ពុទ្ធគយា
កន្លែងព្រះពុទ្ធបានត្រាស់ដឹង
រៀបរៀងដោយ ឱម ខែម
ព្រះមហាបុរសមួយរូប អ្នកមានវិចារណ្ណញ្ញាណដ៏ជ្រាលជ្រៅបានរាវរក
ឃើញសេចក្តីប្រតិបត្តិដែលមានខ្លឹមសារវិសេស អាចធ្វើមនុស្សគ្រប់
ឋានៈអោយរួចចាកភ្លើងកិលេស ហើយបានប្រកាសផ្សាយទុក រហូត
ដល់សព្វថ្ងៃនេះ គឺ ព្រះសម្មា សម្ពុទ្ធរបស់យើងហ្នឹងឯង ។ កាលដែល
ព្រះសម្មាសម្ពុទ្ធទ្រង់ស្វែង រកសេចក្តីប្រតិបត្តិ ដែលមានខ្លឹមសារ
វិសេសនោះ ពុំមែនទើបនឹងស្វែងរកក្នុងមួយជាតិទីបំផុតនេះទេ គឺ
ស្វែងរកអស់កាលជាច្រើនជាតិណាស់ ដូចមានប្រវត្តិដែលអ្នកបា្រជ្ញ
ទាំងឡាយបានចារឹកក្នុងគម្ពីរ ជាច្រើន មានគម្ពីរបឋមសម្ពោធជា
ដើម ដែលមានសេចក្តីដំណាលថា កាលព្រះបរមគ្រូ នៃយើងនៅក្នុង
ឋានៈជាពោធិសត្វមាននាមថា សុមេធបណ្ឌិត បានបំពេញបារមីធម៌
ទាំងឡាយមានទានជាដើម អំណឹះពីនោះមកសូម្បីសោយព្រះជាតិ
ជាអ្វី ទោះបីជាតិជាមនុស្សក្តី ជាអមនុស្សក្តី ជាតិរច្ឆានក្តី សុទ្ធតែបាន
បំពេញបារមីគ្រប់ៗ ជាតិ ដើម្បីស្វែងរកមោក្ខធម៌ (ធម៌ចម្លងសត្វឲ្យ
ចេញផុតចាកលោក) តែម៉្យាងអស់ច្រើនអស់ច្រើនអសង្ខេយ្យកប្ប
រហូតដល់ បច្ឆិមជាតិដែលមាននាមថា សិទ្ធត្ថ-គោតម ទើបបាន
ជួបប្រទះនឹងខ្លឹមសារនៃមាគ៌ារំដោះទុក្ខ ពោលគឺមោក្ខធម៌ ។
ព្រះសិទ្ធត្ថ-គោតម ទ្រង់ប្រសូតនៅថ្ងៃសុក្រ ១៥កើត ខែវិសាខ ឆ្នាំច
ព្រះវររាជបិតាព្រះនាម សុទ្ធោទនៈ-គោតម ព្រះវររាជ មាតាព្រះនាម
សិរិមហាមាយា ជាព្រះចៅក្រុងកបិលពស្តុនៃដែនសក្កៈ ។
លុះព្រះជន្មាយុបាន ១៦ព្រះវស្សា ព្រះសិទ្ធត្ថទ្រង់ទទួលរាជាភិសេកជា
ព្រះចៅក្រុងកបិលពស្តុ ដោយមានព្រះនាងយសោ ធរាពិម្ពាទេវីជាព្រះ
អគ្គមហេសី ហើយទ្រង់មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមរាហុល
កុមារ ។ ដល់ព្រះជន្មាយុ ២៩ ព្រះ វស្សា ក្រោយពេលដែលទ្រង់យល់
នូវទេវទូតទាំង៤ គឺៈ ជរា-ព្យាធិ-មរណៈ និងអ្នកបួស ព្រះសិទ្ធត្ថទ្រង់
នឿយណាយក្នុង ភេទជាឃរាវាស ក៏ទ្រង់យាងចេញ ពីព្រះរាជវាំងទាំង
អធ្រាត្រទៅបំពេញបព្វជ្ជាស្វែងរកនូវមោក្ខធម៌ នៅតំបន់ឧរុវេលា ។
ក្រោយពេលនៃការស្វែងរកសច្ចធម៌ដោយវិធីទាំង៤គឺៈ ឈានវិធី,
អត្តកិលមត្ថានុយោគវិធី, ទុក្ករកិរិយាវិធី និងមជ្ឈិម បដិបទាវិធី អស់
ពេលដ៍យូរ ៦ឆ្នាំមក, ព្រះសិទ្ធត្ថៈបានទៅដល់គោលដៅដែល ទ្រង់
បានគិតទុកគឺ មោក្ខធម៌ (ការរួចផុតទុក្ខ) ឬនិព្វាន នៅថ្ងៃពុធ ១៥កើត
ខែវិសាខ ឆ្នាំរកា វេលារាត្រី ទៀបភ្លឺ មុនគ្រឹស្តសករាជ ៥៨៨ ឆ្នាំ ក្នុង
ព្រជន្មាយុ ៣៥ វស្សា នៅ ពោធិមណ្ឌលគឺពុទ្ធគយានេះឯង ។
គួរគប្បីរំលឹកថា ការស្វែងរកសច្ចធម៌ដោយវិធីផ្សេងៗ ជាពិសេស វីធីទី២
និងទី៣ មិនបានធ្វើឲ្យ សមណៈសិទ្ធត្ថបាន សម្រេចអ្វីសូម្បីបន្តិចបន្តួច
ឡើយ, ផ្ទុយទៅវិញ បានត្រឹមតែធ្វើអោយព្រះអង្គទទួល រងទុក្ខវេទនា,
មានសរីរាវយវៈគ្រប់ ចំណែកទ្រុឌទ្រោម នៅសល់តែស្បែកដណ្តប់ឆ្អឹង,
ស្ទើរតែមិនយល់ ថាជាសរីរៈរបស់មនុស្សផង តែទ្រង់តាំងសតិ សម្បជញ្ញៈ
ទុកបាន ។ ពេលនោះ ព្រះសិទ្ធត្ថទ្រង់យល់ ច្បាស់ថា ការប្រព្រឹត្តធ្វើតបៈ
តឹងរ៉ឹងហួសវិស័យ ដែលគ្រាន់តែជា សេចក្តីព្យាយាមធ្វើខ្លួនឲ្យលំបាកនោះ មិនមែនជាឧបាយនាំឲ្យសម្រេចលោកុត្តរធម៌នោះទេ ។ ព្រះសិទ្ធត្ថពោធិ
សត្វ ខំត្រដរ យាងចេញពី ឧរុវេលាឆ្ពោះទៅពុទ្ធគយាដើម្បីរកមោក្ខធម៌តាមវិធីផ្សេង ។ ព្រះអង្គទ្រង់ព្រះតម្រិះថា «ក្នុងអតីតកាលកន្លង ហើយដ៏យូរក្តី ក្នុងអនាគតដ៏យូរទៅខាងមុខក្តី ឬក្នុងបច្ចុប្បន្ននេះក្តី សមណព្រាហ្មណ៍ ដែលបានសោយទុក្ខវេទនាយ៉ាង ឈឺចាប់ខ្លោចផ្សារ ព្រោះការបំពេញព្យាយាមយ៉ាងខ្លាំងក្លាដូចព្រះអង្គ ធ្វើនេះពុំមានទេ ព្រោះព្រះអង្គបំពេញមក ៦ឆ្នាំ ហើយក៏មិនបានសម្រេចធម៌ដ៏ប្រសើរបំផុតតាមរបៀប ដ៏លំបាកឈឺចាប់នេះបាន» ។ ទ្រង់គិតថា ផ្លូវនេះ ឬវិធីនេះ ពិតជា ពុំអាចទៅដល់ទេ ប្រាកដជាមានផ្លួវ ផ្សេងទៀតពុំខាន ។
ពេលនោះ សតិសម្បជញ្ញៈរបស់ព្រះអង្គក៏រលឹកនឹកឃើញដល់សិល្បៈនៃការប្រគំតន្ត្រី មានឧបករណ៍ពិណជាដើមដែល ទ្រង់ ធ្លាប់បានជួបកាលនៅពីគ្រហស្ថថា «ខ្សែពិណដែលរឹតធូរពេក សំឡេងមិនពីរោះ, ខ្សែពិណដែលរឹតតឹងពេក សំឡេង ក៏ឈ្លើយ ហើយបើរឹតតឹងថែមទៀតប្រាកដជា ដាច់ ។ ឯខ្សែពិណដែលរឹតល្មម តែងមានសំលេងពីរោះ ប្រគំទៅឮរងំជាទី គាប់ចិត្ត» ។ ព្រះអង្គប្រៀប ធៀបមកនឹងការព្យាយាមរបស់ព្រះអង្គថា ជនដែលមានរាងកាយស្គាំងស្គមនិងស្រេកឃ្លានបែប ព្រះអង្គនេះ នឹងពុំអាចសម្រេចធម៌បានឡើយ (១), សត្វទាំងឡាយមានរាងកាយរស់នៅ និងមានកំលាំង ពលំ ពឹងផ្អែកលើ អាហារ និងយល់ថាបដិបទានិងអ្វីៗទាំងអស់គឺគេមិនដែលបានមកដោយសារអត់ អាហារ ឬដោយធ្វើអោយរាងកាយទ្រុឌ ទ្រោមឈឺចាប់នោះទេ ហើយអ្នកដែលជ្រមុជជ្រមុលនឹងកាម បរិភោគ ក៏នឹងមិនមានថ្ងៃអាចសម្រេចធម៌បានដែរ ។
ដោយព្រះតម្រិះនេះ, ព្រះអង្គក៏ផ្លាស់កម្មវិធីមកទទួលភោជនាហារតាមប្រក្រតីវិ លុះត្រាតែមាន សុខភាពបរិបូណ៌ដូចដើម ។ ព្រះអង្គបានងាកមកតម្រង់ជីវិតរបស់ព្រះអង្គតាមផ្លូវកណ្តាល ដែលហៅ ថា មជ្ឈិមាបដិបទា (គឺអដ្ឋង្គិកមគ្គ) ព្រមជាមួយនឹង ការដុសសំអាតចិត្តឲ្យកាន់តែស្អាតផូរផង់ថែមទៀតគឺៈ
១- តម្រង់ទិដ្ឋិឲ្យបានត្រឹមត្រូវ (សម្មាទិដ្ឋិ)
២- តម្រង់ការត្រិះរិះឲ្យបានត្រឹមត្រូវ (សម្មាសង្កប្បៈ)
៣- តម្រង់វាចាឲ្យបានត្រឹមត្រូវ (សម្មាវាចា)
៤- តម្រង់សកម្មភាពឲ្យបានត្រឹមត្រូវ (សម្មាកម្មន្តៈ)
៥- តម្រង់ការចិញ្ចឹមជីវិតឲ្យបានត្រឹមត្រូវ (សម្មាអាជីវៈ)
៦- តម្រង់សេចក្តីព្យាយាមឲ្យបានត្រឹមត្រូវ (សម្មាវាយាមៈ)
៧- តម្រង់សតិឲ្យបានត្រឹមត្រូវ (សម្មាសតិ)
៨- តម្រង់ចិត្តឲ្យបានត្រឹមត្រូវ (សម្មាសមាធិ) ។
ផ្លូវកណ្តាល ឬវិធីទាំង ៨ នេះ ព្រះអង្គបានធ្វើសមាហរណកម្ម ឬធ្វើវិធិសំយោគច្របាច់បញ្ចូល គ្នា ជាមួយការពិសោធន៍ ច្រើនលើកច្រើនគ្រា រហូតទីបំផុតក៏បានឃើញច្បាស់ថា នេះពិតជាមាគ៌ានៃ ជីវិតនាំឆ្ពោះទៅរកការត្រាស់ដឹងមែន ។
ថ្ងៃនោះ នៅវេលាព្រឹក ព្រះពោធិសត្វបានទទួលចង្ហាន់ជាមធុបាយាស លាយដោយទឹកដោះ គោ (នំមៈឡាអ៊ី ឬ សាល្ហី របស់ឥណ្ឌាសព្វថ្ងៃ) អំពីនាងសុជាតា ស្ត្រីអ្នកស្រុកសេនានិគម, តំបន់ឧរុវេលា, ឆាន់ទាល់តែអស់មធុបាយាសទាំង ៤៩ ពំនូត ហើយក៏បណ្តែតភាជន៍ក្នុងស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ដែលនៅជិតទីនោះ ជាមួយនឹងវចីភេទថា ៖«ប្រសិនបើអាត្មាអញ នឹងបានត្រាស់ជា ព្រះពុទ្ធក្នុងថ្ងៃនេះ សូមអោយភាជន៍នេះអណ្តែតច្រាស់ទឹក បើមិនបានត្រាស់ទេ សូមឲ្យភាជន៍អណ្តែត បណ្តោយទឹកទៅ» ។ វេលានោះ ភាជន៍ក៏អណ្តែតច្រាសទឹកបានចម្ងាយ ៨០ ហត្ថ ហើយលិចទៅក្នុង ទឹកចូលទៅក្នុងវិមានកាឡនាគរាជត្រួតលើភាជន៍ដែលព្រះពុទ្ធបានត្រាស់មុនៗ ។ បន្ទាប់មក ព្រះអង្គ ក៏ឆ្លងកាត់ស្ទឹងផល្គុ ត្រង់ឆ្ពោះទៅកាន់ពុទ្ធគយា ។ ទៅដល់ទីនោះ ឈើមួយដើមដែលដុះក្នុងទីទាប ហាក់ដូចជាស្រែក្រាបទូលអំពីចម្ងាយថា សូមព្រះអង្គយាងមកគង់ក្នុងទីនេះដើម្បីសម្រេច ពោធិញ្ញាណ។ ព្រះសិទ្ធត្ថយកស្បូវភ្លាំង ៨ ចាប់ ដែលអ្នកច្រូតស្បូវម្នាក់ ឈ្មោះសោត្ថយៈបានប្រគេន ទៅក្រាលជាកម្រាល ហើយគង់យ៉ាងស្រួលក្រោមដើម ឈើនោះបែរព្រះភក្រ្តឆ្ពោះ ទៅទិស ខាងកើត ដោយតាំងព្រះទ័យយ៉ាងមុតមាំថា «អាត្មាអញនឹងមិនក្រោកពីអាសនៈនេះ ដរាបណាអាត្មាអញរកមិន ឃើញ មាគ៌ារំដោះទុក្ខទេនោះ» ។ តាំងអធិដ្ឋានរួចព្រះអង្គក៏សង្រួមព្រះទ័យតាំងសមាធិដ៏ជ្រាលជ្រៅ ឆ្ពោះទៅរកមោក្ខធម៌ តទៅ ទៀត ។
នៅដើមរាត្រីដែលស្ងប់ស្ងាត់ ក្រោមពន្លឺដួងចន្ទ និងខ្សែវាយោបក់រំភើយនៃខែឧសភា ដួងចិត្ត សមណៈសិទ្ធត្ថបានស្ងប់ស្ងាត់ ស្អាត និងបរិសុទ្ធ ហើយក៏កាន់តែស្ងប់ទៅៗ ស្អាតទៅៗ បរិសុទ្ធទៅៗ ។ ពេលដែលចិត្តស្ងប់ហើយ បញ្ញាញាណក៏កើតឡើង ក្នុងយាមទាំង ៣ នៃរាត្រីនោះដោយលំដាប់គឺៈ
ក/ ក្នុងបឋមយាម (យាមទី១) ព្រះសមណៈសិទ្ធត្ថ រលឹកនឹកឃើញនូវជាតិកំណើតរបស់ព្រះ អង្គពីមុនៗមកទាំងអស់បាន ។ ព្រះញាណនេះឈ្មោះថា បុព្វេនិវាសានុស្សតិញ្ញាណ ។
ខ/ ក្នុងមជ្ឈិមយាម (យាមទី២) ព្រះអង្គជ្រាបច្បាស់នូវការកើត ស្លាប់ របស់សត្វទាំងឡាយថា សត្វដែលមានជីវិតរស់នៅ ល្អ ឬអាក្រក់នោះៗ ក៏ព្រោះអំណាចរបស់កម្ម ។ ព្រះញាណនេះឈ្មោះថា ចុតូបបាតញ្ញាណ, ជួនកាលហៅថា ទិព្វញ្ញាណ ដែលប្រែថា មានសេចក្តីដឹងដូចភ្នែកទិព្វ (ទិព្វចក្ខុ) ។
គ/ ក្នុងបច្ឆិមយាម (យាមទី៣) ទ្រង់សម្រេចបានអាសវក្ខយញ្ញាណ គឺជ្រាបច្បាស់នូវធម៌ដែល មានចំណងទាក់ទងគ្នាដូច ជាច្រវាក់ (បដិច្ចសមុប្បាទ) ដែលកើតមានឡើងដោយសារបច្ច័យទាក់ទង តៗគ្នាដូចជា សង្ខារកើតមានឡើងព្រោះ មាន អវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើង ព្រោះមានសង្ខារ ជាបច្ច័យ ឬថា អវិជ្ជាជាបច្ច័យអោយកើតសង្ខារ, សង្ខារជាបច្ច័យ អោយកើតវញ្ញាណ ។-ល-។
នៅទីបំផុត គឺពេលជិតភ្លឺនៃរាត្រី ១៥កើត ខែវិសាខនោះ ព្រះអង្គបានកំចាត់អស់អាសវក្កិលេស មិនមានសេសសល់, ព្រះអង្គបានរកឃើញដំណោះស្រាយគឺហេតុនៃសេចក្តីទុក្ខ និងវិធីកំចាត់ទុក្ខ ។ ព្រះអង្គបានទទួលព្រះឋានៈជាពុទ្ធៈ គឺអ្នក ត្រាស់ដឹងនូវអរិយសច្ច ៤ គឺៈ សច្ចៈនៃទុក្ខ (ទុក្ខសច្ចៈ), សច្ចៈអំពីហេតុនៃទុក្ខ (ទុក្ខសមុទយសច្ចៈ), សច្ចៈអំពីការបញ្ចប់ទុក្ខ (ទុក្ខនិរោធសច្ចៈ) និងសច្ចៈអំពីផ្លូវ នាំទៅរកការបញ្ចប់ទុក្ខ (មគ្គសច្ចៈ), ទ្រង់ជាសព្វញ្ញូពុទ្ធក្នុងលោក ក្រោមដើមអស្សត្ថព្រឹក្ស ក្បែរមាត់ ស្ទឹងនេរញ្ជរា (ស្ទឹងផល្គុ បច្ចុប្បន្ន) ហើយទ្រង់បន្លឺជ័យជំនះរបស់ព្រះអង្គ ដោយឧទានកថាដូចនេះថាៈ
អនេកជាតិសំសារំ សទ្ធាវិស្សំ អនិព្វិស្សំ
គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ
គហការក ទិដ្ឋោសិ បុនគេហំ ន កាហសិ
សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ
វិសង្ខារកតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។
អាត្មាអញ កាលមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ) នៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះគឺ តណ្ហា អ្នកធ្វើផ្ទះគឺអត្តភាព ហើយអន្ទោលទៅកាន់សង្សារមានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗ រមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា (ឥឡូវនេះ) យើងបានឃើញអ្នកច្បាស់ហើយ, អ្នកឯង នឹងធ្វើនូវផ្ទះគឺអត្តភាព(នេះ) អោយយើងទៀតពុំបានឡើយ, ឆ្អឹងជំនីគឺកិលេសទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងសោតទៀត យើងក៏បានបំបាក់ ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសហើយ, យើងបាន ដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហាទាំងឡាយហើយ ។ បន្ទាប់ពីការបំពេញករណីយកិច្ចក្នុងឋានៈ ជាព្រះពុទ្ធដើម្បី សត្វលោក អស់រយៈកាល ៤៥ ឆ្នាំ មក ព្រះអង្គបានចាកលោកនេះដោយស្ងៀមស្ងាត់ ។ គឺនៅឆ្នាំទី ៨០ នៃព្រះជន្មាយុ ដែលត្រូវនឹងថ្ងៃ អង្គារ ១៥ កើត ខែវិសាខ ឆ្នាំម្សាញ់ នពស័ក ព្រះអង្គបានយាងចូលកាន់បរិនិព្វាន នៅក្រោមសាលព្រឹក្ស ទាំងគូ នៃទីក្រុងកុសិនារា មុនពុទ្ធសករាជ ១ ថ្ងៃ គិតមកដល់ឆ្នាំ ២០០០ នេះបាន ២៥៤៤ ឆ្នាំ ហើយ ។ (បើគិតដល់ឆ្នាំ ២០០៩ នេះបាន ២៥៥២ ឆ្នាំហើយ) ។
ពុទ្ធគយាគឺជាសំវេជនីយស្ថានទី២ របស់ពុទ្ធបរិស័ទទូទៅ ។ ទោះបីមានជនអ្នកបដិបក្ខជាច្រើន បានព្យាយាមបំផ្លិចបំផ្លាញ ជាច្រើនដងក៏ដោយ, ពោធិមណ្ឌលជាកន្លែងផ្សាយចេញនៃសច្ចធម៌ ក៏នៅតែ មានជីវិតរស់នៅអស់កាលជាង ២៥ សតវត្ស មកហើយ ហើយនឹងនៅតែបន្តជីវិតរាប់ពាន់ឆ្នាំតទៅមុខទៀត ។
សំវេជនីយស្ថាន ៤ តំបន់ ជាទីគួរឃើញគួរសង្វេគ គឺៈ
១- តំបន់ ឬស្ថានដែលព្រះពុទ្ធសក្យមុនីទ្រង់ប្រសូត (ឧទ្យានលុម្ពិនី),
២- តំបន់ ឬស្ថានដែលព្រះពុទ្ធបានត្រាស់ដឹង (ពុទ្ធគយា),
៣- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់សំដែងធម្មចក្រ (សារនាថ),
៤- តំបន់ ឬស្ថានដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វាន (កុសិនារា) ។
.....................................
(១) ចំណុចត្រង់នេះ មានអត្ថន័យស្របនឹងយោបល់របស់អ្នកប្រាជ្ញគរុកោសល្យបារាំងម្នាក់ដែលអះអាងថា ប្រាជ្ញាល្អរមែងរស់ នៅក្នុងរាងកាយដែលមានសុខភាពដ៏ប្រពៃ ( Une ame saine vit dans un corps saint)
.....................................
ឯកសារពិគ្រោះ
- ល្វី ហ្វីណូត៍ៈ អំពីព្រះពុទ្ធសាសនា, បោះពុម្ពលើកទី៣ ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ១៩៦៤
- ព្រះត្រៃបិដកៈ សុត្តន្តបិដក ទីឃនិកាយ, បោះពុម្ពឡើងវិញ ឆ្នាំ ១៩៩៤
- ឥន្ទប្បញ្ញោភិក្ខុៈ មគ្គុទ្ទសក៍ជីវិត, បោះពុម្ពផ្សាយចែកជាធម្មទាន
- បណ្ឌិត ឱម ណាគ្រីៈ ពុទ្ធប្បវត្តិនិទាន, បណ្ណគារ ជឹង ហួនហួត ភ្នំពេញ, ១៩៤៥
- សម្តេច ជួន ណាតៈ វចនានុក្រមខ្មែរ, បោះពុម្ពលើកទី៥ ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧-១៩៦៨
- សម្តេច ហួត តាតៈ ពុទ្ធសាសនាសង្ខេប, បោះពុម្ពផ្សាយដោយពុទ្ធិកសមាគមកម្ពុជរដ្ឋ
No comments:
Post a Comment