទ្ធិ​ថ្មី ក្នុង​ការបញ្ជាក់​អត្តសញ្ញាណ​នៃ​ចម្លាក់​របស់​ខ្មែរ​យើង ។​

ចម្លាក់​ព្រះ​ពោធិសត្វ​វ​ជ្រធរ ប្រាសាទ​បន្ទាយឆ្មារ (​ឯកសារ សារមន្ទីរ​ជាតិ​ភ្នំពេញ​)
​ ​លក្ខណៈ​ពិសេស​នៃ​ចម្លាក់​តំណាង​ព្រះ​ពោធិសត្វ​វ​ជ្រធរ​នេះ គឺ​ព្រះអង្គ​មាន​ព្រះ​ហ​ស្ថ​ទាំងពីរ ម្ខាង​កាន់​វ​ជ្រ តំណាង​ឲ្យ​ផ្លេកបន្ទរ និង​ម្ខាង​ទៀត​កាន់​កណ្ដឹង សម្រាប់​អន្រុ​ន​ក្នុង​ពិធី​សាសនា ។ រីឯ​ព្រះភ័ក្ដ្រ​របស់​ទ្រង់​មាន​ភាព​ញញឹម​ប្រិមប្រិយ តែ​ស្ថិតក្នុង​ឥរិយាបថ​ស្មឹង​ស្មា​ធ ដោយ​បិទ​ព្រះ​នេត្រ ។ ម្យ៉ាងវិញទៀត​ជើង​របស់​ព្រះអង្គ​គងលើគ្នា ជើងឆ្វេង​គង​លើ​ជើង​ស្ដាំ យ៉ាង​សមសួន ។​
​ ​តាមរយៈ​ចម្លាក់​ទាំងអស់នេះ យើង​អាច​ដឹង​បាន​ថា ព្រះពុទ្ធសាសនា​នា​សម័យ​វប្បធម៌​បាយ័ន មាន​លក្ខណៈ​ជា​តន្ត្រៈ ហើយ​ប្រជាជន​រមែងតែ​គោរពបូជា​ព្រះ​ពោធិសត្វ​វ​ជ្រធរ ឬ​វ​ជ្រ​បាណិ ដែល​មាន​ក្នុង​និកាយ​វ​ជ្រយាន មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ។ តែ​យើង​សង្កេត​ឃើញ​លទ្ធិ​វ​ជ្រយាន ឬ​តន្ត្រៈ​បែប​ទី​បេត៍ បាន​ជិះ​ឥទ្ធិពល​ដល់​ការកសាង​ព្រះ​ពោធិសត្វ​បុរាណ​ខ្មែរ ។​
​ ​ដូចនេះ ដោយសារ​ការ​លាយ​ចូល​គ្នា​ជា​ធ្លុង​មួយ នៃ​បណ្ដា​សាសនា និង​បណ្ដា​ទេវតា​នៅក្នុង​សម័យ​វប្បធម៌​បាយ័ន ដោយ​សេចក្ដី​សន្ដោស​ប្រោសប្រណី​ទៅវិញទៅមក ប្រទេស​កម្ពុជា​នា​សម័យ​នេះ បាន​ឈានទៅរក​ឯកភាព​ជាតិ សុខសន្ដិភាព ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព ។ ហើយ​ប្រហែលជា​ដោយសារ​ហេតុ​នេះ​ហើយ ទើប​មាន​ប្រតិកម្ម​ពី​សំណាក់​អ្នក​កាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ជាពិសេស​គណៈ​នានា​ដែល​ចេះ​តែ​ចុះ​ទន់ខ្សោយ​ទៅៗ ៕ (​ម​.​ត្រា​ណេ​)(ECN)

ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ

ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ

"​ព្រះ​បត់​" បែប​ព្រះពុទ្ធសាសនា​ខ្មែរ​

ភ្នំពេញ : បណ្ឌិត​សាស្ត្រាចារ្យ មី​សែ​ល​ត្រា​ណេ ជំនាញ​ខាង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា បានឲ្យដឹងថា ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ គឺជា​គំនូរ​ពណ៌​នៅលើ​កំណាត់ ដែល​គេ​អាច​មូរ ឬ​លា​ ​ដោយ​ងាយស្រួល​ជាពិសេស​ក្នុង​ការដឹកជញ្ជូន ដើម្បី​មូលហេតុ​សាសនា​ដូចជា ការ​ទេសនា​ជាដើម ។ គំនូរ​ទាំង​នោះ​តំណាង​ភាគ​ខ្លះ​នៃ​ខ្សែ ជីវិត​អតីត​ជាតិ របស់​ព្រះសម្មាសម្ពុទ្ធ ហើយ​អាស្រ័យហេតុនេះ​ទើប​យើង​ឃើញ​ព្រះ​ពុទ្ធអង្គ​បរមគ្រូ នៃ​យើង​ស្ថិត​ក្នុង​ឥរិយាបថ​ផ្សេងៗ​ពីគ្នា តាំង​ពី​ការយាង​ទៅ​សាងព្រះ​ផ្នួស រហូត​ដល់​ចូល​ព្រះ​និព្វាន ។​

​ ​នៅពេលដែល​មាន​បុណ្យទាន​ប្រពៃណី​ទំនៀមទម្លាប់​បែប​ព្រះពុទ្ធសាសនា ប្រជាជន​ខ្មែរ​រមែងតែងតែ​យក​គំរូ​ប្រជាប្រិយ​ទាំងនោះ​មក​លាតត្រដាង ហើយ​គេ​ចង ឬ​ព្យួរ​នៅ លើ​ជញ្ជាំង ឬ​រោងបុណ្យ ៘ គោលដៅ​ដើម​ចម្បង និង​ដ៏​ពិសិដ្ឋ​របស់​ព្រះបត់ គឺ​ការ​ចម្រើន​ភាវនា ឬ​កម្មដ្ឋាន​ពី​សំណាក់​ពុទ្ធសាសនិកជន​ខ្មែរ​នៅ​តាម​វត្ត​អារាម ។ បើ​និយាយ​ម្យ៉ាងទៀត តាមរយៈ​គំនូរ​ស័ក្តិសិទ្ធិ​ទាំងនោះ​អ្នកបួស​អាច​នឹង​ឈាន​រក​ពុទ្ធិ​យ៉ាង​ឆាប់រហ័ស ពីព្រោះ​នៅ​ក្នុង​ទស្សនៈ​បុរាណ​ខ្មែរ​ការឈានទៅរក​ការ​ត្រាស់ដឹង មិនអាច​នឹង​សម្រេច​ទៅ​បាន​បើសិនជា​គ្មាន​គំនូរ​ពិសិដ្ឋ​ទាំងនោះ​ទេ ដែល​តំណាង​ឲ្យ​ពាក្យ​ប្រៀនប្រដៅ ព្រមទាំង​វិធីសាស្ត្រ​សម្រាប់​គោលដៅ គឺ​ព្រះ​និព្វាន ។​

​ ​លោក បណ្ឌិត​មី​សែ​ល ត្រា​ណេ បញ្ជាក់ទៀតថា សាសនិកជន​ខ្មែរ​ចាត់ទុក​គំនូរ​ទាំង នោះ ជា​សញ្ញា​និមិត្ត​តំណាង​ឲ្យ​បុណ្យ​បារមី​ជ័យ​ចេស្តា​របស់​ព្រះ​ពុទ្ធអង្គ ដែល​បាន​ផ្ចាញ់​មារ ហើយ​ទ្រង់​សម្រេច​នូវ​ព្រះសម្មាសម្ពុទ្ធ​ញ្ញាណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ។ ចំពោះ​វិចិត្រករ​ខ្មែរ​ដែល​ផលិត​គំនូរ​ទាំងនោះ ពិត​ជា​ដើម្បី​មូលហេតុ​សាសនា​យ៉ាង​ប្រាកដ គឺ​សម្រាប់​ជា​កសិណ​ក្នុងការ​ចម្រើន​ធម៌ ឬ​ដើម្បី​ជា​ចន្ទល់​នៃ​ការធ្វើ​សមាធិ ។ ដូច្នេះហើយ​បានជា​ពួក​គេ​ចាត់ទុកថា គំនូរ​ទាំងនោះ​មាន​តម្លៃ​យ៉ាង​ឧត្តុង្គឧត្តម​ជាទី​បំផុត​គួរឲ្យ​គោរព​សក្ការបូជា ។​

​ ​នៅក្នុង​សង្គម​ខ្មែរ នៅពេល​មាន​បុណ្យទាន​ម្តងៗ គេ​រមែងតែងតែ​យក​ព្រះបត់​មក​ប្រើប្រាស់​នៅ​តាម​វត្ត​អារាម ក៏ដូចជា​នៅ​គេហដ្ឋាន​នានា​ដែរ ពីព្រោះ​គេ​មិន​អាច​រំលង​បាន​ឡើយ ។​

​ ​ជាង​ខ្មែរ​គូរ ឬ​ឆ្លាក់​ជីវិត​របស់ ព្រះពុទ្ធ​អង្គ​តាម​លំនាំ​ប្រពៃណី​ខ្មែរ ដោយ​យក​គំរូ​តាម​ច្បាប់​ដើម​ដែល​ធ្លាប់ មាន​តាំងពី​បុរាណកាល​មក ។ ក្នុងន័យ​នេះ​ហើយ បាន​ជា​ជនជាតិ​ខ្មែរ​ជឿជាក់ថា គំនូរ​ទាំងនោះ​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច ចេញពី​ផ្ទះសម្បែង ហើយ​ថែមទាំង​នាំ​ពួកគេ​ឲ្យមាន​ទឹកចិត្ត​ជ្រះថ្លា​ល្អ បរិសុទ្ធ​ផង​ពោល​គឺ​ធ្វើឲ្យ​ពួកគេ​ក្លាយទៅស​ភាវៈល្អ​គួរឲ្យ​ញាតិ​ញោម​គោរព​ប្រណិប័តន៍ ។​

​ ​លោក​បណ្ឌិត​ឲ្យដឹងទៀតថា ព្រះបត់​គឺជា​គំនូរ​បុរាណ​ពិសិដ្ឋ ហើយ​ស័ក្តិសិទ្ធិ​មាន​សារសំខាន់​ណាស់ នៅក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ខ្មែរ ដែល​ភាគច្រើន​ជា​អ្នកស្រុក​ស្រែចម្ការ ។ វា​ជា​មរតក​អរូបី ។ គំនូរ​ទាំងនោះ​អាច​ធ្វើឲ្យ​យើង​ស្វែងយល់​អំពី​ទស្សនវិ​ជ្ជា​របស់​ប្រជាជន​ខ្មែរ ។ គេ​គប្បី​ត្រូវតែ​ការពារ​ឲ្យបាន​គ្រប់គ្រាន់​ទប់ស្កាត់ ការលក់ដូរ​នៅលើ​ទីផ្សារ​បើសិនជា​យើង​ប្រាថ្នា​ប្រាប់​មនុស្ស​ខ្មែរ​ពី​ឫស​កែវ វប្បធម៌​ដ៏​ល្អ​ប្រពៃណី​របស់​ដូនតា​ខ្មែរ ។​

​ ​លោក​សាស្ត្រាចារ្យ​បាន​ក្រើនរំលឹក​ថា សព្វថ្ងៃ​នេះ​ឈ្មួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​នឹង​កំពុង​រំលំ​រំលាយ​ស្ទើរតែ​អស់រលីង​គ្មាន​សល់​នូវ​ផ្ទាំងគំនូរ​បុរាណ​ខ្មែរ​ទាំងនោះ ហើយ​វា​កំពុងស្ថិត​នៅ​លើ​ទីផ្សារសេរី​នានា ។ នេះ​ជា​សកម្មភាព​ដ៏​ចង្រៃ​កំពុង​រាតត្បាត​លើ​ខឿនវប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​ឃោរឃៅ ឥត​ស្រាកស្រាន្ត​គួរឲ្យ​រន្ធត់ ៕(ECN) rinsaro​

ប្រតិកម្ម​សិវៈ​និយម​ប្រឆាំង​នឹង​ព្រះពុទ្ធសាសនា


ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
​យោង​តាម​ការស្រាវជ្រាវ​របស់​ អ្នកប្រវត្តិសាស្ត្រ​យើង​ដឹង​ថា ក្រោយ​ពី​ប្រារព្ធ​ពិធី​រាជ​អភិសេក​ឡើង​សោយរាជ្យ​ភ្លាម ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ (១២៤៣-១២៩៥ នៃ​គ្រិស្ដសករាជ​) បានប្រកាស​យក​លទ្ធិ​ព្រហ្មញ្ញសាសនា​និកាយ​សិវៈ ធ្វើជា​សាសនា​របស់​រដ្ឋ ។ ទិដ្ឋភាព​នេះ​ស​ឲ្យឃើញថា មានប្រតិកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រឆាំង​នឹង​លទ្ធិ​ព្រះពុទ្ធសាសនា ដែល​ធ្លាប់​ត្រូវបាន​ប្រជាជន​គោរពបូជា ដោយ​ពុទ្ធ​បូជនីយដ្ឋាន​ទាំងឡាយ ក្នុង​ចក្រភព​អង្គរ​ដ៏​បវរ​នៃ​យើង ដូចជា វត្ត​អារាម​ផ្ទុក​ទៅដោយ​ចម្លាក់​ពុទ្ធបដិមា ត្រូវ​គេ​បំផ្លាញ​ឬ​កម្ទេចចោល​ស្ទើរតែ​ទាំងអស់ ។ ដូច្នេះ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៨ និង​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​២ ដែល​បាន​សោយរាជ្យ​បន្ត ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មក​បាន​ស្ថិតក្នុង​សង្គ្រាម​សាសនា ដែលជា​មូលហេតុ​ចម្បង​នាំមក​នូវ​ឱនភាព​នៃ​វប្បធម៌​-​អារ្យធម៌​អង្គរ ។​

​ ​ក្នុងពេល​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ធ្លាប់តែ​ជា​ទឹកដី​ខ្មែរ ក៏​ស្ថិត​នៅក្រោម​ការត្រួតត្រា របស់​ព្រះរាជាណាចក្រ​សុខោទ័យ ។ ខ្មែរ​ទាំងនោះ​ដែល​ប្រារព្ធ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា រួច​ទៅ​ហើយ​នោះ​ដោយ​កត្តា​សាសនា ក៏​បែរជា​នាំគ្នា​គាំទ្រ​ជនជាតិ​សៀម ឬ​ថៃ​ដែល​ជា​មនុស្ស​ចំណូល​ថ្មី ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ទល់​នឹង​អំណាច​កណ្ដាល​របស់​ជាតិ​ខ្លួនឯង ដែល​នៅ​រាជ្យ​បុរី ឬ​ក្រុង​អង្គរធំ​ទៅវិញ ។ ដោយហេតុនេះ ការតស៊ូ​របស់​ជនជាតិ​សៀម ដើម្បី​ឯករាជ្យភាព គួបផ្សំ​នឹង​ការចាប់​កេណ្ឌ​រាស្ត្រ​ខ្មែរ ក្នុង​ខេត្ត​សុខោទ័យ ក៏​ដូច​ក្នុង​ខេត្ត​ដទៃទៀត ដែល​បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃរ​បស់​ព្រះបាទ​ឥន្ទ្រ​ទា​ទិត្យ ឬ​ហ្វា​មឿង​នៅ​ឆ្នាំ​១២៣៨ បាន​ធ្វើឲ្យ​កងទ័ព​សៀម​ទទួល​ជ័យជំនះ លើ​មេបញ្ជាការ​ធំ​របស់​ខ្មែរ​ទាំងឡាយ ដោយ​ងាយស្រួល​ហួស​ពី​ការ​ស្មាន​ដូចជា នៅ​រាជបុរី និង​លពបុរី​ជាដើម ។​

ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
​
​ចក្រភព​អង្គរ​ក៏​បាន​ចុះ​ខ្សោយ ជា​ហេតុ​បណ្ដាល​ឲ្យ​បាត់បង់​ខេត្ត​របស់​ខ្លួន​ម្ដង​មួយៗ ។ ដូច្នេះ ការ​ដែល​កងទ័ព​ខ្មែរ​ច្បាំង​ចាញ់​ពួក​សៀម ហើយ​ត្រូវ​បាក់បែក​បរាជ័យ​បណ្ដាលមកពី​មូលហេតុ​ធំៗ​ពីរ គឺ​ការបែកបាក់​ផ្ទៃក្នុង​ដោយសារ​រឿង​វិវាទ​សាសនា និង​មហិច្ឆតា​បរទេស​ឈ្លានពាន​មិន​ឈប់ឈរ ដែល​បាន​ប្រើ​យុទ្ធសាស្ត្រ​ខ្មៅ​ងងឹត​គ្រប់បែបយ៉ាង ដើម្បី​ទាញយក​ជ័យជំនះ​លើ​ខ្មែរ ដោយ​ចាប់បង្ខំ​ឲ្យធ្វើជា​ឈ្លើយសឹក ឬក៏​ជា​ទាសករ​នៅពេលណា​ដែល​ទទួល​បរាជ័យ ។ រឿង​នេះ​មិន​យូរ​មិនឆាប់​អាណាខេត្ត​ខ្មែរ​មួយចំនួន ដែល​បាន​ចាញ់​សង្គ្រាម​សៀម​ក៏​បាន​ក្លាយទៅជា​ស្រុក​ចំណុះ​របស់​ពួកគេ​ទៅ​វិញ ។ តាមពិត អ្នកទទួលខុសត្រូវរ​ដ្ឋ​អំណាច​ខ្មែរ នៅ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក​នា​ជំនាន់​នោះ ពុំមាន​លទ្ធភាព ដើម្បី​ការពារ​ទឹកដី​ដូនតា​ឡើយ ដោយសារតែ​ពួកគេ​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រះរាជ​ធានី​អង្គរធំ​ពេក ពោល​គឺ​ពុំ​បាន​ទទួល​ការអន្តរាគមន៍​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ពី​កងទ័ព​ជាតិ ។​

ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
​
​ស្លាកស្នាម​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រតិកម្ម​ព្រហ្មញ្ញសាសនា​ ប្រឆាំង​នឹង​ព្រះពុទ្ធសាសនា នា​សម័យអង្គរ​ត្រូវ​បាន​ជួបប្រទះ​នៅ​គ្រប់​មូលនិធិ​សាសនា​បែប​ពុទ្ធ​និយម​ ដូចជា នៅ​ប្រាសាទបន្ទាយឆ្មារ ប្រាសាទ​ព្រះខ័ន (​សៀមរាប​អង្គរ​) ប្រាសាទព្រះខ័ន​កំពង់ស្វាយ (​ខេត្ត​ព្រះវិហារ​) ប្រាសាទតាព្រហ្ម (​សៀមរាប​) ប្រាសាទ​ជ្រុង​នៅ​ទីក្រុង​អង្គរ​ធំ និង​ប្រាសាទបន្ទាយក្ដី​ជាដើម ។ ក្នុង​បូជនីយដ្ឋាន​ទាំងនោះ រាល់​ច​មា្ល​ក់​តំណាង​ព្រះ​សក្យៈ​មុនី ឬ​សមាធិ​លើ​បល្លង្ក​មាន​នាគប្រកនៅ​លើ​ជញ្ជាំងប្រា​សាទ​ទាំងឡាយ ត្រូវ​គេ​ដាប់ ឬ​លុបចោល លើកលែង​តែ​រូប​ព្រះ​ពោធិសត្វ​ចេញ​តែ​ប៉ុណ្ណោះ​ដែល​ជា​ផ្នែក​នៃ​និមិត្តរូប ភាព​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ។

​ ​នៅក្នុង​តំបន់​សៀមរាប​អង្គរ ក៏ដូចជា​នៅ​តាម​បណ្ដា​ខេត្ត​កម្រ​ណាស់ ដែល​មាន​សាសនា​ដ្ឋា​ន​បាន​គេចផុត ពី​សោកនាដកម្ម​នេះ​ដែល​គួរឲ្យ​អាណិតអាសូរ ។ ភាគច្រើន​ចម្លាក់​ពុទ្ធបដិមា​កម្ម​ខ្មែរ ដែល​ជា​ស្នា​ព្រះ​ហត្ថ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៅក្នុង​ទឹកដី​ថៃ​បច្ចុប្បន្ន មិន​ត្រូវបាន​គេ​បំផ្លាញ​ចោល​នោះ​ទេ ព្រោះ​ស្ថិត​ឆ្ងាយ​សែនឆ្ងាយ ពី​អំណាច​កណ្ដាល ឬ​រាជធានី​អង្គរ​ធំ ។ ឧទាហរណ៍​ជាក់ស្ដែង សន្លឹក​សីមា​វត្ត នៅ​វត្ដ​មហា​ធាតុ នៅ​ខេត្ត​រាជបុរី​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ដើមឡើយ​ជា​មន្ទីរពេទ្យ ឬ​អរោគ្យ​សាលា ពុំ​ត្រូវបាន​គេ​ដាប់​បំផ្លាញចោល​ឡើយ ។ ទាំងអស់​នេះ​ជា​សញ្ញា​នៃ​ការ​ប្រេះឆា​ក្នុង​សង្គម​ជាតិ​ខ្មែរ នា​អតីតកាល​ដែល​ម្ខាង​ប្រកាន់​លទ្ធិ​ព្រះពុទ្ធសាសនា រី​ឯ​ម្ខាង​ទៀត​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា ។​
​ ​គួរបញ្ជាក់​ថា នៅលើ​កំផែង​ប្រាសាទ​ទាំងឡាយ​នៃ​តំបន់​អង្គរ​ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម មាន​លំអ​ទៅ​ដោយ​សន្លឹក​សីមា​គ្រប់រូប​ព្រះ​ពុទ្ធអង្គ ក្នុង​ឥរិយាបថ​សមាធិ​ត្រូវ​គេ​ដាប់​បំផ្លាញចោល​ស្ទើរ​គ្មាន​សល់​មួយ​ឡើយ ។ ជួនកាល​គេ​ឆ្លាក់​ជំនួស​វិញ​ទៅ​ដោយ​រូប​ព្រះ​សិវៈ ឬ​សិវលិង្គ ។​

ក្បាច់ហោជាង ដែលចម្លាក់ព្រះពុទ្ធអង្គជំនួសដោយព្រះសិវលឹង្គ ប្រាសាទជ្រុង, អង្គរធំ (១៩៦៣)
​ ​សូម​រំលឹក​ថា ពី​សម័យ​អតីតកាល​របស់​ខែ្មរ ចាប់​ពី​សម័យ​មហានគ​រ​មក ប្រទេស​កម្ពុជា​លែង​ជា​ចក្រភព ឬ​មហា​ប្រទេស​ទៀត​ហើយ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ ហើយ​កិត្យានុភាព​ចេះ​តែ​ទន់ខ្សោយ​អន់ថយ​ទៅៗ បណ្ដាល​មក​ពី​ការបំផ្លិតបំផ្លាញ​នូវ​ឧត្តមគតិ​ជាតិ​របស់​ព្រះបាទ​ជ័យវរ្ម័​ន ​ទី​៧ គួបផ្សំ​នឹង​ការ​វាតទី​និយម​របស់​ពួក​បរទេស​ឈ្លានពាន ។​
​ ​ថ្វី​ត្បិត​តែ​ព្រះ​រាជពង្សាវតារ​ខ្មែរ​មិន​អាច​បញ្ជាក់​អំពី​ ព្រឹត្តិការណ៍ ដ៏​គួរឲ្យ​រន្ធត់​ខាងលើ​នេះ​ក៏​ពិតមែន ប៉ុន្ដែ​យើង​អាច​ដឹង​បាន ដោយយោង​តាម​ការសិក្សា​ខ្លឹមសារ នៃ​សិលាចារឹក គួបផ្សំ​នឹង​វិស័យ​បដិមា​សាស្ត្រ និង​កំណត់ហេតុ​ចិន ដែល​ជា​សក្ខីកម្ម​នៃ​ប្រតិកម្ម​សិវៈ​និយម ដែល​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ចម្បង​ជាច្រើន ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជា​តិចុះ​ទន់ខ្សោយ ៕ (​ម​.​ត្រា​ណេ​)ដកស្រង់ពីCEN

Tuesday, March 2, 2010

ព្រះសង្ឃ​និង​ពលរដ្ឋ​ដង្ហែ​ក្បួន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ប្រាជ្ញ​ខ្មែរ

ដោយ ហង្ស សាវយុត (RFA)
2010-03-01
ព្រះសង្ឃ​នៃ​ព្រះ​ពុទ្ធ​សាសនា​និង​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​១​ពាន់​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​១ មីនា ដើម្បី​​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​ដូចជា​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត និង​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ក្រុម​ជំនុំ​ព្រះត្រៃបិដក​នៃ​ព្រះពុទ្ធ​សាសនា​ជាដើម។
ព្រះភិក្ខុ​​​បរមោ ភោគ គឹង គង់​នៅ​វត្ត​រាជបូព៌ ក្នុង​ទីរួម​ខេត្ត​សៀមរាប ដែល​ជា​គណៈកម្មការ​កណ្តាល​រៀបចំ​កម្មវិធី​បុណ្យ​និង​ដង្ហែ​ក្បួន​នោះ បាន​មាន​ព្រះថេរដីកា​ថា ក្រុម​អ្នក​ចូល​រួម​ដង្ហែ​ក្បួន​ដើរ​តាម​ដង​ផ្លូវ​គឺ​មក​ពី​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា។
ព្រះភិក្ខុ​​​បរមោ ភោគ គឹង មាន​ថេរដីកា​ដូច្នេះ​ថា ៖ «មក​ពី​ខេត្ត​នានា ដូចជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ នៅ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់ ហើយ​កំពង់ធំ មក​ពី​ពោធិ៍សាត់។ ដង្ហែ​ហ្នឹង គោលបំណង​គឺ​ចង់​បង្ហាញ​ឲ្យ​ពុទ្ធបរិស័ទ​ហ្នឹង​បាន​ដឹង​ថា សម្ដេច ជួន ណាត ហើយ​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ហ្នឹង គឺ​មាន​អ្នក​ប្រាជ្ញ ជា​អ្នក​មាន​គុណ​ដ៏​ធំធេង​ទៅ​លើ​អក្សរ​សាស្រ្ដ​ខ្មែរ។ ចង់​បង្ហាញ​នូវ​ការ​ដឹង​នូវ​គុណ​បំណាច់​របស់​អ្នក​ប្រាជ្ញ​ដែល​បាន​រៀបចំ​និង​រក្សា​នូវ​អក្សរ​សាស្រ្ដ​ខ្មែរ»។
ព្រះភិក្ខុ ភោគ គឹង បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ការ​ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដើម្បី​រំឭក​គុណ​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ​និង​ក្រុម​ជំនុំ​ព្រះត្រៃបិដក ដោយ​កាល​ពី​ឆ្នាំ​មុន​មាន​អ្នក​ចូលរួម​ដង្ហែ​ប្រមាណ​ជា​៣.០០០​នាក់៕