តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ ខែ ចាប់តាំងពីថ្ងៃ ១ រោជ ខែអាសាធតទៅ ។ ពាក្យថា "វស្សា" មកពីពាក្យបាលីថា: "វស្សៈ" ប្រែថា "ភ្លៀង" ឬ "រដូវភ្លៀង" ដែលមានកំណត់ ៤ ខែ (រាប់ពីថ្ងៃ ១ រោជ ខែអាសាធ ដល់ ១៥ កើត ខែកត្តិក) ។ ព្រះបរមសាសា្តយើងទ្រង់បានបញ្ញាតិ្តឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេ (រាប់ពីថ្ងៃ ១ រោជ ខែអាសាធ ដល់ ១៥ កើតខែ អស្សុជ) ។ ក្នុងរយៈវេលា ៣ ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សា ឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ ចាប់ កំពស់ ២ ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនឃ្មុំពុំសូវសម្បូរគេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួនឲ្យមានកម្រាស់តែ ៥ ធ្នាប់ខាងលើទេ ។ លុះឆេះអស់សាច់ក្រមួនហើយ ទើបឆេះដល់ប្រេង គេធ្វើដូច្នេះដើម្បីឲ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ ខែ ។ កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គទ្រង់យាងចេញអុជទៀនវស្សាទាំងបួន យ៉ាងឧឡារឹករៀងរាល់ឆ្នាំ ។ បណ្ដាទៀនវស្សាទាំង ៤ នោះ ទៀនមួយត្រូវតម្កល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតម្កល់ព្រះពុទ្ធរូប ។ ទៀនមួយទៀតតម្កល់នៅក្នុងហោព្រះអដ្ឋិ នៅក្នុងព្រះទីនាំងទេវាវិនិឆ្ឆ័យ ដែលជាទីតម្កល់នូវកោដ្ឋអដ្ឋិធាតុ របស់ក្រុមព្រះរាជវង្សានុវង្ស ។ ទៀនទី ៣ តម្កល់នៅក្នុងហោព្រះខាន់ ទៀនទី ៤ តម្កល់នៅក្នុងព្រះវិហារព្រះកែវមរកត ។ ម្យ៉ាងទៀតព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតម្កល់នៅទីវត្តក្នុង ព្រះរាជធានី និងទីវត្តជិតៗនៅក្នុងទីក្រុងផង រហូតនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ ១៩ ដើម ។ នៅថ្ងៃដែលធ្វើពិធីអុជទៀនវស្សានៅព្រះបរមរាជវាំង ក្រុមបារគូបុរោហិតរៀបចំធ្វើវិធីអញ្ជើញព្រះបញ្ចក្សេត្រឲ្យចូលកាន់ ព្រះវស្សាដែរ ។ ចាប់តាំងពីថ្ងៃពេញបូណ៌មី ខែអាសាធ គឺមុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ គេសង្កេតឃើញមានភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម ។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្តនិមន្តចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជូនផលានិសង្ឃដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលធ្វើមរណភាពទៅហើយ ។ ដល់ថ្ងៃត្រង់ពួកឧទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ពេលល្ងាចព្រះសង្ឃសម្ដែងធម៌ទេសនាជាការស្រេច ។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀល គេធ្វើពិធីហែទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ ជុំជាមុន ទើបនាំទៀនចូលទៅគេវរទៀន រួចទើបអុជទៀននោះជាក្រោយ ។ នៅឱកាសនោះគេនិមន្តព្រះង្ឃឲ្យគង់តាមលំដាប់វស្សាចាស់-ខ្ចី ។ ព្រះសង្ឃដែលចាស់វស្សាជាងគេ ប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សាដែលមានថេរវេលា ៣ ខែ ឲ្យព្រះសង្ឃឯទៀតថាតាម ។
ក្នុងកំណត់រដូវចូលវស្សា ៣ ខែនោះ ព្រះសង្ឃពុំអាចនិមន្តទៅណាមកណាដូចពេលក្រៅវស្សាទេ ។ បើកាលណាមានកិច្ចពិសេសព្រះសង្ឃអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ដឬបើមានធុរៈញោមឈឺ ឬក៏ឧបជ្ឈាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពី ៧ ថ្ងៃ ។ មុននឹងចេញទៅលោកត្រូវទៅទូលលោកគ្រូជាមេវត្តសិន ដោយសន្យានិងលោកថា នឹងវិលមកវិញឲ្យទាន់មុនអារុណរះនៃថ្ងៃទី ៧ មិនខាន ។ ដល់ពេលត្រឡប់ចូលទីអារាមវិញភ្លាម ត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណាង ។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាល វេលា ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធនោះ លោកអាចចូលបច្ឆិមិតវស្សាបាន គឺលោកចូលនៅថ្ងៃ ១ រោជ ខែស្រាពណ៍ ហើយត្រូវគិតវស្សាឲ្យគ្រប់ ៣ ខែដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ ១ រោជ ខែកត្តិក ៕ (ស៊ីអ៊ីអិន)

No comments:
Post a Comment