Tuesday, August 11, 2009

Buddha

ព្រះ​សារី​រិក​ធាតុ​ត្រូវ​បាន​ដង្ហែ​ពី​ប្រទេស​ស្រី​
លង្កា​មក​កាន់​វត្ត​មួយ​នៅ​អាមេរិក
ដោយ កេសរណ្ណីយ្យា
2009-08-09
ព្រះ​ភិក្ខុ​ធម្ម​ត្ថេរោ ជុំ វិចិត្រ ជំនួយការ​ពិសេស​របស់​ព្រះ​ចៅ​អធិការ ញាណ​សារោ ម៉ឹង សាង នៃ​វត្ត​មុនី​សូតា​រាម ក្នុង​រដ្ឋ​មិនី​សុតា សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ប្រតិភូ​ប្រជា​ពុទ្ធ​បរិស័ទ​ដឹកនាំ​ដោយ​ព្រះ​គ្រូ ម៉ឹង សាង ឥទ្ធិមុនី រា​ជា​គណៈ​ថ្នាក់​កិត្តិយស នឹង​ដង្ហែ​ព្រះ​សារី​រិក​ធាតុ​ព្រះ​សក្យ​មុនី​គោត្តម​ពី​ប្រទេស​ស្រី​លង្កា មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​នៃ​ទីក្រុង​ភ្លោះ មីនាអាប៉ូលីស​-សេនផល រដ្ឋ​មុនីសូតា នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ ដែល​ត្រូវ​នឹង​ម៉ោង ១០​កន្លះ​យប់ ថ្ងៃ​អាទិត្យ​នេះ ម៉ោង​នៅ​កម្ពុជា។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ បន្ត​ថា ក្នុង​ទស្សនកិច្ច​របស់​ព្រះអង្គ ក្នុង​ប្រទេស​ស្រីលង្កា រយៈពេល​មួយ​សប្តាហ៍​មក​នេះ ព្រះ​គ្រូ​ចៅ​អធិការ ញាណសារោ ម៉ឹង សាង មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ព្រះ​ទ័យ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជា​ពុទ្ធ​បរិស័ទ​ទាំង​ព្រះ​សង្ឃ​និង​គ្រហស្ថ​ក្នុង​ប្រទេស​ស្រី​លង្កា ដែល​បាន​ប្រារព្ធ​ពិធី​ប្រគល់​ព្រះ​សារី​រិក​ធាតុ​ជា​ផ្លូវការ​យ៉ាង​អ៊ឹកធឹក ដល់​គណៈ​ប្រតិភូ​ពុទ្ធ​បរិស័ទ​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក យ៉ាង​មិន​នឹក​ស្មាន​ដល់។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ មាន​ពុទ្ធ​ដីកា​យ៉ាង​ដូច្នេះ ៖ «មន្រ្តី​សង្ឃ និង​គណៈកម្មការ​ខាង​គ្រប់គ្រង​និង​ថែ​រក្សា​ព្រះ​សារី​រិក​ធាតុ​ហ្នឹង គេ​បាន​រៀបចំ​ធ្វើ​បុណ្យ​ប្រគល់​ព្រះ​សារី​រិក​ធាតុ​ហ្នឹង​ដល់​គណៈ​ប្រតិភូ​មាន​ព្រះ​គ្រូ​ចៅ​អធិការ​ជា​អធិបតី​ហ្នឹង ហើយ​គេ​រៀប​ចំ​ហ្នឹង​មាន​ពិធី​ដង្ហែ មាន​ស្លៀក​ស​ពាក់​ស ពុទ្ធ​បរិស័ទ​គេ​ហ្នឹង ៤០០​-៥០០​នាក់​ដែរ។ ពុទ្ធ​បរិស័ទ​គេ​មាន​ចូលរួម​ច្រើន ប៉ុន្តែ​ពេល​វេលា​ម៉ោង​ដង្ហែ​ហ្នឹង​ប្រហែល​ជា ៤០០​-៥០០​នាក់ ព្រោះ​អី​រៀបចំ​ដង្ហែ​តាំង​ពី​ខ្លោង​ទ្វារ​វត្ត រហូត​ទៅ​ដល់​ទី​កន្លែង​ដែល​តម្កល់​ព្រះ​សារី​រិក​ធាតុ​នៅ​ស្រី​លង្កា។ ហើយ​ពិធី​ហ្នឹង​យើង​អត់​បាន​ដឹង​មុន​ទេ លោក​ភ្ញាក់ ហើយ​រំភើប​រីក​រាយ​មែន​ទែន ដូច​ថា​គេ​ធ្វើ​បុណ្យ​អធិក​អធម មិន​ខុស​ពី​យើង​រៀបចំ​នៅ​ខាង​នេះ​ទេ»។
ព្រះ​ភិក្ខុ​ធម្មត្ថេរោ ជុំ វិចិត្រ ឲ្យ​ដឹង​ថា ការ​យាង​មក​ដល់​ប្រទេស​អាមេរិក​នៃ​ព្រះ​អដ្ឋិ​ធាតុ​របស់​ព្រះ​សក្យ​មុនី​គោត្តម នឹង​ត្រូវ​ទទួល​គារវ​កិច្ច ដល់​អាកាស​យាន​ដ្ឋាន​នៃ​សហគមន៍​អ្នក​កាន់​ពុទ្ធ​សាសនា​អន្តរជាតិ​ច្រើន​ក្រុម ដើម្បី​យាង​ព្រះ​អដ្ឋិ​ធាតុ​ទៅ​គង់​ក្នុង​មហា​វត្ត​ខ្មែរ​មិនីសូតា​រាម ជា​បណ្តោះ​អាសន្ន​មុន​ការ​កសាង​រួច​ស្រេច​បាច់​នៃ​សំណង់​ព្រះ​សក្យ​មុនី​ចេតិយ។
ព្រះ​អង្គ​ឲ្យ​ដឹង​ទៀត​ថា សហគមន៍​ប្រជា​ពុទ្ធ​បរិស័ទ​អន្តរជាតិ​នៃ​រដ្ឋ​មិនី​សូតា នឹង​ប្រារព្ធ​ពិធី​ដ៏​ឱឡារិក​រយៈពេល​បី​ថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ ទី​១៤ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​សីហា ចុង​សប្តាហ៍​នេះ។ ព្រះ​អង្គ​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​នេះ មាន​បំណង​ធំៗ​បី គឺ​ដើម្បី​បញ្ចុះ​បឋម​សិលា​កសាង​ព្រះ​សក្យ​មុនី​ចេតិយ តម្កល់​ព្រះ​សារី​រិក​ធាតុ ផង ជា​ការ​ប្រារព្ធ​ខួប​ឆ្នាំ​ទី​២១ នៃ​កំណើត​វត្ត​មិនី​សូតា​រាម នេះ​ផង ព្រម​ទាំង​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ផ្កា អង្គៀស​ប្រាក់​កសាង​ព្រះ​សក្យ​មុនី​ចេតិយ​យក​តាម​លំនាំ​នៃ​ព្រះ​សក្យ​មុនី​ចេតិយ ដែល​ទើប​នឹង​បាន​សាង​ឡើង​នៅ​លើ​កំពូល​ភ្នំ​អតីត​រាជ​ធានី​ឧដុង្គ​ផង ដែល​គេ​រំពឹង​ថា នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​មួយ​លាន​ដុល្លារ​អាមេរិក​នោះ៕

No comments: