Tuesday, April 14, 2009

តុល្យការនៃបញា​និង​ករុណាធម៌

បញ្ញាត្រូវថ្លឹងឲ្យស្មើនឹងករុណាធម៌ជានិច្ច ។ តែករុណាធម៌ត្រូវថ្លឹងឲ្យស្មើ

នឹងបញ្ញាដែរ ។ យើងមិនអាចមានសន្តិភាពប្រសិនបើយើងមិន

បានថ្លឹងថ្លែងធម៌ទាំងពីរនេះអោយមានតុល្យភាពគ្នា ខ្ញុំនឹងលើករឿងបីមកឆ្លុះបញ្ចាំងជូនៈថ្ងៃមួយមានស្តេចនាគកំណាចមួយ បានជួបព្រះពោធិសត្វតាមដងផ្លូវ ។ ព្រះពោធិសត្វបានទូន្មានស្តេចនាគថា

«ម្នាលកូនប្រុស! ចូរអ្នកកុំសម្លាប់សត្វ អ្នកត្រូវរក្សាសីល៥ អស់មួយជីវិត

អ្នកនឹងបានជួបសេចក្តីសុខ» ។ កាលបើបានស្តាប់នូវដំបូន្មានខ្លះៗ

ពីព្រះពោធិសត្វហើយ ស្តេចនាគកំណាចនោះក៏ប្រែទៅជាសត្វស្លូតបូត ។ពួកក្មេងគង្វាលគោនៅតាមជើងភ្នំហិម៉ាល័យ តែងតែមានការភ័យ

ខ្លាចសត្វនាគនោះជានិច្ច ប៉ុន្តែនៅពេលពួកគេដឹងថាស្តេចនាគនោះ

បានប្រែទៅជាសត្វស្លូតបូត គេលែងភ័យខ្លាចអ្វីទៀតហើយ ។ រំពេចនោះពួកក្មេងគង្វាលគោខ្លះនាំគ្នាឡើងជិះស្តេចនាគលេង

ខ្លះទៀតទាញកន្ទុយ ហើយក្មេងខ្លះទៀតយកដុំថ្ម-ដីខ្សាច់-អាចម៍គោ ញាត់ក្នុងមាត់នាគជាល្បែងលេងនិងហ៊ោរកញ្ច្រៀវសើចសប្បាយ។

នាគមិនអាចស៊ីចំណី សើចសប្បាយកើតក៏ធ្លាក់ខ្លួនទៅជាឈឺ។

ថ្ងៃក្រោយមក ស្តេចនាគបានជួបព្រះពោធិសត្វម្តងទៀត ក៏ស្រែកសួរថាៈ

«នែលោកដ៏ចម្រើន! ថ្ងៃមុនលោកបានប្រាប់ខ្ញុំឲ្យខំរក្សាសីល ហើយ

ចម្រើនករុណាធម៌ផង នឹងបានជួបសេចក្តីសុខ ។ ប៉ុន្តែឥឡូវនេះមាន

ឃើញសេចក្តីសុខឯណា? ឃើញតែសេចក្តីទុក្ខទៅវិញ! » ព្រះពោធិសត្វតបថា

« ម្នាលកូនប្រុស! ប្រសិនបើឯងមានករុណា មានសីល មានមេត្តា ឯងត្រូវតែមានបញ្ញានិងការឈ្លាសវៃផងដែរ ។ នេះជាមធ្យោបាយការពារខ្លួន ។ ថ្ងៃក្រោយបើពួកក្មេងទាំងនោះ វាមកធ្វើទុក្ខបុកម្នេញឯងទៀត

ចូរឯងព្រួសភ្លើងតាមមាត់ អោយវាឃើញទៅពិតជាវាខ្លាច

លែងហ៊ានមកធ្វើទុក្ខបុកម្នេញឯងទៀតហើយ ។នរណានឹងបាន

ដឹងនូវអំពើឃោរឃៅដូចម្តេចខ្លះ ប្រសិនបើស្តេចនាគប្រើតែ

បញ្ញាមួយមុខប៉ុណ្ណោះ? ស្តេចនាគឬក្មេងគង្វាលគោ

ដែលត្រូវទទួលរងគ្រោះនូវសេចក្តីទុក្ខទោសគ្រោះថ្នាក់ ?

ជញ្ជីងសម្រាប់ថ្លឹងបញ្ញា និង ករុណា ហៅថា មជ្ឈិមបដិបទា

«ផ្លូវកណ្តាល» ។មាននិទានមួយទៀតថាៈ គ្រាមួយនោះ

មានកសិករចំណាស់ម្នាក់ បានប្រទះឃើញសត្វពស់មួយ

មានរាងកាយ ស្គាំងស្គម ជិតនឹងស្លាប់ព្រោះអត់អាហារកំពុង

ដេកក្នុងស្រែរបស់គាត់ ។ គាត់អាណិតណាស់បានរើសយក

ពស់សំគមនោះទៅផ្ទះ ហើយក៏យកទឹកដោះមានរសជាតិឆ្ងាញ់

ពិសាដែលទើបចំអិនហើយថ្មីៗ ឲ្យជាចំណី ។ គាត់យកភួយដែល

មានសម្ផស្សដ៏ទន់ដណ្តប់ឲ្យវា រួចយកទៅដាក់ឲ្យដេកក្នុងកន្លែង

ល្អមួយជិតគ្រែរបស់គាត់ ។រាត្រីនោះកសិករចំណាស់ក៏សម្រាន្តលង់លក់ ។

ស្រាប់តែព្រឹកស្អែកឡើង គេឃើញកសិករនោះស្លាប់ដោយពស់ចឹក ។

ហេតុអ្វីក៏កសិករនោះស្លាប់? ពីព្រោះគាត់ប្រើតែករុណាធម៌មួយប៉ុណ្ណោះ ហើយមិនបានប្រើបញ្ញាប្រកបជាមួយផង ។ ប្រសិនបើអ្នករើសយក

ពស់នោះមក វានឹងចឹកអ្នកស្លាប់ តែអ្នកអាចរកមធ្យោបាយផ្សេងទៀត

សម្រាប់ជួយពស់សំគមនោះ ដោយកុំយកវាមកជាមួយខ្លួន ។ អ្នកត្រូវថ្លឹងថ្លែងករុណានិងបញ្ញាឲ្យបានស្មើគ្នា អ្នកក៏បានសេចក្តីសុខ ឯសត្វពស់ក៏បានសេចក្តីសុខដូចគ្នាដែរ ។ហើយនេះជារឿងទីបីនិទានថាៈ

មានកសិករម្នាក់ បានចូលទៅក្នុងព្រៃដើម្បីកាប់ឧសជាមួយសម្លាញ់របស់គាត់ ។ ពេលកសិករនោះកំពុងយារដឹងកាប់ ស្រាប់តែប៉ះលើសំបុកឃ្មុំមួយយ៉ាងធំសម្បើម ។ ហ្វូងឃ្មុះកំណាចហើរចេញព្រុល ហើយដេញទិចគាត់ ។ ឯសម្លាញ់កសិករនោះជាមនុស្សមានករុណាធម៌

ពេលនោះគាត់បានកញ្ឆក់យកដឹងពីដៃមិត្តរបស់គាត់ ហើយដេញសម្លាប់ឃ្មុំយ៉ាងរហ័សធ្វើឲ្យឃ្មុំស្លាប់គ្មានសល់ ។

ជាអកុសល គាត់សំលាប់ទាំងកសិករដែលជាមិត្តផងដែរ ។ ករុណាធម៌គ្មានបញ្ញាអាចបណ្តាលអោយកើតសេចក្តីទុក្ខដ៏ធំសម្បើម ។

យើងតែងតែនិយាយថា «សត្រូវមានបញ្ញា ប្រសើរជាងមិត្តល្ងង់ » ។

បញ្ញា និង ករុណា ត្រូវដើរទន្ទឹមគ្នា ។ មានតែមួយហើយខ្វះមួយ

ប្រៀបដូចការដើរជើងម្ខាង ដើរមិនបានឆ្ងាយទេ ហើយក៏មិនបានយូរដែរ

អ្នកនឹងដួលមិនខានឡើយ ។ ដើម្បីថ្លឹងឲ្យស្មើ បញ្ញា និង ករុណា

អ្នកគួរដើរសន្សឹមៗ ឲ្យបានស្មើៗ...ម្តងមួយជំហាន ! ម្តងមួយជំហាន !

Step by Step ! ។«សម្តេចព្រះមហាឃោសានន្ទ»(សៀវភៅ មួយជំហានម្តង)

No comments: