Sunday, September 27, 2009

មង្គល​របស់​ព្រះពុទ្ធៈ​គោលការណ៍​៣៨​ប្រការ​ដែល​ត្រូវ​ប្រតិបត្តិ

ពាក្យ​ថា “​មង្គល​” មានន័យ​ថា ការរីកចម្រើន​, សេចក្តីសុខ​ចម្រើន​សួស្តី ដែល​ជាទី​ប្រាថ្នា​របស់​មនុស្ស ។ ដោយហេតុ តែ​ចង់​បាន​មង្គល​គឺក្តី​សុខ​ចំរើន​នេះ មនុស្ស​មាន​ការប្រព្រឹត្តិ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​បួងសួង​ពពួក​ទេវតា​, អ្នកខ្លះ​បូជា​ដល់​អាទិទេព ឬ​ព្រះ​របស់​ពួកគេ​, អ្នកខ្លះ​បួងសួង​អារក្ស​, អ្នកតា​, ខ្មោច​ព្រាយ​បិសាច​, ជីដូន​ជីតាជាដើម ។

ចំពោះ​ព្រះពុទ្ធសាសនា ការ​បួងសួង​ទាំងនេះ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ឡើយ ។​​នៅក្នុង​គម្ពីរ​មង្គល​ត្ថ​ទីប​នី មាន​ដំណាល​ថា មុន​ពេល​ព្រះពុទ្ធ​បាន​ត្រាស់ដឹង និង​ជំនាន់​ពុទ្ធ​កាល នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប្រទេស​រុងរឿង​នោះ ពួក​លោក​អ្នកប្រាជ្ញ មានការមិនចុះ សម្រុង​គ្នា​អំពី​គោលការណ៍​ដែល​នឹង​នាំមក​នូវ​ក្តី​ចំរើន ឬ មង្គល រហូតដល់​មាន​ការ ទាស់ទែង​ខ្វែងគំនិត​គ្នា​តាំង​ពី​ពួក​អ្នកប្រាជ្ញ​រហូតដល់​មន្ត្រី​រាជការ​, ប្រជារាស្ត្រ និង ដល់​ពពួក​ទេវតា ។​

​ ​លុះ​ដល់​ព្រះពុទ្ធ​ត្រាស់ដឹង​ក្នុង​លោក ពួកគេ​បាន​នាំគ្នា​ចូលគាល់ និង សួរ​ព្រះសម្មា សម្ពុទ្ធ​អំពី​មង្គល ។

​ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា មង្គល​បានមកពី​ការប្រតិបត្តិ​ដ៏​ត្រឹមត្រូវ និងមានគោល ការណ៍​ច្បាស់លាស់ ប្រកប​ដោយ​ភាព​វៃ​ឆ្លាត និង ម៉ឺងម៉ាត់ ទៀងទាត់ មិនមែន​បាន​មក​ពី​ការ​បួងសួង អធិដ្ឋាន​ចំពោះ​ព្រះ ចំពោះ​អាទិទេព ឬ ទេវតា​អង្គណាឬរង់ចាំ វាសនា ​ពី​បុព្វ​ជាតិ​ឡើយ ។ ព្រះអង្គ​បាន​បង្រៀន​ថា ផ្លូវ​ដែល​នាំទៅរក​ក្តីសុខប្រាស ចាក​កង្វល់ អោយបាន​ដល់​នូវ​ការ​ចំរើន​លូតលាស់​រុងរឿង និង សន្តិភាព​នោះ​មាន ៣៨​ប្រការ​គឺ​៖

១. កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ (​អ​សេវនា ច ពាលា​នំ ) ។
​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា បុគ្គល​ពាល​មាន​៣​ជំពូក​គឺ
​ក​. បុគ្គល​លង់​ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព និង គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ ចាស់ ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុ ធ្វើខ្លួន​អោយ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬ ធ្វើខ្លួន​អោយ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល ខ្លួន​មាន​ឱកាស​កើត​ជា​មនុស្ស​។​
​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬ ប្រយោជន៍​ខ្លួនឯងដោយការធ្វើអោយខូចប្រយោជន៍ ​អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃ ឬ​ស្វែងរក ក្តី​សុខ​អោយ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​។​
​គ​. បុគ្គល​ធ្វើអោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។
​ ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​អោយបាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ នោះដែរ​។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្រភេទ​មនុស្ស​គួរអោយខ្លាច​ជាង​អ្វីៗ​ទាំងអស់ ហើយ​មិន​គប្បី សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ក្រៅពី​ធ្វើអោយ​យើង​វិនាស​ប្រយោជន៍ អា​សោចិ​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិ ខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅ ថែម​ទាំង​នាំអោយ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបអ្នក ហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះឡើយ ហើយ​គប្បី នៅ​តែ​ម្នាក់ ឯង​ដោយ​រឹងមាំ​ចុះ ។ ការចេះ​ប្រុងប្រយ័ត្ន ហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា នេះ​ជា​មង្គល​ដ៏​ឧត្តម ។​

២. កិរិយា​សេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ (​បណ្ឌិតាន​ញ្ច សេ​វនា ) ។
​ បណ្ឌិត គឺ​លោក អ្នក​ដែល​មាន​ចំណេះវិជ្ជា​ជ្រាលជ្រៅ ហើយ​មាន​គុណធម៌​ខ្ពង់ខ្ពស់ និង​សីលធម៌​ថ្លៃថ្នូរ មិន​បំផ្លាញ​ប្រយោជន៍ និង ក្តី​សុខ​របស់ខ្លួន​និង មិន​ធ្វើអោយ​អ្នក ដទៃ​ខូចប្រយោជន៍ ឬ ខូច​ក្តី​សុខ មិន​ធ្វើអោយ​គេ​ឈឺចាប់​ទាំង​ផ្លូវកាយ និង ចិត្ត ។ ម្យ៉ាង ទៀត​បុគ្គល​ដែល ជា​បណ្ឌិត​តែង​ប្រកប​ដោយ​គុណធម៌​ពីរ​យ៉ាង​គឺ​៖ ជា​បុគ្គល​ខ្មាសអៀន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ (​ហិរិ ) និង​ខ្លា​ចក្តីអាក្រក់ មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់​ទាំងឡាយ ទាំង​ក្នុង​ទី​កំបាំង​និង​ទី​ចំហរ (​ឱត្តប្បៈ )​។ ព្រះពុទ្ធ បង្រៀន​ថា ដើម្បី​បាន​ក្តី​ចំរើន​ទាំង​គំនិត ប្រាជ្ញា ទាំង​ក្នុង​សេដ្ឋកិច្ច ជីវភាព និង ដើម្បី​បាន​ជា​ប្រយោជន៍​ទាំង ឡាយ ពួក​បុគ្គល​គប្បី​ខ្នះខ្នែង ស្វែងរក​ការ​សេពគប់​ជាមួយ​បុគ្គល​ជា​បណ្ឌិត ។ ដូច្នេះ​កិរិយា​សេពគប់​នូវ​បុគ្គល​ដែល​មាន​គតិបណ្ឌិត ជា​មង្គល​ដ៏​ឧត្តម ។​

៣. កិរិយា​បូជា​ដល់​បុគ្គល​ដែល​គួរ​បូជា (​បូជា ច បូ​ជនី​យានំ )​។
​បូជា​គឺ​ការអោយ ឬ ការគោរព​ប្រតិបត្តិ មាន​ពីរ​យ៉ាង​គឺ​៖
​ក​. បូជា​ដោយ​ការ​អោយ​សម្ភារៈ​ផ្សេងៗ (​អាមិស​បូជា )
​ខ​. បូជា​ដោយ​ការគោរព​ត្រង់ត្រាប់ ស្តាប់​គំនិត យោបល់ និង អនុវត្តតាម (​បដិបត្តិ​បូជា )​។​
​ ការបូជា ជា​ការប្រសើរ ប៉ុន្តែ​បើ​បូជា​ដល់​បុគ្គល​ពាល គ្មាន​គុណធម៌ គ្មាន​សីលធម៌ ក្រៅពី​មិនបាន​ផល​ល្អ​ដល់​ខ្លួនឯង និង សង្គម​ទៅ ក៏​នៅ​រមែង​បាន​នូវ​ក្តី​អន្តរាយ ក្តៅ ក្រហាយ​ដោយសារ​បុគ្គល​ពាល​នោះ​ថែមទៀត​ផង ជា​ពិសេស​នឹង​ក្លាយជា​អ្នក​លើក​តំកើង​សភាវៈ​អាក្រក់ ។ ហេតុនេះ ការបូជា​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា គឺ​ធ្វើ​ចំពោះ​បុគ្គល​ដែល​គួរ​គោរពបូជា គឺជា​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពស់ មាន​សីលធម៌​ដ៏​ប្រពៃ តែង​ធ្វើ​នូវ​សេចក្តីសុខ​ចម្រើន ដល់​សង្គម​មនុស្ស​ជា​និច្ច ។ បូ​ជនី​បុគ្គល​ទាំងនេះ មាន​ជាអាទិ៍ ព្រះពុទ្ធ​, ព្រះធម៌​, ព្រះសង្ឃ​, មាតា​, បិតា​, គ្រូអាចារ្យ និង អ្នក​ដែល​មាន​គុណូ បក្ការៈ​ចំពោះ​ខ្លួន ឬ ចំពោះ​សង្គម​ជាតិ​ជាដើម ។ ដូច្នេះ​ការគោរព​បូជា​ដល់​បូជនីយ បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៤. កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សម​គួរ (​បដិរូប​ទេស វា​សោច )​។
​ ប្រទេស​ដ៏​សមគួរ​គឺ​ប្រទេស ដែល​មាន​សុខសន្តិភាព គ្មាន​សង្គ្រាម​កាប់សំលាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរ ដោយ​អ្នកប្រាជ្ញ រាជ​បណ្ឌិត្យ អ្នក​មាន​គុណធម៌ និង សីលធម៌​ថ្លៃថ្នូរ ប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ និង​ធម៌​វិន័យ​ត្រឹមត្រូវ ជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ និង មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការ គោរព​ច្បាប់ ដោយ​យុត្តិធម៌ និង ជាហេតុ​នាំ​ឱ្យ​មានក្តី​ចម្រើន​រុងរឿង ។ ការរស់នៅ​ក្នុង​ប្រទេស​បែបនេះ​ជាការ​ប្រពៃ​ព្រោះ​ជា​គ្រឹះ​ក្នុង​ ការអភិវឌ្ឍន៍ គំនិត​ប្រាជ្ញា​ជាដើម ។ កិរិយា​រស់​នៅក្នុង​ប្រទេស​ដ៏​សមគួរ​បែបនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ កត​បុញ្ញ​តា ) ។
​ ធម្មតា​អ្នក​ដែល​បាន​យល់ច្បាស់ នូវ​ផល​ល្អ​នៃ​អំពើ​សុចរិត និង​ផល​អាក្រក់​នៃ​អំពើ​ទុច្ចរិត តែង​ប្រញាប់ប្រញាល់​វៀរចាក​អំពើអាក្រក់​គ្រប់យ៉ាង ហើយ រួត​រះ​ធ្វើបុណ្យ​រាល់ៗ​ជាតិ ព្រោះ​អំពើ​ល្អ​តែង​ផ្តល់​ផល​ជា​សុខ ។ ន័យ​នេះ​ក៏​បាន​ដល់​ការកសាង ឬ ការខិតខំ​ប្រឹងប្រែង​ក​សាង​សមត្ថភាព និង លក្ខណៈសម្បត្តិ​គ្រប់យ៉ាង ដូច​ជា​ការ ត្រៀម​ធនធាន​ទុកជាមុន លុះ​ពេល​ត្រូវការ ក៏​អាច​យក​សមត្ថភាព លក្ខណៈសម្បត្តិ និង ធនធាន​នោះ​ប្រើការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ការខិតខំ​លះបង់​បាន​នូវ​អំពើ​អាក្រក់ ហើយ​ព្យាយាម​ធ្វើ​ឱ្យបាន​នូវ​អំពើ​ល្អ​ក្នុង​កាល​មុន ជា​មង្គល​ដ៏​ឧត្តម ។

៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (​អត្ត​សម្មា​ប​ណី​ធិ ច )​។
​ តំកល់​ខ្លួន មានន័យ​ថា ការ​ធ្វើ​ខ្លួន​នៅក្នុង​ប្រភេទ​ណា​មួយ ។ ប្រការនេះ បាន​ដល់​កិរិយា​ចេះ​ពិចារណា ឱ្យ​យល់​ច្បាស់​លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯអំពើអា ក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល យ៉ាង​មុតមាំ ព្រមទាំង​ញ៉ាំង​ខ្លួន ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាន និង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភា​វនា សមាធិ អោយ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជឹលច្រអូស តាំងខ្លួន​អោយ​នៅ​ក្នុង​សត្តិ អោយ​នៅ ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬ មិន​យក​ខ្លូន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​អាក្រក់​ណាមួយ យ៉ាង​នេះ​ជា​មង្គល​ដ៏​ឧត្តម ។​

៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀនសូត្រ​ចេះដឹង​ច្រើន (​ពាហុ​សច្ច )​។
​ ប្រការ​នេះ​បាន​ដល់​ការ​ស្តាប់ ការអាន និង​សិក្សា​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្ញូវ​លោក និង ផ្លូវ​ធម៌ ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ និង​ដំបូន្មាន របស់​ព្រឹទ្ធាចារ្យ មាតា បិតា គ្រូ និង រៀមច្បង​ជាដើម ដើម្បី​ក្លាយជា​បុគ្គល​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​សមត្ថភាព និង មាន​គំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជាហេតុ​ញ៉ាំង​ប្រយោជន៍ និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​យ៉ាង​ពិតប្រាកដ ។ ការខិតខំ​ស្តាប់ អាន និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ចេះដឹង​ជ្រៅជ្រះ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

៨. សេចក្តី​ឆ្លៀវឆ្លាត​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ទាំងពួង ( សិ​ប្បៈ )​។
​ ប្រការ​នេះ​បាន​ដល់​ការចេះដឹង និង ការ​ប៉ិនប្រសប់ ស្ទាត់ជំនាញ​ក្នុង​សិប្បកម្ម បច្ចេក ទេស​ទាំងឡាយ យ៉ាងហោច​ណាស់​អោយ​ស្ទាត់​ជំនាញ នូវ មុខវិជ្ជា​ណា ដែល​ខ្លួន​បាន​សិក្សា (​ឬ នៅក្នុង​មុខ​តំណែង​ដែល​ខ្លួន​ប្រកប​ធ្វើ ) ដែល​នាំមក​នូវ​ប្រយោជន៍ និង​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដូច្នេះ​កិរិយា​ឆ្លៀវឆ្លាត ឆ្លាសវៃ ប៉ិន ប្រសប់​ក្នុង​សិប្បកម្ម ហត្ថកម្ម​ទាំងពួង ជា​មង្គល​ដ៏​ឧត្តម ។​

៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ច សុ​សិក្ខិ​តោ ) ។
​ វិន័យ​គឺជា​ច្បាប់​ទម្លាប់​របស់​ប្រទេស​និង​របស់​ព្រះពុទ្ធសាសនា ។ សម្រាប់​គ្រហស្ថ​បាន​ដល់​សីល​៥ សីល​៨ និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ សម្រាប់​បព្វជិត បាន​ដល់​វិន័យ​របស់​អ្នកបួស និង​ច្បាប់​របស់​រដ្ឋ​ជាដើម ។ បុគ្គល​ដែល​មាន​ចំណេះវិជ្ជា មាន​ទ្រព្យ សម្បត្តិ យសស័ក្ត មានត្រកូល​ខ្ពង់ខ្ពស់​យ៉ាងណាក៏ដោយ ប្រសិនបើ​គេ​ជា​បុគ្គល​អាណា​ចារ គ្មាន​វិន័យ គ្មាន​សីលធម៌ រស់នៅ​ដោយ​ការបំពាន លើ​ច្បាប់​នោះ គេ​នឹង​មិន​ទទួលបាន​ការគោរព​កោតសរសើរ​ឡើយ ប្រសិនបើ​ទទួលបាន​វិញ គឺ​បាន​តែ​ពួក​មនុស្ស​អែបអប​រណេបរណប​ប៉ុណ្ណោះ ហើយ​មិនយូរប៉ុន្មាន​គេ​នឹង​ទទួលបាន​នូវ​ក្តី វិនាស​ជាមិនខា​ន ។ ហេតុនេះ​កិរិយា​រៀន​វិន័យ​និង​ច្បាប់​រដ្ឋ និង​ព្យាយាម ប្រព្រឹត្ត​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ ជា​មង្គល​ដ៏​ឧត្តម ។​

១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភាសិតា ច យា វាចា )​។
​ មនុស្ស​តែង​ប្រើ​ការនិយាយ​ជា​មធ្យោបាយ​ទំនាក់ទំនង និង ផ្តល់​ព័ត៌មាន​ដល់​គ្នា នឹង​គ្នា ប៉ុន្តែ ព្រះពុទ្ធ​បាន​បង្រៀន​អោយ​យើង​ចេះ​ជ្រើសរើស ពាក្យសំដី​សម្រាប់​និយាយ​ស្តីអោយ​ដូច​ជា​កសិករ​ជ្រើសរើស​គ្រាប់ពូជ​សម្រាប់​ ដាំ​ដុះ សាប​ព្រួស​យ៉ាង​នោះដែរ ហើយ​ព្រះអង្គ តែង​បាន​បង្រៀន​យើង​កុំអោយ​ពោល​ពាក្យ​ណា​ដែល​ធ្វើអោយ​អ្នក​ដទៃ​ឈឺចាប់ ខូច​ប្រយោជន៍ បែកបាក់​សាមគ្គី ឬ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ ។ ពាក្យ​ល្អ ពីរោះ មាន​ប្រយោជន៍​សូម្បីតែ​មួយ​ឃ្លា មួយ​ប្រយោគ ក៏​ប្រសើរ​ជាង​ពាក្យ​រោយ​រាយ ឥតប្រយោជន៍​រាប់​ពាប់​ប្រយោគ​ដែរ ។ ពាក្យ​ដ៏​ប្រពៃ​សំដៅ​ដល់​កថាវត្ថុ គឺ​ពាក្យ​ដែល​បុគ្គល​គប្បី​ពោល ១០​យ៉ាង គឺ​ពោល​អំពី​ការ​មិន​លោភលន់​១, អំពី​ការសណ្តោស​១, អំពី​ការ​សប់​សាត់​កាយ​និង​ចិត្ត​១, អំពី​ការ​នៅ​មិន​ច្របូកច្របល់​ដោយ​ពួកក្រុម​១, អំពី​ការព្យាយាម​១, អំពី​សីល​១, អំពី​សមាធិ​១, អំពី​បញ្ញា​១, អំពី​ព្រះ​និព្វាន​១ និង​អំពី​ធម៌​រំលត់ទុក្ខ​១ ។ កិរិយា​ពោល​នូវ​ពាក្យ​ដ៏​ប្រពៃ​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១១-១២. កិរិយា​បម្រើ ឬ ទំនុកបម្រុង​មាតា​និង​បិតា (​មាតាបិតុ ឧបដ្ឋានំ ) ។
​ កូនប្រុស​-​ស្រី មាន​កាតព្វកិច្ច​ត្រូវ​ចិញ្ចឹម មាតា បិតា ធ្វើ​ការងារ​ជំនួស​គាត់​រក្សា​វង្ស​ត្រកួល​ឱ្យ​គង់វង្ស និង​ខ្ពង់ខ្ពស់ ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា អ្នកទទួល​មរតក​ពី​គាត់ ធ្វើបុណ្យ​ជូន​គាត់​ជា​ដើម ។ ព្រោះថា កូន​ដែល​ដឹង​គុណមាតា បិតា ហើយ​ប្រព្រឹត្ត​ប្រតិបត្តិ​គោរព​មាតា បិតា ដូច​ពោល​មកនេះ រមែង​មិន​ច្យុត​ឡើយ ។ ដូច្នេះ​កិរិយា​បម្រើ ទំនុក​បម្រុង មាតា បិតា ជា​មង្គល​ដ៏​ឧត្តម ។​

១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (​បុត្ត​ទា​រស្ស សង្គហោ )​។ មាតា បិតា ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​កូន គឺ​ហាមឃាត់​កូន​កុំឱ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​១, ណែ នាំ​កូន​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ (​ទាំង​ការគិត ទាំង​សកម្មភាព និង ពាក្យសំដី )​ជា​អំពើ​មានតែ​ប្រយោជន៍ មិន​នាំ​ផល​ក្តៅក្រហាយ​១, ទំនុកបម្រុង​កូន​ឱ្យបាន​រៀនសូត្រ អោយមាន​ចំណេះដឹង មាន​សមត្ថភាព​អាច​រស់នៅ​ដោយ​ថ្លៃថ្នូរ​១, ទុកដាក់​កូន​ឱ្យ​មាន​គូ ស្រករ​ត្រឹមត្រូវ​១, និង​ចែក​ទ្រព្យសម្បត្តិ​ឱ្យ​កូន​បាន​សមរម្យ​១, ឈ្មោះ​ថា​ជា​មាតា បិតា​សង្គ្រោះ​បុត្រ​យ៉ាង​ល្អ ។ ឯ​ស្វាមី​ដែល​បាន​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺ និយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១, មិន​មើលងាយ​ភរិយា​១, មិន​ក្បត់​ភរិយា​១, ផ្គត់ ផ្គង់​ភរិយា​១ និង​ផ្តល់​សិទ្ធិ​ក្នុង​ផ្ទះ​ឱ្យ​ភរិយា​១ ឈ្មោះ​ថា​ស្វាមី សង្គ្រោះ​ភរិយា ។ បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញ និង ទៀងទាត់​ឈ្មោះថា​ជា​អ្នក​បាន​កសាង​គ្រឺះ​សុភមង្គល​ទាំង ក្នុង​គ្រួសារ និង សម្រាប់​សង្គមជាតិ ។ ដូច្នេះ​កិរិយា​ព្យាយាម​ប្រព្រឹត្ត​ឱ្យបាន​ល្អ​ក្នុង​ការសង្គ្រោះ​បុត្រ​និង ​ភរិយា ជា​មង្គល​ដ៏​ឧត្តម ។​


១៤. ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់ ( អ​នាកុ​ហា ច កម្ម​ន្តា )​។
​ នេះ​បាន​ដល់​ការចេះ​បែងចែក​ប្រភេទ​ការងារ​អោយ​ដាច់​ដោយឡែក​ពីគ្នា និង បំពេញ​ស្រេច​រួចរាល់​មិន​ទុក​ចោល​កណ្តាល​ទី ។ អ្នក​ដែល​ធ្វើការ មិន​ច្របូកច្របល់ គឺជា​អ្នក​ដែល​មាន​សេចក្តី​ព្យាយាម ហ្មឺង​ម៉ាត់ ដែល​អាច​ឱ្យ​សម្រេច​បាន​រាល់​ការងារ​បាន​យ៉ាង​ល្អ ។ ធ្វើ​បាន​យ៉ាង​នេះ ពិតជា​នាំមក​សេចក្តីចម្រើន​ជា​លំដាប់ ។ ដូច្នេះ​ការងារ​ទាំង ឡាយ​ដែល​មិន​ច្របូកច្របល់ ជា​មង្គល​ដ៏​ឧត្តម ។​


១៥. កិរិយា​បរិច្ចាគ​ទាន (​ទា​នំ ) ។ ទាន គឺ​ការ​អោយ ហើយ​គោលដៅ និង បំណង​នៃ​ការ​អោយ​នេះ គឺ​មិនមែន​ក្នុង បំណង​ដើម្បី​ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ ។ បុគ្គល​ដែល​បាន​អោយ​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា​ហើយ រំពឹង​ចង់បាន ការ​តបស្នង​ដោយ​ប្រការ​ណាមួយ បុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ទេ គឺជា​អ្នក​ធ្វើ​វិនិយោគ ។ ការ​ធ្វើ​ទាន​គឺ​ដើម្បី​កាត់បន្ថយ នូវ​គំលាត​គ្នា​រវាង អ្នកមាន​និង​អ្នកក្រ និង ជា​ការលើក ស្ទួយ​វប្បធម៌​ចែករំលែក ក៏​ជា​វិធី​ដើម្បី​កុំ​អោយ​មនុស្ស​គិតតែ​ពី​ការ​បាន ដែល​ជា​ហេតុ​បង្ក​អោយមាន ទំនាស់​ផ្សេងៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍ ។ ធ្វើ​ទាន​បាន​ដល់​ការ​ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺ ការ​ឱ្យ​សម្ភារៈ​សម្រាប់​ទ្រទ្រង់​ជីវិត ដូចជា សម្លៀក​បំពាក់ ចំណីអាហារ ផ្ទះសម្បែង និង​ថ្នាំ​ព្យាបាល​រោគ​ជាដើម ហៅថា អាមិស​ទាន គឺ​ការ អោយ​វត្ថុ សម្ភារៈ​១ និង​ការ​ឱ្យ​ចំណេះ វិជ្ជា​គំនិត​យោបល់​ល្អ ដើម្បី​គេ​បាន​ស្គាល់​ខុស​ត្រូវ ស្គាល់​ផ្លូវ ទៅ​រក​ប្រយោជន៍ និង ភាពជោគជ័យ ល្អ​អាក្រក់ បុណ្យ​បាប​ជាដើម ហៅថា ធម្ម​ទាន គឺ​ការ​អោយ​ចំណេះវិជ្ជា គំនិត​ប្រាជ្ញា​១ ។ កិរិយា​ដែល បាន​ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម ។​

១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (​ធម្មចរិយា ) ។
​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១, កិរិយា​មិន​លួច ប្លន់​១, កិរិយា​មិន​ប្រព្រឹត្ត ល្មើស​ក្នុង​កាមតណ្ហា​១, កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១, កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុច​អាល បំបែកបំបាក់​១, កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១, កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១, កិរិយា​មិន​លោភលន់​លើ​ទ្រព្យ​អ្នកដទៃ​១, កិរិយា​មិន​គុំគួន​ព្យាបាទ​អ្នកដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវ គឺ​យល់ថា​ធ្វើ​ល្អ​បានល្អ ធ្វើ អាក្រក់​បាន​អាក្រក់ និង យល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង លោកិយ​១ ។ កិរិយា​ដែល​ចេះ​ពិចារណា​ឱ្យបាន​ជាក់ច្បាស់ ហើយ​ប្រព្រឹត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ធម៌​ទាំង​១០ ប្រការនេះ ជា​មង្គល​ដ៏​ឧត្តម ។​


១៧. កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ( ញាតកា​ន​ញ្ច សង្គហោ ) ។
​ ដែល​ហៅថា​ញាតិ បាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាង គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះមក និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (​ដែល​ហៅថា ញាតិ​ប្រាំពីរ សន្តាន )​។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន និង​សង្គ្រោះ យិតយោង លើកស្ទួយ ផ្ចុង ផ្តើម អោយ​ញាតិសន្តាន​របស់ខ្លួន​អោយ បាន​សិក្សាអប់រំ មានមុខ​របរ​ការងា​រ​សុចរិត និង ជួយ​ដាស់តឿន​ដឹកនាំ​អោយ​ពួកគេ​ដើរ​លើ​ផ្លូវ​ល្អ ផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ ចូរប្រយ័ត្ន ប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លំអៀង ប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង គុណធម៌ (​ដោយសារតែ​ការយោគយល់​ថា ជា​សាច់ញាតិ ) ។ ដូច្នេះ​ការចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ ប្រពៃ ជា​មង្គល​ដ៏​ឧត្តម ។​

១៨. កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ( អនវ​ជ្ជា​និ កម្មា​និ ) ។
​ ការងារ​ទាំងឡាយ​ដែល ផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​ទាំងឡាយ លោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ ការងារ​ដែល​មិន មាន​ទោស​ដូច​ជា ការ ចិញ្ចឹម​មាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាង សម្បត្តិ​សាធារណៈ​មាន ស្ពាន ផ្លូវថ្នល់ សាលារៀន​ជាដើម និង​ការ​ចែក ចាយ​សៀវភៅ​ធម៌អាថ៌ ក្បួនច្បាប់ ឬ​ពន្យល់​ផ្សព្វផ្សាយ​នូវ​ចំណេះវិជ្ជា​ដ៏​ល្អ​នូវ​ធម៌​ដ៏​ប្រពៃ​ដល់​អ្នកដទៃ ដើម្បីឱ្យ​គេ​បាន​យល់​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់​ហើយ​ព្យាយាម ប្រព្រឹត្ត​តែ​អំពើ​ល្អ​ជា​ដើម ។ ទាំងនេះ​គឺជា​ការងារ​មិន​មាន​ទោស ។ ការប្រព្រឹត្ត​តែ​ការងារ​មិន​មាន​ទោស ជា​មង្គល​ដ៏​ឧត្តម ។​


១៩. កិរិយា​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា​វៀរចាក​បាប ( អា​រតី វិ​រតី​បាបា ) ។
​ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង ឬ​ឮ ឬ​ឃើញ គេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់ អំពើ​បាប​ទាំងឡាយ មានការ ប្រព្រឹត្ត​ខុស​ក្នុងុកាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និង ធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ មាន​ការកាប់​សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ បៀត​បៀត​ក្តី​សុខ​ដល់​គ្នា​នឹង​គ្នា​ជាដើម​ផង ថែមទាំង​មានក្តី​សង្វេគ​តក់ស្លុត ចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។ ឯការ​វៀរចាក​បាប​បាន​ដល់​ការចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ ទាំងឡាយ ដូចដែល​បាន​ពោល​មក​ហើយ​ជា​ដើម ព្រោះ​មាន​សទ្ធា​ជឿជាក់ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អ ធ្វើ​អាក្រក់​ពិតជា បាន​អាក្រក់ ។ ដូច្នេះ​កិរិយា​ដែល​មិន​ត្រេកអរ​ក្នុង​បាប និង​កិរិយា វៀរចាក​បាប​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​

២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជ​បា​នា ច សញ្ញា​មោ ) ។
​ នេះ​បាន​ដល់​ការ​តម​សុរា និង​មេរ័យ​គ្រប់​ប្រភេទ ព្រោះ​បាន​យល់​ច្បាស់​នូវ​ផល​អាក្រក់​នៃ​ការផឹក​ទឹកស្រវឹង​នេះ ដូចជា​អស់​ប្រាក់​កាស ខាត​ពេល វេលា ខូច​សុខភាព ធ្វើ​អោយ​ខ្សោយ​គំនិត​ប្រាជ្ញា និង​ជួនកាល បណ្តាល​ឱ្យ​មាន​កិរិយា​ថោកទាប​និង​ឈ្លោះ ទាស់ទែង​គ្នា​ទៀតផង ។ ដូច្នេះ​ការពិចារណា ឱ្យ​ឃើញ​ច្បាស់ នូវ​ទោស​នៃ​សុរាហើយ​ តាំងចិត្ត​ព្យាយាម​ចៀសវាង​ឱ្យបាន​នូវ ការផឹក​ទឹកស្រវឹង​គ្រប់​ប្រភេទ ជា​មង្គល​ដ៏​ឧត្តម ។​

២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំងឡាយ ( អប្បមា​ទោ ច ធម្មេ​សុ ) ។
​ នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅក្នុង​អំពើ​អកុសល​និង​អបាយមុខ​មាន ស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម គឺជា​មូល ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​មិន​ប្រមាថ​រមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រលឹក យល់​ត្រូវ​ជា​និច្ច ដែល​ជា​កត្តា​នាំមក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គម សម​ដូច​ពុទ្ធភាសិត​ថា “​អប្បមា​ទោ អមតំ​បទំ​” ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​ក្តី​មិន​ស្លាប់ ។ ដូច្នេះ​ការ​មិន​ប្រមាថ​ភ្លេចខ្លួន ហើយ​ភ្ញាក់រលឹក​ព្យាយាម​ធ្វើ​តែ​អំពើ ល្អ សុចរិត យុត្តិធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គារ​រោ ច ) ។
​ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយ កាយ គឺ​ឱនលំទោន​លើកដៃ​សំពះ​១, ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ មើលងាយ​១ ។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះ គឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយ មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ​ជាដើម​១ បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូចជា​លោក​ជា​ អ្នកប្រាជ្ញ និង អ្នក​ដឹកនាំ​រដ្ឋ មាន​មន្ត្រី រាជការ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់ តាំង​នៅក្នុ​ច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូចជា​រៀមច្បង និង​ចាស់ព្រឹទ្ធាចារ្យ ជាដើម​១ ។ ការ​ធ្វើ​នូវ​សេចក្តី​គោរព​ចំពោះ គារវ​បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។​


២៣. កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន​( និ​វាតោ ច )​។
​ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ ព្រោះ​ថា​គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិ​មានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃ ដែលជា​មូលហេតុ​អោយ​មាន​ការ​ប្រជែង​វាសនា និង ជា​ហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​ទោះ​មាន​ឋានៈ យសស័ក្ត ទ្រ​ព​សម្បត្តិ ចំណេះវិជ្ជា យ៉ាងណាក្តី បើ​ជា​បុគ្គល​ក្រអឺតក្រទម មិន​សង្រួម​ទេនោះ នឹងមិន​ទទួលបាន​ការគោរព​រាប់អាន និង កោតសរសើរ​ឡើយ ប៉ុន្តែ​បើ​បែរជា​បាន​វិញ​គឺ​បាន​តែ​ពី​សំណាក់​ពួក​ជន​ប្លម​ប្រចុបប្រចែង និង ជនពាល​តែប៉ុណ្ណោះ ។ ដរាបណា​គំនិត​ប្រកាន់ពូជសាសន៍​ជាតិ ត្រកូល និង​អស្មិ​មានៈ​បាន​ត្រូវ​លះបង់​អស់ ហើយ ហើយ​ប្រព្រឹត្ត ធ្វើ​តែ​អំពើ​ល្អ​ព្រោះក្តី​មិនប្រមាថ ដរាប​នោះ​សេចក្តីសុខ ចម្រើន​នឹង​កើត​មាន​ជាមិនខាន ។ ដូច្នេះ​ការប្រព្រឹត្ត​បន្ទាបខ្លួន ជា​មង្គល​ដ៏​ឧត្តម ។​


២៤. សេចក្តី​សណ្តោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន (​សន្តុដ្ឋី ច ) ។
​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរ ទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស អោយ​ចេះ ខិតខំ​ប្រង​ប្រែង​ព្យាយាម​បំពេញ​ការងារ​អោយ​យ៉ាង​អស់ពី​សមត្ថភាព និង សក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​បាន​សម្រេច​សម តាម​បំណង​ប៉ុណ្ណា ក៏​តោង​ចេះ​អោយ​តម្លៃ និង ពេញ ចិត្ត​របស់​ទាំងនោះ ព្រោះថា​ក្នុង​លោក​នេះ ប្រសិនបើ មនុស្ស​ប្រាថ្នា​អ្វី​បាន​ហ្នឹង​នោះ ពិភពលោក​មុខជា​មិន​បាន​គង់វង្ស​មក​ដល់​ថៃ្ង​នេះទេ ។ ម្យ៉ាង​សោត​រឿង​ពិត​ក្នុង​លោក តែងតែ​មាន​ការ​មិន​ស​ម​បំណង​ជារឿយៗ ហេតុនេះ ដើម្បី​រស់នៅ​ដោយ​ចុះសម្រុង​និង​មានក្តី​សុខ​នោះ គឺ​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត និង ស្កប់ស្កល់ ចំពោះ​អ្វី​ដែល​បានមក​ពី​ការខិតខំ​របស់​ខួ​ន ។ បុគ្គល​ដែល​មាន​សណ្តាន​ចិត្ត​សណ្តោស រមែង​មិន​ភ្លើតភ្លើន លោភលន់ ភ្លេចខ្លួន រហូត​មើលងាយ ឬ​ច្រណែន​នឹង​អ្នក​ដទៃ នៅពេល​ដែល​ខ្លួន​មាន​លាភ​យសស័ក្តិ ទ្រព្យសម្បត្តិ​ក្តី ឬ​ធ្លាក់​ខ្លួន​ក្រ​ខ្សត់ បាត់​យសស័ក្តិ​ក្តី ។ ដូច្នេះ​ការ ព្យាយាម​អប់រំ​ចិត្ត​ខ្លួន​ឱ្យបាន​ជា​ចិត្ត​សណ្តោស​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។​


២៥. ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ( កតញ្ញូ​តា ) ។
​ បុគ្គល​បែបនេះ​ឈ្មោះថា កតញ្ញូ​បុគ្គល ។ បុគ្គល​កតញ្ញូ ដែល​បាន​តបស្នង​សង​ឧបការ គុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​តក​ត្ត​វេ​ទី​បុគ្គល ។ ឯ​បុគ្គល​ដែល បាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នកដទៃ​ឈ្មោះថា បុព្វ​ការី ។ មាតា បិតា ជា​បុព្វការី​របស់​កូន ព្រោះ​លោក​បាន​បង្កើត ព្រោះ​លោក​បាន​បង្ហាត់បង្រៀន​បុត្រ ។ ព្រះសម្មាសម្ពុទ្ធ ជា​បុព្វការី​របស់​ពុទ្ធបរិស័ទ និង​មនុស្ស សត្វ​ទាំងឡាយ ព្រោះ​ព្រះអង្គ​បាន​ព្យាយាម​រក​ឃើញ​នូវ​មាគ៌ា​រំដោះ​ទុក្ខ គឺ​អដ្ឋង្គិក​មគ្គ ដើម្បី​មនុស្ស សត្វ ទេព្តា​ទាំងអស់ ៘ បើ​មិន​មាន បុព្វការី​ជន មាន​មាតា បិតា ជាដើម​ទេនោះ សង្គមមនុស្ស​ក៏​មិន​អាច​ស្ថិតស្ថេរ​រីក​ចម្រើន​បាន​ឡើយ តោង​ប្រយ័ត្ន​បុគ្គល ខ្លះ​ដឹងថា​យើង​ជា​មនុស្ស​មិន​បំភ្លេច​គុណ និង តែង​តបស្នង​សងគុណ​គេ​វិញ​ជា​ប្រក្រតី​នោះ ក៏​បាន​ឆ្លៀតឱកាស​បង្កហេតុ​ហើយ ធ្វើ​ជា​មកជួយ​យកអាសារ​យើង ដើម្បី​អោយ​យើង​ជំពាក់​គុណ​គេ (​ទើប​គេ​អោយ​យើង ធ្វើ​អ្វី​ម្យ៉ាង​ដែល​នាំមក​នូវ​ផល​អាក្រក់​ណាមួយ ) ។ ដូច្នេះ​ការខិតខំ​កសាង​ខ្លួន​ឱ្យបាន​ជា កតញ្ញូ​តក​វេទី​បុគ្គល​ផង ទាំង​បុព្វការី​បុគ្គល​ផង ជា​មង្គល​ដ៏​ឧត្តម ។​

២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវ​នំ ) ។
​ ធម៌​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​គឺ​ផលប្រយោជន៍ និង ក្តី​សុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការខិតខំ​ឆ្លៀត​ពេល​ដ៏​មមាញឹក នៃ​ជីវិត​ប្រចាំ​ថៃ្ង ទៅ​ស្តាប់​ព្រះធម៌​យ៉ាង ហោចណាស់​មួយអាទិត្យ​បាន​ម្តង ព្រោះថា​ធម៌​គឺជា​គុណជាតិ បំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យ ស្គាល់​ខុស ស្គាល់​ត្រូវ គុណ​ទោស ល្អ​អាក្រក់ បុណ្យ​បាប យ៉ាង​សត្យានុម័ត ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​បាន​សេចក្តីសុខ​ខ្លួន ឯង​និង​សង្គមជាតិ (​ចំពោះ​ទស្សនៈ​ដែលថា ចាំ​ដល់​ចាស់ ឬ ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិនទាន់​ត្រឹមត្រូវ​ឡើយ ) ។ ដរាបណា​មាន​អ្នកប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សេចក្តី​ល្អ​កាន់តែច្រើន ដរាប​នោះ​សង្គមជាតិ​និង​ពិភព លោក​កាន់តែ​រីកចម្រើន​និង សុខសាន្ត ។ ដូច្នេះ​ការព្យាយាម​ស្តាប់ធម៌​តាម​កាល ជា​មង្គល​ដ៏​ឧត្តម ។​

២៧. សេចក្តី​អត់ធ្មត់ (​ខន្តិ ច ) ។
​ ខន្តី គឺ​សភា​ពនៃ​ចិត្ត​ស្ងៀមស្ងាត់​ស្ងប់រំងាប់​នឹងនរ ទោះ​ត្រូវ​រង​នូវ​អំពើ​អាក្រក់​បែប​ណាមួយ​ដូចជា​រង​ការប្រមាថ​មើលងាយ ឬ ភាពអយុត្តិធម៌​ជាដើម ។ តាម​ធម្មតា​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ដែល​គ្មាន​ខន្តី រមែង​មាន​សេចក្តី​ក្រោធ​ខឹង​ក្តៅក្រហាយ​ជា​ប្រាកដ ហើយ​តែង​តប​ទៅ​វិញ​ដោយ​អំពើ​ហិង្សា ឬ ពាក្យ​ទ្រគោះ ដោយ​ប្រការ​ណា មួយ​មិន​ខាន ដែល​ជា​ហេតុ​នាំមក​នូវ​ជម្លោះ​គ្រប់​ប្រភេទ ។ ចំណែក ឯ​អ្នក​មាន​ខន្តី​ធម៌​វិញ ពេល​រង​នូវ​អំពើ​អាក្រក់​បែប​ណា រមែង​មិន​ក្រោធ​ខឹង មិន​ក្តៅក្រហាយ​ផ្តេសផ្តាស​ឡើយ ហើយ​តែង​មាន​ប្រតិកម្ម​ទៅ​វិញ​ដោយ​អហិង្សា​ប្រកបដោយ វិចារណញ្ញាណ​យ៉ាង​ថ្លៃថ្នូរ​បំផុត ដែល​ជាហេតុ​នាំ​មក​នូវ​សុខ​សន្តិភាព​យ៉ាង​ប្រពៃ ប្រការ​នេះ​គួរតែ​មិនមែន​មានន័យថា ទោះជា​ត្រូវ​រងគ្រោះ​អយុត្តិធម៌​យ៉ាងណា ក៏​មិន​អើពើ​ឡើយ ។ តាមពិត​បើ​ឃើញ​ថា​គួរតែ​ឆ្លើយតប​នោះ​គឺ​តោង​តែ​ឆ្លើយតប ប៉ុន្តែ​ធ្វើ​ដោយ​ចិត្តស្ងប់ មិនមែន​ធ្វើ​តាម​កំហឹង ។ ដូច្នេះ​ការព្យាយាម​កសាង​អប់រំ​ខ្លួន​ឱ្យ​មាន​សណ្តាន​ចិត្ត​ប្រកប​ដោយ​ខន្តី គឺ​សេចក្តី អត់ធន់​ដ៏​ប្រពៃ​ហើយ ជា​មង្គល​ដ៏​ឧត្តម ។​

២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀនប្រដៅ​បាន​ដោយ​ងាយ (​សោ​វ​ចស្ស​តា ) ។
​ មនុស្ស​ប្រដៅ​ដោយ​ងាយ គឺជា​អ្នក​ដែល​ឆាប់​ទទួលយក​នូវ​ដំបូន្មាន​ឪពុក​ម្តាយ គ្រូ អាចារ្យ ចាស់ព្រឹទ្ធាចារ្យ និង​មតិយោបល់​របស់​បណ្ឌិត​ទាំងឡាយ ព្រោះ​ភាព​ខ្លួន​ជា​អ្នក​ឈ្លាសវៃ​មាន​ការចេះដឹង​ច្រើន ឆាប់​ពិចារណា​ឃើញ​នូវ​ហេតុផល​ច្បាស់លាស់ ថែម​ទាំង​ជា​បុគ្គល​មាន ចិត្ត​បើកទូលាយ បន្ទាបខ្លួន មិន​ប្រកាន់​មានៈ តែ ទោះ​យ៉ាង ណា​តោង​តែ​ធ្វើ​ដោយ​បញ្ញា ប្រយ័ត្ន​ត្រូវ​ជនពាល​បញ្ចុះបញ្ចូល អូសទាញ​អោយ​លុះ​ក្នុង​គំនិត គិត​ខុស​។ ឯ​អ្នក​ដែល​មិន​លុះ​តាម​ដំបូន្មាន​មាតាបិតា​និង​បណ្ឌិត​ជាដើម ក៏​ព្រោះតែ​ភាព​នៃ​ខ្លួន​ជា អ្នក​មិន​ឆ្លៀស​វៃ មិន​មាន​ការចេះដឹង ម្ល៉ោះហើយ​ក៏​មាន​ការ​ងងឹត​ងងល់​ក្នុង​អស្មិ​មានៈ​យ៉ាង​ធ្ងន់​ធរ ។ មានតែ​ការខិតខំ​រៀនសូត្រ និង​ស្តាប់ធម៌ ទេសនា​ជាដើម​ទេ ទើប​អាច​ធ្វើ​ខ្លួន​ឱ្យទៅ​ជា​បុគ្គល​ងាយ​ប្រដៅ​បាន ។ ដូច្នេះ​ការខិតខំ​កសាង ខ្លួន​ឱ្យ​បាន​ក្លាយជា​បុគ្គល ដែល​គេ​ងាយ​ប្រដៅ ជា​មង្គល​ដ៏​ឧត្តម ។​

២៩. កិរិយា​បានឃើញ បាន​ជួប​នូវ​សា​មណៈ​ទាំងឡាយ​ដែល​មាន​ឥន្ទ្រីយ៍ស្ងប់​រំងាប់​ហើយ (​សម​ណាន​ញ្ច ទ​ស្សនំ ) ។ សមណៈ​គឺជា​បព្វជិត​ដែល​លះបង់​ផ្ទះ​ទៅ​បួស ហើយ​ខិតខំ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ ធ្វើ​កាយ វាចា ចិត្ត​ឲ្យ​ស​ប់សាត់ ចាក​កិលេស គឺ​លោភៈ ទោសៈ មោហៈ មាន​ឥរិយាបថ​សប់​សាត់​ស្រគត់ស្រគំ​គួរ​ជាទី​គោរព​ជ្រះថ្លា​នៃ​ជន​ទាំងពួង ។ លើសពីនេះទៅទៀត​សមណៈ​ទាំងឡាយ លោក​តែង​ឲ្យដល់​អ្នក​ដែល​បាន​មកជួប​នូវ​ដំបូន្មាន​ដ៏​ប្រពៃ​ជា​មាគ៌ា​ សម្រាប់​ប្រព្រឹត្ត​ប្រតិបត្តិ ឲ្យបាន​សុខ​ចម្រើន​ក្នុង​ជាតិ​នេះ និង​ជាតិ​ខាងមុខ ។ ដូច្នេះ​ការ​បាន​ជួប​នឹង​សា​មណៈ​ទាំងឡាយ ជា​មង្គល​ដ៏​ឧត្តម ។​

៣០. កិរិយា​សន្ទនា​សាកសួរ​នូវ​ធម៌​តាម​កាល (​កាលេ​ន​ធម្មសាកច្ឆា​) ។
​នេះ​បាន​ដល់​ការចេះ​បែងចែក​ពេលវេលា ឲ្យមាន​ឱកាស​សម្រាប់​ជួបជុំ​គ្នា​ញឹកញាប់ ដើម្បី​ពិក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​ធម៌​វិន័យ​ក្រោម​អធិបតីភាព​នៃ លោក​អ្នកចេះដឹង​ជ្រៅជ្រះ ដែលជា​អ្នក​មាន​គុណធម៌ និង​សីលធម៌​ខ្ពង់ខ្ពស់ ដើម្បី​អាច​បំបាត់​នូវ​ច​មល់​គ្រប់​យ៉ាង​បាន ។ មួយ​សោត ដើម្បី​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​នានា និង​ស្វែងរក​នូវ​ការ​ចុះសម្រុង​គ្នា ។ ទង្វើ​បែប​នេះ ក៏​ជា​ការ​សាប​ព្រួស​នូវ​វប្បធម៌​អហឹង្សា និង​សន្តិភាព​ផងដែរ ។ ធ្វើ​យ៉ាងនេះ​គឺ​ពិតជា​បាន​បង្កើត​នូវ​ការចេះដឹង​របស់​ខ្លួន ឲ្យបាន​ទូលំទូលាយ​ច្បាស់លាស់​ជា​បន្តបន្ទាប់ ដែល​អាច​យក​ទៅ​ប្រព្រឹត្ត​ប្រតិបត្តិ​បាន​ត្រឹមត្រូវ និង​កើត​ផលប្រយោជន៍​ដល់​ខ្លួនឯង និង​សង្គមជាតិ​ពិតប្រាកដ ។ ដូច្នេះ​កិរិយា​ចូលរួម​ក្នុង​ការសន្ទនា​សាកសួរ​សីលធម៌​តាម​កាល​ជា​មង្គល​ដ៏​ ឧត្តម ។​

៣១. សេចក្តី​ព្យាយាម​ដុត​នូវ​បាប​ធម៌ ( ត​បោ ច ) ។ បាបធម៌​បាន​ដល់​លោភៈ គឺ​ការ​ជាប់ចិត្ត​លោភលន់​ហួស ហេតុ​ទៅ​លើ​សម្ភារៈ​គ្រប់យ៉ាង​១, ទោសៈ គឺ​ចិត្ត​ប្រទូសរ៉ាយ​ស្អប់​ក្រោធ​ខឹង​គ្រប់យ៉ាង​១ និង​មោហៈ គឺក្តី​ងងឹតងងល់ វង្វេងវង្វាន់ មាន​កាប់សម្លាប់ លួច​បន់ និង​កុហក​ឆបោក កេងប្រវ័ញ្ច​ជាដើម ។ រីឯ​តបៈធម៌​បាន​ដល់​ការព្យាយាម​ដុតបំផ្លាញ​នូវ​កិលេស​ទាំងបី​ខាង​លើ​ផង និង​ព្យាយាម​កសាង​នូវ​អំពើ​ល្អ​គ្រប់យ៉ាង​មាន​ទាន សីល ភា​វនា សាង​ផ្លូវថ្នល់​សាលារៀន​ជាដើម​ផង ដែល​សុទ្ធតែ​មាន​ប្រយោជន៏​ដល់​ខ្លួនឯង និង​សង្គមជាតិ​យ៉ាង​ពិតប្រាកដ ។ ដូច្នេះ​សេចក្តី​ព្យាយាម ដុត​នូវ​បាប​ធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (​ព្រហ្មចរិយ​ញ្ច ) ។ ​នេះ​បាន​ដល់​កិរិយា​ព្យាយាម​ប្រព្រឹត្ត​សីលធម៌​ដ៏​ប្រសើរ ទាំង ៨ យ៉ាង​គឺ ៖ មិន​សម្លាប់​ជីវិត​សត្វ​១, មិន​លួច​ប្លន់​១, មិន​ប្រព្រឹត្ត​ស្នេហា​១, មិន​ភូតកុហក​១, មិន​ផឹក​ទឹកស្រវឹង​១, មិន​បរិភោគ​ពេល​រសៀល​និង​យប់​១, មិន​រាំច្រៀង លេង​ភ្លេង និង​មិន​តុបតែង​កាយ​ដោយ​គ្រឿងអលង្ការ​១, មិន​ប្រើប្រាស់​សម្ភារៈ​អង្គុយ និង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១ ។ នេះ​គឺជា​ការប្រព្រឹត្ត​សង្រួមកាយវាចាចិត្ត​យ៉ាង​ប្រពៃ ដែល​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ព្រោះ​បាន​ធ្វើ​ចិត្ត​ឲ្យបាន​ស្ងប់ស្ងាត់ និង​មាន​ប្រយោជន៍​ដល់​សង្គមជាតិ ព្រោះ​មិន​បាន​រំខាន និង​បៀតបៀន​សង្គមជាតិ ។ ដូច្នេះ​កិរិយា​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយា​ធម៌​ជា​មង្គល​ដ៏​ឧត្តម ។​

៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំងឡាយ​(​បរិ​យស​ច្ចាន ទ​ស្សនំ )​។ អរិយសច្ច ​ធម៌​បាន​ដល់​ធម៌​ពិត​ដ៏​ខ្ពង់ខ្ពស់​៤​យ៉ាង​គឺ ទុក្ខ​សច្ចៈ សេចក្តី​ទុក្ខ​១, សមុទយ​សច្ចៈ ហេតុ​នៃ​សេចក្តី​ទុក្ខ​១, និរោធ​សច្ចៈ ទី​ដែល​ក្តី​ទុក្ខ​ត្រូវបាន​រំលត់​១, និង​មគ្គ​សច្ចៈ វិធី​រំលត់ទុក្ខ​១ ។ សេចក្តី​ពិត​នៃ​ជីវិត​មនុស្ស សត្វ ទេព្តា ក្នុង​ត្រៃភព គឺ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ​ប្រែប្រួល​ឥត​ខ្លឹមសារ​ទាំងអស់ ។ មូលហេតុ​នៃ​សេចក្តី​ទុក្ខ​នេះ គឺ​បណ្តាលមកពី​ជីវិត ដែល​ពោរពេញ​ដោយ​កិលេស​តណ្ហា​គ្រប់បែបយ៉ាង ។ ដរាបណា​កិលេស​តណ្ហា​ត្រូវបាន​រំលត់​អស់ហើយ ដរាប​នោះ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ទៀតឡើយ ។ ព្រះ​អរិយបុគ្គល​ទាំងឡាយ មាន​ព្រះពុទ្ធ​ជា​ប្រធាន​សុទ្ធតែ​បាន​យល់​ច្បាស់​នូវ​អរិយសច្ច​ធម៌​នេះ ហើយ​ព្យាយាម​ប្រព្រឹត្ត ប្រតិបត្តិ​តាម​មគ្គ​សច្ច​ដែលជា​មា​គ៌ា ដើម្បី​រំលត់ទុក្ខ​ប្រកប​ដោយ​អង្គ​៨ គឺ​អដ្ឋង្គិក​មគ្គ ទើប​បាន​រំលត់​កិលេស​តណ្ហា​ឆ្លង​ផុត​ពី​សេចក្តី​ទុក្ខ​គ្រប់យ៉ាង ។ ដូច្នេះ​កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌ ជា​មង្គល​ដ៏​ឧត្តម ។​

៣៤. កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់ខ្ពស់ ( និព្វាន ស​ច្ឆិ​រិយា ច ) ។
នេះ​បាន​ដល់​ការប្រព្រឹត្ត​ប្រតិបត្តិ​នូវ​វិធី​ក្បួនច្បាប់ សីល សមាធិ បញ្ញា ឲ្យចេញ​ជា​លទ្ធផល​ច្បាស់លាស់ ។ ព្រះ​និព្វាន​គឺជា​លទ្ធផល​នៃ​ការ ប្រព្រឹត្ត​ប្រតិបត្តិ​សីល សមាធិ បញ្ញា តាម​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​គឺ​សម្មាទិដ្ឋិ ការយល់ឃើញ​ត្រឹមត្រូវ​ពិតប្រាកដ ១, សម្មាសង្កប្បៈ ការ​ត្រិះរិះ​ត្រឹមត្រូវ​គឺ​គិត​និង​រំលត់​តណ្ហា​១, សម្មា​វ​ចា ពោល​តែ​ពាក្យ​ត្រឹមត្រូវ​១, សម្មាកម្ម​ន្តៈ ប្រព្រឹត្ត ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ធម៌ និង​ច្បាប់​រដ្ឋ​១, សម្មា​អាជីវៈ ប្រកប​មុខរបរ​ត្រឹមត្រូវ ដោយ​ចៀសវាង​នូវ​អំពើ​បាប​៥ យ៉ាង​មាន ការលក់​មនុស្ស​ជា​ដើម​១, សម្មាវាយាមៈ ខំព្យាយាម​ត្រឹមត្រូវ គឺ​ព្យាយាម​លះបង់​អំពើអាក្រក់​ដែល​ធ្លាប់​ធ្វើ​ឲ្យអស់ និង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​អំពើ​អាក្រក់​ជា​ថ្មី​ទៀត​, ព្យាយាម​រក្សា​គុណធម៌ និង​សេចក្តី​ដែល​មាន​ស្រាប់​អោយ​តាំងនៅ និង​កាន់តែ ចម្រើន​ឡើង​, ព្យាយាម​សាង​គុណធម៌ និង​ក្តី​ល្អ​ដែល​មិនទាន់មាន អោយមាន​ជា​ប្រាកដ​១, សម្ម​សតិ ការ​រលឹក ដ៏​ត្រឹមត្រូវ​មាន​ការ​រលឹក​នូវ វេទនា​ខាងក្នុង និង​វេទនា​ខាងក្រៅ​ជា​ដើម​១, និង​សម្មាសម្មាធិ ការតម្កល់​ចិត្ត​ឲ្យ​នឹង​ខ្ជាប់ខ្ជួន​ក្នុង​អារម្មណ៍​តែមួយ​១ ។ ដូច្នេះ​ការប្រព្រឹត្ត​ប្រតិបត្តិ​ក្នុង​មាគ៌ា​ប្រកបដោយ​អង្គ​៨ រហូត​ធ្វើឱ្យ​ជាក់ ច្បាស់​នូវ​ព្រះ​និព្វាន ដែល​ជា​គោលដៅ​ចុង ក្រោយ​នៃ​ជីវិត​ក្នុង​លោក​ជា​មង្គល​ដ៏​ឧត្តម ។​

៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុ​ជ្ឋ​ស្ស លោក​ធម្មេ​ហិ​ចិត្តំ យស្ស ន ក​ម្ប​តិ ) ។
​លោកធម៌​គឺជា​ធម្មជាតិ​ជាទី​ប្រាថ្នា​និង​ជាទី​ស្អប់​របស់​មនុស្ស និង​ជា​ធម៌​ដែល​តែង​កើតមាន​នៅក្នុង​លោក ដល់​មនុស្ស​គ្រប់រូប មិន​ថា​បុគ្គល​នោះ​ជា​អ្នកចេះដឹង​ធម៌ ឬ មិន​ចេះ​ធម៌​ឡើយ ហើយក៏​មិន​រើសមុខ​ថា ជា​ពុទ្ធសាសនិក ឬ ជា​សាសនិក​របស់​សាសនា ណាមួយ​ឡើយ ។ លោកធម៌​មាន​៨​ប្រការ​គឺ ការ​មាន​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការសរសើរ​១, ការ​បាន​សុខ​សប្បាយ​១, ការបាត់បង់​លាភសក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការ​និន្ទា​រិះគន់​១, ការ​បាន​នូវ​ទុក្ខទោស​១ ។ អរិយបុគ្គល​ទាំងឡាយ មាន​ព្រះពុទ្ធ​ជា​ប្រធាន រមែង​មិន​ញាប់​ញ័រ គឺ​មិន​សប្បាយ​ភ្លើតភ្លើន ទាំង​មិន​ទោមនស្ស​ដោយ​លោកធម៌​ទាំង ៨ នេះឡើយ ទើប​ពួក​លោក​រមែង​រស់នៅ​ជា​ក្សេមក្សាន្ត​ជានិច្ច ។ ដូច្នេះ​ការព្យាយាម អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិត្ត ដែល​មិន​ញាប់​ញ័រ​ដោយ​លោកធម៌​ទាំង ៨ នេះ ជា​មង្គល​ដ៏​ឧត្តម ។​

៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយសោក​ចំពោះ​អារម្មណ៍ (​អ​សោកំ ) ។ ​មនុស្ស​គ្រប់រូប​តែងតែ​ជួប​នូវ​អារម្មណ៍ គឺ​ហេតុការណ៍​គ្រប់យ៉ាង​រាល់​នាទី​នៃ​ជីវិត​របស់​ខ្លួន ។ ជា​ការពិត​ណាស់​តាំងពី​ភ្ញាក់​ពី​ដំណេក​ដឹង​ខួ​ន​ឡើង​ត្រចៀក​ជួប​នឹង​សម្លេង ភ្នែក​ជួបនឹង​រូប ច្រមុះ​ជួបនឹង​ក្លិន អណ្តាត​ជួប​នឹង​រសជាតិ កាយ​ប៉ះ​នឹង​វត្ថុ​គ្រប់យ៉ាង ។ អារម្មណ៍​ទាំងនេះ ខ្លះ​ជា​ទី​ពេញចិត្ត​នាំ​ឲ្យ​សប្បាយ ខ្លះ​ជា​ទី​ស្អប់ខ្ពើម នាំ​ឲ្យ​ខឹង​មួ​ម៉ៅ​ក្តៅក្រហាយ ។ ប៉ុន្តែ​ព្រះ​អរិយបុគ្គល​ដែល​ជា​មនុស្ស​ដ៏​ប្រសើរ មានចិត្ត​ស្អាត​បរិសុទ្ធ ចាក​កិលេស​តណ្ហា លោភៈ ទោសៈ មោហៈ ហើយ​នោះ លោក​មិន​សោយសោក​ក្តៅក្រហាយ​នឹង​អារម្មណ៍​ទាំងឡាយ​នោះ​ឡើយ ។ ដូច្នេះ​ការព្យាយាម​អប់រំ​ចិត្តរ​ហូត​បាន​ជា​ចិត្ត​មិន​សោកសៅ ជា​មង្គល​ដ៏​ឧត្តម ។​

៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាត ចាក​កិលេស ( វីរ​ជំ ) ។ នេះ​បាន​ដល់​ប្រភេទ​នៃ​ចិត្ត​ជាន់ខ្ពស់ ដែល​មិន​ប្រឡាក់​ដោយ កិលេស​ទាំង​បី​គឺ លោភៈ ចិត្ត​ស្អប់​ជាប់​នឹង​សម្ភារៈ និង​អ​សម្ភារៈ​គ្រប់យ៉ាង ដែល​នាំឲ្យ​មាន​សេចក្តី​លោភលន់​គ្មាន ទីបំផុត​១, ទោសៈ ចិត្ត​ថ្នាំងថ្នាក់​ស្អប់ខ្ពើម ក្រោធ​ខឹង ទោមនស្ស ប្រទូស្ត​នឹង​សម្ភារៈ​គ្រប់យ៉ាង​ដែល​នាំឱ្យ​កើត​ជា​អំពើ​ហិង្សា​ជា​ដើម​១, មោហៈ ចិត្ត​វង្វេង​ក្នុង​អារម្មណ៍​ប្រកប​ដោយ​សេចក្តី​សង្ស័យ​និង​រាយមាយ ឥត​ខ្មាស​ឥត​ខ្លាច​អំពើ​ទុច​រឹត​១ ។ ដូច្នេះ​កិរិយា​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​បរិសុទ្ធ​ស្អាត​ចាក​កិលេស ជា​មង្គល​ដ៏​ឧត្តម ។​

៣៨. ចិត្ត​ក្សេមក្សាន្ត (​ខេ​មំ​) ។ នេះ​បាន​ដល់​សន្តាន​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ដែល​មាន​ព្រះពុទ្ធ​ ជា​ប្រធាន ដែល​បាន​ឆ្លង​ផុតពី​អន្លង់​ទាំង​៤​គឺ ៖ អន្លង្ល់​គឺ​កាមតណ្ហា​១, អន្លង់​គឺ​ភព​ទាំងបី​១, អន្លង់​គឺ​ទិដ្ឋិ​យល់​ខុស​១ និង​អន្លង់ គឺ​អវិជ្ជា ការមិនយល់​មិនដឹង​នូវ​សច្ចធម៌​១ ។ ចិត្ត​ដែល​បាន​ឆ្លង​ផុត​អន្លង់​ទាំង​៤​ហើយ គឺជា​ចិត្ត​ស្អាត​បរិសុទ្ធ និង​ស្ងប់​ក្សេមក្សាន្ត​ក្រៃលែង ។ ដូច្នេះ​កិរិយា​ខំ​កសាង​ខ្លួន​គឺ​អប់រំ​ចិត្ត​ឲ្យបាន​ទៅ​ជាចិ​ត្ត​ ក្សេមក្សាន្ត​យ៉ាងនេះ ជា​មង្គល​ដ៏​ឧត្តម ។ បុគ្គល​ទាំងឡាយណា បាន​ខិតខំ​កសាង​ខ្លួន ដោយ​ខិតខំ​ប្រព្រឹត្តិ​ប្រតិបត្តិ​នូវ​មង្គល​ទាំង​៣៨​ប្រការ​នេះ​ឲ្យ​បរិបូ​ ណ៌ហើយ រមែង​មិន​ចាលចាញ់​ក្នុង​ទី​ទាំងពួង រហូត​សម្រេចមគ្គផល​និព្វាន​ជាទី​អវសាន ៕​

(ដកស្រង់ពីមណ្ឈមណ្ឌលព័តមានខ្មែរ)

Friday, September 25, 2009

លិខិតថ្លែងអំណរគុណ

ខ្ញុំព្រះករុណាអត្មាភាពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបង
ប្អូនប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់​ដែលកំពុងស្នាក់នៅក្នុងសាធារណរដ្ឋ
កូរ៉េ (ប្រទេសកូរ៉េខាងត្បូង) ហើយបានអញ្ជើញមកចូលរួមក្នុងកម្មវិធី
បុណ្យភ្ជុំបិណ្ឌកន្លងមកយ៉ាងច្រើនកុះករ​​ ទោះបីជាកន្លែងតូចចង្អៀត
តែបងប្អូនយើងបានមកចូលរួមដោយទឹកចិត្តជ្រះថ្លាសប្បាយរីករាយ
ក្អាកក្អាយរុះរាយរាក់ទាក់ក្នុងនាមជាប្រជាជាតិដែលមានអរិយធម៌ និង
វប្បធម៌ដ៏ខ្ពង់ខ្ពស់ផ្ទាល់ខ្លួនតាំងពីបូរាណកាលរៀងមក។ សូមអោយ
ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទីចេះស្រឡាញ់់រាប់អានគ្នាហើយរួបរួម
សាមគ្គីគ្នាថែរក្សាមត៌កវប្បធម៌ដូនតាអោយបានគង់វង្សជារៀងដរាបត
ទៅ។ សូមអោយប្រជាជនខ្មែរគ្រប់ទិសទីបានជួបប្រកបតែនឹងពុទ្ធពរ
៥ ប្រការគឺ​ អាយុ វណ្ណ សុខ ពល​ និងបដិភាណកុំបីឃ្លាងឃ្លាតឡើយ។

សូមអរគុណ

(ក្រោកពីព្រលឹមហើយតាំងចិត្តអោយសត្វលោកទាំងអស់ជួប
តែសេចក្តីសុខនិងសុភមង្គលនេះជាមហាករុណាធម៌ដែលព្រះ
ពុទ្ធបរមគ្រូទ្រង់បានត្រាស់សំដែងទុកមក)

Monday, September 21, 2009

ពិធីបុណ្យភ្ជុំបិណ្ឌ

កាលពីថ្ងៃ សៅរ៍-អាទិត្យ ទី ១៩-២០ ខែ កញ្ញា ឆ្នាំ ២០០៩ នៅ
មជ្ឈមណ្ឌលព្រះពុទ្ធសាសនាខ្មែរ នាទីក្រុងគឹមប៉ូ ប្រទេសកូរ៉េ
ខាងត្បូងមានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងពិធីនោះបងប្អូន
ខ្មែរយើងទាំងប្រុសទាំងស្រីនៅប្រទេសកូរ៉េ បានចូលរួមយ៉ាងច្រើន
កុះករ​ ជាពិសេសក៏មានជនជាតិកូរ៉េចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
ក្រោយពីព្រះសង្ឃព្រះនាម​​ ជយរក្ខិតោ រិនសារ៉ូ​ សូត្រមន្តបង្សុកុល​
និងឧទ្ទិសមគ្គផលហើយ បងប្អូនយើងបានទទួលទានបរិភោគនំ
បញ្ចុកសម្លខ្មែរយ៉ាងសប្បាយរីករាយក្រៃលែងក្នុងន័យមិត្តភាព និង
សាមគ្គីភាព។

Friday, September 18, 2009

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ព្រះរាជាគណ ថ្នាក់ទី ២ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ប្រសូតនៅថ្ងៃអាទិត្យ ៥ រោច ខែ មិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស ២៤៨៥ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤២ ក្នុងត្រកូល អ្នកកសិករ នៅ ភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ននេះគឺបរិវេណដីសណ្ឋាគារ Pansea នៅគល់ស្ពានថ្មវត្តរាជបូណ៌ ជាប់មាត់ស្ទឹង ។ ញោមប្រុស នាម ពិន.ប៉ូយ ញោមស្រីនាម យ៉ោក.សម មានបងប្អូន ៨ នាក់ ប្រុស ៦ ស្រី ២ ។ ព្រះអង្គ ជាបុត្រច្បងបង្អស់ ។ សព្វថ្ងៃនៅ សល់ប្អូនប្រុស ៤ នាក់ ប្អូនស្រី ២នាក់ ។
តាំងតែពីកុមារភាព ព្រះអង្គមានសទ្ធាជ្រះថ្លា ស្រឡាញ់ព្រះពុទ្ធសាសនាខ្លាំងណាស់ សូម្បីល្បែងធម្មតារបស់ក្មេងៗ មានលេងសី លេងហ៊ឹង ក៏ព្រះអង្គមិនចូលចិត្តដែរ គឺព្រះអង្គ មាននិស្ស័យតែរបៀបលេង បែបក្នុងពិធីសាសនា មានដូចជា លេងសូត្រធម៌ លេងធ្វើជាអាចារ្យ លេងធ្វើជាព្រះសង្ឃ ឬក៏លេងធ្វើម្ហូបអាហារ នំចំណី...ជាដើម ។ នៅឆ្នាំ ១៩៥០ ញោមប្រុស បានឱ្យចូលរៀននៅសាលាបឋមសិក្សា សៀមរាបក្រុង ។ បច្ចុប្បន្នគឺ វិទ្យាល័យ ១០មករា ។ ព្រះអង្គ បានរៀនអស់រយះពេល ៧ឆ្នាំ ។ ដល់ឆ្នាំទី ៧ ថ្នាក់សទីវកា គឺអស់ថ្នាក់ រៀនត្រឹមតែប៉ុណ្ណឹង នៅក្នុងខេត្តសៀមរាប នាសម័យនោះ ។ ព្រះអង្គបានសម្រេចចិត្ត ឈប់រៀន មកជួយធ្វើការងារ ផ្ទះសម្បែង ។
នៅឆ្នាំ ១៩៦២ ក្នុងជន្មាយុ២០ឆ្នាំ ព្រះអង្គបានចូលសាងព្រះផ្នូស ជាភិក្ខុភាវៈនៅក្នុង ព័ទ្ធសីមា វត្តរាជបូណ៌ ។ នៅឆ្នាំ ១៩៧៥ ក្រោយពេលដែល ព្រះអង្គសាងព្រះផ្នូសបាន ១៤ព្រះវស្សា សភាពការណ៍ស្រុកទេសប្រែប្រួល ត្រូវខ្មែរក្រហមចូលមក គ្រប់គ្រងប្រទេសកម្ពុជា ហើយព្រះអង្គក៏ត្រូវបានគេជម្លៀសចេញពីវត្តពីភូមិស្រុក ដូចព្រះសង្ឃ និង ប្រជាពលរដ្ធដទៃទៀតដែរ ការធ្វើដំណើរ កាលណោះគឺឆ្ពោះ ទៅទិសខាងកើតក្រុង សៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ទៅដល់ស្រុកជីក្រែង ដល់ផ្សារភូមិអូរ ឃុំសង្វើយ ហើយគេឱ្យចុះ ចេញពីថ្នល់ជាតិលេខ៦ ទៅតាមផ្លូវលំកាត់តាមភូមិអូរ ភូមិយាង ។ កាលនោះ ព្រះអង្គ បាននិមន្ត ទៅគង់នៅវត្តឫស្សីលក ដែលមានព្រះតេជព្រះគុណព្រះនាម លី ជាព្រះ គ្រូចៅអធិការវត្ត ។ សម័យនោះ ប្រជាពលរដ្ធ ត្រូវបានគេកំហិត ឱ្យធ្វើការ កំណត់របបអាហារ ការរស់នៅស្ថិតក្រោម ការកៀបសង្កត់ ត្រួតពិនិត្យតាមដានរាល់សកម្មភាព គ្រប់វិនាទី ។ ចំណែកព្រះសង្ឃក៏ ត្រូវក្រុមខ្មែរក្រហម បង្ខិតបង្ខំឱ្យលាចាកសិក្ខាបទ តាមកំណត់នៃច្បាប់ មហាជឿនលឿន មហាលោតផ្លោះរបស់ពពួក គេដែរ ។ មានព្រះសង្ឃជា ច្រើនរូប ត្រូវបាន ក្រុមនោះ ធ្វើទារុណកម្មតាមគ្រប់រូបភាព និងពិឃាត យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ ក្រោយពីបាន លាចាកសិក្ខាបទដោយការបង្ខិតបង្ខំ ពីពួកខ្មែរក្រហមរួចមក លោកបណ្ឌិត បានអញ្ជើញ ទៅស្នាក់នៅជាមួយម្តាយធំ ដែលមានប្អូនប្រុសបង្កើតពីរនាក់ និងប្អូនស្រី ជីដូនមួយ អាស្រ័យនៅជាមួយគ្នា ។ មិនបានប៉ុន្មានផង ខ្មែរក្រហមបានយកប្អូន ប្រុសទាំងពីរ នោះទៅ សម្លាប់ចោលដោយមិនមានកំហុសអ្វីទាំងអស់ ។ សេចក្តី ក្រៀមក្រំនៅតែមានជាបន្តបន្តាប់ ព្រោះម្តាយធំគាត់មានជំងឺ ហើយបាន ទទួលអនិច្ចកម្មនៅចុង ឆ្នាំ ១៩៧៥ ។ បន្ទាប់មក លោកបណ្ឌិត បានអញ្ជើញទៅរស់នៅជាមួយអ្នកម្តាយ ការរស់ជួបជុំម្តាយ និងកូនមិនទាន់ ទាំងបានប៉ុន្មានផង ក្នុងរវាងឆ្នាំ ១៩៧៧ ត្រូវខ្មែរក្រហម ប្រមូលអ្នកជម្លៀសថ្មី ឱ្យទៅរស់នៅ មូលដ្ធានព្រៃប្រស់ ។
លោកបណ្ឌិត ត្រូវឃ្លាតពីអ្នកម្តាយម្តងទៀតដោយគេប្រាប់ថាចាស់ៗ គេនឹងបញ្ជូន ទៅតាមក្រោយ ។ លើកនេះគឺជាការ ព្រាត់ជាថ្មី ម្តងទៀត ហើយក៏ជាលើកចុងក្រោយបង្អស់ ពីព្រោះអ្នកម្តាយ ដ៏ជាគោរពស្រឡាញ់ របស់លោកបណ្ឌិត ត្រូវពួក ខ្មែរក្រហមសម្លាប់ បំបាត់ ជីវិតគ្មានសេចក្តីមេត្តាឡើយ ។ ចំណែកលោកបណ្ឌិតវិញ ការងារដែលត្រូវធ្វើក្នុង សម័យ នោះគឺគេឱ្យជា អ្នកឃ្វាលគោ ឃ្វាលក្របី អ្នកដាំស្ល និងដោយភាពវៃឆ្លាត សុភាពរាបសារ គួបផ្សំនឺងការចេះដឹងថ្នាំព្យាបាលរោគ គេក៏ដកពីកន្លែងដាំបាយ ឱ្យមកធ្វើជាគ្រូពេទ្យខ្មែរ ផ្សំថ្នាំ ប្ញស្សឈើ មើមឈើជាដើម ដើម្បីព្យាបាលអ្នកនៅក្នុងមូលដ្ឋាន ។ ព្រមទាំងគេបាន ប្រគល់រទេះ ១គ្រឿង និងមនុស្សពីរបីនាក់ទៀតសំរាប់ ជួយរកថ្នាំ ។
នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះឱ្យមានសេរីភាពឡើងវិញ ដោយគុណបំណាច់របស់ រណសិរ្សសាមគ្គី សង្ក្រោះជាតិ បានមកកំចាត់ពួកខ្មែរក្រហម ឱ្យវិនាសពីទឹកដីកម្ពុជា ។ ពេលនោះហើយ ដែលលោកបណ្ឌិត មានឱកាសបានវិលត្រឡប់ ទៅភូមិកំណើតវិញ ទាំងភាពស្រងេះស្រងោច កណ្តោចកណ្តែង ចំបែងចិត្តព្រោះត្បិត បាត់បង់ ឪពុកម្តាយ បងប្អូនពូជពង្សវង្សាវតា អ្នកប្រាជ្ញបណ្ឌិត ដែលធ្លាប់ស្គាល់គ្នា ។ ឯផ្ទះ សម្បែង ទៀតសោត ក៏ត្រូវគេបំផ្លាញខ្ទេចខ្ទីអស់រលីងគ្មានសល់ទៀត ។ ចំណែកទិដ្ធភាពនៅ ក្នុងបរិវេណវត្តរាជបូណ៌ មានភាព ស្ងាត់ជ្រងំ ដុះសុទ្ធតែព្រៃ ធ្វើឱ្យកើតនូវសេចក្តីសង្វេគ រំជួលចិត្ត យ៉ាងពន់ពេក ។ កាលេនោះរណសិរ្សសង្គ្រោះជាតិកម្ពុជា បានបង្កើតឱ្យ មាន ព្រះពុទ្ធសាសនា ឡើងវិញ ។ ដោយមានសទ្ធាជ្រះថ្លា មុតមាំក្នុងព្រះពុទ្ធសាសនា លោកបណ្ឌិត បានទាក់ទងសុំ បួសនៅក្នុងវត្តភូមិស្រុកកំណើតនេះវិញ ប៉ុន្តែពុំបានការអនុញ្ញាត ។ ដោយសេចក្តីអស់សង្ឃឹម ព្រោះមិនបានសាងព្រះផ្នួសក្នុងវត្តភូមិស្រុក កំណើត លោកបណ្ឌិត ក៏សម្រេចចិត្តលាប្អូន លាបង ផ្សងព្រេងស្វែងរកទីកន្លែង សាងព្រះផ្នួស នៅឯជាយដែនខ្មែរថៃ ។
សូមបញ្ជាក់ ៖ ការដែលលោកបណ្ឌិតចេញទៅជាយដែនហ្នឹង មិនមែនទៅធ្វើបដិវត្ត តស៊ូច្បាំង នឹងនរណា ឬ ធ្វើនយោបាយនោះទេ គឺលោកបណ្ឌិតអញ្ជើញទៅ ក្នុងវត្ថុបំណងសាង ព្រះផ្នួស បួសជាបព្វជិតក្នុង ព្រះពុទ្ធសាសនា តែប៉ុណ្ណោះ ព្រោះលោកបណ្ឌិត បានតាំងចិត្ត អធិដ្ឋានថា ត្រូវធ្វើជាអ្នកបួស ក្នុងព្រះពុទ្ធសាសនា អស់មួយជីវិត ។ ដូច្នេះទាន់មានឱកាស លោកបណ្ឌិត ត្រូវតែបន្តទៅទៀត ។
ដោយព្រះអង្គសព្វព្រះហឫទ័យ ស្មោះស្មគ្រ័ និងព្រះពុទ្ធសាសនា នៅខែ មិនា ឆ្នាំ ១៩៩៨០ ព្រះតេជព្រះគុណបានឧបសម្បទា ជាភិក្ខុភាវៈជាថ្មីម្តងទៀត មាននាមបញ្ញាត្តិថា “សិរីសុវណ្ណោ” ។ សេចក្តីព្យាយាម ភាពអំណត់អត់ធន់ ភាពហ្មត់ចត់ ព្រះបញ្ញាញ្ញាណប្រតិពល ក្លៀវក្លា ចេះចាំធម៌អាថ៌ប្រស្នាវិន័យ ចេះចាំច្បាប់ផ្សេងៗច្រើន មានចំណេះដឹង និងមានចំណេះធ្វើ ក្នុងការងារសាសនា ។ ព្រះតេជព្រះគុណ គឺជាបព្វជិតមួយរូប ដែលប្រជា ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស មានសទ្ធាជ្រះថ្លា ឧបត្ថម្ភគ្រាំទ្រ យ៉ាងខ្លាំងក្លា រឹងរិតតែធ្វើឱ្យព្រះពុទ្ធសាសនា រីកសាយផ្សាយចេញទៅ គួរឱ្យមានមោទនភាព ។
ព្រះអង្គបានបង្កើតឱ្យមានកម្មវិធីសិក្សា សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ យុវជនយុវតី ព្រមទាំងបានកសាងសាលា ពុទ្ធិកសិក្សា និងបានជំរុញឱ្យសមណសិស្ស សិក្សាបានដល់ ពុទ្ធិកវិទ្យាល័យ ។ ហើយព្រះអង្គកំពុងមាន គម្រោងដឹកនាំ ប្រជាពុទ្ធបរិស័ទ បង្កើតឱ្យមាន ពុទ្ធិកសាកលវិទ្យាល័យ លើទឹកដីសៀមរាបអង្គរ ដើម្បីប្រមូលធនធានមនុស្សសំរាប់ ជួយអភិវឌ្ឍន៍ សង្គមជាតិ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាត ទៅអនាគត ។
ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ពុទ្ធបរិស័ទ ជាទីគោរពរាប់អាន!!
ទង្វើដ៍ឧដុង្គឧត្តមរបស់ព្រះអង្គ ទាំងអស់នេះហើយ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៩៣ ព្រះគ្រូ ត្រូវបានអតីតព្រះមហាវិរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ស្តេចទ្រង់ ព្រះរាជទាន សមណស័ក្តិ ជាព្រះមហាវិមលធម្ម រាជាគណថ្នាក់ទី ២ ។
ព្រះមហាវិមលធម្ម ព្រះអង្គបានដើរ តាមព្រះពុទ្ធដិកា ដែលទ្រង់សំដែងថា ព្រះសង្ឃ ត្រូវ មានធុរៈចម្បងៗ ពីរយ៉ាងគឺៈ គន្ធធុរៈ និង វិបស្សនាធុរៈ មេរៀននេះហើយ ដែលបណ្តាល ឱ្យព្រះអង្គ មានគោលបំណងសំខាន់ៗ បីយ៉ាងគឺ៖
ការកសាងសាលាបាលី
ការកសាងស្ថានីយ៍វិទ្យុ
ការកសាងមជ្ឈមណ្ឌលវិបស្សនា
ការកសាងសាលាបាលី និងស្នាព្រះហស្ថ
នៅឆ្នាំ១៩៩៣ ព្រះអង្គបានចាប់ផ្តើមជំរុញឱ្យព្រះសង្ឃមានការសិក្សា ដោយយកកុដិធ្វើជាសាលា រៀនភាសាបាលី និង សាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ។
នៅឆ្នាំ១៩៩៤ ព្រះអង្គបានបង្កើតកម្មវិធីអប់រំយុវជន យុវតី ឱ្យមកសិក្សាស្វែងយល់ អំពី ព្រះពុទ្ធសាសនា ដោយបាននិមន្ត និងអញ្ជើញ ធម្មាចារ្យជំនាញៗមកធ្វើធម្មសាកច្ឆា បុច្ឆា វិសជ្ជនា រៀងរាល់សប្តាហ៍ កម្មវិធីនោះ បានបន្តរហូតមកដល់សព្វថ្ងៃ គឺសាលាពុទ្ធិកសិក្សា ផ្នែកអប់រំសីលធម៌ និង ភាសាបរទេស ។
ព្រះអង្គបានបញ្ជូនព្រះសង្ឃ ឱ្យនិមន្តទៅបង្ហាត់បង្រៀន សិស្សានុសិស្សនៅសាលាបឋមសិក្សា ភូមិខ្នារ សាលាបឋមសិក្សា ភូមិជ្រាវ និង សាលាបឋមសិក្សាវត្តបូព៌ ។
នៅឆ្នាំ ១៩៩៥ ព្រះមហាវិមលធម្ម ព្រមដោយសេចក្តីជ្រះថ្លារបស់ ពុទ្ធបរិស័ទ បានចាប់ ផ្តើមសាងសង់ សាលាបាលី ១ខ្នង ដែលមានកំពស់ ២ជាន់ មានចំនួន ៦បន្ទប់ ។ ៤ បន្ទប់ បានបំពាក់ឧបករណ៍សំរាប់ សិក្សាភាសាបាលី និង ចំណេះដឹងទូទៅ ដែលមានកម្មវិធីតាម ក្រសួងអប់រំ ។ ១ បន្ទប់ជាបណ្ណាល័យ និងជាការិយាល័យ ។ ចំណែក ១បន្ទប់ទៀត ជា បន្ទប់សំរាប់សិក្សាផ្នែកកុំព្យូទ័រ ។ សព្វថ្ងៃនេះមាន សមណសិស្សចំនួន ២៥៨រូប កំពុង សិក្សានៅ ពុទ្ធិកវិទ្យាល័យរាជបូណ៌ ។ ក្នុងនោះ ថ្នាក់មធ្យមសិក្សាបឋមភូមិ មាន សមណសិស្សចំនួន ១៤៨ រូប ។ ថ្នាក់មធ្យមសិក្សា ទុតិយភូមិ មានសមណសិស្ស ចំនួន ១១០ រូប ។
បន្ទាប់ពីការកសាងសាលាបាលីរួចមក ព្រះអង្គកំពុងកសាង មហាកុដិ ដើម្បីឧទ្ទិសទុក ក្នុងព្រះពុទ្ធសាសនា និង ជាទីសេនាសនៈសំរាប់ សមណសិស្ស គង់នៅសិក្សារៀនសូត្រ ផងដែរ ។ ការកសាង មហាកុដិនេះត្រូវបានពុទ្ធបរិស័ទ មានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ហ ជ្រោមជ្រែង ដោយពេលនេះសំរេចបាន ចំនួន ៧០ ភាគរយហើយ ។
ចំណែកការសាងសង់ កំផែងវត្តរាជបូណ៌ ទើបតែបានមួយជ្រុង តែប៉ុណ្ណោះ ។
ការកសាងស្ថានីយ៍វិទ្យុ
បើទោះបីជាមានសាលារៀន មានកម្មវិធីធម្មសាកច្ឆា បុច្ឆា វិសជ្ជនា ឫ ការនិមន្ត ទេសនា ក្នុងពិធីបុណ្យទាន នានាក្តី ក៏ហាក់បីដូចជា ប្រជាពុទ្ធបរិស័ទភាគច្រើន មិនទាន់បាន ទទួល ការចេះដឹង សុជីវធម៌ សីលធម៌ ឬ បានយល់អំពី ព្រះពុទ្ធសាសនា បានទូលំទូលាយ នៅឡើយ ។
ដោយសារមូលហេតុនេះហើយ ដែលព្រះមហាវិមលធម្ម ចាប់ផ្តើមឈានចូលដល់ ជំហាននៃគោលបំណងទី ២ គឺ ៖
នៅឆ្នាំ២០០៧ កសាងស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz ដោយមានការ សហការជ្រះថ្លា ពីបណ្តាប្រជាពុទ្ធបរិស័ទ របស់យើង គ្រប់ទិសទី ទើបអាចសាងសង់ រួចរាល់ និង កំពុងដំណើរការផ្សាយជា រៀងរាល់ថ្ងៃ ហើយស្ថានីយ៍វិទ្យុរបស់យើង ទាំងអស់គ្នានេះ ត្រូវការចំណាយ ក្នុងការផ្សព្វផ្សាយជានិច្ច ដូចជា៖ ថ្លៃភ្លើង បុគ្គលិក និង ចំណាយទៅលើសម្ភារៈការិយាល័យ ជាដើម ។
ស្ថានីយ៍វិទ្យុនេះបានធ្វើឱ្យពុទ្ធបរិស័ទ មានការចេះដឹងច្រើនណាស់ ប្រៀបឧបមាដូចជា បរិស័ទមាន សាលារៀន នៅតាមផ្ទះរៀងៗខ្លួន គឺផ្ទះមួយមានសាលារៀនមួយ ។ ដូច្នេះ ស្ថានីយ៍វិទ្យុពុទ្ធសាសនាកម្ពុជរដ្ធ FM 106.25 MHz មានផលប្រយោជន៍សំខាន់ ដែល ពុទ្ធបរិស័ទគ្រប់ៗ រូប ត្រូវជួយឧបត្ថម្ភគាំទ្រ ឱ្យមាន ដំណើរការល្អប្រសើរ ជារៀងរហូត ។
គម្រោងសាងសង់ មជ្ឈមណ្ឌលវិបស្សនា កម្មដ្ធានអន្តរជាតិ
ដោយវិរយភាព ពុះពារជំនះគ្រប់ឧបសគ្គ បំណងទី ១-គឺការកសាងសាលាបាលី គោលបំណងទី ២-គឺការកសាងស្ថានីយ៍វិទ្យុ បានសម្រេចជោគជ័យជាស្ថាពរ ។ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន.សែម ព្រះអង្គមានក៏មានភាពស្ទាត់ជំនាញទាំង ទ្រឹស្តី ទាំងការ បង្ហាត់បង្រៀន សមាធិកម្មដ្ឋាន ដល់សិស្សគណ ឧបាសក ឧបាសិកា និង កំពុងមាន គម្រោងកសាងមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិ មួយកន្លែង នៅស្រុកអង្គរធំ ដែលមាន ផ្ទៃដីជាង ៥០ ហិកតារួចហើយ ក្នុងគោលបំណងដឹកនាំ ព្រះសង្ឃ ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង ក្រៅប្រទេសបានសិក្សា និង បដិបត្តិធម៌ ។
ឆ្លៀតឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេន និង ជំរាបជូននូវ៖
របស់ ៤ យ៉ាងដែលព្រះមហាវិមលធម្ម សព្វព្រះហប្ញទ័យ ក្នុងមួយជីវិតគឺៈ
ទី១ ព្រះអង្គសព្វព្រះហឫទ័យ នឹងរុក្ខជាតិ មានដើមឈើ ដែលដាំសំរាប់តុបតែងលំអរ ដើមឈើដាំសំរាប់យកផល និយាយឱ្យខ្លី ឱ្យតែរុក្ខជាតិ គឺព្រះអង្គស្រឡាញ់ទាំងអស់ ។ ព្រះអង្គ និង បានរៀបចំ តុបតែង សួនផ្កា និងការបណ្តុះផ្សាំ ក្នុងទីបរិវេណវត្តរាជបូណ៌ គួរជាទីមនោរម្យក្រៃលែង ។
ទី២ ព្រះអង្គសព្វព្រះហឫទ័យ នឹងសិល្បៈខ្មែរបុរាណ មានដូចជា ស្បែកតូច ស្បែកធំ ភ្លេងប្រពៃណី ភ្លេងមហោរី ភ្លេងពិណពាទ្យ គំនូរគូរវាស ដាប់ឆ្លាក់ថ្ម ឈើ ជាដើម ។
ទី៣ ព្រះអង្គសព្វព្រះហឫទ័យ នឹងវត្ថុបុរាណពិតៗ ដែលធ្វើពីស្ពាន់ ពីសំរឹទ្ធិ ពីដី ពីថ្ម ខួច ក្រឡ ព្រះពុទ្ធរូប ទេវរូប ដែលមាន អាយុរាប់រយរាប់ពាន់ឆ្នាំមកហើយ ។
ទី៤ ព្រះអង្គសព្វព្រះហឫទ័យ នឹងការសាងព្រះផ្នូសអស់មួយជីវិត ក្នុងសំណាក់ ព្រះពុទ្ធសាសនា ។
ព្រះមហាវិមលធម្ម គឺជាសមណដ៏ឆ្នើមមួយរូប ដែលកុលបុត្រទាំងឡាយ គួរយកជាគំរូ ព្រោះរាល់គោលបំណង និងការតាំងចិត្តរបស់ព្រះអង្គ គឺព្រះអង្គបានធ្វើឱ្យសម្រេចតាម សេចក្តី​ប្រាថ្នា ដោយសេចក្តី ក្លាហាន ដោយការលៈបង់ ការព្យាយាម ការអត់ធ្មត់ និង ប្រកបដោយភាព​ច្បាស់លាស់ ប្រាកដប្រជា មិនបោះបង់ នូវការសច្ចារបស់ព្រះអង្គ ទោះក្នុងកាលៈទេសៈណាក៏​ដោយ ។
សូមគោរពអរគុណ ចំពោះសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ្ញ៉ា លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ និងប្អូនៗ ព្រមទាំង ពុទ្ធបរិស័ទទាំងអស់ ដែលបានអានយ៉ាងយកចិត្តទុកដាក់ នូវព្រះជីវប្រវត្តិសង្ខេបនេះ ដោយការយកចិត្តទុកដាក់ខ្ពស់ ក៏សូមឱ្យជួបតែពុទ្ធពរ​ទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ រួចផុតចាកទុក្ខ កុំបីឃ្លៀឃ្លាតឡើយ ។
(ដកស្រង់ពីវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ)

Thursday, September 17, 2009

ព្រះរាជាពុទ្ធសាសនិក​ទី ១ ​នៃ​សម័យ​អង្គរ


ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) បានឡើងសោយរាជនៅឆ្នាំ១០០២ ក្រោយពី បានទទួល ជ័យជំនៈលើគូប្រជែង ក្នុងជម្លោះដណ្តើមរាជសម្បត្តិ ។ នៅពេលព្រះបាទរាជេន្រ្ទវរ្ម័នទី២ សុគតទៅ បុត្រារបស់ ព្រះអង្គគឺជ័យវរ្ម័នទី៥ ឡើងសោយរាជ្យបន្តដោយ មានក្មេងណាស់នៅឡើយ ។

ដូចក្នុងរជ្ជកាលមុនៗ ដែរព្រះអង្គកាន់សាសនាព្រាហ្មណ៍ តែអនុញ្ញាតឲ្យមានការគោរព​បូជាព្រះពុទ្ធសាសនាដែរ ។ ព្រះអង្គបានកសាងប្រាសាទភ្នំមួយ​គឺប្រាសាទតាកែវ តែពុំទាន់បានរួចរាល់ស្រេចទេ ។ នៅពេលទ្រង់ចូលទិវង្គត ការប្រយុទ្ធគ្នាដណ្តើមរាជ​សម្បត្តិក៏កើតមានឡើង ។ ក្រោយមក ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈ លើក្សត្រមួយអង្គ ទៀតជាគូប្រជែង ។

ទ្រង់បានទទួលរាជភិសេក នៅអង្គរហើយរៀបចំ ឲ្យមានសន្តិភាពឡើងវិញ ។ ប្រទេសជាតិរីកចំរើន ចំនួនប្រជាជនកើនឡើងច្រើន ។ អំណាចព្រះរាជា​គ្របដណ្តប់ទៅលើវាល​ទំនាបទន្លេមេណាមទាំងមូល ។ គេបានរកឃើញសិលាចារិករបស់ខ្មែរ ទាក់ទងនិង​ព្រះអង្គនៅតំបន់ល្វោ (លពបុរី) ខាងជើងក្រុង​បាងកកសព្វថ្ងៃ ។

អំណាចកណ្តាល​របស់ក្រុងអង្គរ ក្នុងផ្នែកនយោបាយ និងសាសនា មានកំលាំង​រឹងមាំឡើងជាលំដាប់ ។ ព្រះអង្គជាព្រះរាជាទី១ នៃសម័យអង្គរ ដែល កាន់ព្រះពុទ្ធសាសនា​មហាយាន ។ ប៉ុន្តែនៅក្នុងព្រះ នគរ អ្នកកាន់​សាសនាព្រាហ្មណ៍ និងអ្នកកាន់ពុទ្ធសាសនា​រូមរស់សុខសាន្តជាមួយគ្នា ។ ព្រះអង្គមានកសាង​ប្រាសាទនៅច្រើនកន្លែងដូចជា ប្រាសាទភ្នំជីសូរ(ខេត្តតាកែវ) ផ្នែកខ្លះនៃប្រាសាទព្រះវិហារ សាងបង្ហើយប្រាសាទ ភិមានអាកាស និងប្រាសាទតាកែវ ៕៚

ឯកសារយោង ៖ សៀវភៅជនជាតិខ្មែរ (ភាគ១)ដកស្រង់បន្តពីវត្តខ្មែរ

Tuesday, September 8, 2009

បរាភវ​សូត្រធ៌មនៃ​សេចក្តី​នាំឲ្យ​វិនាស​


បរាភវ​សូត្រ (​អានថាៈប៉ាក់ រ៉ា ភាក់ វាក់ សូ​ត ) តែង​ត្រូវបាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថៃ្ង នា​ពេល​ទៀបភ្លឺ នៅក្នុង​អំឡុង​ពេល​បុណ្យកាន់បិណ្ឌ ។ នៅ ក្នុង​បរាភវ​សូត្រ​នេះ​ជារឿយៗ គេ​ឮ​ឃ្លា​មួយ​ដែលថា “​នាំ​អោយ​វិនាស​” ។ ឃ្លា​នេះ​ជា ហេតុ​នាំ​អោយ​អ្នក​ខ្លះ​មាន​ទស្សនៈ​លេងសើច​ថា ពួកគេ​មិន​ហ៊ាន​ស្តាប់ធម៌​បរាភវ​សូត្រ​ទេ ព្រោះ​ខ្លាច​វិនាស ។​

​តាមពិត បរ​រា​ភ​វ​សូត្រ មានន័យ​ថា “​មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មានក្តី​ចំរើន ឬ​ធម៌​ជាហេតុ​នាំ​អោយ​មាន​ក្តីវិនាស​”​។ ​សូត្រ​នេះ​មាន​នៅក្នុង​គម្ពីរ​សុត្តន្តបិដក​, ខុ​ទ្ទក និកាយ​, សត្ត​និបាត​, តតិយ​ភាគទី​៥៤, ទំព័រ​ទី​៣៦ ។ ធម៌នេះ ​ធ្វើអោយ​អ្នក​ស្តាប់ បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលនាំអោយ​វិនាស ហើយ​អោយ​គេ​ចៀសវាង ដើម្បី​គេច​អោយ​ផុត​ពី​ក្តីវិនាស ហើយ​ប្រសិនបើ​គេ​មិន​បាន​ស្តាប់ធម៌​នេះ គេ​អាច​នឹង​មិន​ដឹង​ពី​ហេតុ​ដែល​នាំអោយ​វិនាស ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស ជាហេតុ​នាំ​អោយ​វិនាស​ទៅវិញ​ទេ ។ ​ក្នុង​ធ៌ម​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុផល​សាមញ្ញៗ និង ជាក់ស្តែង​ដូច​ជា​ថាៈ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​-​ប្តី , ភាព​ជា​បុគ្គល​អកត្ត​ញ្ញូ មិន​ដឹងគុណ​ឪពុក​-​ម្តាយ , អ្នកលេង​ល្បែង​៣​ប្រការ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង ល្បែងភ្នាល់​គ្រប់​ប្រភេទ , ភាព​ជា​អ្នក​ខ្ជឹលច្រអូស​ជាដើម គឺ​ជា​ហេតុ​នាំ​មក​នូវ​ក្តីវិនាស ។

​ ​ឆ្លើយ​នឹង​សំនួរ​ដែល​ថា ហេតុ​អ្វី​ទើប​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​តែ​នៅក្នុង​រដូវ​កាន់បិណ្ឌ ហើយ​ថា ប្រសិន បើ​សូត្រ​នៅពេល​ផ្សេង​ពី​ពេល​បុណ្យ​នេះ តើ​បាន​ដែរ​ឬ​អត់​នោះ ព្រះ​ភិក្ខុ ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“​ការណ៍​ដែល​ព្រះសង្ឃ​តែង​សូត្រ​បរាភវ​សូត្រ​នៅក្នុង​រដូវ​កាន់បិណ្ឌ​នោះ ព្រោះ​ពេលនោះ​ជា​ពេល​ដែល​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​មក​ជួបជុំគ្នា ហើយ​បរាភវ​សូត្រ ជា​ធម៌​ដាស់តឿន​ក្រើន​រំ​ឮ​ក​ដល់​គ្រហស្ថ​ពី​មូលហេតុ​ដែល​នាំមក​នូវ​ក្តីវិនាស ដើម្បី​អោយ​គ្រហស្ថ​ជៀសវាង​”​។​

​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ បាន​បន្ថែមទៀតថា​“​បរាភវ​សូត្រ​នេះ អាច​សូត្រ​នៅ​រដូវ​កាលណា​ក៏​បាន​ដែរ គ្រាន់តែ​យើង​ចំណាំ​ឃើញថា ក្រៅពី​រដូវ​កាល​កាន់បិណ្ឌ​ទៅ​ពុំ​សូវ​មាន​អ្នក​ស្តាប់ ។ ទោះយ៉ាងណា ជារឿយៗ​ធ៌ម​នេះ​ត្រូវបាន​ព្រះសង្ឃ​ជា​អង្គ​ធម្មកថិ​ក ពោល​គឺ​ព្រះសង្ឃ​ដែល​ត្រូវ​គេ​និមន្ត​សំដែង​ធម្ម​ទេសនា បាន​លើកយក​ជា​ធម្មាធិដ្ឋាន​ដែរ​”​។​

​ផលប្រយោជន៍​បុណ្យកាន់បិណ្ឌ​
​ ​ទោះជា​បុណ្យកាន់បិណ្ឌ​នេះ​មិន​ត្រូវបាន​ធ្វើឡើង​ដោយ​សារ​ជា​ការកំណត់ ឬ បញ្ញត្តិ​របស់​ព្រះពុទ្ធក្តី ​ក៏​បុណ្យ​នេះគ្មានអ្វីខ្ទាស់នឹងពុទ្ធប្បញ្ញត្តិដែរ ហើយក៏មានផល ប្រយោជន៍ ​ច្រើន​ប្រការ​ផងៈ​
​ ​-​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ហើយ​ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មាន​ការលំបាក​សម្រាប់​ព្រះសង្ឃ​ក្នុង​ការត្រេ​ចរ​បិណ្ឌបាត្រ ។​
​ ​-​រក្សា​ទំនៀម​ទំលាប់​ខ្មែរ ព្រោះ​វា​ជា​បុណ្យប្រពៃណី​ខ្មែរ​។​
​ ​-​អោយ​មនុស្ស​គ្រប់រូប​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ កុំ​អោយ​លុះ​ក្នុង​ក្តី​ប្រ​មាទ​។​
​ ​-​អោយ​មនុស្ស​មាន​ស្មារតី​ក​ត្ត​ញ្ញូ​(​ដឹងគុណ​)​នឹកឃើញ​គុណ​អ្នក​ដែល​ធ្លាប់​មាន​លើ​ខ្លួន​ទាំង​អ្នក​លាចាក​លោក​ទៅ​ហើយ ទាំង​អ្នក​ដែល​នៅ​រស់​។
​ ​-​បណ្តុះ​ស្មារតី​អោយ​មនុស្ស​លះបង់​សេចក្តី​អាក្រក់​គ្រប់យ៉ាង​។​
​ ​-​បង្កើត​ឱកាស​អោយ​សាច់ញាតិ​ទាំងឡាយ​ដែល​រស់នៅ​ទី​ផ្សេងគ្នា​មាន​ពេល​អាច​ស្កាត់​រកគ្នា ជួបជុំគ្នា ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​គ្នារ​ទៅវិញទៅមក​។​
​ ​-​បង្កើត​អោយ​មាន​ឯកភាព និង សាមគ្គីភាព​ថ្នាក់ជាតិ​ទាំងមូល​៕

Monday, September 7, 2009

អ្នកតា​ក្នុងសង្គម​ខ្មែរ​មាន​ពាសពេញ​ខេត្ត, និគម


បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើសលប់ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ។ ប៉ុន្តែ​មុន​នឹង​សាសនាព្រះពុទ្ធ​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនាព្រាហ្មណ៍ ហើយ​នៅ​សម័យ​ដើម​មុននឹង​ទទួលយក​សាសនាព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ផ្ទាល់ខ្លួនរួចទៅហើយ ដូចជា ការជឿ​លើ​កម្លាំង​ធម្មជាតិ​, កម្លាំង​ក្រៅ​ខ្លួន ដែល​ហៅថា “​ជំនឿ​ជី​វច​ល​និយម​” ។​
​ ​តាម​ឯកសារ​ខ្លះ​សរសេរថា​៖ ប្រពៃណី​អ្នក​កាន់​សាសនាព្រាហ្មណ៍​នៅ​ប្រទេស​ឥណ្ឌា តែង​ចាត់ទុក​វត្ថុ​បីយ៉ាង គឺ ព្រះព្រហ្ម, ព្រះ​សិវៈ​(​ឥ​សូរ​), ព្រះ​វិស្ណុ (​នារាយណ៍​)​ ថាជា​ព្រះ​អម្ចាស់​របស់គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​តែង​ចាត់ទុក​វត្ថុ​បី យ៉ាង គឺ​ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ជាទី​សក្ការៈ​ដែរ ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ជា​ព្រះ​កសាង​លោក​, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញ​លោក​, ព្រះ​វិស្ណុ​ជា​ព្រះ​រក្សា​លោក គឺ​ពុំ​ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា​ទេ ។ តែ​នៅ​ស្រុក​ខ្មែរ ឃើញ​មាន​ទុក​ព្រះ​សិវៈ​ជា​អ្នកតា ខ្លះ​ហៅថា អ្នកតា​ព្រះ​នារាយណ៍ និង​ទុក​ព្រះ​កាលី​(​នាង​ខ្មៅ​) ទេ​ពី​ព្រះ​សិវៈ​ជា​អ្នកតា ខ្លះ​ហៅថា អ្នកតា​នាង​ខ្មៅ ។ ចំពោះ​ព្រះព្រហ្ម មិនឃើញ​មាន​ទុក​ជា​អ្នកតា​ទេ ។ ដូចនេះ​យើង ឃើញថា ពាក្យ “​អ្នកតា​” គ្មាន​នៅក្នុង​សាសនាព្រះពុទ្ធ និង​សាសនាព្រាហ្មណ៍​ឡើយ ។​
​តាម​សៀវភៅ “​ព្រះរាជ​ពិធី​ទ្វារទសមាស​” បានបង្ហាញ​ថា ពាក្យ​“​អ្នកតា​” ពុំ​មាន​ក្នុង​សិលា​ចារិក ឬ​រឿងបុរាណ​ផ្សេងៗ​ឡើយ ។ គេ​ឃើញ​មាន​ពាក្យ​នេះ​តែ​ក្នុង​រឿងរ៉ាវ ដែល​តាក់តែង​ឡើង​ក្នុង​សម័យ​ក្រោយៗ​ប៉ុណ្ណោះ ។​
​ពាក្យ​“​អ្នកតា​” គូ​គ្នា​នឹង​ពាក្យ “​អ្នក​ដូន​” ដែល​សម្គាល់​ភេទ​ខុសគ្នា ។ ប៉ុន្តែ​ពាក្យ “​អ្នក​ដូន​” គេ​ពុំ​សូវ​យកមក​ប្រើប្រាស់​ឡើយ ។ ទោះបីជា​អ្នកតា​ភេទ​ប្រុស ឬ​ភេទ​ស្រី​ក៏​ដោយ គេ​ប្រើ​តែ​ពាក្យ “​អ្នកតា​” ជា​សម្គាល់​ដូចគ្នា ។ ឧទាហរណ៍​ដូចជា “​អ្នកតា​ជំទាវ​ម៉ៅ​” ។

​ ​ ​ ​តើ​អ្នកតា​មាន​ប្រភព​មកពីណា​?
​អ្នកប្រាជ្ញ និង​អ្នកស្រាវជ្រាវ​ជាច្រើន បាន​បញ្ចោ​ញ​យោបល់​ខុសៗ​គ្នា​អំពី​បញ្ហា​នេះ ។​
​មតិ​ខ្លះ​យល់ថា អ្នកតា​គឺជា​ព្រលឹង​របស់​បុព្វបុរស​ឬ​ជំពូក​មនុស្ស​ជា​វីរបុរស​(​អ្នក​ខ្លាំង ពូកែ​)​ប្រចាំ​ស្រុក​ឬ​តំបន់​ណាមួយ​។ បើ​មាន​សេចក្តី​ជំពាក់ចិត្ត​ដោយ​កិច្ចការ​ណាមួយ​ក្នុង​លោក លុះ​ស្លាប់​ហើយ តែងតែ​កើត​ទៅជា​អ្នកតា​,​ដូច​ជា​ឧកញ៉ា​សួគ៌ា​លោក​មឿង ចៅហ្វាយខេត្ត​ពោធិ៍សាត់ ដែល​ស្លាប់​ក្នុង​ពេល​ធ្វើ​សឹក​ព្រះ​ចន្ទ​រាជានោះ​ គេ​ថាទៅ​កើត​ជា​អ្នកតា​ឃ្លាំងមឿង នៅ​ខេត្ត​ពោធិ៍សាត់​សព្វ​ថៃ​នេះ ។​
​ ​ឯ​អ្នកខ្លះ​យល់ថា​៖ ពួក​បុព្វបុរស​មាន​ជីតា​ជាដើម​(​ពុំ​ចាំបាច់​ជា​មនុស្ស​មាន​មហិទ្ធប្ញទ្ធិ​ទេ​) នៅ​ពេល​ស្លាប់​ហើយ តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅចាំ​ថែរក្សា​កូនចៅ​ដែល​នៅ រស់ ។ ដូច្នេះ ពាក្យ​“​អ្នកតា​” បាន​ក្លាយទៅជា​ខ្មោច​មួយ​ពួក ដែល​នៅ​រក្សា​មនុស្ស ។
មតិ​ខ្លះ​ទៀត​ថា​៖ “​អ្នកតា​”​ក្លាយ​ចេញមក​ពី​ពាក្យ​ថា “​ទេវតា​” ។នៅជំនាន់ដើមប្រហែល ជា​ហៅ​ថា “​អ្នកតា​ទេវតា​” យូរៗ​មក​កាត់ចោល​“​ទេវ​” ចេញ​នៅ​ត្រឹមតែ​“​អ្នកតា​” ហើយ​ហៅ​ជាប់​រៀង​មក​ដល់​សព្វថៃ្ងនេះ ដោយហេតុ មនុស្ស​បុរាណកាល​នៅពេល​និយាយ​ហៅ​ឈ្មោះ​អ្នកធំ​ច្រើន​ដាក់ពាក្យ​ថា “​អ្នក​”​នៅ​ខាងដើម ។ ដូច​យ៉ាង​ហៅ​ព្រះសង្ឃ​ថា​“​អ្នក​យើង​” ហៅ​ស្តេច​ថា “​អ្នក​ព្រះបាទ​ជា​អម្ចាស់​” ។ ដូច​ច្នេះ​ពាក្យ​“​អ្នកតា​”​ក្នុង​ទីនេះ​ចាស់​បុរាណ​សំដៅយក​ភូមិ​ទេវតា គឺ​ទេវតា​ជាន់​ទាប​ដែល​អាស្រ័យ​នៅ​ស្ថាន​មនុស្ស​លោក​នេះ ។

​ ​ ​ ​ហេតុអ្វី​បានជា​ប្រជាជន​ខ្មែរ​មាន​ជំនឿ​លើ​អ្នកតា​?
​ ​តាម​សៀវភៅ “​ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ផ្សេងៗ​” បាន​សរសេរ​បកស្រាយ​ថា​៖ មូលហេតុ​ដែល​រាប់អានអ្នកតា​ រហូតដល់​ទៅ​ខ្មោច​,អារក្ស,បិសាច​ផ្សេងៗ​ ជាប់​មក​ពី​ទំនៀមទម្លាប់​មនុស្ស​ក្នុង​ជាន់​ដើម ពី​ក្នុង​សម័យ​ដែល​មិន​ទាន់កើត​មាន​អ្នកប្រាជ្ញ ព្រះពុទ្ធ​ជា​ដើម​ក្នុង​លោក មាន​អ្នក​ល្ងង់ខ្លៅ​ច្រើន ជា​អ្នក​ប្រកប​ដោយ​សេចក្តី​តក់ស្លុត​ក្នុង​រឿង​ស្លាប់ និង​រឿង​ដែល​មិន​សមប្រកប​ច្រើន ។ ហេតុ​នោះ​កាលណា​គេ​ឃើញ​អ្វី​ប្លែក​ចម្លែក​អស្ចារ្យ​ក្នុង​ចិត្ត គេ​ក៏​ស្មានថារបស់​នោះ​ គង់​មាន​អានុភាព​ជួយ​ខ្លួន​បាន ទើប​នាំគ្នា​បន់​បួងសួង​សុំ​ឱ្យ​សម្រេច​តាម​សេចក្តីប្រាថ្នា​ជា​ទីពឹង​ទៅ ។​

​ ​អ្នក​តា​មាន​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ​៖
​ ១-​ពួក​ទេវតា​រក្សា​ព្រះ​នគរ​ប្រជាជន​ខ្មែរ​តែង​ហៅថា “​អ្នកតា​ព្រះ​ស្រុក​” សម័យ​ក្រុង​ឧដុង្គ​មាន​អ្នកតា​ឃ្លាំងមឿង​នៅ​ខាងត្បូង​ព្រះបរមរាជវាំង​ និង​អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ​ជា​អ្នកតា​ព្រះ​ស្រុក ។ សម័យ​ក្រុងភ្នំពេញ មាន​អ្នកតា​ព្រះ​ចៅ​នៅ​វត្ត​ភ្នំ​ជា​អ្នកតា​ព្រះ​ស្រុក ។​

​ ​២-​អ្នកតា​រក្សា​ខេត្ត​ស្រុក​ទាំងឡាយ​គេ​ហៅថា “​អ្នកតា​ចាស់​ស្រុក​” ។ អ្នកតា​ក្រុម​នេះ​ជា​ចន្ទល់​ចម្ពាម​របស់ អ្នកតា​ព្រះ​ស្រុក​។​

​ ​នៅក្នុង​ប្រទេស​ខ្មែរ មាន​អ្នកតា​ជាច្រើន​នៅ​ពាសពេញ​តាម​ភូមិ,ស្រុក,ខេត្ត ដូចជា​អ្នកតា​ឃ្លាំងមឿង​នៅ​ខេត្ត​ពោធិ៍សាត់​, អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ជី​សូរ (​ក្នុង​ខេត្ត​តាកែវ​), អ្នកតា​ជំទាវ​ម៉ៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ​)​ជាដើម​។​អាស្រ័យ​ដោយ​មាន​អ្នកតា​ជាច្រើន​បែបនេះ ទើប​ពុទ្ធសាសនបណ្ឌិត្យ​សម័យ​ដើម បាន​ចងក្រង​ទុក​ក្នុង​សៀវភៅ​ប្រជុំ​រឿងព្រេង​ខ្មែរ​ភាគ​ទី​៨ ​ដែល​មាន​រៀបរាប់​ចាប់តាំងពី​ដើម​កំណើត​ដំបូង​របស់​អ្នកតា​នីមួយៗ​។​

​ ​ចំពោះ​រូបតំណាង​អ្នកតា​ខ្លះ​វិញ ពុំ​ប្រាកដថា ជា​រូប​បុព្វបុរស​កាល​នៅ​រស់​ទេគឺគេគ្រាន់ តែ​ធ្វើ​រូប​សន្មតិ, អ្នកតា​ខ្លះទៀត​មាន​រូបតំណាង​ជា​ដុំ​ថ្ម​តែប៉ុណ្ណោះ ។ ចំពោះ​ការគោរព​បូជា​មាន​ខុសប្លែក​គ្នា​ទៅ​តាម​តំបន់​នីមួយៗ ។ ​យើង​សូម​លើកយក​ឧទាហរណ៍​មួយ​ដែល​ក្រុម​ស្រាវជ្រាវ​ទំនៀមទម្លាប់​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចុះ​ទៅ​ឃើញ​និង​សាកសួរ​ផ្ទាល់ កាល​ពី​ថ្ខៃទី​២៣​ខែ​មីនា​ឆ្នាំ​២០០២ ។ នៅក្នុង​ភូមិ​រកា ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ មាន​ប្រាសាទ​ចាស់​បុរាណ​មួយ ដែល​បាក់បែក​ស្ទើរ​បាត់បង់​រូបរាង​ទៅហើយ​។​ប្រជាជន​នៅ​ទីនោះ តែង​ហៅ​ប្រាសាទ​នេះ​ថា “​ប្រាសាទ​រកា​” ហើយ​គេ​មានជំនឿថា នៅក្នុង​ប្រាសាទ​នេះ មាន​អ្នកតា​ចាំ​ថែរក្សា​បងប្អូន​អ្នក​ភូមិ​ទាំងអស់ ។ អាស្រ័យដោយមានជំនឿបែបនេះ ទើបអ្នកភូមិ តែងប្រារឰធ្វើការសែន ព្រេន​អ្នក​តាតៗ​គ្នា​រហូត​មកដល់​បច្ចុប្បន្ន ។ ការ​សែនព្រេន​នោះ​មាន​លក្ខណៈសាមញ្ញ​ជាទីបំផុត គឺ​ជា​រៀងរាល់ថៃ្ង​សៅរ៍ គេ​តែង​នាំគ្នា​សែនព្រេន​អ្នកតា ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន ដល់​អ្នក​ភូមិ​ទាំងអស់ កុំឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​អ្វី​ឡើយ ។ ប៉ុន្តែ​បើ​ស្ថិត​ក្នុង​ករណី​ខ្លះ​ដូចជា​មាន​នរណា​ម្នាក់​ឈឺ ឬ​មាន​គ្រោះធម្មជាតិ​ផ្សេងៗ​ក្នុងភូមិ គេ​ក៏​មាន​ការ​សែនព្រេន​អ្នកតា​ខុស​ពី​វេលា​ថៃ្ង​សៅរ៍​នោះដែរ ។​

​ ​រហូតមកដល់​បច្ចុប្បន្ន ទោះបី​វិទ្យាសាស្ត្រ​មាន​ការរីកចម្រើន​ជឿនលឿន​យ៉ាងណា ក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ពុំអាច​ប្រឆាំង ឬ​ធ្វើ​ការបកស្រាយ​អំពី​ជំនឿ​ក្រៅ​ខ្លួន​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ឱ្យ​បាន​ជ្រះស្រឡះ​បានដែរ តួយ៉ាង ដូចជា​បញ្ហា “​អ្នកតា​”​ជាដើម ។ អ្នកតា​ដែល​ស្ថិត​ជាប់​ក្នុង​ផ្នត់គំនិត និង​ដួងព្រលឹង​ខ្មែរ​ជា​និច្ច ទោះ​តិច​ឬ​ច្រើន​ក៏ដោយ ដូចជា នៅ​ពេល​អ្នក​ណា​មាន​ជំងឺ ឬ​ហៅ​ថា​អ្នកតា​កាច់​អាសន្នអន្ធក្រ ឬ​ជួបប្រទះ​នូវ​មហន្តរាយ​ផ្សេងៗ គេ​តែង​រក​គ្រឿង​សំណែន​ទៅ​សែនអ្នកតា ។ នៅពេល​គេ​កើត​ទុក្ខព្រួយ​ចិត្តខ្លាំង គេ​រមែង​រំលឹក​គុណ​ដល់​អ្នកតា​ដោយ​ឧទាន​អំពាវនាវ​ថា “​អ្នកតា អ្នកដូន​អើយ​! ជួយ​ខ្ញុំ​ផង​”៕(ដកស្រង់ពីCambodian Express News)

ការបោះ​បាយបិណ្ឌ​


ភ្ជុំបិណ្ឌ​តែងតែ​ជា​ពេល​ដែល​ចង្ហាន់​មាន​ច្រើន​ពោ​រពាស​សំរាប់​ព្រះសង្ឃ​,​ហេតុនេះ​ទើប​តាម​វត្ត​នានា​តែង​រៀបចំ​ឲ្យមាន​ការធ្វើទាន​បន្ត​ទៅកាន់​អ្នកក្រខ្សត់​។​
ភ្នំពេញ​:
​ការបោះ​បាយបិណ្ឌ (​ការបោះ​ដុំ​បាយ​) ជា​សកម្មភាព​មួយ​ដែល​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បាន​ចាត់​ទុក​ការបា​យ​បោះ​បិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ខណៈ​ដែល​អ្នកខ្លះ​បាន​អះអាង និង រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ភាព​ខ្ជះខ្ជាយ ជា​ការ​ធ្វើ​មិន​គោរព​ទាន ជាដើម ។​
​អ្នក​ដែល​ជឿ​ថា​បោះ​បាយបិណ្ឌ​មាន​ប្រយោជន៍ គិត​ថា​បោះ​បាយបិណ្ឌ​គឺ​បោះ​អោយ​ពួក​ប្រេត ហេតុនេះ ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយបិណ្ឌ​ទេ តែ​ហៅ​ថា​“​បាយ​ប្រេត​” ។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះទៀត​បាន អះអាងថា ការបោះ​បាយបិណ្ឌ​ជា​ការ​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធ​ឡើយ ។
​ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“ ការបោះ​បាយបិណ្ឌ​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ដែល​មាន​បាបកម្ម​ធ្ងន់ មិន​អាច​ទទួលយក​ចំណែក​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយបាន ” ។
​នៅក្នុង​សាស្ត្រា​អានិសង្ស​បិណ្ឌ មាន​ដំណាល​អំពី​ប្រេត​ប្រភេទ​ខ្លះ​ដែល​មាន​កម្ម ក្រាស​ខ្លាំង មិន​អាច​ទទួល អនុមោទនា​នូវ​បុណ្យ​ដែល​គេ​ឧទ្ទិស​អោយ​បាន​នោះ បាន​កាឡាខ្លួន​ជា​សត្វល្អិត​ដូចជា​ស្រមោច ចង្រិត កណ្តូ​ប និង ​ចាប​ដូនតា​ជាដើម ហើយ​ទៅ​នៅតាម​របង​វត្ត និង ខឿន​ព្រះវិហារ​ជាដើម និង​ចាំ​បរិភោគ​បាយបិណ្ឌ​ដែល​គេ​បោះ​ឲ្យ​នោះ ។​
​យើង​មិន​ហ៊ាន​អះអាង​ថា មាន​ប្រេត​កាឡាខ្លួន​ជា​សត្វ​ទាំងនោះ​មែនឬ​អត់​ឡើយ ប៉ុន្តែ​នៅក្នុង​ព្រះពុទ្ធ​សាសនា​បាន​អះអាងថា សត្វ​ដែល​កើត​នៅក្នុង​អបាយ​ភូមិ គឺ​ភូមិ ឬ​កំណើត​ដែល​មាន​តែ​ក្តី​ទុក្ខ​នោះ មិនមែន​មាន​តែ​ប្រេត​ទេ គឺ​មាន​នរក​, ប្រេត​, តិរច្ឆាន និង អសុរ​កាយ ។ ក្នុង​បរិបទ​បាយបិណ្ឌ​នេះ យើង​លើក​នរក និង អសុរ​កាយ ទុក​ដោយឡែ​សិន​ចុះ យើង​នឹង​ធ្វើ​ការពិភាក្សា​តែ​ប្រេត និង​តិរច្ឆាន ។
​ព្រះពុទ្ធសាសនា​អះអាងថា សត្វ​ដែល​កើត​ជា​មនុស្ស និង​តិរច្ឆាន មិន​អាច​ទទួល​បុណ្យ​កុសល​ដែល​គេ​ឧទ្ទិស អោយ​បាន​ទេ ព្រោះ​មនុស្ស និងតិ​ច្ឆាន​ជា​សត្វ​មាន​រូប ចំណែក​បុណ្យ​កុសល​ដែលជា​របស់​អ​រូប ។ យើង​គ្មាន​អ្វី សង្ស័យ​ទេ​ថា ការបោះ​បាយបិណ្ឌ​មុខ​ជា​បានជា​ប្រយោជន៍​ដល់​ពួក​សត្វ​តិរច្ឆាន ។ យើង​អាច​សន្មត​បាន​ថា ប្រសិនបើ បុគ្គល​ណា​ទៅ​កើត​ជា​សត្វ តិរច្ឆាន​ដូចជា សត្វ​ស្រមោច ចង្រិត កណ្តូ​ប កណ្តុរ និង ចាប​ជាដើម​នោះ ពិតជា​អាច បរិភោគ​បាយ​ដែល​គេ​បោះ​នោះ បាន​ដោយ​ផ្ទាល់​តែម្តង ហើយ​ពួក​សត្វ​ខ្លះ​ទោះជា​បាយ​ដែល​មិនមែន​ជា​បាយ​គេ​បោះ​ក្តី ក៏​អាច​បរិភោគបាន​ដែរ ។​
មក​ដល់​ដំណាក់កាល​នេះ​ប្រហែលជា​មាន​សំនួរ​ផ្សេងទៀត​សួរថា​“​ចុះ​បើ​យើង​គិតថា មាន​បុគ្គល​ខ្លះ​ដែល​បាន កើត​ជា​សត្វ​តិរច្ឆាន​ចាំ​ទទួល​បាយបិណ្ឌ​ដូចដែល​បាន​បកស្រាយ​មក​ហើយ​មែន​នោះ ហេតុអ្វី​បានជា​យើង​ត្រូវ​បោះ​ដុំ​បាយ ម្តេច​ក៏​មិន​រៀបចំ​ទុកដាក់​ក្នុង​ចាន ឬ​ភាជន៍​ជាដើម​អោយ​បាន​ត្រឹមត្រូវ ថ្លៃថ្នូរ ព្រោះ​សត្វ​តិរច្ឆាន ឬ​ប្រេត​ទាំង​នោះ​ប្រហែលជា​សាច់ញាតិ ឬ អ្នកមានគុណ​របស់​យើង​ផង​? ” ។​នៅក្នុង​ព្រះពុទ្ធ សាសនា បាន​ដំណាល​រឿង​ប្រេត​ពួក​ខ្លះ​ដែល​មិន​អាច​ទទួល​បរិភោគរ​បស់​ល្អ​បាន ឡើយ គឺថា ឃើញ​របស់​ល្អ​ដូចជា​អាហារ​ដែល​គេ​រៀបចំ​ស្អាតបាត​នោះ ពេល​ទៅ​ចាប់​យក​ដោយ​សេចក្តីស្រេកឃ្លាន​ជា​ពន្លឹក ដុំ​បាយ​នោះ​ក៏​រលាយ​បាត់​ទៅ ។​ពួក​ប្រេត​ទាំង នេះ​អាច​ទទួលបាន​តែ​របស់​ណា​ដែល​ជាទី​ខ្ពើមរអើម ដូចជា លាមក​, ខ្ទុះ​, ឈាម​, ភក់​, ជ្រាំ ជា​ដើម​ប៉ុណ្ណោះ ។ បែប​នេះ​មក​ពី​បាបកម្ម​របស់​ពួក​ប្រេត​ជំពូក​នេះ កាល​នៅ​រស់​ជា​មនុស្ស​ដែល​ចូលចិត្ត​រស់នៅ​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​, កាប់សំលាប់​, បង្ហូរឈាម រស់ នៅ​ដោយ​ការជិះជាន់​កេងប្រវ័ញ្ច បឺត​ជញ្ជក់​ផល​ប្រយោជន៍​អ្នក​ដទៃ ដែល​ជន​ទូទៅ​យល់ថា​ជា​អំពើ​លាមក គួរអោយ​ស្អប់ខ្ពើម​....​មិន​ដែល​ចូលចិត្ត​ទាល់តែសោះ​ក្នុង​ការ ធ្វើ​អំពើ​ល្អ ដូចជា​ចំណាយ​ធនធាន​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ប៉ុន្តែ​ចូល​ចិត្ត​ណាស់ និង រក​វិធី​គ្រប់យ៉ាង​ក្នុង​ការចំណាយ​ទ្រព្យ​យ៉ាង​ខ្ជះខ្ជាយ​ក្នុងការ​ធ្វើ​អំពើ​លាមក​គ្រប់យ៉ាង ដូចជា​ជួល​គេ​អោយ​ចាប់​ស្រី ឬ​សំលាប់​មនុស្ស និង​ចាប់ជំរិត ទារ​យក​ប្រាក់​ជាដើម​។ ដោយសារ​អំពើ​បាប​ទាំងនោះ​ជាដើម ទើប​បុគ្គល​ទាំងនោះ ពេល​ទៅ​កើត​ជា​ប្រេត ក្រៅពី​រង​ទុក្ខ​ជា​អនេគ និង រង​ក្តីស្រេកឃ្លាន​រាប់​ម៉ឺន​ឆ្នាំទៅ ក៏​នៅ​មិន​អាច​ចាប់​កាន់​យក​របស់ ឬ អាហារ ដែល​ល្អ​បានឡើយ គឺ​អាច​បរិភោគ​តែ​របស់​ដែល​ជា​ទី​ខ្ពើមរអើម​ប៉ុណ្ណោះ ។ ការណ៍​នេះ​សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​ថា​“​ដរាបណា​បាបមិ​ទាន់​អោយ​ផល ជន​អ្នក​សាង​បាប អាច​រីករាយ​ដោយ​អំពើ​បាប​នោះ លុះណាតែ​បាប កម្ម​អោយ​ផល គេ​នឹង​ទទួល​ទុក្ខ​”​។​
​ ​ទោះយ៉ាងណា អ្នកសិក្សា​ទាំងឡាយ​ចូរ​ចាំ​ថា ព្រះពុទ្ធ​មិន​បាន​បង្រៀន​យើង​អោយ​ធ្វើ​ទាន​ដោយ​ការបោះ ​បាយបិណ្ឌ​ដើម្បី​អនុគ្រោះ​ដល់​ពួក​ប្រេត ឬ​សត្វ​តិរច្ឆាន​ណាមួយ​ឡើយ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ដើម្បី​ឧទ្ទិស កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ ហើយ​នោះ ត្រូវ​យក​ទេយ្យទាន ទៅ​អោយ​អ្នក​មាន​សីល អាច​ជា​អ្នកបួសឬជាគ្រហស្ថ​ដែល​រក្សាសីល​ក៏បាន ។ ចំណែក​ការបោះ​បាយបិណ្ឌ​នេះ ជា​ប្រពៃណី​សុទ្ធសាធ ហើយ​ធ្វើ​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ចំណែក ប្រទេស​ផ្សេងៗ មិន​មាន​ឡើយ ប៉ុន្តែ​មាន​បុណ្យ​ស្រដៀង​គ្នា​ដែរ ដូចជា​នៅ​ប្រទេស​ជប៉ុន​មាន​បុណ្យ​មួយ ឈ្មោះថា “​ឧ​ល្លំ​បន​”​។​
ប៉ុន្តែ​ព្រះ​ភិក្ខុ ឃឹម សន មាន​ព្រះ​ថេរ​ដីកា​ថា ការបោះ​បាយបិណ្ឌ​នេះ​មាន​ផល​វិជ្ជមាន និង អវិជ្ជមាន​ដែរ​គឺ​​ ​
​ផល​វិជ្ជមាន​
​ ​-​ធ្វើអោយ​មនុស្ស​ចេះ​នឹក​គុណ​ដល់​បុគ្គល​ដែល​បាន​ចែក​ឋាន​ទៅហើយ ក៏ដូចជា​អ្នក​នៅរ​ស់មាន​ឱ​ពុក​ម្តាយ ជាដើម​។​
​ ​-​អោយ​មនុស្ស​ចេះ​បំពេញ​សេចក្ត​ល្អ និង អនុគ្រោះ​ដល់​ពួក​សត្វ​តិរច្ឆាន​ទាំងឡាយ ។​
​ ​ផល​អវិជ្ជមាន​
​ ​-​ធ្វើអោយ​ការបោះ​បាយបិណ្ឌ​ទៅ​ជា​មានទោស ដោយសារ​ធ្វើ​ដោយ​ក្តី​ប្រមាទ ។​
​ ​-​ដោយសារ​អ្នក​ទៅ​បោះ​បាយបិណ្ឌ​មួយចំនួន​ទៅ​បោះ​បាយ​ដោយសារតែ​ចង់​សប្បាយ ។​
​ ​-​ធ្វើអោយមាន​ក្លិន​ឆ្អេះឆ្អាប​ដល់ទី​វត្ត​អារាម ។​
​ ​-​មិនសូវ​បាន​ផល ព្រោះ​ជា​ការធ្វើ​ទាន​ដោយ​សេចក្តី​ទ្វេ​ស ឬ មិន​សូវ​គោរព​ទាន ។
មាន​សំនួរ​មួយ​សួរថា ហេតុ​អ្វី​ទើប​គេ​បោះ​បាយបិណ្ឌ​តែ​ពេល​ទៀបភ្លឺ មិន​បោះ​នៅ ពេលថៃ្ង​ផង ។
​អ្នកខ្លះ​ឆ្លើយថា ព្រោះថា​បាយបិណ្ឌ​គេ​បោះ​អោយ​ពួក​ប្រេត ហើយ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង ពេល​ណា​ត្រូវ​ពន្លឺ​ថៃ្ង​នឹង​រលាយ​រូប​បាត់ទៅ មិន​អាច​ទទួល​បាយបិណ្ឌ​បានឡើយ ។​
​ ​ចំលើយ​នេះ​ក៏​នៅ​មិនទាន់​អាច​ទទួលយក​ជា​ផ្លូវកា​រណ៍​បាន​នៅឡើយ​ទេ ហើយ​ក៏​ត្រូវបាន​លើក​សំនួរ​ឡើង​មួយ​ទៀត​ថា មិន​បោះ​នៅពេលថៃ្ង​ព្រោះ​ប្រេ​ត​ខ្លាច​ពន្លឺ​ថៃ្ង ចុះ​ហេតុអ្វី​មិន​បោះ​នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ផង ព្រោះ​ពេលនោះ​ក៏​មិន​មាន​ពន្លឺ​ថៃ្ង​ដែរ ។
​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ ឃឹម សន មិន​បាន​លើកយក​បញ្ហា​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​ជា​មូលហេតុ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​លើកឡើង​ថា​វា​ជា​រឿង​ដើម្បី​បង្ក​ភាពងាយស្រួល​របស់​អ្នក​បោះ​ទៅ​វិញ​ទេ ។
ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ​បាន​មាន​ព្រះ​ថេរ​ដីកា​ថា “​ព្រោះ​ទៀបភ្លឺ ជា​ពេល​ដែល​ព្រះសង្ឃ នមស្សកា​ព្រះ ​រតន​ត្រៃ និង សូត្រ​បរាភវ​សូត្រ ហើយ​ប្រជា​ពុទ្ធសាសនិក​តែងតែ​នាំគ្នា​ទៅ​វត្ត​ដើម្បី​ស្តាប់ ព្រះសង្ឃ​សូត្រធម៌​បរាភវ​សូត្រ​នោះ​ផង និង ស្តាប់​ការផ្តល់​ឱវាទ​ផ្សេង​ខ្លះ​ផង​របស់​ព្រះសង្ឃ ។ នៅ​តំបន់​ខ្លះ ពេល​បោះ​បាយបិណ្ឌ​រួច អាចារ្យ​តែង​ដឹកនាំ​ពុទ្ធបរិស័ទ ចាត់ចែង​រាប់បាត្រ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ដែល​ងាយ ស្រួល​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ បំពេញ​កុសល​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​តែ​ម្តង​កុំអោយ​ខាត​ពេល​ធ្វើដំណើរ​ទៅ​មក​ច្រើនលើក​ច្រើនសារ ។ ម្យ៉ាងទៀត ពេល​ទៀប ភ្លឺ​ជា​ពេល​ដែល​មនុស្ស​គ្រប់រូប​ដល់​ពេល​ល្មម​ក្រោកពីដំណេក មិន​ងោកងុយ​ផង ។ការបោះ បាយបិណ្ឌ​ទៀប​ភ្លឺ​នេះ ក៏​ជា​វិធី​មួយ​ដែល​ធ្វើអោយ​មនុស្ស​ធ្លាប់តែ​មាន​ទំលាប់​ទទួលទានដំណេក​ទ្រ​មក់ រហូត​ដល់​ថៃ្ង​រះ​ទើប​ក្រោក​នោះ អោយ ហាត់ពត់​ខ្លួន​រៀន​ក្រោ​ពី​ដំណេក​ពី​ព្រលឹម កុំអោយ​ខ្ជឹលច្រអូស ស្ពឹក​ស្រពន់​នឹង​ដំណេក​ពេក​ផង​” ។
លោក សៀង ណាត ជា​អតីត​ស​មណ​និស្សិត​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា បាន​អះអាង​ស្រដៀង​គ្នា​នឹង​ព្រះ​ភិក្ខុ​ព្រះ​ញាណ​វង្ស ដែរ ដោយ​លោក លើកឡើងថា​“​បើ​បោះ​បាយ​បិណ្ឌ នៅពេល​ព្រលប់ ឬ ពេល​អាធ្រាត​ក៏​គ្មាន​កំហុស​អ្វី​ដែ ប៉ុន្តែ​ដែល​បុរាណា​ចារ្យ ដូនតា​ខ្មែរ​បាន​ទំលាប់​បោះ​បាយបិណ្ឌ​នៅ ពេល​ទៀបភ្លឺ​នោះ​ព្រោះ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត ជា​ពេល​ដែល​មនុស្ស គ្រប់គ្នា​ត្រូវការ​សម្រាក​បន្ទាប់ពី​បាន បំពេញ​ការងារ​ពេញ​មួយ​ថៃ្ង​មក ។ ម្យ៉ាង​បើ​ធ្វើ​នៅ​ពេល​ព្រលប់ ឬ ពេល​អាធ្រា​ត នោះ នាំ​អោយ​ខាត​ពេល​ក្នុង​ការធ្វើដំណើរ​ទៅមក ព្រោះ​ព្រឹក​ឡើង​គេ​នៅតែ​ត្រូវ​មក​វត្ត​ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង ចង់​ក្រោក​ទៅ​ស្តាប់ធម៌​បរាភវ​សូត្រ​នៅ​ទៀបភ្លឺ​ដដែល ” ។​
ហេតុ​នេះ​ចំពោះ​ទស្សនៈ​ដែលថា គេ​បោះ​បាយបិណ្ឌ​នៅពេល​ទៀប​ភ្លឺ​ព្រោះ​ប្រេត​ខ្លាច​ពន្លឺ​ថៃ្ង​នោះ យើងខ្ញុំ​មិន ហ៊ាន​អះអាង​ថា​ជា​យ៉ាងណា​ឡើយ​៕(ដកស្រង់ពីCambodian Express News)

Friday, September 4, 2009

ព្រះ​សង្ឃ​និង​និស្សិត​ជួប​ពិភាក្សា​គ្នា​នៅ​បាត់ដំបង​ពី​បញ្ហា​ក្នុង​សង្គម


យ៉ាង​ហោច​ណាស់​មាន​ព្រះ​សង្ឃ​និង​និស្សិត​ប្រហែល​៦០០​នាក់​បាន​ជួប​ជុំ​គ្នា​ជជែក​ពិភាក្សា​ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​វិបត្តិ​នានា​ទាក់ទិន​នឹង​គម្លាត​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។RFA/Sophal Mony
សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម នៅ​ក្នុង​ខែត្រ​បាត់ដំបង នា​ថ្ងៃ​១ កញ្ញា ២០០៩។
កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ ព្រះ​សីហនុ​រាជ ព្រះនាម ពុន ហង្សសេង។
ព្រះតេជគុណ​បាន​មាន​ពុទ្ធ​ដីកា​ថា មាន​បញ្ហា​ចោទ​ជា​ច្រើន​កំពុង​កើត​មាន​ឡើង ៖ «ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រតិបត្តិ​លើ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ការ​ប្រឈម​មុខ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អំពើ​សីលធម៌​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​បញ្ហា​សីលធម៌​និង​បច្ចេកវិទ្យា​ទំនើប»។
កញ្ញា កុយ ដានី ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​សីហនុ​រាជ ដែល​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ៖ «តាម​សង្គម​យើង​បច្ចុប្បន្ន ខាង​វិស័យ​សាសនា​និង​សង្គម​ខ្មែរ​យើង មើល​ទៅ​ដូច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក។ ប្រជាជន​ដឹង​ខ្លួន​ថា ខ្លួន​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​អត់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​តើ​ពុទ្ធ​សាសនា​យ៉ាង​ម៉េច​ទេ ដូច​ថា​យើង​ទៅ​វត្ត ចេះ​តែ​ទៅៗ ប៉ុន្តែ​អត់​ដឹង​ថា ខ្លួន​យើង​ត្រូវ​ធ្វើ​អី​ខ្លះ»។
ចំណែក​ឯ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ក្នុង​ចំណោម​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ថេរដីកា​ថា នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ពិភពលោក កម្ពុជា​បាន​ទទួល​យក​របស់​ប្លែកៗ​ពី​បរទេស​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សីលធម៌​សង្គម ដូច្នេះ​ហើយ​ការ​ចូលរួម​របស់​ព្រះ​សង្ឃ​ក្នុង​សង្គម​គឺ​ជា​ចលក​រចាំបាច់​មួយ។
ព្រះ​សង្ឃ​ដដែល​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ព្រះ​សង្ឃ​ដែល​ជា​សមន​និស្សិត សមន​សិស្ស​របស់​យើង​ហ្នឹង មាន​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​បម្រើ​សង្គម ព្រោះ​នៅ​ក្នុង​បរិបទ​ខ្មែរ​យើង​ព្រះ​សង្ឃ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ជួយ​អប់រំ​សង្គម​ឲ្យ​មាន​សីលធម៌»។
អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​គាំទ្រ​ចំពោះ​សិក្ខាសិលា​នោះ ដោយ​ក្រើន​រំឭក​ថា ព្រះ​ពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អប់រំ​ដល់​សង្គម​និង​ការ​អភិវឌ្ឍ​ប្រទេស។
លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រប់​វត្ត​អារាម​ទាំងអស់​គួរតែ​ពង្រឹង​នូវ​សមត្ថភាព​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​អធិករណ៍​ឲ្យ​សល់​កាន់​តែ​តិច​បំផុត ឬ​អាច​ត្រូវ​លុប​បំបាត់​ទាំង​ស្រុង ព្រោះ​ថា​អធិករណ៍​កាន់​តែ​ច្រើន​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិបត្តិ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​ជា​សញ្ញា​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ផល​ដែរ»។
ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ ព្រះ​នាម ពុន ហង្សសេង បាន​ព្រះ​ថេរ​ដីកា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ប៉ាន់​ស្មាន​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ។
គេ​សង្ឃឹម​ថា ការ​ជួប​ជុំ​ពិភាក្សា​ក្នុង​អង្គ​សិក្ខាសាលា​ខាង​លើ​នេះ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​នឹង​ជួយ​ដោះស្រា​យ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធ​បរិស័ទ ហើយ​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នឹង​បដិបត្តិ​តាម​ឱវាទ​ព្រះ​ពុទ្ធ លើក​កម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ ស្រឡាញ់​វប្បធម៌​ជាតិ៕
(អត្ថបទវិទ្យុអាសីសេរី)