Monday, June 29, 2009
Choun Nath
ព្រះគុណសម្បត្តិនៃសម្ដេចព្រះសង្ឃរាជ
ព្រះគុណសម្បត្តិនៃសម្ដេចជាអម្ចាស់មានច្រើនយ៉ាងណាស់ ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ ហើយសរសេររួបរួមប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមានប្រាំយ៉ាង ដូចសេចក្ដីរៀបរៀងវែកញែកតទៅនេះ៖
១. វីរិយភាពក្នុងការសិក្សា
២. បដិភាណប្បញ្ញា “ប្រាជ្ញាវាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញាក្លៀវក្លាអង់អាច”
៤. ធម្មទេសនាកោសល្យ “ភាពឈ្លាសវៃក្នុងធម្មទេសនា”
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
អធិប្បាយពង្រីកសេចក្ដីចំពោះគុណសម្បត្តិនីមួយៗ
១. វីរិយភាព នៃសម្ដេចជាអម្ចាស់ ដែលមនុស្សចាស់ទុំធ្លាប់បានសង្កេតតាំងពីសម្ដេចមានព្រះជន្មនៅក្មេង គឺតាំងពីនៅជាសាមណេរដរាបមករហូតដល់សម្ដេចមានព្រះជន្មជ្រុលចូលមកបច្ឆិមវ័យហើយ ក៏នៅតែព្យាយាមឥតមានបន្ធូរបន្ថយបញ្ឈប់សេចក្ដីព្យាយាមនោះឡើយ សូម្បីព្រះអង្គមានសមណៈស័ក្តិដ៏ខ្ពស់បំផុតទីជាសម្ដេចព្រះសង្ឃរាជហើយក៏ដោយ។ វីរិយភាព នេះប្រែថា សេចក្ដីព្យាយាម ឬថាប្រឹងប្រែង រាប់ថាជាបារមីមួយរបស់ព្រះពោធិសត្វដែលយើងធ្លាប់ចេះដឹងមកហើយ ហៅថា វីរយៈបារមី។
បណ្ដាកិច្ចការគ្រប់យ៉ាង រមែងប្រកបដោយឧបសគ្គ គឺធម៌ជាគរឿងរារាំងបើមិនច្រើនក៏តិច តែថាបើសេចក្ដីព្យាយាម មានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបសគ្គនោះបានដោយពិតសម្ដេចព្រះសង្ឃរាជទ្រង់មានវីរយៈធម៌ដ៏រឹងប៉ឹងជាទីបំផុត បានជាព្រះអង្គចេះតែមានជ័យជម្នះសង្កត់ទៅលើឧបសគ្គគ្រប់យ៉ាងបានជាដរាប ទោះបីព្រះអង្គហត់នឿយណាស់ ប៉ុន្តែព្រះអង្គមិនសូវចេះត្អូញត្អែរឡើយ។ ករណីកិច្ចណាមួយដែលគេត្រូវធ្វើដោយកាយក្ដី ដោយវាចាក្ដី ដោយចិត្តក្ដី អាចសម្រេចទៅបានដោយកម្លាំង នៃសេចក្ដីព្យាយាមទាំងអស់។ ឥរិយាបទទាំង៤ គឺការដើរ ឈរ អង្គុយ ដេក ដែលនាំឲ្យសម្រេចប្រយោជន៍ទៅបាន ដ៏ដោយគុណានុភាពនៃសេចក្ដីព្យាយាមដែរ។
សម្ដេចព្រះសង្ឃរាជ ព្រះអង្គមានវីរិយបារមីដ៏បរិបូណ៌ណាស់ សូម្បីសម្ដេចដែលមានព្រះជន្ម៨៦ឆ្នាំហើយ ក៏នៅបំពេញកិច្ចការរបស់ព្រះអង្គឥតមានបន្ធូរបន្ថយព្រះកាយពលឡើយ។ ដូចយ៉ាងព្រះអង្គចាប់ធ្វើវចនានុក្រមខ្មែរ ទ្រង់ឥតមានសំចៃកម្លាំង និងពេលវេលាទេ។ សម្ដេចយកពេលយប់ធ្វើជាថ្ងៃ យកពេលថ្ងៃធ្វើជាយប់ ខំប្រឹងសរសេររៀបរៀង តាំងពីព្រលប់រហូតដល់ភ្លឺក៏មាន លុះទ្រង់សោយយាគូរួច ចាប់សរសេរតទៅទៀត ទាល់តែដល់ពេលម៉ោង១១ក៏មាន។ ក្នុងរយៈវេលាយប់មួយ សម្ដេចទ្រង់បានផ្ទុំក្នុងរវាង៤ ឬ៥ម៉ោងប៉ុណ្ណោះ។ ការប្រព្រឹត្តដោយសេចក្ដីព្យាយាម នៃសម្ដេចព្រះសង្ឃរាជនេះជាការកម្រមនុស្សធ្វើបានណាស់។
២. បដិភាណប្បញ្ញា “បញ្ញាវាងវៃ” ប្រាជ្ញាសំដៅយកការចេះដឹងយល់ទូទៅ ឬការយល់ច្បាស់លាស់ចំពោះហេតុការណ៍ផ្សេងៗតាមធម្មតា។ ដែលលោកហៅថា “បដិភាណប្បញ្ញា” នោះ សំដៅយកប្រាជ្ញាដែលកើតឡើងភ្លាមៗ ហើយអាចឆ្លើយតបវិញបានភ្លាម មិនបាច់គិតគូរអស់វេលាយូរទេ។ ប្រាជ្ញារបស់សម្ដេចកើតឡើងរហ័សក្នុងពេលដែលគេចោទសួរ ឬនិយាយឲ្យឮភ្លាមក៏អាចដឹងទាន់ចាប់ភ្លឹកនឹកឃើញ ឆ្លើយវិញបានភ្លាម ហាក់ដូចជាបានគូសដៅទុកយូរហើយ។ ប្រាជ្ញាស្មារតីរហ័សវាងវៃ ប្រកបដោយសមត្ថភាព ឆាប់យល់ហេតុការណ៍គ្រប់យ៉ាង ដែលអាចដឹងទាន់ភ្លាមៗ ដូចអធិប្បាយដោយសង្ខេបមកនេះ ហៅថា “បដិភាណប្បញ្ញា”។
សម្ដេចព្រះសង្ឃរាជ មានបដិភាណប្បញ្ញានេះបរិបូណ៌ណាស់ ដូចយ៉ាង សម្ដេចដែលបានទ្រង់យាងទៅកាន់ទីប្រជុំណាមួយ ដែលមានសមាជិកជាន់ខ្ពស់ ហើយគេត្រូវសាកសួរនិយាយពិភាក្សាការណ៍ជាចាំបាច់ ដែលទាក់ទងមកលើសម្ដេចភ្លាម ទ្រង់ក៏អាចឆ្លើយដោះស្រាយទាន់បានភ្លាមវិញដែរ។
៣. វេសារជ្ជប្បញ្ញា “បញ្ញាអង់អាច ក្លៀវក្លា” ភាពនៃប្រាជ្ញាអង់អាចក្លៀវក្លានេះ ជាគុណសម្បត្តិមួយដ៏ប្រសើររបស់មនុស្ស។ ប្រាជ្ញារបស់សម្ដេចព្រះសង្ឃរាជជាអម្ចាស់របស់យើង រាប់ថាជាប្រាជ្ញាមួយដ៏ខ្ពង់ខ្ពស់ អាចពោលបានថា សម្ដេចមានវេសារជ្ជប្បញ្ញាគ្រប់គ្រាន់ ព្រោះព្រះអង្គបានទទួលព្រះកិត្តិនាមដ៏ខ្ចរខ្ចាយទៅក្នុងប្រទេស និងក្រៅប្រទេស។ ដូចយ៉ាងសម្ដេចទ្រង់យ៉ាងទៅកាន់ទីប្រជុំធំៗក្នុងប្រទេសដទៃព្រះអង្គតែងបន្លឺសីហនាទ ប្រកបដោយប្រាជ្ញាដ៏ក្លៀវក្លា អង់អាចឥតញាប់ញ័រតក់ស្លុតចំពោះទីប្រជុំនោះឡើយ។
ប្រាជ្ញាដែលក្លៀវក្លាអង់អាច ដូចអធិប្បាយដោយសង្ខេបមកនេះហៅថា “វេសារជ្ជប្បញ្ញា”។
៤. ធម្មទេសនាកោសល្យ “ក្លារឈ្លាសវៃក្នុងធម្មទេសនា”
ភាពនៃការឈ្លាសវៃមានច្រើនយ៉ាង គឺឈ្លាសវៃក្នុងអំពើបាបក៏មាន ក្នុងអំពើបុណ្យក៏មានឈ្លាសវៃក្នុងអំពើឥតប្រយោជន៍ក៏មាន ក្នុងអំពើមានប្រយោជន៍ក៏មាន។ ការឈ្លាសវៃក្នុងទីនេះសំដៅយកហេតុការណ៍ដែលមានប្រយោជន៍ចំពោះមនុស្សក្នុងបច្ចុប្បន្ន និងក្នុងអនាគត។ ដែលហៅថា “ធម្មទេសនាកោសល្យ” សំដៅយកការឈ្លាសវៃក្នុងធម្មទេសនា។ សម្ដេចព្រះសង្ឃរាជទ្រង់មានភាពឈ្លាសវៃក្នុងធម្មទេសនាដោយគ្រប់គ្រាន់។
ធម្មទេសនានៃសម្ដេចប្រកបដោយប្រយោជន៍ទាំងផ្លូវលោក ទាំងផ្លូវធម៌ អាចបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ផ្លូវខុស ផ្លូវត្រូវ ឲ្យជឿជាក់ចំពោះជាតិ សាសនា និងព្រះរាជបល្ល័ង្ក។ ព្រះធម្មទេសនា នៃសម្ដេចព្រះសង្ឃរាជចាត់ទុកថាជាមូលដ្ឋានមួយដ៏ស្ដុកស្ដម្ភអាចបំភ្លឺប្រជាពលរដ្ឋឲ្យមានការព្យាយាម មានជំហររឹងប៉ឹង ឲ្យប្រឹងប្រែងប្រកបការងារកុំឲ្យខ្ជិលច្រអូស ឲ្យមានធម៌សាមគ្គី មូលមិត្តជាឯកភាពក្នុងរវាងជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង ដើម្បីឲ្យខ្ពង់ខ្ពស់ថ្កើងរុងរឿងតទៅអនាគត។ ធម្មទេសនានៃសម្ដេច ឈ្មោះថាជាធម្មទេសនាទ្រោលបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យយល់ប្រយោជន៍គ្រប់យ៉ាង បំភ្លឺទាំងខាងគុណសម្បត្តិ ទាំងគុណវិបត្តិ ជាធម្មទេសនាប្រកបដោយមធ្យោបាយដ៏ប្រសើរវិសេស អាចដឹកនាំចង្អុលបង្ហាញប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍អនាគត ហៅថាជាព្រះធម្មួទេសនាដាស់ពុទ្ធបរិស័ទឲ្យភ្ញាក់ខ្លួនក្រោកឡើង ប្រកបការងារដើម្បីឲ្យមានជីវភាពខ្ពង់ខ្ពស់ឲ្យសមគួរដល់កិត្តិយសរបស់យើងរាល់គ្នា ជាប្រជាពលរដ្ឋរបស់ប្រទេសឯករាជ្យ ឲ្យចេះឈឺឆ្អាលស្រឡាញ់ជាតិ សាសនា និងព្រះរាជបល្ល័ង្ករបស់យើង។
សម្ដេចព្រះសង្ឃរាជ មានធម្មទេសនាកោសល្យដ៏បរិបូណ៌។ ធម្មទេសនារបស់សម្ដេចគួររាប់ថាជាធម្មទេសនាយឺតយោង ស្រោចស្រង់ប្រជាពលរដ្ឋឲ្យមានសតិសម្បជញ្ញៈរឹងប៉ឹង បរិបូណ៌ឡើងទាំងផ្លូវពុទ្ធចក្រ និងផ្លូវអាណាចក្រ ដើម្បីឲ្យចក្រទាំងពីរវិលលឿនទៅស្មើគ្នា។ ធម្មទេសនារបស់សម្ដេចគួរលើកថា ជាធម្មទេសនាបើកលោក គឺប្រទេសកម្ពុជាទាំងមូលឲ្យមានប្រាជ្ញាស្មារតីភ្លឺស្វាង រុងរឿងឡើងដោយពិត ដែលអាចផ្ដល់មធ្យោបាយដ៏ប្រសើរ ឲ្យប្រជាពលរដ្ឋភ្ញាក់ខ្លួនប្រាណចេះជួយខ្លួនដោយខ្លួនឯង។
សម្ដេចព្រះសង្ឃរាជ ជាព្រះធម្មកថិកមួយព្រះអង្គយ៉ាងឯក ពុំមានព្រះធម្មកថិកណាមួយប្រៀបស្មើបាយឡើយ។ ធម្មទេសនាដែលពីរោះក្បោះក្បាយប្រកបដោយពាក្យពេចន៍ ប្រយោគមានប្រធានមានរបៀបរៀបរយ មានកម្រងនៃពាក្យសម្ដីដ៏ត្រឹមត្រូវឥតឃ្លៀងឃ្លាត ភ្លាំងភ្លាត់ទាំងប្រកបដោយឧត្ដមគតិ ដៅចំពោះប្រយោជន៍ក្នុងបច្ចុប្បន្ន និងអនាគតដូចសេចក្ដីអធិប្បាយមកនេះហៅថា “ធម្មទេសនាកោសល្យ”។
៥. បណីតសកម្មភាព “សកម្មភាពដ៏ប្រសើរ”
ការងាររបស់សម្ដេចព្រអសង្ឃរាជ សុទ្ធតែជាការងារមានប្រយោជន៍ដ៏ឧត្ដុងឧត្ដម ចំពោះពុទ្ធបរិស័ទ ពុំមានការងារណាមួយ ដែលឥតប្រយោជន៍នោះទេ។
សម្ដេចបានធ្វើបុណ្យផ្សេងៗជាច្រើនដងណាស់ មានកឋិនទានជាដើម ក្នុងឆ្នាំនីមួយៗបានធ្វើកឋិន២ ឬ៣វត្ត រៀងរាល់ឆ្នាំ ឥតដែលខានឡើយ។
កិច្ចការរបស់សម្ដេចសុទ្ធតែមានគោលដៅឆ្ពោះទៅរកសេចក្ដីសុខ សេចក្ដីចម្រើន ទាំងលោកនេះ ទាំងលោកខាងមុខដោយពិតប្រាកដ សឹងមានភ័ស្តុតាងយ៉ាងជាក់លាក់ក្នុងព្រះរាជជីវប្រវត្តិនេះ។ ចូរមើលបរិច្ឆេទនៃព្រះរាជជីវប្រវត្តិត្រង់បរិច្ឆេទទី៥ ទី៦ និងទី១០។
សម្ដេចមានព្រហ្មវិហារដ៏ទូលាយ សង្គ្រោះដល់សាធារណជនមិនត្បិតត្បៀតពេកឡើយ កិច្ចការដែលចេះតែមាន ចេះតែដើរទៅស្រួល មិនចេះឈប់ មិនចេះគាំង នៅថែមទាំងមានប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ហៅថា “បណីតសកម្មភាព”។
សកម្មភាពរបស់សម្ដេចព្រះសង្ឃរាជ ប្រកបដោយហេតុផលល្អណាស់ អាចបង្ហាញជាឧទាហរណ៍មួយ ដើម្បីបញ្ជាក់វរជន បញ្ញវន្តទាំងសម័យចាស់ សម័យថ្មីដែលគួរជាទិដ្ឋានុគតិ (ការយកតម្រាប់តាម) បានដោយពិត ដោយហេតុដែលឃើញរូបរាង កិច្ចការជាភ័ស្តុតាងផង ទ្រឹស្ដីការងារដ៏ប្រសើរយ៉ាងនេះផងទើបហៅថា “បណីតសកម្មភាព”។
១១. ចរិតលក្ខណៈបរិច្ឆេទ (កំណត់អំពីលក្ខណៈនៃចរិតប្រក្រតី)
ការប្រព្រឹត្តជាប់ដោយកាយ វាចា ចិត្តគ្រប់ពេលវេលាយូរៗទៅ អាចជាប់ទៅជាទម្លាប់ ហៅថា “ចរិតប្រក្រតី”។ ដូចយ៉ាងសម្ដីគ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត។ ការនិយាយកុហកលេងចំពោះមិត្តសំឡាញ់ យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា ចរិតកុហក។
ការជក់បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី។
ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀម នេះហៅថា ចរិតដេកថ្ងៃ។
ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា “ចរិតប្រក្រតី” សម្ដេចព្រះសង្ឃរាជ ព្រះអង្គក៏មានចរិតប្រក្រតីដែរ ប៉ុន្តែចរិតរបស់សម្ដេចជាចរិតធូរស្រាល ពុំមែននាំឲ្យខូចខាតពេលវេលា ខូចខាតប្រយោជន៍នោះឡើយ។
មនុស្សខ្លះមានចរិតប្រក្រតីជាប់ជោកធ្ងន់ណាស់ ដូចយ៉ាងចរិតប្រក្រតីផឹកស្រាទាល់តែកឹកជាប់ ដែលអាចលះបង់ចេញមិនបាន។ ចរិតប្រក្រតីបែបនេះ ឈ្មោះថាជាចរិតនាំឲ្យខូចខាតទាំងជីវិតខ្លួនឯង ទាំងទ្រព្យសម្បត្តិរបស់ខ្លួន។
ការជក់អាភៀន ក៏អាចនាំឲ្យជាប់ញៀន លះចេញបានដោយកម្រណាស់។ ការញៀនអាភៀននេះ ហៅថា ចរិតប្រក្រតីជក់អាភៀន។ មនុស្សអ្នកមានចរិតបែបនេះ នាំឲ្យខូចខាតទាំងជីវិត ទាំងទ្រព្យសម្បត្តិ ជាងចរិតអ្នកផឹកសុរាច្រើនណាស់ទៅទៀត។
Thursday, June 25, 2009
ព្រះសង្ឃរាជ ជួន ណាត ជាអ្នកប្រាជ្ញកើតពីសង្គមខ្មែរបរិសុទ្ធ ខែ កុម្ភៈ 9, 2009
Posted by សុភ័ក្ត្រ
អ្នកប្រាជ្ញនីមួយៗ តែងដុះចំណេះប្រាជ្ញាភ្លឺប្រុះសុសសព្វក្នុងវិជ្ជាណាមួយរបស់ខ្លួន។ ការដុះចំណេះប្រាជ្ញានេះ ជួនកើតមកពីសិក្សាសន្សែសន្សំដោយខ្លួនឯង ជួនចេះដោយការសិក្សាពីគ្រូបាធ្យាយដែលលោកចេះស្រាប់ៗ នាំចំណេះមកហុចឲ្យតែម្ដង។
ក្នុងបណ្ដាអ្នកប្រាជ្ញទាំងពីរសណ្ឋាននេះ យើងឃើញថាសម្ដេចសង្ឃរាជ ជួន ណាតឋិតនៅក្នុងសណ្ឋានទីមួយ គឺថាលោកបានសន្សែសន្សំចំណេះប្រាជ្ញាដោយខ្លួនឯង។ ហេតុបានជាយើងហ៊ានពោលដូច្នេះ ព្រោះសម័យដែលលោក មានវ័យនៅក្មេងនោះ ស្រុកយើងពុំទាន់មានសាលារៀនត្រក់ត្រកាលដូចសព្វថ្ងៃនេះទេ ទោះសាលាបឋមសិក្សា ផ្លូវលោកក្ដី ផ្លូវសាសនាក្ដី។ ម្យ៉ាងទៀត សមបើសម្ដេចលោកកើតនៅស្រុកស្រែ (សង្កាត់កំរៀង ស្រុកគងពិសី កំពង់ស្ពឺ) ដែលជាស្រុកកំណើតមួយនៅកៀនកោះថែមទៀតនោះ ក៏រឹតតែលង់នៅក្នុងភពជ្រៅណាស់ទៅទៀត។ បើលោកអ្នក ធ្លាប់ទៅលេងដល់ភូមិរកាកោះជាស្រុកភូមិកំណើតព្រះអង្គ ក៏រឹតតែកើតអនិច្ចាខ្លាំងណាស់ទៅទៀត រហូតដល់ឈរភាំងរំពឹងគិតជញ្ជឹងគិតម្នាក់ឯងថា សម្ដេចព្រះសង្ឃរាជលោកកើតនៅភូមិនេះសោះ ម្ដេចឡើយក៏ទៅកើតជាអ្នកប្រាជ្ញហ្ន៎!
សព្វថ្ងៃមានផ្ទះតូចៗ រកេតរកូត ផ្លូវចូលក្រវេចក្រវៀន វត្តនេះបានស្អាតស្អំសព្វថ្ងៃ ក៏ដោយសារសម្ដេចលោកទើបជួយកសាងបន្ថែមកុដិសាលាព្រះវិហារប៉ុណ្ណោះទេ។ ទិដ្ឋភាពស្រុកភូមិនេះនាំឲ្យយើងឃើញច្បាស់ថា ការរៀនសូត្ររបស់សម្ដេច ពិតជាផុសចេញពីសង្គមខ្មែរដ៏បរិសុទ្ធ គឺខ្មែរគ្មានលាយវប្បធម៌បរទេសណាទេ ហើយចំពោះវិជ្ជាទាំងអស់សោត ក៏សុទ្ធតែកើតឡើងពីការប្រមូលសន្សំចេះចាំទុក ពីគ្រប់ទិសទី មជ្ឈដ្ឋានអ្នកស្រែចម្ការខ្មែរសុទ្ធសាធ។ លុះលោកមានវ័យចម្រើនឡើងហើយ ទើបលោកនិមន្តមកសិក្សានៅទីក្រុង បានភប់ប្រសព្វនឹងអរិយធម៌អ្នកក្រុង ស្គាល់ឥទ្ធិពលអារិធម៌បរទេសខ្លះ ដែលមកលបលួចច្របល់ចូលក្នុងអារិយធម៌ខ្មែរ ក្នុងមជ្ឈដ្ឋានអ្នកក្រុងទាំងនេះ។ បើទោះបីជាលោក បានជួបប្រទះដឹងអរិយធម៌ក្លាយទាំងនេះក្ដី សម្ដេច ជួន ណាត ព្រះអង្គទ្រង់ក៏មិនក្រេបទុកជាទម្លាប់ផ្ទាល់ព្រះអង្គដែរ ទ្រង់គ្រាន់តែចេះ ហើយចំណាំទុកថា នេះជាអរិយធម៌គេមួយដែរ តែខ្មែរយើងនៅឯនេះទេមិនមែនដូចគេទេ។
ការសិក្សារបស់លោកកាន់តែដេញជ្រៅទៅៗ ត្រូវចេះត្រូវស្គាល់អក្សរ ភាសា អរិយធម៌បរទេសផ្សេងៗ រហូតដល់ត្រូវទៅបន្តវិជ្ជាឯបរទេសទៀត ប៉ុន្តែចំណេះថ្មីៗទាំងប៉ុន្មានគ្រាន់តែបង្កើតឲ្យលោកមានការយល់ទូលាយខ្សែនេត្រាវែងឆ្ងាយ ធ្វើការផ្គូផ្ទឹមគ្នាបានគ្រប់ទិសតែប៉ុណ្ណោះ ឯមូលដ្ឋានដើមរបស់ខ្មែរនៅតែជាប់ក្នុងសន្ដានព្រះទ័យដែលឥតល្អៀងឥតរង្គើឡើយ។
អ្នកផងទទួលស្គាល់លោក ឬខ្មែរទាំងអស់ទទួលគោរពលោកមិនមែនគោរព ព្រោះលោកចេះអរិយធម៌បរទេសខ្ពង់ខ្ពស់ ហាពន្យល់ឡើងសូត្រទ្រឹស្ដី សូត្រសុភាសិត សូត្រគម្រោងផែនការតាមបរទេសណាមួយឡើយ គឺលោកសូត្រតែសុភាសិតខ្មែរ ទំនៀមខ្មែរសុទ្ធៗ ហើយជាទំនៀម ឬចំណេះខ្មែរដែលកប់ជ្រៅណាស់មកហើយ ហើយខ្មែរធម្មតាយល់មិនដល់។ បើមានជនបរទេសណាម្នាក់ ឬយុវជនណាមួយចូលសាកសួរលោកពីរឿងខ្មែរ ទោះជារឿងអ្វីក៏ដោយ ឲ្យតែក្នុងអរិយធម៌ខ្មែរ លោកមិនដែលថាមិនចេះ មិនដឹងឡើយ។ មិនតែប៉ុណ្ណោះ លោកណែនាំពន្យែពន្យល់ទាល់តែអ្នកនោះឯងស្ដាប់បាន ចូលចិត្តស៊ប់អស់សន្ទិះសង្ស័យថែមទៀត។
ដូច្នេះ ការចេះដឹងធ្លុះធ្លាយទាំងអស់នេះ កើតពីក្បួនណា? កើតពីសាស្ត្រាចារ្យ? គ្មានទេ! គឺកើតពីការស្រាវជ្រាវផ្ទាល់ព្រះអង្គ។ បើទ្រង់ឃើញអ្វីប្លែក ហើយឆ្ងល់ ក៏ដេញសួរសាករកហេតុផលយកមកពិចារណាភ្លាម តាំងពីអក្សរ ភាសា ទំនៀមទម្លាប់ សិល្បៈ។ល។ នេះបើយើងមិននិយាយពីរឿងធម៌វិន័យ ដែលលោកចាំខ្ទេចខ្ទី ចាំរហូតទាំងលេខទំព័រ លេខបន្ទាត់ ទាល់តែទីប្រជុំឆដ្ឋសង្គាយនានៅរង្គូនតាំងលោកជាមហាបណ្ឌិតនោះផងឡើយ។ បើនិយាយឲ្យខ្លីថា៖ សម្ដេចព្រះសង្ឃរាជ ជួន ណាត មួយជីវិតលោកបូជាជីវិតទាំងស្រុងក្នុងអរិយធម៌ខ្មែរ គឺថាលោកមិនឲ្យពេលវេលារបស់លោកនាទីណាមួយកន្លងទៅដោយមិនគិតពីអរិយធម៌ខ្មែរនោះទេ។ ដូច្នេះ រួមសេចក្ដីទៅ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះជន្មលោក៨៦ឆ្នាំ ពិតជា៨៦ ដែលឋិតនៅក្នុងការកសាង ការគិតពីអរិយធម៌ខ្មែរទាំងស្រុង។ ការដែលលោកបានទទួលសញ្ញាប័ត្របណ្ឌិត មហាបណ្ឌិត ពីប្រទេសភូមា ប្រទេសលង្កា និងពីសកលវិទ្យាល័យភ្នំពេញក្ដី សុទ្ធតែពុំមែនលោកដាក់ខ្លួនសរសេរវិញ្ញាសារប្រឡងដូចជនធម្មតាឡើយ គឺពិតជាមេប្រយោគទាំងនោះទ្រាំមិនបាន ព្រោះឃើញសកម្មភាពថ្វីព្រះហស្តនោះឆ្អិនឆ្អៅ ជាក់លាក់រកអ្នកផ្ទឹមគ្មានពីរ បែបខ្មែរសុទ្ធនោះ គេក៏នាំគ្នាតែងតាំងឡើងពេញសមត្ថភាព មិនមែនជាការបញ្ចើចបញ្ចើគ្រាន់ជានាទីកិត្តិយសនោះឡើយ។
ហេតុនេះយើងត្រូវតែនាំគ្នាចាំឲ្យច្បាស់ថា៖ សម្ដេច ជួន ណាត ជាអ្នកប្រាជ្ញកើតចេញពីសង្គមខ្មែរសុទ្ធ គឺពុំមែនពោលតែពីរឿងវង្សត្រកូលទេ គឺនិយាយពីសង្គមចំណេះវិជ្ជារបស់លោកនោះឯង។ ការបាត់បង់លោកទៅ ក៏ជាការសោកស្ដាយមួយក្រៃលែងណាស់ តែមិនដឹងធ្វើម្ដេចឲ្យកម្ពុជាសម្បូណ៌ដោយអ្នកប្រាជ្ញ រឿងខ្មែរសុទ្ធៗដូច្នេះតទៅទៀតបាន៕
Thursday, June 18, 2009
សមាជិកសមាជិកាមជ្ឈមណ្ឌល
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រចនាសម្ព័ន្ធមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិងពុទ្ធិកសមាគមខ្មែរ
ប្រធានប្រតិបត្តិ
ព្រះភិក្ខុ ជយរក្ខិតោ រិន សារ៉ូ
ប្រធានគណៈកម្មាការ
លោក អាន សារិទ្ធ (ទទួលបន្ទុកឃោសនាការ)
លោកស្រី កេត ភីរម្យ (ទទួលបន្ទុកភោជកិច្ច)
លោក អេង សំណាង (ទទួលបន្ទុកអប់រំ និងសិក្សាធិការ)
លោក សុខ ផល្លី (ទទួលបន្ទុកពិធីការ)
សហប្រធាន
(មើលការខុសត្រូវក្នុងមជ្ឈមណ្ឌល)
លោក ប៉ូ គឹមស្រស់ និង លោក ញឹម ឌីរ៉ាម៉ា
ជំនួយការទូទៅ
លោក រី កៅ លោក សំ ចាន់សី លោក សេង រតនា
លោក ចាន់ សុភាព លោក វង្ស មុនីរ័ត្ន លោក ឃៀង ដែង
កញ្ញា នួន សូដា លោក គង់ រ៉ាវុធ លោក អឿ គក់
លោក ព្រាប សុភ័ក្ត លោក អួន ចាន់ធី លោក ញែម ណារុង
លោក អៀង ដាវុធ លោក ញែម ចន្ថា លោក ឃន វ៉ាន់ឌី
សមាជិកសកម្មជួយថវិការទ្រទ្រង់មជ្ឈមណ្ឌលប្រចាំខែ
១. លោក សេង រតនៈ ឧបត្ថម្ភ ១០០០០ វ៉ុន
២. លោក កែវ កុសល ឧបត្ថម្ភ ១០០០០ វ៉ុន
៣. លោក យុន និមល ឧបត្ថម្ភ ១០០០០ វ៉ុន
៤. លោក កែវ ប៉ូរ៉ាត់ ឧបត្ថម្ភ ១០០០០ វ៉ុន
៥. លោក កង ចាន់ឆៃយ៉ា ឧបត្ថម្ភ ១០០០០ វ៉ុន
៦. លោក សេង សមសិត ឧបត្ថម្ភ ១០០០០ វ៉ុន
៧. លោក ឃន វ៉ាន់ឌី ឧបត្ថម្ភ ១០០០០ វ៉ុន
៨. លោក ហ៊ុន ធូ ឧបត្ថម្ភ ១០០០០ វ៉ុន
៩. លោក អាន សារិទ្ធ ឧបត្ថម្ភ ២០០០០ វ៉ុន
១០. លោក ប៉ូ គឹមស្រស់ ឧបត្ថម្ភ ២០០០០ វ៉ុន
១១. អ្នកស្រី កេត ភិរម្យ ឧបត្ថម្ភ ២០០០០ វ៉ុន
១២. លោក ញឹម ឌីរ៉ាម៉ា និងកញ្ញា នួន សូដា ឧបត្ថម្ភ ៥០០០០ វ៉ុន
១៣. លោក ម៉ាឡៃ ឧបត្ថម្ភ ២០០០០ វ៉ុន
១៤. លោក វស្សា សិរីវឌ្ឍន៍ ឧបត្ថម្ភ ២០០០០ វ៉ុន
១៥. លោក វង្ស មុនីរត្ត័ ឧបត្ថម្ភ ២០០០០ វ៉ុន
១៦. លោក សំ ចាន់សី ឧបត្ថម្ភ ១០០០០ វ៉ុន
១៧. លោក រី កៅ ឧបត្ថម្ភ ១០០០០ វ៉ុន
១៨. ប៊ុន ដានី ឧបត្ថម្ភ ១០០០០ វ៉ុន
១៩. អ្នកដា / បងដា ឧបត្ថម្ភ ២០០០០ វ៉ុន
២០. លោក គង្គ ដាវុធ ឧបត្ថម្ភ ១០០០០ វ៉ុន
២១. លោក ចាន់ សុភាព ឧបត្ថម្ភ ៥០០០ វ៉ុន
២២. លោក សុខ ផល្លី ឧបត្ថម្ភ ១៥០០០ វ៉ុន
២៣. លោក សៀង រតនា ឧបត្ថម្ភ ១០០០០ វ៉ុន
២៤. លោក លន់ ចិត្រ ឧបត្ថម្ភ ១៥០០០ វ៉ុន
២៥. លោក ព្រាប សុភ័ក្ត ឧបត្ថម្ភ ២០០០០ វ៉ុន
២៦. លោក អេង សំណាង ឧបត្ថម្ភ ២០០០០ វ៉ុន
២៧. លោក ប្រាក់ ប៉ុនធឿន ឧបត្ថម្ភ ២០០០០ វ៉ុន
២៨. លោក ណុប រ៉េត ឧបត្ថម្ភ ២០០០០ វ៉ុន
២៩. លោក អឿ គក់ ឧបត្ថម្ភ ២០០០០ វ៉ុន
៣០. លោក ឃីម គឿន ឧបត្ថម្ភ ២០០០០ វ៉ុន
៣១. លោក ចិន ស៊ុងហេង ឧបត្ថម្ភ ២០០០០ វ៉ុន
៣២. លោក នួន ប៊ុន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៣. លោក ឃៀង ដែង ឧបត្ថម្ភ ១៥០០០ វ៉ុន
៣៤. លោក ជិន សិន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៥. លោក ចាន់ ដារ៉ា ឧបត្ថម្ភ ១០០០០ វ៉ុន
៣៦. លោក ចៅ នឿន ឧបត្ថម្ភ ១០០០០ វ៉ុន
៣៧. លោក ឯក សំណាង ឧបត្ថម្ភ ២០០០០ វ៉ុន
៣៨. លោក ភឿន សុភាព ឧបត្ថម្ភ ១០០០០ វ៉ុន
៣៩. លោក សាំង សៀក ឧបត្ថម្ភ ១០០០០ វ៉ុន
៤០. លោក គង់ ម៉េងហ៊ួ ឧបត្ថម្ភ ១០០០០ វ៉ុន
៤១. លោក និម សំអាត ឧបត្ថម្ភ ១០០០០ វ៉ុន
៤២. លោក ឌី ណា ឧបត្ថម្ភ ១០០០០ វ៉ុន
៤៣. លោក អេង សាត ឧបត្ថម្ភ ១០០០០ វ៉ុន
៤៤. លោក សាំង ទិន ឧបត្ថម្ភ ១០០០០ វ៉ុន
. . . . . .
. . . . . .
Monday, June 15, 2009
ទីកន្លែងសំខាន់ៗរបស់ពុទ្ទសាសនា
ពុទ្ធគយា
កន្លែងព្រះពុទ្ធបានត្រាស់ដឹង
រៀបរៀងដោយ ឱម ខែម
ព្រះមហាបុរសមួយរូប អ្នកមានវិចារណ្ណញ្ញាណដ៏ជ្រាលជ្រៅបានរាវរក
ឃើញសេចក្តីប្រតិបត្តិដែលមានខ្លឹមសារវិសេស អាចធ្វើមនុស្សគ្រប់
ឋានៈអោយរួចចាកភ្លើងកិលេស ហើយបានប្រកាសផ្សាយទុក រហូត
ដល់សព្វថ្ងៃនេះ គឺ ព្រះសម្មា សម្ពុទ្ធរបស់យើងហ្នឹងឯង ។ កាលដែល
ព្រះសម្មាសម្ពុទ្ធទ្រង់ស្វែង រកសេចក្តីប្រតិបត្តិ ដែលមានខ្លឹមសារ
វិសេសនោះ ពុំមែនទើបនឹងស្វែងរកក្នុងមួយជាតិទីបំផុតនេះទេ គឺ
ស្វែងរកអស់កាលជាច្រើនជាតិណាស់ ដូចមានប្រវត្តិដែលអ្នកបា្រជ្ញ
ទាំងឡាយបានចារឹកក្នុងគម្ពីរ ជាច្រើន មានគម្ពីរបឋមសម្ពោធជា
ដើម ដែលមានសេចក្តីដំណាលថា កាលព្រះបរមគ្រូ នៃយើងនៅក្នុង
ឋានៈជាពោធិសត្វមាននាមថា សុមេធបណ្ឌិត បានបំពេញបារមីធម៌
ទាំងឡាយមានទានជាដើម អំណឹះពីនោះមកសូម្បីសោយព្រះជាតិ
ជាអ្វី ទោះបីជាតិជាមនុស្សក្តី ជាអមនុស្សក្តី ជាតិរច្ឆានក្តី សុទ្ធតែបាន
បំពេញបារមីគ្រប់ៗ ជាតិ ដើម្បីស្វែងរកមោក្ខធម៌ (ធម៌ចម្លងសត្វឲ្យ
ចេញផុតចាកលោក) តែម៉្យាងអស់ច្រើនអស់ច្រើនអសង្ខេយ្យកប្ប
រហូតដល់ បច្ឆិមជាតិដែលមាននាមថា សិទ្ធត្ថ-គោតម ទើបបាន
ជួបប្រទះនឹងខ្លឹមសារនៃមាគ៌ារំដោះទុក្ខ ពោលគឺមោក្ខធម៌ ។
ព្រះសិទ្ធត្ថ-គោតម ទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំច
ព្រះវររាជបិតាព្រះនាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតាព្រះនាម
សិរិមហាមាយា ជាព្រះចៅក្រុងកបិលពស្តុនៃដែនសក្កៈ ។
លុះព្រះជន្មាយុបាន ១៦ព្រះវស្សា ព្រះសិទ្ធត្ថទ្រង់ទទួលរាជាភិសេកជា
ព្រះចៅក្រុងកបិលពស្តុ ដោយមានព្រះនាងយសោ ធរាពិម្ពាទេវីជាព្រះ
អគ្គមហេសី ហើយទ្រង់មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុល
កុមារ ។ ដល់ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយពេលដែលទ្រង់យល់
នូវទេវទូតទាំង៤ គឺៈ ជរា-ព្យាធិ-មរណៈ និងអ្នកបួស ព្រះសិទ្ធត្ថទ្រង់
នឿយណាយក្នុង ភេទជាឃរាវាស ក៏ទ្រង់យាងចេញ ពីព្រះរាជវាំងទាំង
អធ្រាត្រទៅបំពេញបព្វជ្ជាស្វែងរកនូវមោក្ខធម៌ នៅតំបន់ឧរុវេលា ។
ក្រោយពេលនៃការស្វែងរកសច្ចធម៌ដោយវិធីទាំង៤គឺៈ ឈានវិធី,
អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និងមជ្ឈិម បដិបទាវិធី អស់
ពេលដ៍យូរ ៦ឆ្នាំមក, ព្រះសិទ្ធត្ថៈបានទៅដល់គោលដៅដែល ទ្រង់
បានគិតទុកគឺ មោក្ខធម៌ (ការរួចផុតទុក្ខ) ឬនិព្វាន នៅថ្ងៃពុធ ១៥កើត
ខែវិសាខ ឆ្នាំរកា វេលារាត្រី ទៀបភ្លឺ មុនគ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុង
ព្រជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌលគឺពុទ្ធគយានេះឯង ។
គួរគប្បីរំលឹកថា ការស្វែងរកសច្ចធម៌ដោយវិធីផ្សេងៗ ជាពិសេស វីធីទី២
និងទី៣ មិនបានធ្វើឲ្យ សមណៈសិទ្ធត្ថបាន សម្រេចអ្វីសូម្បីបន្តិចបន្តួច
ឡើយ, ផ្ទុយទៅវិញ បានត្រឹមតែធ្វើអោយព្រះអង្គទទួល រងទុក្ខវេទនា,
មានសរីរាវយវៈគ្រប់ ចំណែកទ្រុឌទ្រោម នៅសល់តែស្បែកដណ្តប់ឆ្អឹង,
ស្ទើរតែមិនយល់ ថាជាសរីរៈរបស់មនុស្សផង តែទ្រង់តាំងសតិ សម្បជញ្ញៈ
ទុកបាន ។ ពេលនោះ ព្រះសិទ្ធត្ថទ្រង់យល់ ច្បាស់ថា ការប្រព្រឹត្តធ្វើតបៈ
តឹងរ៉ឹងហួសវិស័យ ដែលគ្រាន់តែជា សេចក្តីព្យាយាមធ្វើខ្លួនឲ្យលំបាកនោះ មិនមែនជាឧបាយនាំឲ្យសម្រេចលោកុត្តរធម៌នោះទេ ។ ព្រះសិទ្ធត្ថពោធិ
សត្វ ខំត្រដរ យាងចេញពី ឧរុវេលាឆ្ពោះទៅពុទ្ធគយាដើម្បីរកមោក្ខធម៌តាមវិធីផ្សេង ។ ព្រះអង្គទ្រង់ព្រះតម្រិះថា «ក្នុងអតីតកាលកន្លង ហើយដ៏យូរក្តី ក្នុងអនាគតដ៏យូរទៅខាងមុខក្តី ឬក្នុងបច្ចុប្បន្ននេះក្តី សមណព្រាហ្មណ៍ ដែលបានសោយទុក្ខវេទនាយ៉ាង ឈឺចាប់ខ្លោចផ្សារ ព្រោះការបំពេញព្យាយាមយ៉ាងខ្លាំងក្លាដូចព្រះអង្គ ធ្វើនេះពុំមានទេ ព្រោះព្រះអង្គបំពេញមក ៦ឆ្នាំ ហើយក៏មិនបានសម្រេចធម៌ដ៏ប្រសើរបំផុតតាមរបៀប ដ៏លំបាកឈឺចាប់នេះបាន» ។ ទ្រង់គិតថា ផ្លូវនេះ ឬវិធីនេះ ពិតជា ពុំអាចទៅដល់ទេ ប្រាកដជាមានផ្លួវ ផ្សេងទៀតពុំខាន ។
ពេលនោះ សតិសម្បជញ្ញៈរបស់ព្រះអង្គក៏រលឹកនឹកឃើញដល់សិល្បៈនៃការប្រគំតន្ត្រី មានឧបករណ៍ពិណជាដើមដែល ទ្រង់ ធ្លាប់បានជួបកាលនៅពីគ្រហស្ថថា «ខ្សែពិណដែលរឹតធូរពេក សំឡេងមិនពីរោះ, ខ្សែពិណដែលរឹតតឹងពេក សំឡេង ក៏ឈ្លើយ ហើយបើរឹតតឹងថែមទៀតប្រាកដជា ដាច់ ។ ឯខ្សែពិណដែលរឹតល្មម តែងមានសំលេងពីរោះ ប្រគំទៅឮរងំជាទី គាប់ចិត្ត» ។ ព្រះអង្គប្រៀប ធៀបមកនឹងការព្យាយាមរបស់ព្រះអង្គថា ជនដែលមានរាងកាយស្គាំងស្គមនិងស្រេកឃ្លានបែប ព្រះអង្គនេះ នឹងពុំអាចសម្រេចធម៌បានឡើយ (១), សត្វទាំងឡាយមានរាងកាយរស់នៅ និងមានកំលាំង ពលំ ពឹងផ្អែកលើ អាហារ និងយល់ថាបដិបទានិងអ្វីៗទាំងអស់គឺគេមិនដែលបានមកដោយសារអត់ អាហារ ឬដោយធ្វើអោយរាងកាយទ្រុឌ ទ្រោមឈឺចាប់នោះទេ ហើយអ្នកដែលជ្រមុជជ្រមុលនឹងកាម បរិភោគ ក៏នឹងមិនមានថ្ងៃអាចសម្រេចធម៌បានដែរ ។
ដោយព្រះតម្រិះនេះ, ព្រះអង្គក៏ផ្លាស់កម្មវិធីមកទទួលភោជនាហារតាមប្រក្រតីវិ លុះត្រាតែមាន សុខភាពបរិបូណ៌ដូចដើម ។ ព្រះអង្គបានងាកមកតម្រង់ជីវិតរបស់ព្រះអង្គតាមផ្លូវកណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺអដ្ឋង្គិកមគ្គ) ព្រមជាមួយនឹង ការដុសសំអាតចិត្តឲ្យកាន់តែស្អាតផូរផង់ថែមទៀតគឺៈ
១- តម្រង់ទិដ្ឋិឲ្យបានត្រឹមត្រូវ (សម្មាទិដ្ឋិ)
២- តម្រង់ការត្រិះរិះឲ្យបានត្រឹមត្រូវ (សម្មាសង្កប្បៈ)
៣- តម្រង់វាចាឲ្យបានត្រឹមត្រូវ (សម្មាវាចា)
៤- តម្រង់សកម្មភាពឲ្យបានត្រឹមត្រូវ (សម្មាកម្មន្តៈ)
៥- តម្រង់ការចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវ (សម្មាអាជីវៈ)
៦- តម្រង់សេចក្តីព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ)
៧- តម្រង់សតិឲ្យបានត្រឹមត្រូវ (សម្មាសតិ)
៨- តម្រង់ចិត្តឲ្យបានត្រឹមត្រូវ (សម្មាសមាធិ) ។
ផ្លូវកណ្តាល ឬវិធីទាំង ៨ នេះ ព្រះអង្គបានធ្វើសមាហរណកម្ម ឬធ្វើវិធិសំយោគច្របាច់បញ្ចូល គ្នា ជាមួយការពិសោធន៍ ច្រើនលើកច្រើនគ្រា រហូតទីបំផុតក៏បានឃើញច្បាស់ថា នេះពិតជាមាគ៌ានៃ ជីវិតនាំឆ្ពោះទៅរកការត្រាស់ដឹងមែន ។
ថ្ងៃនោះ នៅវេលាព្រឹក ព្រះពោធិសត្វបានទទួលចង្ហាន់ជាមធុបាយាស លាយដោយទឹកដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់ឥណ្ឌាសព្វថ្ងៃ) អំពីនាងសុជាតា ស្ត្រីអ្នកស្រុកសេនានិគម, តំបន់ឧរុវេលា, ឆាន់ទាល់តែអស់មធុបាយាសទាំង ៤៩ ពំនូត ហើយក៏បណ្តែតភាជន៍ក្នុងស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ដែលនៅជិតទីនោះ ជាមួយនឹងវចីភេទថា ៖«ប្រសិនបើអាត្មាអញ នឹងបានត្រាស់ជា ព្រះពុទ្ធក្នុងថ្ងៃនេះ សូមអោយភាជន៍នេះអណ្តែតច្រាស់ទឹក បើមិនបានត្រាស់ទេ សូមឲ្យភាជន៍អណ្តែត បណ្តោយទឹកទៅ» ។ វេលានោះ ភាជន៍ក៏អណ្តែតច្រាសទឹកបានចម្ងាយ ៨០ ហត្ថ ហើយលិចទៅក្នុង ទឹកចូលទៅក្នុងវិមានកាឡនាគរាជត្រួតលើភាជន៍ដែលព្រះពុទ្ធបានត្រាស់មុនៗ ។ បន្ទាប់មក ព្រះអង្គ ក៏ឆ្លងកាត់ស្ទឹងផល្គុ ត្រង់ឆ្ពោះទៅកាន់ពុទ្ធគយា ។ ទៅដល់ទីនោះ ឈើមួយដើមដែលដុះក្នុងទីទាប ហាក់ដូចជាស្រែក្រាបទូលអំពីចម្ងាយថា សូមព្រះអង្គយាងមកគង់ក្នុងទីនេះដើម្បីសម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថយកស្បូវភ្លាំង ៨ ចាប់ ដែលអ្នកច្រូតស្បូវម្នាក់ ឈ្មោះសោត្ថយៈបានប្រគេន ទៅក្រាលជាកម្រាល ហើយគង់យ៉ាងស្រួលក្រោមដើម ឈើនោះបែរព្រះភក្រ្តឆ្ពោះ ទៅទិស ខាងកើត ដោយតាំងព្រះទ័យយ៉ាងមុតមាំថា «អាត្មាអញនឹងមិនក្រោកពីអាសនៈនេះ ដរាបណាអាត្មាអញរកមិន ឃើញ មាគ៌ារំដោះទុក្ខទេនោះ» ។ តាំងអធិដ្ឋានរួចព្រះអង្គក៏សង្រួមព្រះទ័យតាំងសមាធិដ៏ជ្រាលជ្រៅ ឆ្ពោះទៅរកមោក្ខធម៌ តទៅ ទៀត ។
នៅដើមរាត្រីដែលស្ងប់ស្ងាត់ ក្រោមពន្លឺដួងចន្ទ និងខ្សែវាយោបក់រំភើយនៃខែឧសភា ដួងចិត្ត សមណៈសិទ្ធត្ថបានស្ងប់ស្ងាត់ ស្អាត និងបរិសុទ្ធ ហើយក៏កាន់តែស្ងប់ទៅៗ ស្អាតទៅៗ បរិសុទ្ធទៅៗ ។ ពេលដែលចិត្តស្ងប់ហើយ បញ្ញាញាណក៏កើតឡើង ក្នុងយាមទាំង ៣ នៃរាត្រីនោះដោយលំដាប់គឺៈ
ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹកនឹកឃើញនូវជាតិកំណើតរបស់ព្រះ អង្គពីមុនៗមកទាំងអស់បាន ។ ព្រះញាណនេះឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ ។
ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គជ្រាបច្បាស់នូវការកើត ស្លាប់ របស់សត្វទាំងឡាយថា សត្វដែលមានជីវិតរស់នៅ ល្អ ឬអាក្រក់នោះៗ ក៏ព្រោះអំណាចរបស់កម្ម ។ ព្រះញាណនេះឈ្មោះថា ចុតូបបាតញ្ញាណ, ជួនកាលហៅថា ទិព្វញ្ញាណ ដែលប្រែថា មានសេចក្តីដឹងដូចភ្នែកទិព្វ (ទិព្វចក្ខុ) ។
គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់សម្រេចបានអាសវក្ខយញ្ញាណ គឺជ្រាបច្បាស់នូវធម៌ដែល មានចំណងទាក់ទងគ្នាដូច ជាច្រវាក់ (បដិច្ចសមុប្បាទ) ដែលកើតមានឡើងដោយសារបច្ច័យទាក់ទង តៗគ្នាដូចជា សង្ខារកើតមានឡើងព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារ ជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យអោយកើតសង្ខារ, សង្ខារជាបច្ច័យ អោយកើតវញ្ញាណ ។-ល-។
នៅទីបំផុត គឺពេលជិតភ្លឺនៃរាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គបានកំចាត់អស់អាសវក្កិលេស មិនមានសេសសល់, ព្រះអង្គបានរកឃើញដំណោះស្រាយគឺហេតុនៃសេចក្តីទុក្ខ និងវិធីកំចាត់ទុក្ខ ។ ព្រះអង្គបានទទួលព្រះឋានៈជាពុទ្ធៈ គឺអ្នក ត្រាស់ដឹងនូវអរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពីហេតុនៃទុក្ខ (ទុក្ខសមុទយសច្ចៈ), សច្ចៈអំពីការបញ្ចប់ទុក្ខ (ទុក្ខនិរោធសច្ចៈ) និងសច្ចៈអំពីផ្លូវ នាំទៅរកការបញ្ចប់ទុក្ខ (មគ្គសច្ចៈ), ទ្រង់ជាសព្វញ្ញូពុទ្ធក្នុងលោក ក្រោមដើមអស្សត្ថព្រឹក្ស ក្បែរមាត់ ស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ហើយទ្រង់បន្លឺជ័យជំនះរបស់ព្រះអង្គ ដោយឧទានកថាដូចនេះថាៈ
អនេកជាតិសំសារំ សទ្ធាវិស្សំ អនិព្វិស្សំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ
គហការក ទិដ្ឋោសិ បុនគេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារកតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។
អាត្មាអញ កាលមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ) នៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺ តណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព ហើយអន្ទោលទៅកាន់សង្សារមានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗ រមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា (ឥឡូវនេះ) យើងបានឃើញអ្នកច្បាស់ហើយ, អ្នកឯង នឹងធ្វើនូវផ្ទះគឺអត្តភាព(នេះ) អោយយើងទៀតពុំបានឡើយ, ឆ្អឹងជំនីគឺកិលេសទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងសោតទៀត យើងក៏បានបំបាក់ ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសហើយ, យើងបាន ដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ ។ បន្ទាប់ពីការបំពេញករណីយកិច្ចក្នុងឋានៈ ជាព្រះពុទ្ធដើម្បី សត្វលោក អស់រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គបានចាកលោកនេះដោយស្ងៀមស្ងាត់ ។ គឺនៅឆ្នាំទី ៨០ នៃព្រះជន្មាយុ ដែលត្រូវនឹងថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គបានយាងចូលកាន់បរិនិព្វាន នៅក្រោមសាលព្រឹក្ស ទាំងគូ នៃទីក្រុងកុសិនារា មុនពុទ្ធសករាជ ១ ថ្ងៃ គិតមកដល់ឆ្នាំ ២០០០ នេះបាន ២៥៤៤ ឆ្នាំ ហើយ ។ (បើគិតដល់ឆ្នាំ ២០០៩ នេះបាន ២៥៥២ ឆ្នាំហើយ) ។
ពុទ្ធគយាគឺជាសំវេជនីយស្ថានទី២ របស់ពុទ្ធបរិស័ទទូទៅ ។ ទោះបីមានជនអ្នកបដិបក្ខជាច្រើន បានព្យាយាមបំផ្លិចបំផ្លាញ ជាច្រើនដងក៏ដោយ, ពោធិមណ្ឌលជាកន្លែងផ្សាយចេញនៃសច្ចធម៌ ក៏នៅតែ មានជីវិតរស់នៅអស់កាលជាង ២៥ សតវត្ស មកហើយ ហើយនឹងនៅតែបន្តជីវិតរាប់ពាន់ឆ្នាំតទៅមុខទៀត ។
សំវេជនីយស្ថាន ៤ តំបន់ ជាទីគួរឃើញគួរសង្វេគ គឺៈ
១- តំបន់ ឬស្ថានដែលព្រះពុទ្ធសក្យមុនីទ្រង់ប្រសូត (ឧទ្យានលុម្ពិនី),
២- តំបន់ ឬស្ថានដែលព្រះពុទ្ធបានត្រាស់ដឹង (ពុទ្ធគយា),
៣- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់សំដែងធម្មចក្រ (សារនាថ),
៤- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន (កុសិនារា) ។
.....................................
(១) ចំណុចត្រង់នេះ មានអត្ថន័យស្របនឹងយោបល់របស់អ្នកប្រាជ្ញគរុកោសល្យបារាំងម្នាក់ដែលអះអាងថា ប្រាជ្ញាល្អរមែងរស់ នៅក្នុងរាងកាយដែលមានសុខភាពដ៏ប្រពៃ ( Une ame saine vit dans un corps saint)
.....................................
ឯកសារពិគ្រោះ
- ល្វី ហ្វីណូត៍ៈ អំពីព្រះពុទ្ធសាសនា, បោះពុម្ពលើកទី៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤
- ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ពឡើងវិញ ឆ្នាំ ១៩៩៤
- ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះពុម្ពផ្សាយចែកជាធម្មទាន
- បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥
- សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះពុម្ពលើកទី៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨
- សម្តេច ហួត តាតៈ ពុទ្ធសាសនាសង្ខេប, បោះពុម្ពផ្សាយដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ
Subscribe to:
Posts (Atom)