Friday, July 9, 2010

រាជធានីខ្មែរតាំងពីបូរាណរហូតដល់បច្ចុប្បន្ន

តាំងពី បុរាណ​រៀងមក ខ្មែរ​យើង​តែង​បាន​ផ្លាស់ប្ដូរ​រាជធានី​ជា​ញឹកញាប់ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ យុទ្ធសាស្ត្រ​នយោបាយ​ដឹកនាំ​ប្រទេស​ជា​ញឹកញាប់​ផងដែរ។ ការផ្លាស់ប្ដូរ​រាជធានី​ជា​ញឹកញាប់​នេះ​បណ្ដាលមកពី​ស្ថានភាព​ទីតាំង ភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពល​សាសនា​ជាដើម ដែលជា​ចក្ខុវិស័យ និង​ទិសដៅ​អភិវឌ្ឍន៍​របស់​ព្រះមហាក្សត្រ​ជំនាន់​នោះ។ តាម ឯកសារ បានបង្ហាញ​ពី​ទីតាំង​នៃ​រាជធានី​របស់​ខ្មែរ​យើង​តាំងពី​បុរាណ​រៀងមក រហូតមកដល់​បច្ចុប្បន្ន​ដូចខាងក្រោម៖
១. រាជធានី វ្យា​ធ​បុ​រៈ (បាភ្នំ ខេត្តព្រៃវែង ចាប់ពី​សតវត្ស​ទី១ មកដល់​សតវត្ស​ទី៦នៃ​គ្រិស្តសករាជ រជ្ជកាល អាណាចក្រ​ហ្វូណន់ ដែល​រាប់​ពី​ព្រះបាទ ហ៊ុនទៀន មកដល់​ព្រះបាទ​រុ​ទ្រ​វរ្ម័ន)។
២. រាជធានី​នរ​វរ​នគរ ឬ​ណា​ហ្វូ​ណា(អង្គរបុរី ខេត្តតាកែវ ចុង​សតវត្ស​ទី៦-៧ រជ្ជកាល​អាណាចក្រ​ភ្នំ និង​ក្សត្រ ចេនឡា)។
៣. រាជធានី​ភ​វ​បុ​រៈ(ត្រង់​ម្ដុំ​អំពិល​រលំ ខេត្តកំពង់ធំ ចុង​សតវត្ស​ទី៦ រជ្ជកាល​ព្រះបាទ​ភ​វរ្ម័នទី១ ឆ្នាំ៥៩៨)។
៤. រាជធានី​ឥសាន​បុ​រៈ(ប្រាសាទ​សំបូរ​ព្រៃគុហ៍ ខេត្តកំពង់ធំ ដើម​សតវត្ស​ទី៧ រជ្ជកាល​ព្រះបាទ​ឥសាន​វរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥)។
៥. រាជធានី​សិវ​បុ​រៈ(ត្រង់​ប្រាសាទបាយ៉ង់​កោរ គិរីវង្ស ខេត្តតាកែវ សតវត្ស​ទី៧ រជ្ជកាល​ព្រះបាទ​ភ​វរ្ម័នទី២ ឆ្នាំ ៦៣៩)។
៦. អ​និ​ន្ទិ​តបុ​រៈ(មិន​ស្គាល់​ទីតាំង​ច្បាស់លាស់ ដើម​សតវត្ស​ទី៨ រជ្ជកាល​ស្ដេច​ចេនឡា​ទឹក​លិច)។
៧. រាជធានី​ស​ម្ភុ​បុ​រៈ(នៅ​ត្រើយ​ខាងឆ្វេង​ទន្លេមេគង្គ ក្នុង​ខេត្តក្រចេះ សតវត្ស​ទី៨ រជ្ជកាល​ស្តេច​បុក្ក​រា​ក្យ ក្សត្រ ចេនឡា​ទឹក​លិច​មាន​ដើមកំណើត​ចេញពី​រាជធានី​អ​និ​ន្ទិ​តបុ​រៈ)។
៨. រាជធានី​ឥន្ទ្រ​បុ​រៈ(ត្រង់​បន្ទាយ​ព្រៃនគរ ខេត្តកំពង់ចាម សតវត្ស​ទី៨ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២)។
៩. រាជធានី​គុ​ទិ​ស្វរៈ(ត្រង់​ម្ដុំ​ប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្ស​ទី៩ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២)។
១០. រាជធានី​ហរិ​ហ​រា​ល័យ(រលួស ខេត្តសៀមរាប សតវត្ស​ទី៩ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២)។
១១. រាជធានី​អមរេន្ទ្រ​បុ​រៈ(ត្រង់​ប្រាសាទអកយំ បារាយណ៍​ខាងលិច ខេត្តសៀមរាប សតវត្ស​ទី៩ រជ្ជកាល​ព្រះ បាទ​ជ័យ​វរ្ម័នទី២)។
១២. រាជធានី​ម​ហេ​ន្ទ្រ​ប​ព៌​ត(ភ្នំ​គូលែន ខេត្តសៀមរាប សតវត្ស​ទី៩ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២)។
១៣. រាជធានី​យ​សោធ​បុ​រៈ(រាជធានី​អង្គរ​ទី១ ត្រង់​ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុង​សតវត្ស​ទី៩ រជ្ជកាល​ព្រះ បា​ទយ​សោ​វរ្ម័នទី១ ឆ្នាំ៨៨៩-៩០០)។
១៤. រាជធានី​កោះ​កេ​រ្ត៍(ប្រាសាទ​កោះ​កេ​រ្ត៍ ខេត្តព្រះវិហារ សតវត្ស​ទី១០ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៤)។
១៥. ជ​យេ​ន្ទ្រ​គិរី(ត្រង់​ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្ស​ទី១០ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៥ឆ្នាំ ៩៦៨-១០០១)។
១៦. រាជធានី​អង្គរ​ទី២(ប្រាសាទបាពួន​ខេត្តសៀមរាប ពាក់កណ្ដាល​សតវត្ស​ទី១១ រជ្ជកាល​ព្រះបាទ​ឧទ​យា ទិ​ត្យ​វរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦)។
១៧. រាជធានី មហី​ធរ​បុ​រៈ(ត្រង់​វាលទំនាប​ទន្លេ​មូល ចុង​សតវត្ស​ទី១១ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី៦)។
១៨. រាជធានី​អង្គរ​ទី៣(ត្រង់​ប្រាសាទបាយ័ន ខេត្តសៀមរាប ចុង​សតវត្ស​ទី១២ ដើម​សតវត្ស​ទី១៣ រជ្ជកាល​ព្រះ បាទ​ជ័យ​វរ្ម័នទី៧)។
១៩. រាជធានី​ទួល​បា​សាន(ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញាយ៉ាត)។
២០. រាជធានី​ចតុមុខ(សតវត្ស​ទី១៥ រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញាយ៉ាត)។
២១. រាជធានី​ស្រឡប់​ពិជ័យ​ព្រៃនគរ(ខេត្តកំពង់ចាម ដើម​សតវត្ស​ទី១៦ រជ្ជកាល​ស្តេច​កន ឬ​ព្រះបាទ​ស្រី​ជេដ្ឋា ធិ​រាជ​រាមា​ធិបតី)។
២២. រា​ធានី​លង្វែក(ខេត្តកំពង់ឆ្នាំង សតវត្ស​ទី១៦ រជ្ជកាល​ព្រះបាទ​ច័ន្ទ​រាជា ឬ​អង្គ​ច័ន្ទ​ទី១)។
២៣. រាជធានី​ស្លា​កែ​ត(ខេត្តកណ្តាល សតវត្ស​ទី១៧ រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌)។
២៤. រាជធានី​ល្វាឯម(ខេត្តកណ្តាល សតវត្ស​ទី១៧ រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌)។
២៥. រាជធានី​ឩ​ត្តុ​ង្គ​មានជ័យ(ខេត្តកណ្តាល នៅ​ខាង​ជើងភ្នំ​ព្រះរាជ​ទ្រព្យ តែ​ក្រោយមក​នៅ​ម្តុំ​វាំង​ចាស់​ក្នុង​ខេត្ត កំពង់ស្ពឺ សតវត្ស​ទី១៧រជ្ជកាល​ព្រះបាទ​ជ័យជេដ្ឋា​ទី២ឆ្នាំ១៦១៨-១៦២៨ ព្រះ​អង្គឌួង ព្រះ​នរោត្តម)។

No comments: