Tuesday, April 14, 2009

ជនកុហកនឹងមិនចំរើនក្នុងអរិយវិន័យនេះទេ



កុហា ថទ្ធា លបា សិង្គី ឧន្នឡា បាសមាហិតា, ន តេ ធម្មេ

វិរូហន្តិ សម្មាសម្ពុទ្ធទេសិតេ ។ពួកជនណាកុហក រឹងត្អឹង

និយាយអែបអប មានកិលេសដូចស្នែង តម្លើងមានះ

មានចិត្តមិនតាំងមាំ, ពួកជននោះរមែងមិនលូតលាស់

ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ។«អង្គុត្តរនិកាយ

ចតុក្កនិបាត»អធិប្បាយពាក្យថា «កុហក» ប្រែថាសំដីមិនពិត,
សំដីមិនមែន, បានខាងអំពើដែលនិយាយវៀចវេរ គឺខ្លួន
មិនឃើញថា
ឃើញ មិនឮថាឮ មិនដឹងថាដឹង ដោយគំនិតប្រុង
នឹងឲ្យគេចូលចិត្តខុស ទោះបីអ្នកដែលស្តាប់នោះគេជឿក្តី
មិនជឿក្តីក៏ហៅថាសំដីវៀចវេរទាំងអស់ ។ សំដីខ្លះធ្វើអ្នក
ដទៃឲ្យវិនាសជីវិតក៏មាន ឲ្យវិនាសទ្រព្យសម្បត្តិក៏មាន ឲ្យ
កើតសេចក្តីលំបាកផ្សេងៗក៏មាន ។ សំដីកុហកនេះទុកជា
អ្នកស្តាប់មិនជឿ មិនធ្វើតាម ខ្លួនឯងក៏ឈ្មោះថានិយាយវៀច ហើយជាហេតុនាំឲ្យអ្នកដទៃគេមិនជឿពាក្យសំដីរបស់ខ្លួន
ទៅទាំងអស់ បើគេដឹងថាអ្នកនោះធ្លាប់និយាយកុហកហើយ ថ្ងៃក្រោយសូម្បីនិយាយត្រង់ក៏គេមិនសូវជឿ ។ សំដីកុហកនេះ បើមានកំលាំងច្រើនក៏អាចឃើញទោសក្នុងបច្ចុប្បន្ន ដូចនាងចិញ្ចាមាណវិកាដែលពោលបង្កាច់ព្រះបរមសាស្តា
ហើយធរណីស្រូបអោយធ្លាក់ទៅកើតក្នុងអវិចីមហានរក
ដូច្នោះឯង ។ពាក្យថា «រឹងត្អឹង» បានដល់អាកប្បកិរិយា
របស់មនុស្សជំពូកខ្លះដែលមិនមានរបៀបរៀបរយមិនជឿ
ស្តាប់ដំបូន្មាន មិនមិនប្រព្រឹត្តតាម មិនអើពើ, មិនយកចិត្ត
ទុកដាក់, មិនសិក្សារៀនសូត្រ ។ បើផ្នែកខាងគ្រហស្ថបាន
ដល់អ្នកដែលមិនប្រព្រឹត្ត ឬមិនធ្វើតាមរាជបញ្ញត្តិ ។ បើផ្នែកខាងបព្វជិតវិញបានដល់ភិក្ខុដែលរប៉ិញរបុញមិន
ប្រព្រឹត្តតាមពុទ្ធប្បញ្ញត្តិ ឬក៏សង្ឃប្បញ្ញត្តិប៉ុណ្ណេះជាដើម
ហៅថារឹងត្អឹង ។ពាក្យថា «និយាយអែបអប»
បានដល់ចរិយារបស់មនុស្សជំពូកខ្លះដែលចូលចិត្ត
និយាយចាក់បណ្តោយលើកជើងបញ្ជោរអួតសេរសើរ
ចំពោះបុគ្គលណាមួយក្នុងទីចំពោះមុខ ហើយនិយាយ
បន្តុះបង្អាប់ដល់គុណសម្បត្តិរបស់អ្នកដទៃ,ឧទាហរណ៍ ដូចជាបុគ្គលណាម្នាក់ដែលមានទ្រព្យសម្បត្តិនិងយសសក្តិបរិវារ ហើយមានបុគ្គលរូបណាម្នាក់ផ្សេងទៀតបាននិយាយថា
មានតែតេជគុណនេះទេដែលគេស្រលាញ់ គេសរសើរ
មានមេត្តាធម៌ដល់អ្នកដទៃ ជួយសង្គ្រោះគេ គឺជួយផ្ចុងផ្តើមគេ គឺនិយាយលលើកាប់ក្រោមបញ្ជោរអួតសរសើរ
យ៉ាងនេះហៅថា និយាយអែបអប ។ពាក្យថា
«មានកិលេសដូចជាស្នែង» បានដល់និស្ស័យរបស់មនុស្សជំពូកខ្លះ ដែលច្រលើសបើសច្រឡោងខាមខ្មាំងមឹលស៊ីមឹង
ទទឹងទាស់ ជាទុព្វច្ចជាតិកៈ ប្រដៅក្រ មិនធ្វើតាមមិន
ប្រព្រឹត្តតាម មិនចុះសម្រុង គឺជាមនុស្សល្ងង់
មនុស្សបំព្រៃលោក ជាមនុស្សច្រងេងច្រងាងចម្រូងចម្រាស
ទទឹងទាស់ក្នុងពួកបក្ស គណៈ ក្រុម សង្គម បន ហ្វូង,
ប៉ុណ្ណេះជាដើមហៅថាមានកិលេសដូចជាស្នែង ។
ពាក្យថា «តម្លើងមានះ» បានដល់មនុស្សប្រភេទខ្លះដែល
ប្រកាន់ឬកពារក្រអឺតក្រទមទៅរកបុគ្គលដែលមាន
បុណ្យសក្តិតូចតាច ឬអ្នកក្រីក្រ ដោយលើយកចំណេះវិជ្ជា
ឬគោត្រត្រកូល ឬក៏ទ្រព្យសម្បត្តិមកជាត្រីមុខ,
អ្នកណាប្រកាន់យកមានះធម៌នេះ តែងនាំមកនូវ
សេចក្តីវិនាសគ្រប់យ៉ាង សមដូចព្រះពុទ្ធដីកា
ក្នុងបរាភវសូត្រថា៖ជាតិត្ថទ្ធោ ធនត្ថទ្ធោ
គោតត្ថទ្ធោ ច យោ នរោ, សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោមុខំ ។
អ្នករឹងរូសប្រកាន់ជាតិទ្រព្យត្រកូល ហើយមើលងាយ
ញាតិសន្តានរបស់ខ្លួន (ដោយអាងខ្លួនមាន) នោះជា
ប្រធាននៃសេចក្តីវិនាស ។ម្យ៉ាងទៀត ពាក្យថា«មានះ»
ស័ព្ទនេះប្រែថា ការប្រកាន់ខ្លួន, ការរឹងរូស, ការប្រព្រឹត្តចចេស,
ការឆ្មើងឆ្មៃ, ការប្រកាន់ឬកក្រអឺតក្រទម ។
សេចក្តីប្រកាន់ខ្លួនថាជាអ្នកលើសគេ ជាអ្នកស្មើនឹងគេ
ជាអ្នកថោកទាបជាងគេនោះ កំណត់ដោយជាតិ
គោត្រត្រកូល រូបសម្បត្តិ ទ្រព្យសិល្បវិទ្យាជាដើមហៅថា
«មានះ» ។ មានះនេះលោករាប់ថាជាកិលេសមួយដែលអាច
ញ៉ាំងចិត្តរបស់មនុស្សឲ្យមានសេចក្តីសៅហ្មងក្នុងរវាងគ្នានឹងគ្នា ជាហេតុនាំឲ្យបែកសាមគ្គីធម៌របស់ជនរួមជាតិក្តីរបស់ជនជាតិបរទេសក្តី ជាកិលេសប្រព្រឹត្តទៅដើម្បីបង្ខូចនូវប្រយោជន៍របស់ជាតិ សាសនា
បានដោយពិត ។ មានះទាំងនេះចាត់ជាបហាតព្វធម៌ គឺជាផ្នែកខាង
ធម៌ដែលត្រូវលះបង់ឲ្យស្រឡះចេញ ។ពាក្យថា «មានចិត្តមិនតាំងមាំ» បានដល់បុគ្គលដែលមានចិត្តមិននឹងន, មានចិត្តមិនតាំងស៊ប់ សំដៅយកបុគ្គលដែលប្រកបកិច្ចការមិនពិតប្រាកដ ។
ពួកជនណាកុហក រឹងត្អឹង និយាយអែបអប មានកិលេសដូចជាស្នែង
តម្លើងមានះមានចិត្តមិនតាំងមាំ ពួកជននោះរមែងមិនលូតលាស់ មិនចម្រើនក្នុងធម្មវិន័យដែលព្រះសម្ពុទ្ធទ្រង់សំដែងហើយ
(ដកស្រង់ពីព្រះអង្គធម្មានន្ទ)

No comments: