Thursday, June 25, 2009
ព្រះសង្ឃរាជ ជួន ណាត ជាអ្នកប្រាជ្ញកើតពីសង្គមខ្មែរបរិសុទ្ធ ខែ កុម្ភៈ 9, 2009
Posted by សុភ័ក្ត្រ
អ្នកប្រាជ្ញនីមួយៗ តែងដុះចំណេះប្រាជ្ញាភ្លឺប្រុះសុសសព្វក្នុងវិជ្ជាណាមួយរបស់ខ្លួន។ ការដុះចំណេះប្រាជ្ញានេះ ជួនកើតមកពីសិក្សាសន្សែសន្សំដោយខ្លួនឯង ជួនចេះដោយការសិក្សាពីគ្រូបាធ្យាយដែលលោកចេះស្រាប់ៗ នាំចំណេះមកហុចឲ្យតែម្ដង។
ក្នុងបណ្ដាអ្នកប្រាជ្ញទាំងពីរសណ្ឋាននេះ យើងឃើញថាសម្ដេចសង្ឃរាជ ជួន ណាតឋិតនៅក្នុងសណ្ឋានទីមួយ គឺថាលោកបានសន្សែសន្សំចំណេះប្រាជ្ញាដោយខ្លួនឯង។ ហេតុបានជាយើងហ៊ានពោលដូច្នេះ ព្រោះសម័យដែលលោក មានវ័យនៅក្មេងនោះ ស្រុកយើងពុំទាន់មានសាលារៀនត្រក់ត្រកាលដូចសព្វថ្ងៃនេះទេ ទោះសាលាបឋមសិក្សា ផ្លូវលោកក្ដី ផ្លូវសាសនាក្ដី។ ម្យ៉ាងទៀត សមបើសម្ដេចលោកកើតនៅស្រុកស្រែ (សង្កាត់កំរៀង ស្រុកគងពិសី កំពង់ស្ពឺ) ដែលជាស្រុកកំណើតមួយនៅកៀនកោះថែមទៀតនោះ ក៏រឹតតែលង់នៅក្នុងភពជ្រៅណាស់ទៅទៀត។ បើលោកអ្នក ធ្លាប់ទៅលេងដល់ភូមិរកាកោះជាស្រុកភូមិកំណើតព្រះអង្គ ក៏រឹតតែកើតអនិច្ចាខ្លាំងណាស់ទៅទៀត រហូតដល់ឈរភាំងរំពឹងគិតជញ្ជឹងគិតម្នាក់ឯងថា សម្ដេចព្រះសង្ឃរាជលោកកើតនៅភូមិនេះសោះ ម្ដេចឡើយក៏ទៅកើតជាអ្នកប្រាជ្ញហ្ន៎!
សព្វថ្ងៃមានផ្ទះតូចៗ រកេតរកូត ផ្លូវចូលក្រវេចក្រវៀន វត្តនេះបានស្អាតស្អំសព្វថ្ងៃ ក៏ដោយសារសម្ដេចលោកទើបជួយកសាងបន្ថែមកុដិសាលាព្រះវិហារប៉ុណ្ណោះទេ។ ទិដ្ឋភាពស្រុកភូមិនេះនាំឲ្យយើងឃើញច្បាស់ថា ការរៀនសូត្ររបស់សម្ដេច ពិតជាផុសចេញពីសង្គមខ្មែរដ៏បរិសុទ្ធ គឺខ្មែរគ្មានលាយវប្បធម៌បរទេសណាទេ ហើយចំពោះវិជ្ជាទាំងអស់សោត ក៏សុទ្ធតែកើតឡើងពីការប្រមូលសន្សំចេះចាំទុក ពីគ្រប់ទិសទី មជ្ឈដ្ឋានអ្នកស្រែចម្ការខ្មែរសុទ្ធសាធ។ លុះលោកមានវ័យចម្រើនឡើងហើយ ទើបលោកនិមន្តមកសិក្សានៅទីក្រុង បានភប់ប្រសព្វនឹងអរិយធម៌អ្នកក្រុង ស្គាល់ឥទ្ធិពលអារិធម៌បរទេសខ្លះ ដែលមកលបលួចច្របល់ចូលក្នុងអារិយធម៌ខ្មែរ ក្នុងមជ្ឈដ្ឋានអ្នកក្រុងទាំងនេះ។ បើទោះបីជាលោក បានជួបប្រទះដឹងអរិយធម៌ក្លាយទាំងនេះក្ដី សម្ដេច ជួន ណាត ព្រះអង្គទ្រង់ក៏មិនក្រេបទុកជាទម្លាប់ផ្ទាល់ព្រះអង្គដែរ ទ្រង់គ្រាន់តែចេះ ហើយចំណាំទុកថា នេះជាអរិយធម៌គេមួយដែរ តែខ្មែរយើងនៅឯនេះទេមិនមែនដូចគេទេ។
ការសិក្សារបស់លោកកាន់តែដេញជ្រៅទៅៗ ត្រូវចេះត្រូវស្គាល់អក្សរ ភាសា អរិយធម៌បរទេសផ្សេងៗ រហូតដល់ត្រូវទៅបន្តវិជ្ជាឯបរទេសទៀត ប៉ុន្តែចំណេះថ្មីៗទាំងប៉ុន្មានគ្រាន់តែបង្កើតឲ្យលោកមានការយល់ទូលាយខ្សែនេត្រាវែងឆ្ងាយ ធ្វើការផ្គូផ្ទឹមគ្នាបានគ្រប់ទិសតែប៉ុណ្ណោះ ឯមូលដ្ឋានដើមរបស់ខ្មែរនៅតែជាប់ក្នុងសន្ដានព្រះទ័យដែលឥតល្អៀងឥតរង្គើឡើយ។
អ្នកផងទទួលស្គាល់លោក ឬខ្មែរទាំងអស់ទទួលគោរពលោកមិនមែនគោរព ព្រោះលោកចេះអរិយធម៌បរទេសខ្ពង់ខ្ពស់ ហាពន្យល់ឡើងសូត្រទ្រឹស្ដី សូត្រសុភាសិត សូត្រគម្រោងផែនការតាមបរទេសណាមួយឡើយ គឺលោកសូត្រតែសុភាសិតខ្មែរ ទំនៀមខ្មែរសុទ្ធៗ ហើយជាទំនៀម ឬចំណេះខ្មែរដែលកប់ជ្រៅណាស់មកហើយ ហើយខ្មែរធម្មតាយល់មិនដល់។ បើមានជនបរទេសណាម្នាក់ ឬយុវជនណាមួយចូលសាកសួរលោកពីរឿងខ្មែរ ទោះជារឿងអ្វីក៏ដោយ ឲ្យតែក្នុងអរិយធម៌ខ្មែរ លោកមិនដែលថាមិនចេះ មិនដឹងឡើយ។ មិនតែប៉ុណ្ណោះ លោកណែនាំពន្យែពន្យល់ទាល់តែអ្នកនោះឯងស្ដាប់បាន ចូលចិត្តស៊ប់អស់សន្ទិះសង្ស័យថែមទៀត។
ដូច្នេះ ការចេះដឹងធ្លុះធ្លាយទាំងអស់នេះ កើតពីក្បួនណា? កើតពីសាស្ត្រាចារ្យ? គ្មានទេ! គឺកើតពីការស្រាវជ្រាវផ្ទាល់ព្រះអង្គ។ បើទ្រង់ឃើញអ្វីប្លែក ហើយឆ្ងល់ ក៏ដេញសួរសាករកហេតុផលយកមកពិចារណាភ្លាម តាំងពីអក្សរ ភាសា ទំនៀមទម្លាប់ សិល្បៈ។ល។ នេះបើយើងមិននិយាយពីរឿងធម៌វិន័យ ដែលលោកចាំខ្ទេចខ្ទី ចាំរហូតទាំងលេខទំព័រ លេខបន្ទាត់ ទាល់តែទីប្រជុំឆដ្ឋសង្គាយនានៅរង្គូនតាំងលោកជាមហាបណ្ឌិតនោះផងឡើយ។ បើនិយាយឲ្យខ្លីថា៖ សម្ដេចព្រះសង្ឃរាជ ជួន ណាត មួយជីវិតលោកបូជាជីវិតទាំងស្រុងក្នុងអរិយធម៌ខ្មែរ គឺថាលោកមិនឲ្យពេលវេលារបស់លោកនាទីណាមួយកន្លងទៅដោយមិនគិតពីអរិយធម៌ខ្មែរនោះទេ។ ដូច្នេះ រួមសេចក្ដីទៅ គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះជន្មលោក៨៦ឆ្នាំ ពិតជា៨៦ ដែលឋិតនៅក្នុងការកសាង ការគិតពីអរិយធម៌ខ្មែរទាំងស្រុង។ ការដែលលោកបានទទួលសញ្ញាប័ត្របណ្ឌិត មហាបណ្ឌិត ពីប្រទេសភូមា ប្រទេសលង្កា និងពីសកលវិទ្យាល័យភ្នំពេញក្ដី សុទ្ធតែពុំមែនលោកដាក់ខ្លួនសរសេរវិញ្ញាសារប្រឡងដូចជនធម្មតាឡើយ គឺពិតជាមេប្រយោគទាំងនោះទ្រាំមិនបាន ព្រោះឃើញសកម្មភាពថ្វីព្រះហស្តនោះឆ្អិនឆ្អៅ ជាក់លាក់រកអ្នកផ្ទឹមគ្មានពីរ បែបខ្មែរសុទ្ធនោះ គេក៏នាំគ្នាតែងតាំងឡើងពេញសមត្ថភាព មិនមែនជាការបញ្ចើចបញ្ចើគ្រាន់ជានាទីកិត្តិយសនោះឡើយ។
ហេតុនេះយើងត្រូវតែនាំគ្នាចាំឲ្យច្បាស់ថា៖ សម្ដេច ជួន ណាត ជាអ្នកប្រាជ្ញកើតចេញពីសង្គមខ្មែរសុទ្ធ គឺពុំមែនពោលតែពីរឿងវង្សត្រកូលទេ គឺនិយាយពីសង្គមចំណេះវិជ្ជារបស់លោកនោះឯង។ ការបាត់បង់លោកទៅ ក៏ជាការសោកស្ដាយមួយក្រៃលែងណាស់ តែមិនដឹងធ្វើម្ដេចឲ្យកម្ពុជាសម្បូណ៌ដោយអ្នកប្រាជ្ញ រឿងខ្មែរសុទ្ធៗដូច្នេះតទៅទៀតបាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment