Wednesday, April 18, 2012

បុរសពិការម្នាក់ អួលដើមកពេល បានទទួលប្រាក់ ឧបត្ថម្ភ ៩០០ដុល្លារ ពីពលករខ្មែរ នៅកូរ៉េ





បុរសពិការម្នាក់ អួលដើមកពេល បានទទួលប្រាក់ ឧបត្ថម្ភ ៩០០ដុល្លារ ពីពលករខ្មែរ នៅកូរ៉េ
Wednesday, 18 April 2012 18:30 ដោយ ៖ កែវ សុផាត -Posted : ID-015
សៀមរាប : បុរសពិការ ភ័ក្រ វិចិត្រ អាយុ ៣៦ ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប បានអួលដើមក បង្ហូរទឹកភ្នែក រកនិយាយស្ដីមិនចេញ ដោយ ក្ដីរំភើបចិត្តខ្លាំង នៅពេលទទួលបានប្រាក់ចំនួន ៩០០ ដុល្លារ ពីពលករខ្មែរ ដែលកំពុងបម្រើការងារ នៅប្រទេស កូរ៉េ ឧបត្ថម្ភតាមរយ: សមាគមពលករខ្មែរ នៅប្រទេសកូរ៉េ ដែលដឹកនាំដោយ ព្រះតេជគុណ រិន សារ៉ូ ប្រធានសមាគម ដែលឥឡូវព្រះអង្គ កំពុងបួសរៀន នៅប្រទេសកូរ៉េចំនួន ៧ ឆ្នាំមកហើយ ព្រះអង្គ មានអាសយដ្ឋាន នៅជិត ជនពិការនេះដែរ ។

លោក វិចិត្រ បានធ្លាក់ខ្លួនពិការ កាលពីខែមេសា ឆ្នាំ២០០៣ មុនពេលបុណ្យចូលឆ្នាំថ្មី រយ:ពេល៣ថ្ងៃ ដោយគ្រោះថ្នាក់ចរាចរ គឺរថយន្ដដឹកដីមួយគ្រឿង ដែលពួកគេជិះទៅលេងបុណ្យ នៅឯប្រាសាទបាគង មានគ្នា ១១នាក់ បានក្រឡាប់ គឺមានតែ លោក វិចិត្រ ម្នាក់ ដែលរបួសធ្ងន់ធ្ងរ រហូតដល់ របួសខួរឆ្អឹងខ្នង (Spinal Cord Injury) ធ្វើឲ្យរូបគាត់ ក្លាយជាជនពិការយ៉ាងធ្ងន់ធ្ងរ ស្ទើរតែស្លាប់អវយវ:ទាំងបួន (Paraplegia) ។ ហើយរស់នៅដោយដេកតែលើគ្រែ និងអាចជិះរទេះបាន បន្ដិចបន្តួច ព្រមទាំងអាច បរិភោគអាហារបានដោយខ្លួនឯងយ៉ាងពិបាកបំផុត បន្ទាប់ពីមាន ការ ស្ដារកាយសម្បទា នៅមជ្ឈមណ្ឌល ស្ដាររបួសឆ្អឹងខ្នង (SCI Handicap International) ខេត្តបាត់ ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០០៣ ដល់ ខែកញ្ញា ឆ្នាំ២០០៤ ។

នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២នេះ ព្រះតេជគុណ តក់ តី បច្ចុប្បន្នស្នាក់នៅវត្ត ឧណ្ណា លោម រាជធានីភ្នំពេញ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ និងលោកពូ ក្អោប រិន បិតា ព្រះតេជគុណ រិន សារ៉ូ បាននាំយកថវិកាចំនួន ៩០០ដុល្លារនេះ ទៅជូន លោក វិចិត្រ នៅឯផ្ទះរបស់គាត់ផ្ទាល់ ដែលកំពុងរស់នៅ ជាមួយម្តាយជាស្ត្រីម៉េម៉ាយ វ័យចំណាស់ និងប្អូនប្រុស ៣ នាក់ ។

ក្រោយពីបង្ហូរទឹកភ្នែក អួលដើមក លោក វិចិត្រ បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងជូនពរជ័យ សិរីសួស្តី ចំពោះព្រះតេជគុណ រិន សារ៉ូ និងពលករខ្មែរ ដែលកំពុងបម្រើការងារ នៅ ប្រទេសកូរ៉េ ហើយបានរៃអង្គាសប្រាក់ ក្នុងពេលដែលពួកគេ បាននាំគ្នារៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅឯប្រទេសកូរ៉េ មកជួយឧបត្ថម្ភរូបគាត់ ដែលជាជនពិការ។

លោក វិចិត្រ បានសន្យាថា គាត់នឹងប្រើប្រាស់ប្រាក់នេះ មួយចំណែក សម្រាប់បំពេញបំណងគាត់ ក្នុងការចិញ្ចឹមមាន់/ទា និងមួយចំណែកទៀត សម្រាប់បណ្ដុះ/ដាំកូនឈើ ដែលឥឡូវនេះគាត់បាន រៀបចំផ្សាំ ស្អំ បានចំនួនជាង ៤០០កូន(ដើម)ហើយ គាត់នឹងប្រើប្រាស់ប្រាក់មួយផ្នែកទៀត សម្រាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងការថែទាំជំងឺ ពិការភាពរបស់គាត់។

សូមបញ្ជាក់ថា លោក វិចិត្រ សព្វថ្ងៃ មានជីវភាពខ្វះខាត ខ្វះរទេះជិះ ដោយរទេះដែលគាត់កំពុងប្រើ បានខូចហើយ ម្យ៉ាងមិនមានគ្រឿងបន្លាស់ទៀតផង ។ លោក វិចិត្រ សូមអំពាវនាវ ចំពោះ សប្បុរសជន អង្គការ និងស្ថាប័ន កាកបាទក្រហម ដែលមានលទ្ធភាព មេត្តាជួយផ្ដល់រទេះជនពិកា ឲ្យគាត់ប្រើប្រាស់ផង ។ ព្រោះតាំងពី ចាប់ផ្ដើមពិកា រហូតដល់ពេលនេះ លោក វិចិត្រ មិនបានធ្វើអ្វី សម្រាប់ចំណូលផ្គត់ផ្គង់ជីវភាពទេ ទោះបីគាត់ ធ្លាប់មានជំនាញខាងជុសជួលម៉ូតូ និងម៉ាស៊ីន ក្ដី ហើយជាបន្តបន្ទាប់ គាត់មិនដែលបានធ្វើដំណើរ ទៅណាឆ្ងាយឡើយ ។

ជាថ្មីម្ដងទៀត លោក វិចិត្រ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ចំពោះ ព្រះតេជគុណ រិន សារ៉ូ និងពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េ ដែលមានសន្ដានចិត្តមេត្តា អាណិតស្រឡាញ់ និងចេះជួយដល់ជនពិកា ដូចរូបគាត់ ហើយសូមឲ្យព្រះអង្គ និងអ្នកទាំងអស់គ្នា ជួបប្រទះតែ សេចក្ដីសុខ សុភមង្គល ប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបី ឃ្លៀង ឃ្លាតឡើយ ៕

រូបថតបុណ្យចូលឆ្នាំរោងចត្វាស័កព.ស២៥៥៦នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០១២