Thursday, July 5, 2012

ព្រះសង្ឈ និងសប្បុរសជនខ្មែរ នៅកូរ៉េ ចូលរួមឧបត្ថម្ភ ដល់ លោកយាយ មុំ បឹង ដែលគ្មានទីពឹង





ព្រៃវែងៈបន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយ ពីជីវិតគ្មាន ទីពឹង របស់លោកយាយ មុំ បឹង ដែលមានវ័យ៦៨ឆ្នាំ និងមានជំងឺជាប់កាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនោះ នាពេលនេះ មានសប្បុរសជាច្រើន បានមកជួយឧបត្ថម្ភជាបន្តបន្ទាប់ ។
ជាក់ស្តែងនាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ មូលនិធិបច្ច័យ ចំនួន១០០ដុល្លារ ដែលជាទឹកចិត្ត ជួយ ឧបត្ថម្ភ រួមគ្នា របស់ព្រះសង្ឃ និងសប្បុរសជនខែ្មរ រស់នៅសាធារណរដ្ឋកូរ៉េ រួមមាន ភិក្ខុ រិន សារ៉ូ, ភិក្ខុ ពៅ សុភ័ក្តិ , លោក ហុង ស៊ីទិត្យ, លោក ម៉ាច សុលី, លោករិទ្ធ ធូ, លោក សុខ ម៉េង, លោក រស់ សុវណ្ណ , លោក ឆិន ឆេង , លោក សុខ ផល្លី, លោក រី កៅ , លោកស៊ុយ ចំរើន និងលោក វង្សមុនីរ័ត្ន ត្រូវបាន ចូលរួម និងនាំយក តាមរយៈព្រះតេជគុណ តក់ តី គង់នៅវត្តឧណ្ណាលោម មកឧបត្ថម្ភដល់ លោកយាយ កំសត់ ដែលកំពុងដង្ហោយរកជំនួយ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP)។
គួរបញ្ជាក់ថា ដូនចាស់ មុំ បឹង មានជីវភាពយ៉ាងក្រលំបាក  ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុងភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែងគ្មានទីពឹងច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមានជំងឺទៀតផង ហើយបច្ចុប្បន្នបានប្រជាពលរដ្ឋនៅក្បែរខាង និងក្រុមការងារ គណបក្ស ប្រជាជន ជួយឧបត្ថម្ភមួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និង ការឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕

Wednesday, April 18, 2012

បុរសពិការម្នាក់ អួលដើមកពេល បានទទួលប្រាក់ ឧបត្ថម្ភ ៩០០ដុល្លារ ពីពលករខ្មែរ នៅកូរ៉េ





បុរសពិការម្នាក់ អួលដើមកពេល បានទទួលប្រាក់ ឧបត្ថម្ភ ៩០០ដុល្លារ ពីពលករខ្មែរ នៅកូរ៉េ
Wednesday, 18 April 2012 18:30 ដោយ ៖ កែវ សុផាត -Posted : ID-015
សៀមរាប : បុរសពិការ ភ័ក្រ វិចិត្រ អាយុ ៣៦ ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប បានអួលដើមក បង្ហូរទឹកភ្នែក រកនិយាយស្ដីមិនចេញ ដោយ ក្ដីរំភើបចិត្តខ្លាំង នៅពេលទទួលបានប្រាក់ចំនួន ៩០០ ដុល្លារ ពីពលករខ្មែរ ដែលកំពុងបម្រើការងារ នៅប្រទេស កូរ៉េ ឧបត្ថម្ភតាមរយ: សមាគមពលករខ្មែរ នៅប្រទេសកូរ៉េ ដែលដឹកនាំដោយ ព្រះតេជគុណ រិន សារ៉ូ ប្រធានសមាគម ដែលឥឡូវព្រះអង្គ កំពុងបួសរៀន នៅប្រទេសកូរ៉េចំនួន ៧ ឆ្នាំមកហើយ ព្រះអង្គ មានអាសយដ្ឋាន នៅជិត ជនពិការនេះដែរ ។

លោក វិចិត្រ បានធ្លាក់ខ្លួនពិការ កាលពីខែមេសា ឆ្នាំ២០០៣ មុនពេលបុណ្យចូលឆ្នាំថ្មី រយ:ពេល៣ថ្ងៃ ដោយគ្រោះថ្នាក់ចរាចរ គឺរថយន្ដដឹកដីមួយគ្រឿង ដែលពួកគេជិះទៅលេងបុណ្យ នៅឯប្រាសាទបាគង មានគ្នា ១១នាក់ បានក្រឡាប់ គឺមានតែ លោក វិចិត្រ ម្នាក់ ដែលរបួសធ្ងន់ធ្ងរ រហូតដល់ របួសខួរឆ្អឹងខ្នង (Spinal Cord Injury) ធ្វើឲ្យរូបគាត់ ក្លាយជាជនពិការយ៉ាងធ្ងន់ធ្ងរ ស្ទើរតែស្លាប់អវយវ:ទាំងបួន (Paraplegia) ។ ហើយរស់នៅដោយដេកតែលើគ្រែ និងអាចជិះរទេះបាន បន្ដិចបន្តួច ព្រមទាំងអាច បរិភោគអាហារបានដោយខ្លួនឯងយ៉ាងពិបាកបំផុត បន្ទាប់ពីមាន ការ ស្ដារកាយសម្បទា នៅមជ្ឈមណ្ឌល ស្ដាររបួសឆ្អឹងខ្នង (SCI Handicap International) ខេត្តបាត់ ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០០៣ ដល់ ខែកញ្ញា ឆ្នាំ២០០៤ ។

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២នេះ ព្រះតេជគុណ តក់ តី បច្ចុប្បន្នស្នាក់នៅវត្ត ឧណ្ណា លោម រាជធានីភ្នំពេញ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោកពូ ក្អោប រិន បិតា ព្រះតេជគុណ រិន សារ៉ូ បាននាំយកថវិកាចំនួន ៩០០ដុល្លារនេះ ទៅជូន លោក វិចិត្រ នៅឯផ្ទះរបស់គាត់ផ្ទាល់ ដែលកំពុងរស់នៅ ជាមួយម្តាយជាស្ត្រីម៉េម៉ាយ វ័យចំណាស់ និងប្អូនប្រុស ៣ នាក់ ។

ក្រោយពីបង្ហូរទឹកភ្នែក អួលដើមក លោក វិចិត្រ បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងជូនពរជ័យ សិរីសួស្តី ចំពោះព្រះតេជគុណ រិន សារ៉ូ និងពលករខ្មែរ ដែលកំពុងបម្រើការងារ នៅ ប្រទេសកូរ៉េ ហើយបានរៃអង្គាសប្រាក់ ក្នុងពេលដែលពួកគេ បាននាំគ្នារៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅឯប្រទេសកូរ៉េ មកជួយឧបត្ថម្ភរូបគាត់ ដែលជាជនពិការ។

លោក វិចិត្រ បានសន្យាថា គាត់នឹងប្រើប្រាស់ប្រាក់នេះ មួយចំណែក សម្រាប់បំពេញបំណងគាត់ ក្នុងការចិញ្ចឹមមាន់/ទា និងមួយចំណែកទៀត សម្រាប់បណ្ដុះ/ដាំកូនឈើ ដែលឥឡូវនេះគាត់បាន រៀបចំផ្សាំ ស្អំ បានចំនួនជាង ៤០០កូន(ដើម)ហើយ គាត់នឹងប្រើប្រាស់ប្រាក់មួយផ្នែកទៀត សម្រាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងការថែទាំជំងឺ ពិការភាពរបស់គាត់។

សូមបញ្ជាក់ថា លោក វិចិត្រ សព្វថ្ងៃ មានជីវភាពខ្វះខាត ខ្វះរទេះជិះ ដោយរទេះដែលគាត់កំពុងប្រើ បានខូចហើយ ម្យ៉ាងមិនមានគ្រឿងបន្លាស់ទៀតផង ។ លោក វិចិត្រ សូមអំពាវនាវ ចំពោះ សប្បុរសជន អង្គការ និងស្ថាប័ន កាកបាទក្រហម ដែលមានលទ្ធភាព មេត្តាជួយផ្ដល់រទេះជនពិកា ឲ្យគាត់ប្រើប្រាស់ផង ។ ព្រោះតាំងពី ចាប់ផ្ដើមពិកា រហូតដល់ពេលនេះ លោក វិចិត្រ មិនបានធ្វើអ្វី សម្រាប់ចំណូលផ្គត់ផ្គង់ជីវភាពទេ ទោះបីគាត់ ធ្លាប់មានជំនាញខាងជុសជួលម៉ូតូ និងម៉ាស៊ីន ក្ដី ហើយជាបន្តបន្ទាប់ គាត់មិនដែលបានធ្វើដំណើរ ទៅណាឆ្ងាយឡើយ ។

ជាថ្មីម្ដងទៀត លោក វិចិត្រ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ចំពោះ ព្រះតេជគុណ រិន សារ៉ូ និងពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ដែលមានសន្ដានចិត្តមេត្តា អាណិតស្រឡាញ់ និងចេះជួយដល់ជនពិកា ដូចរូបគាត់ ហើយសូមឲ្យព្រះអង្គ និងអ្នកទាំងអស់គ្នា ជួបប្រទះតែ សេចក្ដីសុខ សុភមង្គល ប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបី ឃ្លៀង ឃ្លាតឡើយ ៕

រូបថតបុណ្យចូលឆ្នាំរោងចត្វាស័កព.ស២៥៥៦នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០១២










Saturday, March 10, 2012

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹងបងប្អូននៅកូរ៉េទាំងអស់គ្នាឱ្យបានជ្រាបថា មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅកូរ៉េនឹងរៀបចំកម្មវិធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិព.ស២៥៥៦នៅថ្ងៃទី១៥ខែមេសាឆ្នាំ១០១២។
នៅសានប៉ុន ពត៌មានលំអិតនឹងជូនដំណឹងនៅពេលក្រោយ សូមអរគុណ។