Thursday, September 17, 2009

ព្រះរាជាពុទ្ធសាសនិក​ទី ១ ​នៃ​សម័យ​អង្គរ


ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៥០) បានឡើងសោយរាជនៅឆ្នាំ១០០២ ក្រោយពី បានទទួល ជ័យជំនៈលើគូប្រជែង ក្នុងជម្លោះដណ្តើមរាជសម្បត្តិ ។ នៅពេលព្រះបាទរាជេន្រ្ទវរ្ម័នទី២ សុគតទៅ បុត្រារបស់ ព្រះអង្គគឺជ័យវរ្ម័នទី៥ ឡើងសោយរាជ្យបន្តដោយ មានក្មេងណាស់នៅឡើយ ។

ដូចក្នុងរជ្ជកាលមុនៗ ដែរព្រះអង្គកាន់សាសនាព្រាហ្មណ៍ តែអនុញ្ញាតឲ្យមានការគោរព​បូជាព្រះពុទ្ធសាសនាដែរ ។ ព្រះអង្គបានកសាងប្រាសាទភ្នំមួយ​គឺប្រាសាទតាកែវ តែពុំទាន់បានរួចរាល់ស្រេចទេ ។ នៅពេលទ្រង់ចូលទិវង្គត ការប្រយុទ្ធគ្នាដណ្តើមរាជ​សម្បត្តិក៏កើតមានឡើង ។ ក្រោយមក ព្រះបាទសូរ្យវរ្ម័នទី១ បានទទួលជ័យជំនៈ លើក្សត្រមួយអង្គ ទៀតជាគូប្រជែង ។

ទ្រង់បានទទួលរាជភិសេក នៅអង្គរហើយរៀបចំ ឲ្យមានសន្តិភាពឡើងវិញ ។ ប្រទេសជាតិរីកចំរើន ចំនួនប្រជាជនកើនឡើងច្រើន ។ អំណាចព្រះរាជា​គ្របដណ្តប់ទៅលើវាល​ទំនាបទន្លេមេណាមទាំងមូល ។ គេបានរកឃើញសិលាចារិករបស់ខ្មែរ ទាក់ទងនិង​ព្រះអង្គនៅតំបន់ល្វោ (លពបុរី) ខាងជើងក្រុង​បាងកកសព្វថ្ងៃ ។

អំណាចកណ្តាល​របស់ក្រុងអង្គរ ក្នុងផ្នែកនយោបាយ និងសាសនា មានកំលាំង​រឹងមាំឡើងជាលំដាប់ ។ ព្រះអង្គជាព្រះរាជាទី១ នៃសម័យអង្គរ ដែល កាន់ព្រះពុទ្ធសាសនា​មហាយាន ។ ប៉ុន្តែនៅក្នុងព្រះ នគរ អ្នកកាន់​សាសនាព្រាហ្មណ៍ និងអ្នកកាន់ពុទ្ធសាសនា​រូមរស់សុខសាន្តជាមួយគ្នា ។ ព្រះអង្គមានកសាង​ប្រាសាទនៅច្រើនកន្លែងដូចជា ប្រាសាទភ្នំជីសូរ(ខេត្តតាកែវ) ផ្នែកខ្លះនៃប្រាសាទព្រះវិហារ សាងបង្ហើយប្រាសាទ ភិមានអាកាស និងប្រាសាទតាកែវ ៕៚

ឯកសារយោង ៖ សៀវភៅជនជាតិខ្មែរ (ភាគ១)ដកស្រង់បន្តពីវត្តខ្មែរ

No comments: