Friday, September 4, 2009

ព្រះ​សង្ឃ​និង​និស្សិត​ជួប​ពិភាក្សា​គ្នា​នៅ​បាត់ដំបង​ពី​បញ្ហា​ក្នុង​សង្គម


យ៉ាង​ហោច​ណាស់​មាន​ព្រះ​សង្ឃ​និង​និស្សិត​ប្រហែល​៦០០​នាក់​បាន​ជួប​ជុំ​គ្នា​ជជែក​ពិភាក្សា​ដើម្បី​រិះរក​វិធី​កាត់​បន្ថយ​វិបត្តិ​នានា​ទាក់ទិន​នឹង​គម្លាត​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា។RFA/Sophal Mony
សិក្ខាសាលា​ស្ដីពី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម នៅ​ក្នុង​ខែត្រ​បាត់ដំបង នា​ថ្ងៃ​១ កញ្ញា ២០០៩។
កិច្ច​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ដឹកនាំ​ដោយ​ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ ព្រះ​សីហនុ​រាជ ព្រះនាម ពុន ហង្សសេង។
ព្រះតេជគុណ​បាន​មាន​ពុទ្ធ​ដីកា​ថា មាន​បញ្ហា​ចោទ​ជា​ច្រើន​កំពុង​កើត​មាន​ឡើង ៖ «ភាព​ច្របូក​ច្របល់​ក្នុង​ការ​ប្រតិបត្តិ​លើ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ការ​ប្រឈម​មុខ​នៃ​ការ​ធ្លាក់​ចុះ​នូវ​អំពើ​សីលធម៌​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​បញ្ហា​សីលធម៌​និង​បច្ចេកវិទ្យា​ទំនើប»។
កញ្ញា កុយ ដានី ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​សីហនុ​រាជ ដែល​ចូលរួម​ក្នុង​អង្គ​សិក្ខាសាលា​នោះ បាន​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា ៖ «តាម​សង្គម​យើង​បច្ចុប្បន្ន ខាង​វិស័យ​សាសនា​និង​សង្គម​ខ្មែរ​យើង មើល​ទៅ​ដូច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពេក។ ប្រជាជន​ដឹង​ខ្លួន​ថា ខ្លួន​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែរ ប៉ុន្តែ​អត់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ថា​តើ​ពុទ្ធ​សាសនា​យ៉ាង​ម៉េច​ទេ ដូច​ថា​យើង​ទៅ​វត្ត ចេះ​តែ​ទៅៗ ប៉ុន្តែ​អត់​ដឹង​ថា ខ្លួន​យើង​ត្រូវ​ធ្វើ​អី​ខ្លះ»។
ចំណែក​ឯ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​ក្នុង​ចំណោម​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ថេរដីកា​ថា នៅ​ក្នុង​បរិបទ​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ពិភពលោក កម្ពុជា​បាន​ទទួល​យក​របស់​ប្លែកៗ​ពី​បរទេស​យ៉ាង​ច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នឹង​សីលធម៌​សង្គម ដូច្នេះ​ហើយ​ការ​ចូលរួម​របស់​ព្រះ​សង្ឃ​ក្នុង​សង្គម​គឺ​ជា​ចលក​រចាំបាច់​មួយ។
ព្រះ​សង្ឃ​ដដែល​បាន​មាន​ពុទ្ធ​ដីកា​ថា ៖ «ព្រះ​សង្ឃ​ដែល​ជា​សមន​និស្សិត សមន​សិស្ស​របស់​យើង​ហ្នឹង មាន​តួនាទី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការងារ​ដើម្បី​បម្រើ​សង្គម ព្រោះ​នៅ​ក្នុង​បរិបទ​ខ្មែរ​យើង​ព្រះ​សង្ឃ​នៅ​តែ​មាន​តម្លៃ​ក្នុង​ការ​ជួយ​អប់រំ​សង្គម​ឲ្យ​មាន​សីលធម៌»។
អភិបាល​ខេត្ត​បាត់ដំបង លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​គាំទ្រ​ចំពោះ​សិក្ខាសិលា​នោះ ដោយ​ក្រើន​រំឭក​ថា ព្រះ​ពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អប់រំ​ដល់​សង្គម​និង​ការ​អភិវឌ្ឍ​ប្រទេស។
លោក ប្រាជ្ញ ចន្ទ បាន​មាន​ប្រសាសន៍​ថា ៖ «គ្រប់​វត្ត​អារាម​ទាំងអស់​គួរតែ​ពង្រឹង​នូវ​សមត្ថភាព​គ្រប់គ្រង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​ត្រូវ​ខំ​ប្រឹងប្រែង​លុប​បំបាត់​រាល់​អធិករណ៍​ឲ្យ​សល់​កាន់​តែ​តិច​បំផុត ឬ​អាច​ត្រូវ​លុប​បំបាត់​ទាំង​ស្រុង ព្រោះ​ថា​អធិករណ៍​កាន់​តែ​ច្រើន​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បដិបត្តិ​ព្រះ​ពុទ្ធ​សាសនា ហើយ​ក៏​ជា​សញ្ញា​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ផល​ដែរ»។
ប្រធាន​សាខា​នៃ​សាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ ព្រះ​នាម ពុន ហង្សសេង បាន​ព្រះ​ថេរ​ដីកា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​ប៉ាន់​ស្មាន​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ។
គេ​សង្ឃឹម​ថា ការ​ជួប​ជុំ​ពិភាក្សា​ក្នុង​អង្គ​សិក្ខាសាលា​ខាង​លើ​នេះ ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​នឹង​ជួយ​ដោះស្រា​យ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធ​បរិស័ទ ហើយ​សិស្ស​និស្សិត​ជា​ច្រើន​នាក់​នឹង​បដិបត្តិ​តាម​ឱវាទ​ព្រះ​ពុទ្ធ លើក​កម្ពស់​ស្មារតី​ថែ​រក្សា​អត្ត​សញ្ញាណ​ជាតិ ស្រឡាញ់​វប្បធម៌​ជាតិ៕
(អត្ថបទវិទ្យុអាសីសេរី)

No comments: