ព្រៃវែងៈបន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយ ពីជីវិតគ្មាន ទីពឹង របស់លោកយាយ មុំ បឹង ដែលមានវ័យ៦៨ឆ្នាំ និងមានជំងឺជាប់កាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនោះ នាពេលនេះ មានសប្បុរសជាច្រើន បានមកជួយឧបត្ថម្ភជាបន្តបន្ទាប់ ។
ជាក់ស្តែងនាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ មូលនិធិបច្ច័យ ចំនួន១០០ដុល្លារ ដែលជាទឹកចិត្ត ជួយ ឧបត្ថម្ភ រួមគ្នា របស់ព្រះសង្ឃ និងសប្បុរសជនខែ្មរ រស់នៅសាធារណរដ្ឋកូរ៉េ រួមមាន ភិក្ខុ រិន សារ៉ូ, ភិក្ខុ ពៅ សុភ័ក្តិ , លោក ហុង ស៊ីទិត្យ, លោក ម៉ាច សុលី, លោករិទ្ធ ធូ, លោក សុខ ម៉េង, លោក រស់ សុវណ្ណ , លោក ឆិន ឆេង , លោក សុខ ផល្លី, លោក រី កៅ , លោកស៊ុយ ចំរើន និងលោក វង្សមុនីរ័ត្ន ត្រូវបាន ចូលរួម និងនាំយក តាមរយៈព្រះតេជគុណ តក់ តី គង់នៅវត្តឧណ្ណាលោម មកឧបត្ថម្ភដល់ លោកយាយ កំសត់ ដែលកំពុងដង្ហោយរកជំនួយ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP)។
គួរបញ្ជាក់ថា ដូនចាស់ មុំ បឹង មានជីវភាពយ៉ាងក្រលំបាក ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុងភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជ ខេត្ដព្រៃវែងគ្មានទីពឹងច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមានជំងឺទៀតផង ហើយបច្ចុប្បន្នបានប្រជាពលរដ្ឋនៅក្បែរខាង និងក្រុមការងារ គណបក្ស ប្រជាជន ជួយឧបត្ថម្ភមួយចំនួនដល់លោកយាយ។ យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្នរស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និង ការឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕
No comments:
Post a Comment