Tuesday, December 23, 2008

ទសបារមី បារមីទាំង ១០ ក្នុងវិស័យព្រះពុទ្ធ​ សាសនា

ទសបារមី បារមីទាំង ១០ ក្នុងវិស័យព្រះពុទ្ធ សាសនា

នៅក្នុងទសជាតក តែងបានបង្អាញអំពីទសបារមី។ ទសបារមី គឺជា គុណជាតិល្អ វិសេស​​១០ប្រការ ដែល អង្គពោធិសត្វបានបំពេញ ដើម្បី ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ។ ទសបារមីមានដូចខាងក្រោមនេះ :

១-ទានបារមី : នៅក្នុងរឿងព្រះវេស្សន្តរជាតក គឺជាការធ្វើអំណោយ ប្រាសចាកពីការកំណាញ់។ ធ្វើ អំណោយជាទ្រព្យសម្បត្តិ ការផ្តល់ អភ័យ ការផ្តល់ឱកាស... ។

២-សីលបារមី : ការរក្សាកាយវាចាចិត្តឲ្យល្អបរិសុទ្ធប្រពៃ (ក្នុងភូរិទត្ត ជាតក)។ ឧហរណ៍អ្នកជាប់សីល៥ សីល៨ និងសីល១០ តែងជា មនុស្សរស់នៅស្លូតបូតមានចិត្តល្អប្រសើរ។

៣-នេក្ខម្មបារមី : ការចេញបួសលះបង់ កាមគុណ (តេមិយជាតក)។ ជាការផ្តាច់ចិត្តមិនឲ្យជាប់ ជំពាក់នឹងទ្រព្យសម្បត្តិ រូបសម្បត្តិ ដែលជា របស់មិនទៀងទាត់ក្នុងលោកនេះ។

៤-បញ្ញាបារមី : ការដឹងច្បាស់នូវសភាវៈ ប្រែប្រួលឆ្ពោះទៅរកការរីក ចំរើន ឬការវិនាសទៅ។ ជាពិសេស ដឹងច្បាស់នូវគំនិត ដើម្បីចោទ និងដោះស្រាយបញ្អា ដោយល្បិច (ក្នុងមហោសថជាតក)។

៥-វីរិយបារមី : ឧស្សាហ៍ព្យាយាមធ្វើការដោយមិនបោះបង់ចោល កណ្តាលផ្លូវ (ក្នុងមហាជនកជាតក)។

៦-ខន្តីបារមី : ការអត់ធន់នឹងសេចក្តីទុក្ខ (ក្នុងច័ន្ទកុមារជាតក)។

៧-សច្ចបារមី : កាន់ពាក្យពិតមិនរើរុះ (ក្នុងវិធូរជាតក)។

៨-អធិដ្ឋានបារមី : តាំងចិត្តមាំដើម្បីឲ្យបានសំរេច (ក្នុងនេមរាជ ជាតក)។

៩-មេត្តាបារមី : ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសត្វមិនរើសមុខ (សុវណ្ណសាម ជាតក)។

១០-ឧបេក្ខាបារមី : តាំងចិត្តជាកណ្តាល មិនលេ្អៀងទៅខាងណា (ក្នុងនារទជាតក)។

ទសបារមី ឬបារមី ទាំង១០នេះហើយ ដែលព្រះពោធិសត្វបានសាង ឆ្លងកាត់ឲ្យបានដល់ត្រើយនាយ គឺការ បានត្រាស់ដឹង។ ប៉ុនែ្តសំរាប់ មនុស្សជាតិទូទៅ ក៏អាចប្រកាន់យកនូវទសបារមីនេះបានដែរ ក្នុង ការកសាង កាយវាចាចិត្តឲ្យបានល្អ ដើម្បីបំពេញការងារឆ្ពោះទៅរក សេចក្តីសុខសាន្ត និងរីកចំរើននៅក្នុងលោកនេះ។


ប្រភព​​: កាសែតកោះសន្តិភាព ឆ្នាំទី៤១ លេខ៦៥២៩ ថៃ្ងចន្ទ ទី​២២ ខែធ្នូ ឆ្នាំ២០០៨

No comments: