Tuesday, April 27, 2010

ពុទ្ធប្បវត្ដិ​សង្ខេប​របស់​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះ​​សុវណ្ណកោដ្ឋ តម្កល់ព្រះបរមសារីរឹកធាតុព្រះសម្មាសម្ពុទ្ធ
មុន​សម័យ​ពុទ្ធកាល ប្រទេស​ឥណ្ឌា មានឈ្មោះ​ថា ជម្ពូទ្វីប ចែក​ជា​ពីរ​ផ្នែក ។ ផ្នែកខាងក្នុង​ហៅ​ថា មជ្ឈិមប្រទេស និង​ផ្នែក​ខាងក្រៅ​ហៅ​ថា បច្ចន្ដប្រទេស ។ ប្រទេស​នេះមាន​រាជាណាចក្រ​ច្រើន​តូច​-​ធំ ។ ខ្លះ​ជា​រាជាធិ​ប​តេ​យ្យ ខ្លះ​ជា​សន្ដតិវង្ស​ច្រើន​រួម​គ្នា ។បណ្ដា​នគរ​ទាំងឡាយ​ដែល​តាំង​ក្នុងមជ្ឈិមប្រទេស ក្រុង​កបិល​ព​ស្ដុ ជា​រាជា​ណាចក្រ​មួយ ស្ថិត​នៅ​តំបន់​ជើងភ្នំ​ហេមពាន្ដ គ្រប់គ្រង និង​ដឹកនាំ​ដោយ​ព្រះបាទ​សុទ្ធោទនៈ និងព្រះ​អគ្គមហេសី ព្រះ​នាង​សិរិ​មហាមាយា ។
កាល​មុន​ពុទ្ធសករាជ​៨០​ឆ្នាំ នៅ​ពេលដែល​ទ្រង់​គភ៌​គ្រប់​១០​ខែ​ហើយ ព្រះ​នាង​សិរិ មហាមាយា ក៏​បាន​ស្នើ​សុំ​ព្រះ​បរម​រា​ជានុញ្ញាត​ពី​ស្វាមី ដើម្បី​យាង​ទៅ​ប្រសូត​បុត្រ​នៅ ទីក្រុង​ទេវ​ទ​ហៈ ដែល​ជាទី​ក្រុង​កំណើត​របស់ព្រះ​នាង​តាម​ប្រពៃណី​នៃ​ជនជាតិ​ឥណ្ឌា​នាពេល​នោះ​។នៅ​ចន្លោះ​ក្រុង​កបិល​ព​ស្ដុ និង​ក្រុង​ទេវ​ទ ហៈ មាន​សួនឧទ្យាន​មួយ​ឈ្មោះ​ថា ឧទ្យាន លុម្ពិនី ។ ការ​យាង​ទៅ​ក្រុង​ទេវ​ទ​ហៈ​របស់ព្រះ​នាង​សិរិ​មហាមាយា ត្រូវ​ឆ្លងកាត់​សួនឧទ្យាន​លុម្ពិនី​នោះ ។ នៅ​ពេល​ដែល​យាង​ទៅដល់​សួនឧទ្យាន​លុម្ពិនី ព្រះ​នាង​សិរិ​មហា​មាយា ក៏​ត្រូវ​ដល់​ពេល​កំណត់​ប្រសូត​ព្រះរាជបុត្រ ។ ព្រះ​នាង​ក៏​ប្រសូត​បាន​ព្រះរាជបុត្រ មួយ​អង្គ​មាន​លក្ខណៈ​គ្រប់គ្រាន់ ជាម​ហាបុ​រិ​ស​លក្ខណៈ ។ ប្រសូត​ហើយ ពេល​យាងចុះ​ពី​ដៃ​ស្រីស្នំ ព្រះ​រាជឱរសបាន​យាង​ដោយ​ព្រះបាទ​បាន​៧ ជំហាន ហើយ​ទ្រង់​ឈប់​ឈរ​នឹង រួច​បែរ​ព្រះភ័ក្ដ្រ​ទៅ​ទិសឧត្ដរ ទ្រង់​បន្លឺ​ព្រះ​វាចា​ថា “​ខ្លួន យើង​ជា​កំពូល​នៃ​លោក ជា​បុគ្គល​ប្រសើរ​ជាង គេ​ក្នុង​លោកជា​ចម្បង​ជាងគេ​ទាំងអស់​ក្នុងលោកជាតិ​នេះ​ជា​កំណើត​ចុង​បំផុត​របស់ យើងអំណើះ​តទៅ​មុខ យើង​លែង​កើត​ទៀតហើយ​” ។
ព្រះ​អង្គ​កើត​ក្នុង​ត្រកូល​ពួក​ជនជាតិ​អរិយកៈ ក្នុង​មជ្ឈិម​ជនបទ​នៃ​ជម្ពូទ្វីប ដែល​សក្កៈ ត្រកូល​ក្សត្រ​សាក្យៈ ជា​គោតម​គោត្រ ។ - ​ព្រះ​បិតា​ព្រះ​នាម​សុទ្ធោទនៈ ជា​ព្រះ រាជបុត្រ​ព្រះបាទ​សីហ​ហ​នុ​រាជ គង់នៅ​ក្រុង កបិល​ព​ស្ដុ ។ - ព្រះ​មាតា​ព្រះ​នាម​ព្រះ​នាង​សិរិ​មហា​មាយា គង់នៅ​ក្រុង​ទេវ​ទ​ហៈ ជា​ព្រះរាជ​បុត្រី នៃ​ព្រះបាទ​អ​ញ្ជ​នៈ ក្នុង​ក្រុង​ទេវ​ទ​ហៈ ។ បន្ទាប់​ពី​ប្រសូត​ព្រះរាជបុត្រ​ហើយ ព្រះ នាង​សិរិ​មហាមាយា ក៏​យាង​ត្រឡប់​មក​ក្រុង កបិល​ព​ស្ដុ​វិញ ។ ជាមួយ​គ្នា​នេះ មាន​តាបស ម្នាក់​អាយុ​ចំណាស់​បន្ដិច មានស្រុក​កំណើត ស្ថិត​នៅ​ជិត​ក្បែរ​តំបន់​កបិល​ព​ស្ដុ​នោះ​ដែរ គាត់​ជា​អ្នកចេះ​មើល​លក្ខណៈ​មនុស្ស​យ៉ាង ស្ទាត់ជំនាញ ។ តាបស​នោះ​ក៏​ចូល​ទៅ​មើល ព្រះរាជបុត្រ ដោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ នូវ លក្ខណសម្បត្ដិ​របស់​ព្រះ​រាជឱរស ហើយ ពោល​ថា “​នេះ​ជាម​ហា​បុរស​ពិតប្រាកដមែន​” ។ ៥​ថ្ងៃ​ក្រោយមក ព្រះបាទ​សុទ្ធោទនៈ ក៏ បាន​អញ្ជើញ​ព្រាហ្មណ៍​១០៨​នាក់ មក​ទាយ លក្ខណៈ​ព្រះ​រាជឱរស និង​ថ្វាយ​ព្រះ​នាម ។ ក្នុង​បណ្ដា​ព្រាហ្មណ៍​ទាំង​១០៨​នាក់ ជ្រើសរើស ចម្រាញ់​យក​បាន​តែ​ព្រាហ្មណ៍​៨​នាក់​ប៉ុណ្ណោះ ដើម្បី​ថ្វាយ​ព្រះ​នាម​ព្រះរាជបុត្រ ។ ព្រាហ្មណ៍ ទាំងអស់​ក៏​បាន​សំរេច​ថ្វាយ​ព្រះ​នាម​ថា សិទ្ធត្ថ ដែល​មាន​ន័យ​ថា ជា​អ្នក​ធ្វើ​ឱ្យ​សំរេច ប្រយោជន៍​ដល់​មនុស្ស​សត្វ​ទូទៅ ។ ព្រាហ្មណ៍ ទាំងនេះ មិន​ត្រឹមតែ​ជ្រើសរើស​ព្រះ​នាម ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទស្សន៍​ទាយ​នូវ និស្ស័យ​ផ្សេង​ៗ​ថែម​ទៀត​របស់​ព្រះ​រាជឱរស ផង ។ ព្រាហ្មណ៍​ជា​ច្រើន​បាន​ទាយ​ថា “​ព្រះ រាជឱរស បើ​នៅ​ជា​គ្រហស្ថ នឹង​បានជា​ស្ដេច ចក្រពត្ដិ បើ​ទ្រង់​ចេញ​បំពេញ​ផ្នួស​នឹង​បាន ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។ ចំណែក​ព្រាហ្មណ៍​ទី​៨ គឺ​កោ​ណ្ឌ​ញ​ព្រាហ្មណ៍ ដែល​នៅ​ក្មេង​ជាងគេ បាន​លើកដៃ​តែ​មួយ​ឡើង ហើយ​ទាយ​តែ ម្យ៉ាង​ថា ព្រះ​មហា​បុរស​នឹង​ទ្រង់​ព្រះ​ផ្នួស ហើយ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ពិតប្រាកដ​” ។ ២​ថ្ងៃក្រោយ ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​បាន ថ្វាយ​ព្រះ​នាម​ព្រះរាជ​ឱរស​មក ព្រះ​នាង​សិរិ មហាមាយា ក៏​ទ្រង់​សោយ​ព្រះ​ទិវង្គត ។ ព្រះបាទ​សុទ្ធោទនៈ ក៏​ទ្រង់​ផ្ទុកផ្ដាក់​ការ ចិញ្ចឹម​បីបាច់​ថែរក្សា​ព្រះ​រាជឱរស​ឱ្យទៅ​ព្រះ នាង​ប​ជាប​តិ​គោត​មី ដែល​ត្រូវជា​ប្អូនបង្កើត ព្រះ​នាង​សិរិ​មហាមាយា និង​ជា​ព្រះ​ស្នំ​មួយ ព្រះ​អង្គ​ដ៏​ពិសេស ព្រមទាំង​ជា​អ្នក​មេដោះ ដ៏ ជិត​ស្និទ្ធ​បំផុត​ផង ។ - ប្រសូត - ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ ទ​ហៈនា​វេលា​ថ្ងៃត្រង់ ។ - ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង កើត​ក្នុង​ថ្ងៃ​នោះ​ដែរ គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ​១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង​បួន​១ ។ - អភិសេក ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ​មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង ព្រះ​ជន្ម​គំរប់​២៩​ព្រះ​វស្សា ។ - សាង​ព្រះ​ផ្នួស ព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះឯង ។ - ត្រាស់​ដឹងព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពេ្ព​ា​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះ វស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។ - ​សំដែង​ធម្មចក្កប្បវត្ដនសូត្រព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត ២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។ - បរិនិព្វានព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម​ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត ជា​ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល ចែក​ជា​ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ។ ពាក្យ​សង្ខេប​ងាយ​ចាំចុ​. រ​. អា​.​ព្រ​ ប្រ​.​ច​. ពិ​. សុរា​. ឆ្លូ​. ក​. អា​ បូស​. ថោះ​. អា​. ព្រត្រា​. រ​.​ពិ​. ពុ​ និ​. ស្សា​. ពិ​. អង្គ ។ ខ្លឹមសារ​នៃ​ការ​កសាង​ព្រះ​សក្យមុនី ចេតិយ- សំវេជនីយដ្ឋាន​៤​កន្លែងមូលហេតុ​ដែល​នាំ​ឱ្យ​កើត​សំវេជនីយដ្ឋាន មានរឿង​កើតឡើង​ក្នុង​កាលដែល​ព្រះ​សម្មា សម្ពុទ្ធ ទ្រង់​ប្រឈួន​ខ្លាំង ទៀប​ស្ដេច​រំលត់​ខ័​ន្ធ ចូល​កាន់​បរម​និព្វាន ។ គ្រានោះ​មាន​ព្រះ អានន្ទ​ជា​ពុ​ទ្ធុ​ប​ដ្ឋា​កៈ ដែល​នៅ​ជា​សេក្ខបុគ្គល នៅឡើយ បាន​ក្រាប​បង្គំ​ទូល​ប្រារឰ​ថា “​ពី ដើម​រៀង​មក ពួក​ភិក្ខុ​ពុទ្ធ​សាវ័ក​តែងតែ​មក គាល់ ធ្លាប់​ឃើញ​ព្រះ​អង្គជា​ញឹកញយ គេ​មាន ចិត្ដ​ជ្រះថ្លា​រីករាយ​ណាស់ តែ​កាលណា​ព្រះ អង្គ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ មិន​បានឃើញ ព្រះ​អង្គ​ដូច​ដើម គេ​នឹង​ស្រងេះស្រងោច ណាស់​” ។ ព្រះ​អង្គ​ក៏​ទ្រង់​អនុញាត​នូវ​សំវេជនីយ ដ្ឋា​ន​៤​កន្លែង សំរាប់​ពុទ្ធ​សាវ័ក​ណា​ប្រាថ្នា​ចង់ ឃើញ​ព្រះ​អង្គ​ទៅ​ពិចារណា​ធម្ម​សង្វេគ​នៅ ទីកន្លែង​ទាំង​៤​នោះ​ណាមួយ “​ក៏​ទុក​ដូច​បាន ជួប​ឃើញ​ត​ថា គត​ផ្ទាល់​ដែរ និង​នាំ​ឱ្យ​បាន​មគ្គ ផល​ច្រើន​ណាស់​” ។ - សំវេជនីយដ្ឋាន​៤​កន្លែង​នោះ​គឺ ៖១-​កន្លែង​ដែល​តថាគត​ប្រសូត​នា​ព្រៃ លុម្ពិនី នគរ​កបិល​ព​ស្ដុ ។ ២-​កន្លែង​ដែល​តថាគត​ត្រាស់​ដឹង​នូវអនុត្ដរសម្មាសម្ពោធិ​ញាណ នា​មណ្ឌល​ពោធិ ព្រឹក្ស តំបន់​ពុទ្ធ​គ​យា ។ ៣-​កន្លែង​ដែល​តថាគត​ប្រទាន​បឋម ទេសនា នា​ព្រៃ​ឥសិបតនមិគទាយវ័ន​នគរ ពារាណសី ។ ៤-​កន្លែង​ដែល​តថាគត​បរិនិព្វាន នា​សាល វ័ន​ឧទ្យាន នគរ​កុសិនារា ។ ពួក​ជន​ណាមួយ​នឹង​បាន​ដើរមក​កាន់​ទី​ចា រឹក​នៃ​សំវេជនីយដ្ឋាន​៤​កន្លែង​នេះ ណាមួយ ក៏​មានចិត្ដ​ជ្រះថ្លា កើត​សង្វេគ ហើយ​គោរព បូជា ប្រ​សិន​ណា​ជា​ធ្វើ​មរណកាល​ទៅ ពួក​ជន នោះ​នឹង​បាន​ទៅ​សោយសុខ ក្នុង​ឋានមនុស្ស និង​ឋានសួគ៌ ។ - គារវ​វត្ថុ​៥​យ៉ាងព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ទ្រង់ បាន​ប្រតិស្ឋាន​ទុក​នូវ​គារវ​វត្ថុ​៥​យ៉ាង​ដើម្បី​បាន ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​របស់​វេនេយ្យសត្វ និង មាន​ប្រព័ន្ធ​គាថា ដូច​តទៅ​នេះ ៖និ​ព្វុ​តេ លោកនាថ​ម្ហិ ស​ម្ពុ​ទ្ធេ អគ្គ បុ​គ្គ​លេ បដិមា ពោធិ​រុក្ខា ច ថូ​បា ច ជិន​ធាតុ​យោ ចតុ​រាសី​តិ​សហស្ស ធម្ម ក្ខ​ន្ធា សុ​ទេ​សិ​តា អគ្គ​ប្បវ​ត្ដន​ដ្ឋា​នេ ឋ​បិតា ហោ​ន្ដិ បា​ណិ​នំ កាល​ព្រះសម្មាសម្ពុទ្ធ​ជា​អគ្គបុគ្គល ជាទី ពឹង​នៃ​សត្វលោក​បរិនិព្វាន​ទៅ​ហើយ ព្រះ​ប​ដិ មា​ផង ព្រះ​ពោធិព្រឹក្ស​ផង ព្រះ​ស្ដូប​ផង ព្រះ ជិន​ធាតុ​ផង ព្រះធម៌​៨​ម៉ឺន ៤​ពាន់ ព្រះ​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ ផង ជា​វត្ថុ​គឺ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រតិស្ឋាន ទុក​ក្នុង​ឋាន​ដ៏​ប្រព្រឹត្ដ​ទៅ ដើម្បី​បុញ​ខេត្ដ​ដ៏ ប្រសើរ​របស់​សត្វ​ទាំងឡាយ ។ ប្រវត្ដិ​ព្រះ​សក្យមុនីចេតិយ- ព្រះ​សក្យមុនីចេតិយ នៅ​រាជធានីភ្នំពេញ មុខ​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន -​នៅ​ថ្ងៃ​២​រោច ខែអស្សុជ ឆ្នាំរោង ចត្វា ស័ក ពុទ្ធសករាជ​២៤៩៥ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​៥ តុលា ឆ្នាំ​១៩៥២ ព្រះរាជាណាចក្រ កម្ពុជា បាន​ទទួល​ព្រះ​បរម​សារីរិកធាតុ និង ព្រះអរហន្ដ​ធាតុ គឺ​ព្រះ​អដ្ឋិធាតុ​នៃ​ព្រះ​សារី បុត្ដ និង​ព្រះ​មោគ្គលាន ព្រម​ជាមួយ​កូន​ពោធិ ព្រឹក្ស​ពីរ​ដើម ដែល​នាំ​មក​ពី​ប្រទេស​ឥណ្ឌា ។ ពិធី​ទទួល​ព្រះ​បរម​សារីរិកធាតុ និង​ព្រះ អរហន្ដ​ធាតុ​នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ ភ្នំពេញ បាន​ប្រព្រឹត្ដ​ទៅ​យ៉ាង​មហោឡារិក ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សម្ដេចព្រះ នរោត្ដម សីហ​នុ ជាទី​សក្ការៈ ។ អស់​រយៈពេល​៧​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​១៩៥២ មាន​ប្រារឰ​ពិធី​ជូន​ដំណើរ​ដង្ហែ​ដ៏ មហោឡារិក ដូច​ពេល​ទទួល​ដែរ ។ បច្ច័យ​ដែល​កើតឡើង​ពី​ការ​បូជាក្នុង​ពិធីបុណ្យ​៧​យប់​៧​ថ្ងៃនេះ បាន​ចំនួន ១.៦៦៧.៣០៩​រៀល ។ បច្ច័យ​ទាំងនេះ​បែង ចែក​ជា​ពីរ​ផ្នែក​៩០០.០០០​រៀល សំរាប់​យក ទៅ​កសាង​មន្ទីរពេទ្យ​សំរាប់​ព្រះសង្ឃ ដែល ក្រោយមក​មានឈ្មោះ​ថា មន្ទីរពេទ្យ​ព្រះ កុសុមៈ ។ បច្ច័យ​២០០.០០០​រៀល សំរាប់ យក​ទៅ​ចាត់ការ​ស្ថាបនា​ព្រះ​មហា​ចេតិយ​នៅ​មុខ​ស្ថានីយ​រា​ជាយ​ស្ម័យ​យាន តម្កល់​ព្រះ​បរម សារីរិកធាតុ ព្រោះហេតុនេះ​ហើយ​បានជា ព្រះ​មហា​ចេតិយ​នេះ​មានឈ្មោះ​ថា “​ព្រះ សក្យមុនីចេតិយ​” ។ ព្រះ​សក្យមុនីចេតិយ​នេះ ត្រូវ​បាន​ប្រារឰ ពិធី​សម្ពោធ​ជាមួយ​គ្នា​នឹង​បុណ្យ​គម្រប់ ២.៥០០​ព្រះ​វស្សា​នៃ​ព្រះពុទ្ធ​សាសនា (​បុណ្យ ពាក់កណ្ដាល​សាសនា​) ដែល​ប្រព្រឹត​ឡើង អស់​រយៈពេល​៧​យប់ ៧​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ អាទិត្យ ១៤ កើត ខែ​ពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥០០ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​១៩៥៧ រហូត​ដល់​ថ្ងៃ​៥ រោច ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​១៩៥៧ ក្រោម ព្រះ​រាជូបត្ថម្ភ​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង សម្ដេចព្រះមហាក្សត្រិយានី សម្ដេច ព្រះ​ឧបយុវរាជ និង​ក្នុង​ការ​ទំនុកបំរុង​សម្ដេច ព្រះសង្ឃ​នាយក​ទាំង​ពីរ​គណៈ ។
រីឯ​ព្រះ​បរម​សារីរិកធាតុ​តម្កល់​ក្នុង​ព្រះ សក្យមុនីចេតិយ​នា​ថ្ងៃ​បុណ្យ​គំរប់​២.៥០០​ព្រះ វស្សា​នេះ គឺជា​ព្រះ​បរម​អដ្ឋិធាតុ​ខ្នាត​កណ្ដាល មួយ​ព្រះ​អង្គ ដែល​ប្រទេស​សិរី​លង្កា​ថ្វាយ​មក ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហ​នុ ក្នុង​ឱកាស​ដែល​ព្រះ​អង្គជា​ព្រះរាជ ប្រតិភូ​តំណាង​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់ យាង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ពុទ្ធ​ជយ​ន្ដិ គឺ បុណ្យ​គំរប់​២៥០០​ព្រះ​វស្សា​នៃ​ព្រះពុទ្ធ សាសនា​នៅ​ប្រទេស​សិរី​លង្កា ដែល​ប្រារឰ ឡើង​កាលពី​ក្នុង​ខែឧសភា ឆ្នាំ​១៩៥៦ ។ ព្រះ​បរម​សារីរិកធាតុ​ដែល​គង់​ប្រថាប់​ក្នុង ព្រះ​សក្យមុនីចេតិយ​នោះ ត្រូវ​បាន​តម្កល់​ទុក នៅ​ក្នុង​ព្រះ​កា​ញ្ន​ន​កោដ្ឋ (​កោដ្ឋ​មាស​) តូច រួច​ហើយ​តម្កល់​កោដ្ឋ​មាស​នៅ​ក្នុង​ព្រះ​សក្យ មុនី ចេតិយ​ស្ដូប​រ័​ត្ន (​ស្ដូប​សំរឹទ្ធិ​ិ​) រួច​ទើប​យក ស្ដូប​សំរឹទ្ធិ​ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​សក្យមុនី ចេតិយ ។ ព្រះ​សក្យមុនីចេតិយ​មុខ​ស្ថានីយ​រា​ជាយ ស្ម័យ​យាន​រាជធានី​ភ្នំពេញ ត្រូវ​បាន​គណៈ ក​ម្មា​ធិ​ការ​ប្រជាជន​រាជធានី​ភ្នំពេញ ជួសជុល ឡើង​វិញ នៅ​ឆ្នាំ​១៩៨៨ ។ - ព្រះ​សក្យមុនីចេតិយ នៅ​ភ្នំ​ព្រះរាជ ទ្រព្យ (​ឧដុង្គ​) -​ថ្ងៃ​ពុធ ១១​រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៤០ ត្រូវ​នឹង​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​១៩៩៦ ពិធី​ក្រុង​ពាលី​ដ៏​ធំ​មួយ (​តាម​បែប​បុរាណ​) សុំ ទីតាំង​សាងសង់​ក៏​ត្រូវ​ប្រព្រឹត្ដ​ទៅ​នៅ​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច ជា ស៊ី​ម ប្រមុខ រដ្ឋ​ស្ដីទី ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ ករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេច ព្រះរាជ​អគ្គមហេសី ជាទី​សក្ការៈ ។ -​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ទុតិយាសាធ ពុទ្ធសករាជ​២៥៤០ ត្រូវ​នឹង​ថ្ងៃ​ទី​៨ សីហា ឆ្នាំ ១៩៩៦ ពិធី​បញ្ចុះ​បឋមសិលា​នៅ​ទីតាំង​សាង សង់​ព្រះ​សក្យមុនីចេតិយ​ថ្មី ក្រោម​ព្រះរាជា ធិ​បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ព្រះរាជ​អគ្គ មហេសី នរោត្ដម មុនិនាថ សីហ​នុ ជា​ព្រះរាជ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ជា​អម្ចាស់ ជីវិត​លើ​ត្បូង ។ -​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ស្រាពណ៍ ពុទ្ធ សករាជ​២៥៤៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ សីហា ឆ្នាំ ២០០២ គណៈកម្មការ​សាងសង់​បាន​ធ្វើការ ត្រួតពិនិត្យ​គុណភាព​សំណង់​ជា​ទូទៅ និង​បាន ប្រគល់​ជូន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ ដើម្បី​ទទួល​គ្រប់គ្រង​ថែរក្សា ។ -​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​មិគសិរ ពុទ្ធ សករាជ​២៥៤៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ ២០០២ ប្រារឰ​ពិធី​សម្ពោធ​ជា​ផ្លូវការ ក្រោម ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេច​ព្រះរាជ អគ្គមហេសី ជាទី​សក្ការៈ ដោយ​មានការ​យាង និមន្ដ និង​អញ្ជើញ​ចូលរួម​ពី​សម្ដេច​ព្រះសង្ឃ រាជ​ទាំង​ពីរ​គណៈ មន្ដ្រី​សង្ឃ​ជាន់ខ្ពស់ ព្រះ សង្ឃ​ជា​ច្រើន​ពាន់​អង្គ សីលវន្ដ សីលវតី ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់​ជាតិ ឯកអគ្គរាជទូត ឯកអគ្គ រដ្ឋ​ទូត មន្ដ្រីរាជការ អ្នក​មុខ អ្នកការ និង ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិក​ដ៏​ច្រើន​កុះករ ណែនណាន់តាន់តាប់​មក​ពី​គ្រប់​ទិស​ទី ក្នុងទូ​ទាំង​ប្រទេស ៕(ដកស្រង់ពីកាសែតកោះសន្តិភាព)

No comments: