[ឈ្មោះ] ឥន្ទ
[គោរម្យងារ] ឧកញ៉ាសុត្តន្តប្រីជា
[កំណើត] ២២ កក្កដា ១៨៥៩
[ទីកំណើត] ខែត្រមុខកំពូល
[មរណភាព] ០៨ វិច្ឆិកា ១៩២៤ (៦៥ឆ្នាំ)
[ឋានៈ] កវីនិពន្ធ
ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ [អានថា៖ អិន] គឺជាកវីនិពន្ធខ្មែរដ៏មហិមា ក្នុងជំនាន់ហ្លួង ព្រះសិរីសុវត្ថិ។
| ប្រវត្តិ |
ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ប្រសូតនៅថ្ងៃច័ន្ទ ខែអាសាធ ឆ្នាំវក ព.ស.២៤០៣ ត្រុវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៨៥៩ នៅភូមិរកាកោង ខែត្រមុខកំពូល (សព្វថ្ងៃស្រុកមុខកំពូល ខេត្តកណ្ដាល)។ មាតាឈ្មោះ ម៉ុម បិតាឈ្មោះ បញ្ចង់កែ។
| ការសិក្សា |
នៅគ្រានអាយុ១០ឆ្នាំ កុមារ ឥន្ទ បានចូលរៀនប្រែព្រះត្រៃបិដក និងបានបួសជាសាមណេរមួយវស្សា នៅគ្រាអាយុ១៥ឆ្នាំ ក្នុងសំណាក់វត្តព្រែកពោធិ៍។
ក្រោយមកលោកបានចាកភេទសាមណេរ ទៅរៀននៅស្រុកព្រះត្រពាំង ហើយនៅអាយុ១៨ឆ្នាំ បានមករៀននៅសំណាក់ព្រះគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ ក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ។
បន្ទាប់ពីរៀននៅក្នុងសំណាក់ លោកគ្រូព្រះអាចារ្យនៅវត្តកែវ ខែត្របាត់ដំបង បានមួយឆ្នាំ, នៅអាយុ២០ឆ្នាំ លោកបានបួសជាភិក្ខុនៅទីនោះមួយវស្សា ទើបលាព្រះឧបជ្ឈាយាចារ្យទៅរៀននៅបាងកកអស់រយៈពេល៧ឆ្នាំ ក៏ត្រឡប់មកស្រុកខ្មែរវិញ ហើយបន្តបួសនៅវត្តកណ្តាល ស្រុកបាត់ដំបងរយៈពេល១០ឆ្នាំទៀត។ ជារួមលោកឧកញ៉ាបានចំណាយពេលរៀនសូត្រពីមជ្ឈដ្ឋានព្រះពុទ្ធសាសនាអស់ រយៈពេលជិត២០ឆ្នាំឯណោះ។
| ជីវិតគ្រួសារ |
អាយុ៣៧ឆ្នាំ ព្រះតេជព្រះគុណ ឥន្ទ បានលាចាកសិក្ខាបទ និងមានភរិយានៅភូមិឈ្វាធំ ខេត្តបាត់ដំបង។
| ការងារ |
ជាបន្តបន្ទាប់ លោកឥន្ទបានតែងនិពន្ធនូវស្នាដៃជាច្រើន ទាំងជាបាលី ទាំងជាខ្មែរដោយកាព្យផងដោយសម្រាយផង រួមមាន៤៤ស្នាដៃ ហើយអាស្រ័យដោយការតែងនិពន្ធនោះ បានធ្វើឱ្យឈ្មោះលោកល្បីរន្ទឺដល់រាជការក្រុងភ្នំពេញ។
នៅអាយុ៥៥ឆ្នាំ លោកបានចូលមកធ្វើការនៅពុទ្ធសាសនបណ្ឌិត្យខាងតែងវចនានុក្រម និងផ្ទៀងផ្ទាត់គម្ពីរដីកា ហើយរាជការក្រុងភ្នំពេញ បានផ្តល់ងារជា “ឧកញ៉ាសុត្តន្តប្រីជា” ចាប់ពីពេលនោះមក ដើម្បីឱ្យលោកជួយតែងសព្វវចនាធិប្បាយខ្មែរនៅសាលាបាលី។
នៅអាយុ៦៥ឆ្នាំ លោកបានលារាជការវិលមកនៅស្រុកបាត់ដំបងវិញ។
| ស្នាដែ |
តាមកំណត់ត្រារបស់ពុទ្ធសាសនបណ្ឌិត្យ ស្នាដៃល្បីៗរបស់លោកឧកញ៉ារួមមានៈ
១-គតិលោក ឬច្បាប់ទូន្មានខ្លួន (១០ភាគ)
២-កាព្យនិរាសអង្គរ ឬនិរាសនគរវត្ត
៣-រឿង “អំបែងបែក” (សាស្ត្រាស្លឹករឹត)
៤-បឋមសម្ពោធិ (ជាក្រាំង)
៥-លោកនីតិបករណ៍ (ពាក្យកាព្យ)
៦-សុភាសិតច្បាប់ស្រី
៧-ក្បួនមេកាព្យ
ក្នុងចំណោមស្នាដៃទាំងអស់នេះ “គតិលោក” ឬ “ច្បាប់ទូន្មានខ្លួន” បានបោះពុម្ពនាពុទ្ធសករាជ២៥០៨ (១៩៦៥) ដោយពុទ្ធសាសនបណ្ឌិត្យមានភាពល្បីល្បាញ និងមានការទទួលស្គាល់ជាទូទៅច្រើនជាងគេពីសំណាក់អ្នកសិក្សាខ្មែរ ជំនាន់ក្រោយៗ ជាពិសេសអ្នកសិក្សាពីអក្សរសិល្ប៍។
នៅក្នុងសៀវភៅ “គតិលោក” ឬ “ច្បាប់ទូន្មានខ្លួន”ទាំង១០ភាគ មានរឿងខ្លីៗជាច្រើនបញ្ចូលគ្នា ដែលបង្ហាញពីការអប់រំទូន្មាន និងបញ្ហាគ្រប់ប្រភេទដែលមានក្នុងដំណើរជីវិតមនុស្ស ។
| អច្ឆរិយ |
ស្នាដៃនិពន្ធទាំងអស់របស់លោកឧកញ៉ាបានបង្ហាញឱ្យឃើញថា លោកមានទេពកោសល្យតែងនិពន្ធ ទាំងបញ្ហាពុទ្ធចក្រ និងអាណាចក្រ ពោលគឺជាតម្រូវការរបស់មនុស្សលោក ជាពិសេសជនជាតិខ្មែរនាសម័យកាលនោះ និងសម័យកាលក្រោយមក ដែលចង់ដឹងជាចាំបាច់ ដើម្បីរៀបចំជីវិតប្រកបដោយសេចក្តីសុខ។ អ្វីដែលលោកតែងនិពន្ធនោះក៏ នៅតែមានតម្លៃសម្រាប់ការប្រតិបត្តិជាក់ស្តែងរហូតមកដល់ពេលសព្វថ្ងៃនេះ ផងដែរ។
| មរណភាព |
លុះថៃ្ងអាទិត្យ១២កើត ខែកក្តិក ឆ្នាំជូត ឆស័ក លោកបានទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក ត្រូវនឹងថៃ្ងទី០៨ ខែវិច្ឆិកា ឆ្នាំ១៩២៤ ក្នុងជន្មាយុ៦៥ឆ្នាំនោះតែម្តង។
| ព័ត៌មានទាក់ទង |
- ឧកញ៉ាសុត្តន្តប្រីជាឥន្ទ,កវីនិពន្ធខ្មែរដ៏មហិមា
- រឿង “ និរាសនគរវត្ត”
- (ដកស្រង់ពីកំណត់ហេតុសុភ័ក្តិ)
No comments:
Post a Comment