Tuesday, December 8, 2009

ពុទ្ធសាសនានិងដែនសុវណ្ណភូមិ

១. កម្ពុជា
ក. ទីតាំង
ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែ
ស្របទី១០និងទី ១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និងទី១០៨
នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោល
ខាងជើងដែលជាតំបន់មានជីជាតិហើយមាន អំ ណោយផលដល់ការលូតលាស់នៃរុក្ខជាតិ
និងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់
ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូង
មួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃ
ខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។
ខ. ផ្ទៃដី
ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។
គ. ប្រជាជន
ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួក អូស្ត្រាលីអ៊ីដ
និងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។
បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជន
ចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ
ជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់
ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហា
ទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជា
ជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។
ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជន
ជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅ
ដាច់ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។
-ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារ
ណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវ
វៀតណាម និងភូមា…។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហា
កំណើតខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះ
តែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយ
បានលុកលុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិ
ក្នុងអំបូរម៉ាឡាយូប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះ
ត្រូវបានបង្កើតឡើងដោយលោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវ
ខ្លះយល់ស្របតាមដូចជាលោកAdhémard Leciére និងលោក Pierre Gourou ជាដើម។
លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យ
ច្រានចេញពីឥណ្ឌា ហើយដោយមានសេសសល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយ
ប្រទេសភូមាប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថា
ក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយក្រោយមកបានបំបែកជាពីរក្រុម
គឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុង
ប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើង
នៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard
Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។
លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មក
ហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួក
អូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើត ឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយ ប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេស
ឥណ្ឌា ។ គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈ
របស់ខ្មែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុក
ខ្មែរនេះឯង ទើប ព្រះថោងដែលគេថាមកពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់
គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោក
ធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។
សេចក្តីក្នុងរឿងព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរ
នេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះ អ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញ
សម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថា
ខ្មែរជាជនជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរ ឬខមនេះឯង។ថ្មីៗនេះ
លោក
បណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្រប
ជាមួយមតិទី២ គឺលោកបានបញ្ជាក់ថា ខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុន
គ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមាន
អាយុ ៦៨០.០០០ ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគនេះអាចជាការចាប់ផ្តើមនៃ
អរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌
កម្ពុជាដំបូងបង្អស់ ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើ
ក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅ
ប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក
ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។
ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយ
ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះ
ដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណីសិល្បៈវប្បធម៌នៃមនុស្សខ្មែរយើង ។
ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយ
ដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែ
ចោទសួរថា តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា?
បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹង
ច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើន របៀបរបបការរស់នៅ
និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាល
កន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នាៈ
- មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេសកម្ពុជា
យើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មា
សោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះ
ពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូនសមណទូតពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះ
មហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នា
ព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះពុម្ពលើកទី២
នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជាមុនដំបូង
តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកាអដ្ឋកថា វិន័យបិដកជាភាសាបាលីបានប្រាប់
ពត៌មានថា កាលក្រោយដែលធ្វើតតិយ-សង្គាយនារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុង
ប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គ នាមព្រះមោគ្គលិបុត្តតិស្សៈបាន
ចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប
(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនា នៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រ
នាមធម្មាសោក» ។ អ្នកសិក្សាខ្លះទៀត បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់
ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បាន
សរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលា
ចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុង
ស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់ ។
ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញ
សាសនា ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិ
ព្រាហ្មណ៍សាសនា ។
- មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់
ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួច
ប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់
លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀត
ដែលយល់ថាសាសនានេះ ឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពី
វត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើងពិបាក
នឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ។ ប៉ុន្តែ ពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយ
ក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើងពិនិត្យឃើញថា
យោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនាក៏ដូច
ជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មក
ហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណា
រកហេតុផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។
យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២ មុន
គ.ស.» យកមកត្រិះរិះពិចារណាដើម្បីកំណាត់កាលបរិច្ឆេទនៃការចូលមកដល់របស់
លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់
ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេសណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបាន
គេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដី
របស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូ
នេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។
យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំង
ប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់
ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្ត
ទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះ
ពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការ
ជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់
ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថា
មានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុង
ដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូត
មកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យ
និងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិ
ភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺ
មិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមក
ក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើម
ទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ…រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វ
ទី១៣។ ដូចនេះ ជនជាតិថៃពុំបានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌា
ដូចជាជនជាតិខ្មែរយើងទេ ។ ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវ
បាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរ
ពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះ
ជនជាតិវៀតណាម ក្នុងដំណាក់កាលពីស.វ.ទី១ ដល់ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពី
អាណានិគមចិននៅឡើយដែរ ។ លុះមកដល់ស.វ.ទី១០ ទើបជនជាតិនេះរំដោះខ្លួនចេញពី
អាណារួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាម
គោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិន តាំងពីនៅក្រោម
អាណានិគមចិនម៉្លេះ ។ ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះ
គោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនា
តែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមកឃើញថា ប្រទេសកម្ពុជាយើងជា
ប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនាមុត
មាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនា
ដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរនិងឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃ
ព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។
ដកស្រង់ពីអត្ថបទ ស្មារតីខ្មែរ និង ព្រះពុទ្ធសាសនា
របស់ បណ្ឌិត ខ្លួត ធីតា
នាយិការងនៃមហាវិទ្យាល័យទស្សនៈវិជ្ជា
(សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ២)

No comments: