Tuesday, January 4, 2011
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសលើកទី១៩បានបិទនៅថ្ងៃនេះ
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី១៩ បានប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃទី០៣-០៤ខែមករាឆ្នាំ២០១១ ដោយមានការនិមន្តចូលរួមពីព្រះមេគណ ព្រះអនុគណ និងព្រះ សង្ឃគ្រប់អង្គ និមន្តមកពីបណ្តារាជធានី-ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។មហាសន្និបាតនេះធ្វើឡើងដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ក្នុងឆ្នាំកន្លងទៅ និងពិភាក្សា ពិគ្រោះ យោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅបន្ត សំដៅពង្រឹងការអនុវត្តរចនា សម្ព័ន្ធដឹកនាំគ្រប់គ្រង ពង្រឹងលិខិតបទដ្ឋានគតិយុត្ត ដែលមានស្រាប់ធ្វើអោយវិស័យសាសនាមានការរីកចំរើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកៈសិក្សា ដើម្បីអភិវឌ្ឍធនធាន បុព្វជិត ឱ្យកាន់តែមានសុក្រឹតភាព និងគុណភាពខ្ពស់។នៅឯសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរដោយស្មោះដោយបានឃើញនូវកំលាំង សាមគ្គីធម៌ ដ៏ល្អប្រសើររបស់ពុទ្ធសាសនិកជន និងព្រះសង្ឃទាំងពីរគណៈ ។សម្តេចព្រះរាជតំណាង បានមានប្រសាសន៍ថា នៅតាមទីវត្តអារាម យើងឮសូរតែសម្លេងធម៌ ដែលរំលឹកដល់គុណព្រះពុទ្ធសាសនា និងបានប្រែក្លាយទៅជាដំបូន្មាន ជួយអប់រំកូនចៅ ឱ្យប្រតិបត្តិតែអំពើល្អ ដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិ។ ទន្ទឹមនឹងការរីកចំរើន ក៏នៅមានបញ្ហាជាច្រើន ដែលត្រូវបន្តដោះស្រាយ។ ការពិគ្រោះពិភាក្សា លើបច្ចុប្បន្នភាពដែលមហាសន្និបាតនឹងលើកឡើងគឺជាប្រការដ៏សមស្របហើយបន្ទាប់មក ត្រូវមានវិធីដោះស្រាយតាមលំដាប់លំដោយប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចបានមាន ប្រសាសន៍ថាៈការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃត្រូវផ្សារភ្ជាប់ នឹងបច្ចេកវិទ្យាទំនើប ដើម្បីអោយកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ និងធានាបាននូវ សាមគ្គីភាពក្នុងជួរពុទ្ធបរិស័ទ។ ការយកចិត្តទុកដាក់ចំពោះពុទ្ធិកៈសិក្សាក៏ជាការចាំបាច់យ៉ាងសំខាន់ ដែលត្រូវពង្រឹង និងពង្រីកនៅគ្រប់ទីកន្លែងដ៏សមស្រប។ គ្រប់ៗគ្នាប្រកាន់យកព្រះពុទ្ធឱវាទធ្វើជាប្រទីប បំភ្លឺផ្លូវសំរាប់អប់រំចរិយាធម៌ និងស្មារតីដោយជំរុះចោលនូវគំនុំ ការច្រណែននិន្ទា អំពើហឹង្សា៘លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថាៈអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី១៩ឆ្នាំនេះ ប្រព្រឹត្តទៅដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តសង្ឃ ប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅនិងពិភាក្សាពិគ្រោះយោបល់ លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន។មហាសន្និបាតក៏បានលើកទិសដៅបន្តសំដៅពង្រឹងអនុវត្តរចនាសម័ន្ធដឹកនាំគ្រប់ គ្រង ពង្រឹងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើអោយវិស័យសាសនាមានការរីកចំរើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិ- ស័ទ និងពង្រឹងគុណភាពពុទ្ធិកៈ សិក្សាដើម្បីអភិវឌ្ឍ ធនធានបុព្វជិត ឱ្យកាន់តែមានសុក្រឹតភាព និងគុណ ភាពខ្ពស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment