ភ្នំពេញៈ ដោយមើលឃើញ ពីទុក្ខលំបាកវេទនា របស់លោកយាយ ម៉ា មួយ ដែលរស់នៅ តែម្នាក់ឯង នៅ ក្នុងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយគ្មានកូនចៅ ជាទីពុំនាក់អាស្រ័យនោះ សម្បុរជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១២ កន្លងទៅ បាននាំយក ថវិកា មួយចំនួន តាមរយៈព្រះតេជគុណ មួយអង្គ គង់នៅវត្តឧណ្ណាលោម ដើម្បីឧបត្ថម្ភដល់ លោកយាយកំសត់៕
ថវិកាទាំងអស់ មានចំនួន១០០ដុល្លារ ដែលជាការរ៉ៃអង្គៀស របស់ព្រះសង្ឈ និងសប្បុរជនខ្មែរ នៅប្រទេសកូរ៉េ រួមមាន ព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ ពៅ សុភ័ក្តិ ព្រះតេជគុណ តក់ តី (គង់នៅវត្តឧណ្ណាលោម) លោក ហុង ស៊ីទិត្យ លោក ម៉ាច សុលី លោក រិទ្ធ ធូ លោក សុខ ម៉េង លោក រស់ សុវណ្ណ លោក ឆិន ឆេង លោក សុខ ផល្លី លោក រី កៅ លោក ស៊ុយ ចំរើន និងលោក វង្ស មុនីរ័ត្ន ។
គួរបញ្ជាក់ថា លោកយាយម៉ា មួយ អាយុ៧៥ឆ្នាំ រស់នៅតែម្នាក់ឯង គ្មានទីពឹង នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយលំបាកវេទនា ក្នុងខ្ទមកម្សត់ទំហំ១ម៉ែត្រកន្លះ បួនជ្រុងប៉ុណ្ណោះ និង ពុំសូវមានអាហារ បរិភោគគ្រប់គ្រាន់ឡើយ ។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន ពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏មានសប្បុរសជនមួយចំនួន បានចូលរួមឧបត្ថម្ភ ក្នុងនោះមានដូចជា លោកស្រី យឹម ណារ៉េត ប្រធានអគ្គិសនីខេត្តពោធិ៍សាត់ ផ្តល់ជាថវិកា សម្រាប់ផ្គត់ផ្គង់ ជីវភាព ១០ម៉ឺនរៀល ជារៀងរាល់ខែ ចៅក្រមសាលាដំបូង ខេត្តសៀមរាប លោក ហុក ពៅ បានផ្តល់ ថវិកាចំនួន ៤០ដុល្លារផងដែរ និងសប្បុរសជនមួយចំនួនទៀត។
យោងតាម សម្តី លោកស្រី ពិន សុភាព អាយុ៣៧ឆ្នាំ ជាអ្នករស់នៅជិតខាងខ្ទម លោកយាយ ទុរគត ខាងលើ បានថ្លែងថា លោក យាយ ម៉ា មួយ សព្វថ្ងៃ មានអាយុ៧៥ឆ្នាំ គាត់គ្មានកូនចៅ នោះទេ។ ហើយគាត់សព្វថ្ងៃ ប្រៀបបីដូចជា អ្នកពិការអីចឹង។ គាត់នៅក្នុងខ្ទម តែម្នាក់ឯង ហើយការទទួលទាន អាស្រ័យទៅលើអ្នកជិតខាង ជាអ្នកហុចបាយសម្លរ បង្អែម ជាដើម។ នៅពេលពួកគាត់ មានជំងឺ ដង្កាត់ផ្សេងៗ គឺអ្នកជិតខាង ដូចជាលោកស្រី និងក្រុមគ្រួសារ ជាអ្នកទិញ ថ្នាំសង្កូវជូនលោកយាយ ដើម្បីព្យាបាលជំងឺ ប្រចាំកាយរបស់គាត់ ៕
No comments:
Post a Comment