Saturday, August 3, 2019

គំរោងកសាងវត្តខ្មែរនៅប្រទេសកូរ៉េ (វត្តខ្មែរកូរ៉េខេមរារាម)


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
គំរោងកសាងវត្តខ្មែរនៅប្រទេសកូរ៉េ
(វត្តខ្មែរកូរ៉េខេមរារាម)
១. ចក្ខុវិស័យ
តាមរយៈបទពិសោធន៍រយៈពេល១៣ឆ្នាំក្នុងការរស់នៅ រៀនសូត្រ និងការប្រាស្រ័យទាក់ទងយ៉ាងស្អិតរមួតជាមួយបង ប្អូនពលករ ពលការិនី អ្នកមានគ្រួសារជាជនជាតិកូរ៉េ និងសិស្សនិស្សិតខ្មែរនៅក្នុងប្រទេសកូរ៉េ និងក្នុងបទពិសោធន៍រយៈពេល១១ឆ្នាំជាប្រធានមជ្ឈមណ្ឌលព្រះពុទ្ធសាស
នាខ្មែរ។
យើងខ្ញុំព្រះករុណា រួមទាំងបង ប្អូនខ្មែរបានឆ្លងកាត់រឿងរ៉ាវជាច្រើនដែលទាក់ទងដល់វិស័យព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងកិច្ចការសង្គមជាច្រើនទៀត មានដូចជាខ្វះកន្លែងប្រតិបត្តិសាសនា ខ្វះកន្លែងជួបជុំ ខ្វះកន្លែងធ្វើបុណ្យសុន្ទរទានតាមប្រពៃណី ខ្វះកន្លែងបង្ហាញពីមោទនៈភាព និងអត្តសញ្ញាណក្នុងនាមជាជាតិសាសន៍ខ្មែរអ្នកគោរពយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា​ ខ្វះកន្លែងឲ្យព្រះសង្ឃសាវក សមណៈនិស្សិតស្នាក់អាស្រ័យនៅរៀនសូត្រឲ្យបានសមរម្យ ខ្វះកន្លែងសម្រាប់ទទួលបដិសណ្ឋារៈព្រះសង្ឃ ភ្ញៀវជាជនជាតិខ្មែរ និងភ្ញៀវជាជនជាតិបរទេស និងខ្វះកន្លែងស្នាក់អាស្រ័យរបស់បង ប្អូនពលករ ពលការិនី អ្នកមានគ្រួសារកូរ៉េ សិស្សនិស្សិត ពេលមានវិបត្តិផ្សេងៗដូចជាពេលប្តូរការងារ ពេលមានជំងឺដង្កាត់ ពេលត្រូវថៅកែធ្វើបាបបណ្តេញចេញពីរោងចក្រ ពេលត្រូវការជំនួយផ្នែកច្បាប់ ពេលត្រូវការកន្លែងរៀនសូត្រ ឬដំណោះស្រាយបញ្ហាផ្លូវកាយ ផ្លូវចិត្តផ្សេងៗទៀត។
យោងតាមបទពិសោធន៍ ការជួបប្រទះ និងរឿងរ៉ាវប្រឈមនានាកន្លងមក ព្រះសង្ឃ បង ប្អូនពុទ្ធបរិស័ទខ្មែរប្រមាណជាជាង៦០.០០០នាក់ដែលកំពុងរស់នៅ ធ្វើការងារ រៀនសូត្រ និងប្រកបអាជីវកម្មនៅក្នុងប្រទេសកូរ៉េ បានស្វះស្វែង គិតពិចារណា និងមូលមតិគ្នាថា នៅប្រទេសកូរ៉េចាំបាច់ត្រូវមានវត្តអារាមតាមបែបប្រពៃណីខ្មែរយ៉ាងហោចណាស់មានមួយសម្រាប់បម្រើសេចក្តីត្រូវការចាំ
បាច់ និងបំពេញកង្វះខាតដូចបានរៀបរាប់ក្នុងកថាខ័ណ្ឌខាងលើ។

២. បេសកកម្ម
យោងតាមលក្ខ័ន្ធច្បាប់ជាធរមានរបស់ប្រទេសកូរ៉េ រាល់សកម្មភាពរបស់អង្គការ សមាគម សហជីពជនបរទេសត្រូវចុះបញ្ជីជាផ្លូវការក្នុងស្ថាប័នមានសមត្ថកិច្ចប្រទេសកូរ៉េទើបអាចធ្វើសកម្ម
ភាពបាន។
ដើម្បីអាចអនុវត្តគំរោងកសាងវត្តខ្មែរនៅប្រទេសកូរ៉េឲ្យស្របតាមគោលការណ៍ច្បាប់ជាធរមានបាន ព្រះសង្ឃ ពុទ្ធបរិស័ទ បង ប្អូនខ្មែរនៅប្រទេសកូរ៉េបានអនុវត្តគោលការណ៍ និងគំរោងជាជំហ៊ានៗដូចតទៅ៖
១. តាមរយៈមជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ ព្រះសង្ឃ គណៈកម្មការ សមាជិក សមាជិកា ពុទ្ធបរិស័ទខ្មែរ បានព្យាយាមអស់រយៈពេលជិត២ឆ្នាំដើម្បីចុះបញ្ជីពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៨ ដោយបានដាក់ឈ្មោះថា៖ ពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ 주한 캄보디아불교협회Cambodian Buddhist Association in Korea
២. បន្ទាប់ពីបានទទួលចុះបញ្ជីពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េជាផ្លូវការដោយមានលេខសម្គាល់ ៦០៨-៨២-៧៨៨៦០រួចហើយ ព្រះសង្ឃ ពុទ្ធបរិស័ទ បង ប្អូនបានមូលមតិគ្នាបង្កើតគណៈកម្មការបណ្តោះអាសន្នមួយ ហើយទាក់ទងតាមរយៈក្រុមហ៊ុនអចលនៈទ្រព្យកូរ៉េឲ្យគេជួយណែនាំ រកមើលទីតាំងសមរម្យដែលអាចកសាងជាវត្តអារាមបែបខ្មែរមួយ។​ហើយទីកន្លែងត្រូវនៅទីតាំងមួយដែលអា
ចជៀសវាងកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍នៃប្រជាជនកូរ៉េពេលធ្វើកម្មវិធីបុណ្យសុន្ទរទាន ឬការជួ
បជុំតាមបែបប្រពៃណីផ្សេងៗ។
ដោយប្រើពេលវេលាជាង៣ខែដើម្បីស្វែងរកទីតាំងសមរម្យ អាចកសាងជាវត្តខ្មែរមួយបាន ពួកគណៈកម្មការបណ្តោះអាសន្នបានដើររកមើលដីចំនួន១៨កន្លែង ក្នុងក្រុងចំនួន៦ ដែលស្ថិតនៅក្បែរក្រុងសេអ៊ូល ហើយជាកន្លែងដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេបំផុត។ បន្ទាប់ពីដើរស្វែងរកមើលទីតាំងច្រើនកន្លែងរួចហើយ គណៈកម្មការបានមូលមតិគ្នាថា កន្លែងមួយនៅស្រុកម៉ែសុង ក្រុងហ្វាសង់ ខេត្តក្យង់គីដូ ភាគខាងត្បូងក្រុងសេអ៊ូល ជាកន្លែងសមរម្យអាចធ្វើជាទីតាំងកសាងវត្តខ្មែរបានហើយ។
ដីមានទំហំប្រមាណជា១២០០ម៉ែត្រការ៉េ មានផ្លូវចូលពីខាងមុខ ហើយនៅផ្នែកខាងក្រោយ មានទូលភ្នំមានដើមឈើធំៗ ហើយកណ្តាលដីនោះមានអាគារទំហំប្រហែលជា១២០ម៉ែត្រការ៉េស្រា
ប់សម្រាប់យើងអាចប្រើធ្វើជាទីតាំងវត្តខ្មែរបណ្តោះអាសន្នបាន ហើយនៅជុំវិញមានដីអាចធ្វើកម្មវិធីបុណ្យទាន និងការជួបជុំបានយ៉ាងងាលស្រួល។ហើយទីតាំងនោះមានតម្លៃជាង៦០ម៉ឺនដុល្លា ដែលតម្លៃជាភាសាកូរ៉េ ៦អក់ ៥ឆន់ម៉ាន់វ៉ុន។​តែខាងគណៈកម្មការបានដកឃ្លាមកគិតគូរស្វែងរកថវិកា ប្រាក់កាសដើម្បីអាចជាវដី និងអាគារយកមកធ្វើជាទីតាំងបង្កើតវត្តខ្មែរ។
៣. បន្ទាប់ពីបានស្វែងរកឃើញទីតាំងសមរម្យអាចបង្កើតជាទីតាំងវត្តខ្មែរមួយបានហើយ ខាងគណៈកម្មការបានព្រមព្រៀងគ្នាថា នឹងបង្កើតជាគណៈកម្មការផ្លូវការមួយដែលមានសមាសភាពមកពីព្រះសង្ឃ បណ្តាញពលករ ពលការិនី សមាគមខ្មែរ សមាគមនិស្សិត​  អ្នកមានគ្រួសារកូរ៉េ អាជីវករ អ្នកមានសទ្ធា និងសប្បុរសជនជាច្រើននាក់ ដោយមានក្រុមប្រឹក្សាភិបាលចំនួន៦រូប(ប្រាំមួយរូប) ប្រធា
នគណៈកម្មការប្រតិបត្តិ ប្រធានអនុគណៈកម្មការ ចំនួន៥មានសមាជិកសរុប៣០រូប(សាមសិបរូប)សម្រាប់ទទួលបន្ទុករដ្ឋបាល ផ្សព្វផ្សាយ ទំនាក់ទំនង និងស្វែងរកបច្ច័យ ថវិកាក្នុងការជាវដីកសាងវត្តខ្មែរនេះឲ្យទទួលបានជោគជ័យតាមគំរោង និងសេចក្តីប្រាថ្នាចង់បានរបស់បង ប្អូនខ្មែរជាច្រើនដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ។
៤. គណៈកម្មការកសាងវត្តខ្មែរនៅកូរ៉េ ចាប់ផ្តើមបង្កើតគណនេយ្យធនាគារជាផ្លួវការរបស់ខ្លួនដោយដាក់ឈ្មោះថា ធនាគារពុទ្ធិកសមាគមខ្មែរដើម្បីទទួលយកបច្ច័យ ថវិកាដែលបង ប្អូនពុទ្ធបរិស័ទ អ្នកមានសទ្ធាជ្រះថា្ល និងសប្បុរសជននានាបានចូលរួមដោយមានការត្រួតពិនិត្យពីក្រុមប្រឹក្សាភិបាល ប្រធានប្រតិបត្តិ ហិរញ្ញិក និងសមាជិក សមាជិកាយ៉ាងយកចិត្តទុកដាក់បំផុត។

៣. គោលដៅ
ដើម្បីឲ្យការអនុវត្តគំរោងស្ថាបនាវត្តខ្មែរឲ្យទទួលបានជោគជ័យ គណៈកម្មការកសាងបានដាក់ទិសដៅផ្សព្វផ្សាយ ជូនដំណឹង គៀងគរ រៃអង្គៀសបច្ច័យ ថវិកាចំនួន៤ទិសដៅធំៗគឺ៖
១. ធ្វើការចុះជួប និងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបទូលំទូលាយពីភាពចាំបាច់នៃការមានវត្តអារាមបែបខ្មែរដល់បង ប្អូន ពុទ្ធបរិស័ទ ពលករ ពលការិនី និងសប្បុរសជនខ្មែរដែលមានចំនួនដល់ទៅជិត៧០០០០នាក់(ប្រាំពីរម៉ឺននាក់)កំពុងរស់នៅ ធ្វើការងារ រៀនសូត្រ និងប្រកបអាជីវកម្មក្នុងប្រទេសកូរ៉េ។
២.  ធ្វើការចុះជួបដើម្បីទូល ពិតប្រគេន និងជំរាបជូនជាដំណឹងដល់ស្ថាប័នពាក់ព័ន្ធក្នុងកិច្ចការពុទ្ធសាសនា មានស្ថាប័នសម្តេចព្រះមហាសង្ឃរាជ គណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់អង្គ និងក្រសួងស្ថាប័នរដ្ឋនានា មានសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧុកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទខ្មែរនៅក្នុងប្រទេសកម្ពុជាឲ្យសម្តេច ព្រះសង្ឃ ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧុកញ៉ា  ពុទ្ធបរិស័ទលោកជួយដឹង ជួយឮ ជួយឧបត្ថម្ភ ជ្រោមជ្រេងដល់គំរោងកសាងវត្តខ្មែរជាប្រយោជន៍ពុទ្ធសាសនាខ្មែរ វប្បធម៌ខ្មែរ និងសង្គមខ្មែរនៅក្រៅប្រទេសដោយក្តីអនុគ្រោះ។
៣. ធ្វើការផ្សព្វផ្សាយប្រគេន និងជូនជាដំណឹងដល់ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេសមានប្រទេសអាមេរិច បារាំង អង់គ្លេស អូស្ត្រាលីជាដើមឲ្យលោកបានជ្រាប និងជួយឧបត្ថម្ភគំរោងកសាងវត្តខ្មែរនេះផងដែរ។
៤. ធ្វើការទាក់ទង និងជូនជាដំណឹងដល់ស្ថាប័នគណៈសង្ឃ ព្រះសង្ឃ វត្តអារាម ពុទ្ធបរិស័ទ សប្បុរសជនជាជនជាតិកូរ៉េដែលលោកមានសទ្ធាជ្រះថ្លាជួយចាប់មគ្គដំកល់ជាប្រយោជន៍ពុទ្ធសាស
នាបែបថេរវាទនៅក្នុងប្រទេសកូរ៉េផងដែរ។
៤. ការផ្សព្វផ្សាយ
ដើម្បីឲ្យមានការជ្រួតជ្រាប យល់ដឹងពីចក្ខុវិស័យ គោលបំណង និងបេសកកម្ម និងគំរោងកសាងវត្តខ្មែរនៅប្រទេសកូរ៉េ គណៈកម្មការកសាងបានរៀមចំកម្មវិធីផ្សព្វផ្សាយតាមរយៈការជួបជុំផ្ទាល់ជាមួយបងប្អូនខ្មែរក្នុងកម្មវិធីបុណ្យទាននានាក្នុងប្រទេសកូរ៉េ និងការចេញជាលិខិតអំពាវនាវ ជូនដំណឹង ចែកខិតប័ណ្ណ និងការចេញក្លិបវីដេអូខ្លីៗ ការផ្សព្វផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គមនានា។ហើយបេសកម្មបន្ត នឹងពង្រីកការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដោយការជួបពន្យល់ដោយផ្ទាល់ពីអត្ថប្រយោជន៍នៃការបង្កើតវត្ត  និងការចេញក្លិបវីដេអូអំពាវនាវ ពន្យល់ឲ្យបានជ្រួតជ្រាបទូរលំទូលាយទៅកាន់ពុទ្ធបរិស័ទខ្មែរនៅក្នុងប្រទេសកូរ៉េ ពុទ្ធបរិស័ទខ្មែរនៅក្នុងប្រទេសកម្ពុជា និងពុទ្ធបរិស័ទខ្មែរទូរទាំងសកលលោកឲ្យលោកជួយឧបត្ថម្ភ ជ្រោមជ្រេងជាបច្ច័យ ថវិកា គំនិតយោ
បល់ចំពោះគំរោងកសាងវត្តខ្មែរនេះឲ្យទទួលបានជោគជ័យទុកជាប្រយោជន៍សម្រាប់ព្រះពុទ្ធសាស
នា វប្បធម៌ អត្តសញ្ញាណជាតិ និងសង្គមខ្មែរជាអង្វែងតទៅ។

៥. ការអំពាវនាវ
ដោយមានក្តីសង្ឃឹម និងការជឿជាក់ថានឹងមានវត្តមានវត្តអារាមតាមបែបប្រពៃណីខ្មែរនៅលើទឹកដីនៃប្រទេសកូរ៉េនេះ បានជំរុញទឹកចិត្តព្រះសង្ឃ បង ប្អូនពុទ្ធបរិស័ទខ្មែរនៅប្រទេសកូរ៉េឲ្យពុះពារឆ្លងកាត់បញ្ហា និងការលំបាកជាច្រើនឥតគណនា។  ទោះបីបានជួបបញ្ហាប្រឈមជាច្រើនក៏ដោ
យព្រះសង្ឃពុទ្ធបរិស័ទ បង ប្អូនខ្មែរនៅកូរ៉េ នៅតែបណ្តុះជាប់ជានិច្ចក្នុងចិត្តថា នៅប្រទេសកូរ៉េចាំបាច់ត្រូវមានវត្តខ្មែរមួយដើម្បីជួយដោះស្រាយបញ្ហាដែលបានកើតមាន និងកំពុងកើតមាន និងបម្រើសេចក្តីត្រូវការចាំបាច់របស់ពុទ្ធសាសនា និងសហគមន៍ខ្មែរនៅក្នុងប្រទេសកូរ៉េ។
 តែទោះជាមានឆន្ទៈ និង ការតាំងចិត្តខ្ពស់យ៉ាងណា ក៏មិនអាចជៀសផុតពីការខ្វះខាតទាំងបច្ច័យ ថវិកា គំនិតយោបល់ កម្លាំងកាយ កម្លាំងចិត្ត ហើយត្រូវការជាចាំបាច់នូវការចូលរួមសាមគ្គី ការជួយជ្រោមជ្រេង ទំនុងបម្រុងពីគណៈសង្ឃនាយកពុទ្ធសាសនាខ្មែរ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ជាន់ថ្នាក់ និងការជួយជ្រោមជ្រេង ឧបត្ថម្ភពីស្ថាប័នរដ្ឋនានា មន្ត្រីរាជការកឧត្តម លោកជំទាវ ពុទ្ធបរិស័ទគ្រប់ទិសទីបានឡើយ។
ហេតុនេះយើងខ្ញុំទាំងអស់គ្នាជាគណៈកម្មការកសាងវត្តខ្មែរនៅប្រទេសកូរ៉េសូមអំពាវនាវដល់សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទខ្មែរគ្រប់ទិសទីជួយឧបត្ថម្ភជាបច្ច័យ ថវិកា គំនិតយោបល់ដោយសទ្ធាជ្រះថ្លា និងការអនុគ្រោះផង។

៦. សង្ខេប
ព្រះសង្ឃ បង ប្អូនពលករ ពលការិនី អ្នកមានគ្រួសារជនជាតិកូរ៉េ សិស្សនិស្សិត មិនមានកន្លែងជួបជុំប្រតិបត្តិសាសនា មិនមានកន្លែងធ្វើបុណ្យសុន្ទរទានតាមបែបប្រពៃណី មិនមានកន្លែងសម្រាប់ស្នាក់អាស្រ័យនៅពេលមានអាសន្នអន់ក្រ មិនមានកន្លែងសម្រាប់បង្ហាញណពីអត្តសញ្ញាណជាតិ។ល។
យោងតាមមូលហេតុខាងលើនេះហើយ ទើបព្រះសង្ឃ ពុទ្ធបរិស័ទបានមូលមតិគ្នាជាកច្ឆ័ន្ទថា នៅប្រទេសកូរ៉េចាំបាប់ត្រូវមានវត្តអារាមតាមបែបប្រពៃណីខ្មែរមួយហើយ ពីព្រោះប្រជាជនដែលម
កពីប្រទេសផ្សេងៗដែលកាន់ព្រះពុទ្ធសាសនាមករស់នៅក្នុងប្រទេសកូរ៉េដូចប្រទេសកម្ពុជាដែរ គេមានវត្តអារាមជាអត្តសញ្ញាណជាតិគេអស់ទៅហើយ នៅឡើយតែខ្មែរយើងមួយគត់ដែលមិនទាន់មាន។
ដើម្បីឲ្យគំរោងកសាងវត្តខ្មែរនៅក្នុងប្រទេសកូរ៉េ ហៅវត្តខ្មែរកូរ៉េខេមរារាម ទទួលបានជោគជ័យ និងដំណើរបានឆាប់រហ័ស ព្រះសង្ឃ ពុទ្ធបរិស័ទ បង ប្អូននៅប្រទេសកូរ៉េបានអនុវត្តគំរោងនិងដំណាក់កាលនៃការអនុវត្តដូចតទៅ៖ ១. បង្កើតនិងចុះបញ្ជីពុទ្ធិកសមាគខ្មែរនៅប្រទេសកូរ៉េ។ ២. បង្កើតគណៈកម្មការបណ្តោះអាសន្នដើម្បីស្វែងរកមើលទីតាំង។ ៣. បង្កើតគណៈកម្មការ និងអនុគណៈកម្មការផ្លូវការដើម្បីអនុវត្តគំរោង។ ៤. ទទួលយកថវិកា ហើយគ្រប់យ៉ាងម៉ត់ចប់បំផុតចំពោះបច្ច័យ ថវិកាដែលអ្នកសប្បុរសជន អ្នកមានសទ្ធាលោកបានជួយជាបន្តបន្ទាប់។ ៥. យកបច្ច័យថវិកាទៅជាវដី និងអាគារដែលគណៈកម្មការបានស្វែងរក និងគិតថាសមរម្យសម្រាប់កសាងជាវត្តខ្មែរបាន។ ៦. អនុវត្តគំរោងជាអទិភាពបន្តបន្ទាប់ទៅទៀត។ ហើយគោលដៅនៃការផ្សព្វផ្សាយដើម្បីស្វែងរកថវិកាមាន៤ទិសដៅគឺ៖ ១. ពុទ្ធបរិស័ទខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ ២. ពុទ្ធបរិស័ទនៅប្រទេសកម្ពុជា ៣. ពុទ្ធបរិស័ទនៅប្រទេសនានាមានអាមេរិចជាដើម ៤. ពុទ្ធបរិស័ទកូរ៉េនៅក្នុងប្រទេសកូរ៉េ។


                                                             ថ្ងៃអាទិត្យ ៩រោខ ខែអស្សុជ ព.ស២៥៦២               
                                                            ទីក្រុងសេអ៊ូល ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨
                                                                     ប្រធានពុទ្ធិកសមាគមខ្មែរនៅប្រទេសកូរ៉េ
                                                                                ភិក្ខុ ជយរក្ខិតោ រិន សារ៉ូ


No comments: