ភ្នំពេញ៖ ភាសាខ្មែរបានក្លាយជាភាសាទី២ បន្ទាប់ពីភាសាអង់គ្លេសក្នុងវិញ្ញាសាប្រលងបាក់ឌុបនៅទីក្រុងប៉ារីស និងតំបន់ជុំវិញទីក្រុងនេះក្នុងប្រទេសបារាំង។
លោកសាស្ត្រាចារ្យបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានគណៈកម្មាធិការភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីជួបជុំសិស្សានុសិស្ស ត្រៀមចូលរៀននៅកម្រិតឧត្ដមសិក្សាកាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភាកន្លងមកថា ភាសាខ្មែរបានក្លាយជាវិញ្ញាសាប្រលងនៅទីក្រុង និងជុំវិញទីក្រុងប៉ារីសប្រទេសបារាំង ដោយគេអនុញ្ញាតឲ្យទាំងកូនខ្មែរនិងកូនបារាំងជ្រើសរើសយកការប្រឡងភាសាបរទេសទី១ ជាភាសាអង់គ្លេស និងភាសាទី២ ជាភាសាខ្មែរនៅក្នុងការប្រឡងបាក់ឌុបរបស់ខ្លួន។
លោកបន្តថា បន្តិចទៀតការដាក់ភាសាខ្មែរក្នុងការប្រឡងនៅពាសពេញប្រទេសបារាំងទាំងមូលដោយសារបច្ចុប្បន្នគេខ្វះគ្រូ មិនមានគ្រូភាសាខ្មែរនៅក្នុងប្រទេសបារាំង ដែលគេមិនអាចរកគ្រូភាសាខ្មែរទៅដាក់បាន។ ហេតុនេះទើបការដាក់ភាសាខ្មែរនៅក្នុងការប្រឡងក្នុងនាមជាភាសាបរទេសមានតែនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ។ លោកបន្តថា បច្ចុប្បន្នរាល់ឆ្នាំយើងបានបញ្ជូនសាស្ត្រាចារ្យភាសាខ្មែរមួយរូបទៅបង្រៀននៅសាកលវិទ្យាល័យប៉ារីសសម្រាប់ថ្នាក់បរិញ្ញាបត្រភាសាខ្មែរពីឆ្នាំទី១ដល់ឆ្នាំទី៤។
លោកបណ្ឌិតច័ន្ទ សំណព្វបានបន្តថា "តើមូលហេតុអីបានជាយើងចង់ជំរុញខ្លួនយើងឲ្យក្លាយជាអ្នកទទួលយកភាសាបរទេសយកមកជំនួសភាសារបស់យើង ហើយជាភាសាឈានមុខសម្រាប់ជីវិតយើងទៅវិញ នៅពេលយើងកើតមកមានត្រកូលជាខ្មែរ"។ លោកបណ្ឌិតបន្ថែមថា"យើងមានភាសាមួយធ្លាប់ល្បីល្បាញនាសម័យអង្គរ មានវប្បធម៌ អក្សរសាស្ត្ររីកត្រចះត្រចង់ក្នុងតំបន់អាស៊ីអាគ្នេយ៍"។
លោកបន្តថា "ខ្ញុំមិនមែនថាភាសាបរទេសគ្មានតម្លៃទេ នោះជាតម្លៃទីពីរបន្ទាប់ពីភាសា និងអក្សរសាស្ត្រខ្មែរ ហើយមានវិសាលភាពរីកចម្រើនទៅៗដោយសារនរណា"។ លោកបន្ថែមដោយលើកជាសំណួរថា ដោយសារយើងជាខ្មែរ ជានិស្សិត សាស្ត្រាចារ្យទាំងអស់ដែលបានធ្វើដំណើរទៅប្រទេសនានា ហើយបានចូលខ្លួនឲ្យពិភពលោកទាំងមូលស្គាល់អត្តសញ្ញាណរបស់ខ្លួនតាមរយៈការបង្រៀន វិភាគវែកញែកពីភាសា និងអក្សរសាស្ត្ររបស់យើងឲ្យគេស្គាល់។
លោកបណ្ឌិតច័ន្ទ សំណព្វបានបន្តដោយបដិសេធពីការផ្សព្វផ្សាយរបស់វិទ្យុគេតែងនិយាយថា ភាសាខ្មែរមួយចំនួនធ្លាក់ដុនដាបទៅៗ ដោយសារគេយល់ឃើញថា មានអ្នកសរសេរអក្សរ និងអ្នកនិយាយភាសាខ្មែរមួយចំនួនមិនត្រឹមត្រូវ។ លោកបន្តថា "ប៉ុន្តែក្នុងនាមជាអ្នកភាសាវិទ្យា ខ្ញុំយល់ឃើញថា ការនិយាយនោះប្រហែលជាមិនត្រឹមត្រូវទេ ផ្ទុយទៅវិញខ្ញុំយល់ថាភាសា និងអក្សរខ្មែរនេះ មានការរីកចម្រើនជាងសម័យណាៗទាំងអស់"។
បច្ចុប្បន្នយើងមានវិទ្យុផ្សព្វផ្សាយសំឡេងសហរដ្ឋអាមេរិកដល់ទៅពីរផ្សាយជាភាសាខ្មែរមាន VOA និងRFA វិទ្យុហ្វីលីពីន ចិន បារាំង អូស្ត្រាលី។ល។
លោកសាស្ត្រាចារ្យបណ្ឌិតបានបន្តថា ភាសាខ្មែរធំធេងណាស់ ដូចជា លោកបណ្ឌិតគណិតវិទ្យាដែលនិពន្ធចំណោទ ដោះស្រាយចំណោទ លទ្ធផលវិទ្យាសាស្ត្រពិតខាងគណិតវិទ្យាក៏ត្រូវការភាសាខ្មែរ ព្រោះត្រូវសរសេរយ៉ាងម៉េចឲ្យគេយល់ ទើបគេដោះស្រាយចំណោទរបស់យើងបាន ដូច្នេះខ្ញុំគិតថា ទាំងវិទ្យាសាស្ត្រពិត និងភាសាខ្មែរសុទ្ធតែមានសារសំខាន់ មិនអាចចោលមួយណាបានឡើយ។
មិនត្រឹមតែភាសាខ្មែរនោះទេ ដែលគួរជាមោទនភាពសម្រាប់កម្ពុជា បើតាមលោកសាស្ត្រាចារ្យបណ្ឌិតសុខ ទូច បានមានប្រសាសន៍ថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានតែប្រទេសខ្មែរ និងចិនទេដែលមានប្រតិទិនផ្ទាល់ខ្លួន។ ប្រទេសថៃ ឡាវ ភូមា ស្រីលង្កា ប្រើប្រតិទិនរបស់ខ្មែរ។ វៀតណាម កូរ៉េ ជប៉ុនប្រើរបស់ចិន។
និយាយពីវប្បធម៌ខ្មែរវិញ លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា"យើងមានភាពសម្បូរបែបនូវវប្បធម៌របស់យើងគ្រាន់តែម៉ូតសក់អប្សរាយើងមាន១.៧០០បែបខុសៗគ្នា ដូច្នេះហេតុអីយើងធ្វើតាមថៃ កូរ៉េ។ លោកបន្ថែមថា "យើងត្រូវឲ្យអ្នកមានវប្បធម៌អន់ជាងយើងមកគោរពយើង មកសុំរៀនពីយើងទើបត្រូវ"៕ (ដកស្រង់ពីKhmer Buddhist)
No comments:
Post a Comment