ប្រវត្តិពិធីស្រង់ព្រះពុទ្ធបដិមានៅក្នុងបុណ្យចូលឆ្នាំខ្មែរ
ដោយ កេសរណ្ណីយ្យា
2009-04-16
នៅថ្ងៃចុងក្រោយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពុទ្ធសាសនិកទាំងព្រះសង្ឃនិងគ្រហស្ថ តែងជួបជុំគ្នារៀបចំពិធីស្រង់ទឹកព្រះពុទ្ធបដិមាតូចធំនៅតាមទីវត្តអារាមនានា។
សៀវភៅ«ព្រះរាជពិធីទ្វារទសមាស» ច្បាប់បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៦៩ ដែលនិពន្ធចងក្រងដោយលោកឧកញ៉ា ទេពពិទូរ ក្រសេម, បណ្ឌិតទី១ នៅពុទ្ធសាសនបណ្ឌិត្យ បានសរសេរកត់ត្រាថា ព្រះរាជពិធីផ្សេងៗ ជាពិធីសម្រាប់ប្រចាំខែទាំង១២ តាមទំនៀមក្នុងព្រះបរមរាជវាំងនាជំនាន់ដើម មើលទៅសុទ្ធតែជាពិធីដែលប្រារព្ធធ្វើតាមលទ្ធិព្រាហ្មណ៍ទាំងអស់។ លុះក្រោយមកនៅពេលដែលខ្មែរត្រឡប់ចូលកាន់ពុទ្ធសាសនា ហើយក៏បាននាំយកពិធីនានាមករួបរួមធ្វើជាមួយគ្នានឹងទំនៀមការកុសលក្នុងព្រះពុទ្ធសាសនា រួមមានទាំងព្រះរាជពិធីសង្រ្កានឆ្នាំថ្មីផងនោះ ដោយលំដាប់តាំងពីខែចែត្រជាដើមទៅ។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ គង់នៅវត្ត«និគ្រោធវ័ន» ក្នុងឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមានថេរដីកាទាក់ទងនឹងពិធីស្រង់ព្រះតាមប្រពៃណីពុទ្ធសាសនា ដែលព្រះមហាក្សត្រខ្មែរ បានប្រារព្ធធ្វើតៗជំនាន់តាំងពីសម័យមហានគរមក។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ មានថេរដីកាដូច្នេះ ៖ «ក្នុងកម្មវិធីបុណ្យចូលឆ្នាំហ្នឹង ពិធីស្រង់ព្រះហ្នឹងជាពិធីមួយសំខាន់ ហើយតាមពិតពិធីស្រង់ព្រះនេះ បរមបុរាណយើងធ្វើតាំងពីសម័យយូរយារណាស់មកហើយ។ ឯកសារសៀវភៅទំនៀមទម្លាប់ខ្មែរបញ្ជាក់ថានៅសម័យមហានគរ ព្រះបាទជយវរ្ម័នទី៧ បានអារតនានូវព្រះពុទ្ធរូប ព្រះពុទ្ធបដិមា ២៥អង្គ ជាតំណាងខេត្តនីមួយៗរបស់មហានគរហ្នឹងចូលមកក្នុងរាជធានីអង្គរដើម្បីធ្វើពិធីស្រង់ព្រះនៅក្នុងពេលចូលឆ្នាំនេះផងដែរ ដើម្បីបាននូវសិរីសួស្ដីកម្មវិធីចូលឆ្នាំ។ ហើយពេលដែលចប់កម្មវិធីបុណ្យស្រង់ព្រះនេះហើយ ក៏អារតនាព្រះពុទ្ធរូបមួយព្រះអង្គតាមបណ្ដាខេត្តមួយៗហ្នឹងត្រឡប់ទៅកាន់ខេត្តនីមួយៗវិញ»។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោ ដែលព្រះអង្គបានស្ម័គ្របម្រើការជាប្រធានគណៈកម្មការបច្ចេកទេស នៃពុទ្ធិកបណ្ឌិត្យសភា នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់ទៅលើគម្រោងកម្មវិធីនានាផ្នែកព្រះពុទ្ធសាសនា តាមរយៈការបោះពុម្ពសៀវភៅនិងផ្សព្វផ្សាយតាមវិទ្យុជាដើមនោះ បានមានសង្ឃដីកាបន្ថែមអំពីប្រវត្តិនៃពិធីស្រង់ព្រះក្នុងទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតមកទល់បច្ចុប្បន្ននេះ។
ភិក្ខុ គូ សុភាព វជិរប្បញ្ញោមានសង្ឃដីកាបន្ថែមដូច្នេះ ៖ «ក្នុងសាស្រ្តាស្លឹករឹតនិងសៀវភៅទំនៀមទម្លាប់ខ្មែរដែលយើងដកស្រង់មកហ្នឹង បានរៀបរាប់ប្រាប់ថា ព្រះបាទ បសេន ទីកោសល ដែលសោយរាជ្យនៅក្នុងជំនាន់ព្រះសម្មាសម្ពុទ្ធ ក្នុងពេលដែលចូលឆ្នាំមកដល់ហ្នឹង ក៏អារតនាព្រះសម្មាសម្ពុទ្ធជាមួយនឹងព្រះភិក្ខុសង្ឃ ស្រង់ព្រះ និងស្រង់ព្រះភិក្ខុសង្ឃផងដែរ ដើម្បីបានសិរីសួស្ដីក្នុងពិធីបុណ្យចូលឆ្នាំហ្នឹង។ ឯក្នុងឯកសារដើមទាក់ទងនឹងគម្ពីរព្រះត្រៃបិដកនោះ ដែលមានចារជាភាសាខ្មែរយើងចំនួន ១១០ពាក្យហ្នឹង ខ្ញុំករុណាអាត្មាភាពស្វះស្វែងរកជាគោលការណ៍សំខាន់ដែរ ប៉ុន្តែដូចជាមិនទាន់ឃើញច្បាស់លាស់ថាមាននៅក្នុងព្រះសូត្រមួយណា ព្រះវិន័យមួយណា ឬក៏ព្រះអភិធម្មមួយណាទេ»។
ចំណែកភិក្ខុមួយអង្គទៀតព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ ដែលជាព្រះវិន័យធរ និងព្រះគ្រូធម្មាចារ្យ ខាងផ្នែកវិបស្សនាធុរៈ គង់នៅវត្ត«នន្ទមុនី» ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានថេរដីកាអំពីគោលគំនិតរបស់ដូនតាចាស់ទុំ និងអ្នកប្រាជ្ញបណ្ឌិតខាងពុទ្ធសាសនាខ្មែរ ដែលរៀបចំដាក់បញ្ចូលពិធីស្រង់ព្រះពុទ្ធបដិមាទៅក្នុងទិវាបុណ្យចូលឆ្នាំថ្មីរបស់ជាតិ។
ភិក្ខុព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ មានថេរដីកាដូច្នេះ ៖ «ពិធីស្រង់ព្រះពុទ្ធបដិមាក្នុងបុណ្យប្រពៃណីជាតិចូលឆ្នាំនេះ ធ្លាប់ចូលទៅក្នុងធម៌កតញ្ញូកតវេទី។ ពាក្យថាកតញ្ញូកតវេទីហ្នឹងមានសេចក្ដីថាបុគ្គលហ្នឹងអ្នកដឹង ដឹងនូវឧបការគុណ អ្នកដែលធ្វើពីមុនហើយ បានធ្វើតបទៅវិញ។ ហើយចំណែកខាងដូចជាមាតាបិតា ឬក៏ព្រះសម្មាសម្ពុទ្ធអ៊ីចឹង គឺជាឧបការីជន ជនដែលមានគុណបំណាច់មកលើយើងទាំងអស់គ្នាខាងដើម។ ដល់អ៊ីចឹងហើយបុគ្គលត្រូវដឹងគុណដល់អ្នកដែលមានគុណ ក៏ដូចជានៅក្នុងសង្គមមនុស្សទាំងមូលហ្នឹងដើម្បីឲ្យបានការសាមគ្គីគ្នា ឲ្យជាអ្នកដឹងគុណូបការៈរបស់បុព្វការីជនហ្នឹង អាហ្នឹងបានប្រយោជន៍នៅត្រង់ហ្នឹងឯង ហើយក៏ជាការសង្រ្គោះទៅដល់គ្នានិងគ្នាឲ្យកើតមហាសាមគ្គីហ្នឹង»។
ភិក្ខុ អ៊ឹម ឡុង លង្កិសរធម្មោ បានមានសង្ឃដីកាបញ្ជាក់បន្ថែមអំពីអត្ថន័យនៃពិធីស្រង់ព្រះ ក្នុងនោះរួមមានទាំងការប្រតិបត្តិថែទាំផ្គត់ផ្គង់លោកអ្នកមានគុណ គឺមាតាបិតាដែលជាព្រះរស់ នៃកូនចៅប្រុសស្រីដែលបុត្រធីតាគប្បីធ្វើជាប្រចាំ។
ភិក្ខុព្រះនាម អ៊ឹម ឡុង លង្កិសរធម្មោ មានសង្ឃដីកាបន្ថែមដូច្នេះ ៖ «ពិធីស្រង់ព្រះហ្នឹងគឺជាការមួយដែលត្រូវសម្អាត ត្រូវតបគុណ ត្រូវសងគុណ។ តាមពិតមិនចាំបាច់ដល់ទៅពេលចូលឆ្នាំហ្នឹងបានធ្វើទេ ត្រូវតែសម្អាតជារៀងរហូតព្រោះជាទីសក្ការៈដែលត្រូវរំឭកដល់គុណហ្នឹងដូចជាមាតាបិតាហ្នឹង សូម្បីតែគាត់នៅរស់ក្ដី គាត់នៅក្មេងក្ដីក៏ត្រូវតែធ្វើតអ៊ីចឹង។ ប៉ុន្តែដោយសារតែទំនៀមទម្លាប់យកទៅភ្ជាប់នឹងខាងចូលឆ្នាំមួយឆ្នាំម្ដងអ៊ីចឹង ក៏យកពេលហ្នឹងធ្វើពិធីស្រង់ព្រះ ហើយព្រះអង្គទ្រង់សម្ដែងដូចជាពិធីបុណ្យចម្រើនព្រះជន្មដល់មាតាបិតាអ៊ីចឹង គឺយកពិធីស្រោចទឹកហ្នឹង ដែលពាក្យថាអភិសេក។ ហើយភិសេកៗហ្នឹងប្រែថាពិធីស្រោចស្រពតម្កុំតម្កើងលើកឡើងប្រសិទ្ធីឲ្យមានតម្លៃ លើកឡើងជាទីសក្ការៈ ទីគោរពអ៊ីចឹងទៅមក»។
នៅក្នុងសៀវភៅ«ព្រះរាជពិធីទ្វារទសមាស» ដែលជាការបោះពុម្ពផ្សាយលើកទី១៣ របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យខ្មែរ លោកឧកញ៉ា ទេពពិទូរ ក្រសេម បានសរសេរបង្ហាញអំពីទំនៀមជារាជកិច្ចរបស់ព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ ដែលតែងតែប្រារព្ធពិធីស្រង់ទឹកប្រគេនព្រះសង្ឃនៅក្នុងបរិវេណព្រះបរមរាជវាំងនាវេលាម៉ោងប្រមាណ ២ រសៀល ក្នុងថ្ងៃទី២ នៃពិធីសង្ក្រាន្តឆ្នាំថ្មី។
ក្រៅពីនោះ លោកឧកញ៉ា ទេពពិទូរ ក្រសេម ក៏បានដកស្រង់ពីគម្ពីរបុរាណទាក់ទងនឹងពុទ្ធសាសនា ដែលមានចែងរហូតដល់ការផ្ងូតទឹកជូនមាតាបិតា គ្រូឧបជ្ឈាយ៍ និងគ្រូអាចារ្យជាដើម ក្នុងឱកាសនៃពិធីសង្ក្រាន្តនៃការផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះ ដែលចាត់ទុកថាជាការប្រព្រឹត្តអំពើល្អ ដែលជាបុណ្យកុសល ជាការសង្គ្រោះដ៏ប្រពៃ ដោយការបរិច្ចាគទានជាទឹក ដែលជីវិតមនុស្សសត្វត្រូវការជាចាំបាច់៕

ប្រភព: វិទ្យុអាស៊ីសេរី
No comments:
Post a Comment