Tuesday, April 27, 2010

កម្ពុជា​រៀបចំ​ពិធី​បុណ្យ​ពុទ្ធសាសនាអន្តរជាតិ

ពិធី​បុណ្យ​ពុទ្ធសាសនា​អន្តរជាតិ​រៀបចំ​នៅ​ខេត្ត​សៀមរាប
ប្រទេស​កម្ពុជាបាន​ធ្វើ​ជា​ ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ពិធី​បុណ្យ​ព្រះពុទ្ធ​ សាសនា​ដ៏​ធំ ដែល​មាន​ឈ្មោះលំអាន ​អរិយធម៌ និង​ទស្សនីយភាព ចាប់ពី ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ ​មេសា ឆ្នាំ​២០១០។ ពិធីបុណ្យវិសាខបូជា ដែល​ធ្វើឡើង​នៅលើ​ទឹកដី​អង្គរវត្ត ខេត្ត​សៀមរាប មាន​ការចូលរួម​ពី​ ពុទ្ធសាសនិក និងព្រះសង្ឃ​រាប់ពាន់​អង្គ មក​ពី​ ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា និង​បណ្តា​ប្រទេស​អាស៊ានទាំង ១០។
សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ
ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​សាសនា ជា​លក្ខណៈ​អន្តរជាតិ។ ពិធីបុណ្យ លំអាន​អរិយធម៌ និង​ទស្សនីយភាព នៅ​ទឹកដី​ខេត្តសៀមរាប ដែល​ជា​ប៉ូល​ទេសចរណ៍​ទី​១​របស់​កម្ពុជា នាពេលនេះ គឺជា​ការប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា។ ពិធីបុណ្យ​ព្រះពុទ្ធសាសនា​នេះ ជា​ការឧទ្ទិស​ដល់​ខួប នៃ​ថ្ងៃ​ព្រះពុទ្ធ ទ្រង់​ប្រសូត្រ (កើត) ថ្ងៃ​ព្រះពុទ្ធ​ត្រាស់ដឹង និង​ចូល​បរិនិពាន្វ នា​ថ្ងៃ ១៥ កើត ខែ​ពិសាខ។ នៅ​ឆ្នាំ​នេះ ត្រូវ​ចំ​ថ្ងៃ​ទី​២៨ ខែ​មេសា។
ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​អន្តរជាតិ​នេះ ក្រុម​សិល្បៈ​មកពី​បណ្តា​ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា និង​ប្រទេស​អាស៊ាន ដែល​កាន់​ព្រះពុទ្ធសាសនា រួម​ទាំង​កម្ពុជា​ផង នឹង​សម្តែង​របាំ​ប្រពៃណី ព្រមទាំង​សម្តែង​រឿង​ទាក់ទង​នឹង​ពុទ្ធប្រវត្តិ។ កម្ពុជា នឹង​សម្តែង​ត្រង់​ឆាក ព្រះពុទ្ធ​ត្រាស់ដឹង និង​វគ្គ​ផ្ចាញ់មា។​ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ចំ​ថ្ងៃ​ប្រារព្ធ​បុណ្យ​វិសាខបូជា នៅ​ទឹកដី​សៀមរាប​អង្គរ នឹង​មាន​ពិធី​ដង្ហែ​ក្បួន​រថយន្ត ដែល​មាន​រៀបចំ​តែង​លម្អ​របៀប​ប្រវត្តិ​របស់​ព្រះពុទ្ធ និង​មាន​ពិធី​សូត្រធម៌។ លោកឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ជួបជុំ​សាសនិកជន​ព្រះពុទ្ធ​សាសនា នៅ​សៀមរាប ពេល​នេះ ក្រៅ​តែ​ពី​ការលើក​តម្កើង ផ្នែក​ព្រះពុទ្ធសាសនា ព្រឹត្តិការណ៍​រយៈពេល ៥ ថ្ងៃនេះ ក៏​ដើម្បី​បញ្ជាក់ថា កម្ពុជា ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ដែល​អាច​ឲ្យ​អ្នកទេសចរ ចូល​ទស្សនា​កម្ពុជា។ ចំណែក​លោកថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏បាន​លើក​ឡើង​ថា ការជួបជុំ​រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា នៅ​ទឹកដី​សៀមរាប​អង្គរ​ គឺ​ជា​កិច្ចសហការ​វិស័យ​វប្បធម៌ និង​វិស័យ​ទេសចរណ៍ ដើម្បី​ជម្រុញ​ការទាក់ទាញ​ភ្ញៀវ​ទេសចរ ក្នុង​តំបន់ ពិសេស​បង្កើត​ការហោះហើរ ពី​គោលដៅ​ទេសចរ​សាសនា ដើម្បី​ធ្វើ​ជា​កញ្ចប់​ទស្សនៈកិច្ច​មួយ នៅក្នុង​តំបន់​អាស៊ី។ សូម​រម្លឹកថា ក្រៅ​ពី​ព្រឹត្តិការណ៍​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប ពិធីបុណ្យ​វិសាខបូជា នា​ថ្ងៃ​១៥​កើត ខែ​ពិសាខ ក៏​មាន​ប្រារព្ធ​ពិធីបុណ្យ តាម​បែប​ព្រះពុទ្ធសាសនា នៅ​គ្រប់​វត្ត​អារាម​នានា​ទូទាំង​ប្រទេស ពិសេស​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ហៅ​ភ្នំ​ឧដុង្គ ដែល​ជា​កន្លែង​តម្កល់​ព្រះ​សរីរធាតុ។ កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ធំ ជា​រៀងរាល់ឆ្នាំ នៅ​ទីនោះ ចាប់តាំងពី​ព្រះសក្យមុនី​ចេតិយ ត្រូវបាន​កសាង​រួចរាល់​នា​ឆ្នាំ​២០០២៕(ដកស្រង់ពីវិទ្យុបារាំងអន្តរជាតិ)

No comments: