Tuesday, September 8, 2009

បរាភវ​សូត្រធ៌មនៃ​សេចក្តី​នាំឲ្យ​វិនាស​


បរាភវ​សូត្រ (​អានថាៈប៉ាក់ រ៉ា ភាក់ វាក់ សូ​ត ) តែង​ត្រូវបាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថៃ្ង នា​ពេល​ទៀបភ្លឺ នៅក្នុង​អំឡុង​ពេល​បុណ្យកាន់បិណ្ឌ ។ នៅ ក្នុង​បរាភវ​សូត្រ​នេះ​ជារឿយៗ គេ​ឮ​ឃ្លា​មួយ​ដែលថា “​នាំ​អោយ​វិនាស​” ។ ឃ្លា​នេះ​ជា ហេតុ​នាំ​អោយ​អ្នក​ខ្លះ​មាន​ទស្សនៈ​លេងសើច​ថា ពួកគេ​មិន​ហ៊ាន​ស្តាប់ធម៌​បរាភវ​សូត្រ​ទេ ព្រោះ​ខ្លាច​វិនាស ។​

​តាមពិត បរ​រា​ភ​វ​សូត្រ មានន័យ​ថា “​មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មានក្តី​ចំរើន ឬ​ធម៌​ជាហេតុ​នាំ​អោយ​មាន​ក្តីវិនាស​”​។ ​សូត្រ​នេះ​មាន​នៅក្នុង​គម្ពីរ​សុត្តន្តបិដក​, ខុ​ទ្ទក និកាយ​, សត្ត​និបាត​, តតិយ​ភាគទី​៥៤, ទំព័រ​ទី​៣៦ ។ ធម៌នេះ ​ធ្វើអោយ​អ្នក​ស្តាប់ បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលនាំអោយ​វិនាស ហើយ​អោយ​គេ​ចៀសវាង ដើម្បី​គេច​អោយ​ផុត​ពី​ក្តីវិនាស ហើយ​ប្រសិនបើ​គេ​មិន​បាន​ស្តាប់ធម៌​នេះ គេ​អាច​នឹង​មិន​ដឹង​ពី​ហេតុ​ដែល​នាំអោយ​វិនាស ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស ជាហេតុ​នាំ​អោយ​វិនាស​ទៅវិញ​ទេ ។ ​ក្នុង​ធ៌ម​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុផល​សាមញ្ញៗ និង ជាក់ស្តែង​ដូច​ជា​ថាៈ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​-​ប្តី , ភាព​ជា​បុគ្គល​អកត្ត​ញ្ញូ មិន​ដឹងគុណ​ឪពុក​-​ម្តាយ , អ្នកលេង​ល្បែង​៣​ប្រការ​គឺ ល្បែង​ស្រី ល្បែង​ស្រា និង ល្បែងភ្នាល់​គ្រប់​ប្រភេទ , ភាព​ជា​អ្នក​ខ្ជឹលច្រអូស​ជាដើម គឺ​ជា​ហេតុ​នាំ​មក​នូវ​ក្តីវិនាស ។

​ ​ឆ្លើយ​នឹង​សំនួរ​ដែល​ថា ហេតុ​អ្វី​ទើប​ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ​តែ​នៅក្នុង​រដូវ​កាន់បិណ្ឌ ហើយ​ថា ប្រសិន បើ​សូត្រ​នៅពេល​ផ្សេង​ពី​ពេល​បុណ្យ​នេះ តើ​បាន​ដែរ​ឬ​អត់​នោះ ព្រះ​ភិក្ខុ ឃឹម សន ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ និង ជា​ព្រះ​គ្រូសូត្រស្តាំ​ប្រចាំ វត្ត​បទុម​វត្តី​រាជរារា​មបាន​មានព្រះ​ថេរដី​កាថា​“​ការណ៍​ដែល​ព្រះសង្ឃ​តែង​សូត្រ​បរាភវ​សូត្រ​នៅក្នុង​រដូវ​កាន់បិណ្ឌ​នោះ ព្រោះ​ពេលនោះ​ជា​ពេល​ដែល​ប្រជា​ពុទ្ធបរិស័ទ​ទាំងឡាយ​មក​ជួបជុំគ្នា ហើយ​បរាភវ​សូត្រ ជា​ធម៌​ដាស់តឿន​ក្រើន​រំ​ឮ​ក​ដល់​គ្រហស្ថ​ពី​មូលហេតុ​ដែល​នាំមក​នូវ​ក្តីវិនាស ដើម្បី​អោយ​គ្រហស្ថ​ជៀសវាង​”​។​

​ព្រះ​បាឡាត់​រាជធានី​ភ្នំពេញ បាន​បន្ថែមទៀតថា​“​បរាភវ​សូត្រ​នេះ អាច​សូត្រ​នៅ​រដូវ​កាលណា​ក៏​បាន​ដែរ គ្រាន់តែ​យើង​ចំណាំ​ឃើញថា ក្រៅពី​រដូវ​កាល​កាន់បិណ្ឌ​ទៅ​ពុំ​សូវ​មាន​អ្នក​ស្តាប់ ។ ទោះយ៉ាងណា ជារឿយៗ​ធ៌ម​នេះ​ត្រូវបាន​ព្រះសង្ឃ​ជា​អង្គ​ធម្មកថិ​ក ពោល​គឺ​ព្រះសង្ឃ​ដែល​ត្រូវ​គេ​និមន្ត​សំដែង​ធម្ម​ទេសនា បាន​លើកយក​ជា​ធម្មាធិដ្ឋាន​ដែរ​”​។​

​ផលប្រយោជន៍​បុណ្យកាន់បិណ្ឌ​
​ ​ទោះជា​បុណ្យកាន់បិណ្ឌ​នេះ​មិន​ត្រូវបាន​ធ្វើឡើង​ដោយ​សារ​ជា​ការកំណត់ ឬ បញ្ញត្តិ​របស់​ព្រះពុទ្ធក្តី ​ក៏​បុណ្យ​នេះគ្មានអ្វីខ្ទាស់នឹងពុទ្ធប្បញ្ញត្តិដែរ ហើយក៏មានផល ប្រយោជន៍ ​ច្រើន​ប្រការ​ផងៈ​
​ ​-​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ហើយ​ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មាន​ការលំបាក​សម្រាប់​ព្រះសង្ឃ​ក្នុង​ការត្រេ​ចរ​បិណ្ឌបាត្រ ។​
​ ​-​រក្សា​ទំនៀម​ទំលាប់​ខ្មែរ ព្រោះ​វា​ជា​បុណ្យប្រពៃណី​ខ្មែរ​។​
​ ​-​អោយ​មនុស្ស​គ្រប់រូប​តាំងចិត្ត​បំពេញ​សេចក្តី​ល្អ កុំ​អោយ​លុះ​ក្នុង​ក្តី​ប្រ​មាទ​។​
​ ​-​អោយ​មនុស្ស​មាន​ស្មារតី​ក​ត្ត​ញ្ញូ​(​ដឹងគុណ​)​នឹកឃើញ​គុណ​អ្នក​ដែល​ធ្លាប់​មាន​លើ​ខ្លួន​ទាំង​អ្នក​លាចាក​លោក​ទៅ​ហើយ ទាំង​អ្នក​ដែល​នៅ​រស់​។
​ ​-​បណ្តុះ​ស្មារតី​អោយ​មនុស្ស​លះបង់​សេចក្តី​អាក្រក់​គ្រប់យ៉ាង​។​
​ ​-​បង្កើត​ឱកាស​អោយ​សាច់ញាតិ​ទាំងឡាយ​ដែល​រស់នៅ​ទី​ផ្សេងគ្នា​មាន​ពេល​អាច​ស្កាត់​រកគ្នា ជួបជុំគ្នា ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​គ្នារ​ទៅវិញទៅមក​។​
​ ​-​បង្កើត​អោយ​មាន​ឯកភាព និង សាមគ្គីភាព​ថ្នាក់ជាតិ​ទាំងមូល​៕

No comments: