នៅថ្ងៃ១៥ កើត ខែពិសាខ ព.ស.២៥៥៥ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១ គឺជាខួបគម្រប់ ២៦០០ ឆ្នាំនៃការត្រាស់ដឹងរបស់ព្រះពុទ្ធ ។ នេះបើតាមការឲ្យដឹងរបស់លោកធម្មបណ្ឌិត ហេង មុណីចិន្តា នាយកអង្គការព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ ។ លោកធម្មបណ្ឌិតបានឲ្យដឹងទៀតថា នៅក្នុងព.ស.២៥០០ ប្រទេសកម្ពុជាបានប្រារព្ធនូវពិធីបុណ្យមួយដ៏មហោឡារឹក ដើម្បីអបអរសាទរដល់ការដែលព្រះពុទ្ធសាសនា មានអាយុកាលគ្រប់ ២៥០០ ឆ្នាំ នៅថ្ងៃវិសាខបូជា ព.ស.២៥០០ ដែលត្រូវនឹងថ្ងៃច័ន្ទ ១៥កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ឬថ្ងៃទី១៣ ឧសភា ឆ្នាំ១៩៥៧ ។ ពេលនោះប្រជារាស្ត្រខ្មែរមានការរំភើប រីករាយណាស់ហើយបាននាំគ្នានិយាយថា ’សំណាងណាស់បានកើតទាន់ពាក់កណ្តាលសាសនា” ។ ជនមានសទ្ធាជាច្រើនបាននាំគ្នាបួស ជាសមណៈពុទ្ធសាសនា ព្រោះមានជំនឿថា បានបុណ្យកុសលច្រើនណាស់ ។ ឥឡូវនេះ កម្ពុជាយើងនឹងបានជួបនូវព្រឹត្តិការណ៍មួយទៀត ដែលសំខាន់ដូចគ្នាដែរ ឬក៏អាចសំខាន់ជាងព្រឹត្តិការណ៍នាព.ស.២៥០០ ទៀតផងក៏ថាបាន នោះគឺខួបគម្រប់ ២៦០០ ឆ្នាំ នៃការបានត្រាស់ដឹងជាព្រះពុទ្ធរបស់ព្រះសមណគោត្តម ។ ព្រឹត្តិការណ៍ដ៏សំខាន់នោះ គឺត្រូវនឹងថ្ងៃ១៥ កើត ខែពិសាខ ព.ស.២៥៥៥ ចំថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១ ។ ទាក់ទងនឹងប្រវត្តិព្រះពុទ្ធនោះលោកធម្មបណ្ឌិត ហេង មុណីចិន្តា បានមានប្រសាសន៍ថា ពាក្យថាព្រះពុទ្ធដែលយើងគោរពបូជាសព្វថ្ងៃនេះ គឺជាបុគ្គលនាមសំគាល់ដល់យុវក្ស័ត្រម្នាក់ព្រះនាមថា សិទ្ធត្ថៈមានជីវិតរស់នៅក្នុងប្រទេសឥណ្ឌាបុរាណ ប្រហែលជា ២៦៣៥ ឆ្នាំមុន ដែលបានបួស និងស្វែងរកវិមុត្តិធម៌ គឺវិធីដើម្បីរំដោះខ្លួនឲ្យផុតពីទុក្ខ រហូតដល់រកវិធីនោះឃើញ និងធ្វើខ្លួនឲ្យរួចផុតពីទុក្ខបាន ដោយវិធីនោះដោយខ្លួនឯង ។ ការដែលព្រះសិទ្ធត្ថៈរកឃើញវិធី ដើម្បីរំដោះខ្លួនឲ្យផុតពីទុក្ខ ហើយខ្លួនលោកក៏បានរួចផុតពីសេចក្តីទុក្ខនោះ ហៅថា ការត្រាស់ដឹង ដែលក្នុងភាសាបាលីហៅថា ពុទ្ធៈ ។ ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងនោះ ត្រូវនឹងថ្ងៃ១៥ កើតខែពិសាខមុនពុទ្ធសករាជ ឬមុនព្រះអង្គចូលបរិនិព្វាន ៤៥ ឆ្នាំ ។ ព្រះពុទ្ធអង្គរូបនេះ ទ្រង់ចូលបរិនិព្វាននៅថ្ងៃ១៥ កើតខែពិសាខ ក្នុងព្រះជន្ម ៨០ វស្សា បន្ទាប់ពីបានប្រើប្រាស់ការត្រាស់ដឹងរបស់ព្រះអង្គផ្សព្វផ្សាយ និងបង្រៀនវិធីដោះស្រាយនោះដល់មនុស្សជាច្រើន អស់រយៈពេល ៤៥ ឆ្នាំ ។ ការរាប់ឆ្នាំសករាជរបស់ពុទ្ធសាសនា ក៏បានចាប់ផ្តើមចាប់តាំងពីថ្ងៃ១ រោជ ខែពិសាខ បន្ទាប់ពីថ្ងៃដែលព្រះអង្គបរិនិព្វាន ។ ការត្រាស់ដឹង គឺជាការសំខាន់ដែលមិនមានអ្វីប្រៀបប្រដូចបានព្រោះថា បើមិនមានការត្រាស់ដឹងទេ ក៏មិនមានព្រះពុទ្ធ និងមិនមានពុទ្ធសាសនាដែលខ្មែរយើងគោរពបូជា ហើយដែលរដ្ឋាភិបាលខ្មែរបានគោរពដាក់បញ្ចូល ទៅក្នុងរដ្ឋធម្មនុញ្ញថា ជាសាសនារបស់រដ្ឋ ។ វិធីរំលត់ទុក្ខ គឺជាលទ្ធផលដែលកើតមកពីការត្រាស់ដឹងជាផ្លូវ ដែលនាំទៅរកការរំលត់ទុក្ខ ដែលបុគ្គលណាក៏អាចប្រើនូវវិធីនេះបានដែរ ហើយបើបានយកវិធីនេះមកប្រើ ឬអនុវត្តដោយត្រឹមត្រូវត្រឹមត្រង់គ្រប់គ្រាន់ទៅតាមលក្ខខណ្ឌ និងតម្រូវការរបស់វិធីរំលត់ទុក្ខនោះហើយ បុគ្គលនោះក៏នឹងអាចបានរួចផុតពីទុក្ខ និងក្លាយខ្លួនទៅជាព្រះពុទ្ធបានដូចជា ព្រះសិទ្ធត្ថៈដែរ ។ វិធីសម្រាប់រំលត់ទុក្ខរបស់ព្រះពុទ្ធអង្គនេះ ក្នុងភាសាបាលី ឬភាសាព្រះពុទ្ធហៅថា ទុក្ខនិរោធគាមិនីបដិបទា (អានថា ទុក្ខៈ និរោធៈ គាមិនី ប៉ៈដិប៉ៈទា) ប្រែឲ្យចំមានសេចក្តីថា ការប្រព្រឹត្តដែលនាំទៅរកការរំលត់អស់នូវសេចក្តីទុក្ខ ។ ទុក្ខនិរោធគាមិនីបដិបទានេះហៅម្យ៉ាងទៀតថា អដ្ឋង្គិកមគ្គ ប្រែថា មគ្គ ឬផ្លូវ ឬវិធីដែលប្រកបដោយអង្គ ៨ ដែលរួមមាន ៖ ១. ការមានទស្សនៈត្រូវសម្មាទិដ្ឋិ, ២. ការគិតត្រូវសម្មាសង្កប្បៈ, ៣. ការនិយាយត្រូវសម្មាវាចា, ៤. ការធ្វើអំពើត្រូវសម្មាកម្មន្តៈ, ៥. ការចិញ្ចឹមជីវិតត្រូវសម្មាអាជីវៈ, ៦. ការព្យាយាមត្រូវសម្មាវាយាមៈ, ៧. ការមានសតិត្រូវសម្មាសតិ, ៨. ការធ្វើចិត្តឲ្យនឹងត្រូវសម្មាសមាធិ ។ តើវិធីសម្រាប់រំលត់ទុក្ខ នេះអនុវត្តដោយរបៀបណា? លោកធម្មបណ្ឌិត ហេង មុណីចិន្តា នាយកអង្គការព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍បានឲ្យដឹងថា ក្នុងការអនុវត្តអង្គទាំង៨ នៃវិធីរំលត់ទុក្ខនេះ អនុវត្តជនត្រូវ ៖ សិក្សាវិធីដែលប្រកបដោយអង្គ៨ នេះ ឲ្យបានយល់ច្បាស់គ្រប់ជ្រុងជ្រោយ ទាំងព្យញ្ជនន័យ និងអត្ថន័យ ដែលបានសម្តែងទុកដោយព្រះសម្មាសម្ពុទ្ធ ។ ជឿជាក់ច្បាស់នៅក្នុងចិត្តថា ជីវិតនេះពិតជាមានសេចក្តីទុក្ខមែន (ទុក្ខអរិយសច្ចៈ) សេចក្តីទុក្ខនេះសុទ្ធតែកើតឡើងដោយអាស្រ័យហេតុ (ទុក្ខសមុទយអរិយសច្ចៈ) សេចក្តីទុក្ខនេះអាចរំលត់ឲ្យអស់ទៅបាន (ទុក្ខនិរោធៈ) ជឿច្បាស់ថា មានវិធីដែលអាចកំចាត់ហេតុ ដែលនាំឲ្យកើតសេចក្តីទុក្ខនោះបាន (ទុក្ខនិរោធគាមិនីបដិបទា) ។ ការអនុវត្តន៍នូវវិធីដែលមានអង្គទាំង ៨ នេះ ត្រូវមានលក្ខណៈជាមជ្ឈិមាបដិបទា ឬមធ្យមប្រតិបទ ក្នុងភាសាសំស្ក្រឹតគឺ ៖ មិនតឹងហួសហេតុពេក (អត្តកិលមថានុយោគ) មិនធូររលុងពេក (កាមសុខល្លិកានុយោគ) ត្រូវមានលក្ខណៈជាមធ្យម ឬដែលខ្មែរយើងតែងប្រើពាក្យថា ដើរផ្លូវកណ្តាល ។ ដូច្នេះ ការប្រារព្ធខួបនៃការត្រាស់ដឹងគម្រប់ ២៦០០ ឆ្នាំនេះ គឺជាការរំលឹកដាស់តឿន និងលើកទឹកចិត្ត ដើម្បីឲ្យកម្ពុជបុត្រគ្រប់រូប ងាកមករកការដោះស្រាយបញ្ហាជីវិតរបស់ខ្លួន បញ្ហាសង្គម បញ្ហាប្រទេសជាតិ និងបញ្ហាពិភពលោកដោយវិធី ដែលត្រឹមត្រូវមានហេតុមានផល ប្រកបដោយការសិក្សាច្បាស់លាស់ (សម្មា) ដោយការជឿជាក់លើខ្លួនឯង និងសក្តានុពលក្នុងឋានៈជាមនុស្ស (អរិយៈ) ជាជាងពឹងលើអំណាចដែលនៅក្រៅខ្លួន មានវត្ថុសក្តិ៍សិទ្ធិ៍ ទេវតា និងអាទិទេពនានា ដោយការអនុវត្តន៍ដែលមានលក្ខណៈ ជាកណ្តាលជាមធ្យមផ្តល់នូវផលប្រយោជន៍ដល់គ្រប់ៗគ្នាទាំងអស់ និងមិនបង្កអន្តរាយដល់នរណាមួយ (មជ្ឈិមា) ៕
No comments:
Post a Comment