Thursday, October 29, 2009

ហេតុ​អ្វី​បាន​ជា​ខ្មែរ​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម?

ប្រទេសកម្ពុជា​ ជា​ប្រ​ទេសមួយ​ដែល​គោរព​ព្រះ​ពុទ្ធសាសនា​ដ៏​ម៉ឺង​ម៉ាត់​តាំង​ពី​បុរាណ​កាល​មក​ ដូច​ប្រទេស​នា​នា​លើ​ពិភព​លោក​។ នៅ​លើ​ទំព័រ​ឯក​សារ​ផ្សេងៗជា​ពិសេស​ឯកសារ​ព្រះ​រាជ​ពង្សាវតា​ខ្មែរ​ ឯកសារ​ប្រវត្តិ​សាស្រ្ត​ខ្មែរ សាស្ត្រា​ស្លឹក​រឹត​និង​ក្រាំង​បុរាណ​ជា​ដើម​។ គេ​តែង​សង្កេត​ឃើញ​កាល​បរិច្ឆេទ​ដោយ​កំណត់​យក​ព្រះ​ពុទ្ធ​សាស​នា​ជា​គោល​។

តើ​ព្រះ​ពុទ្ធ​សករាជ​បាន​សេច​ក្តី​យ៉ាង​ណា​ដែរ​?

ពុទ្ធ​សករាជ​ជាចំនួន​ថ្ងៃ​ខែ​ឆ្នាំរាប់​តាំង​ពី​ក្រោយ​​ថ្ងៃ​ដែលព្រះពុទ្ធ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក។ ព្រះ​សក្ស​មុនី​គោតម ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ​ទី​១៥​កើត​ ខែ​ពិសាខ​ ឆ្នាំម្សាញ់ ដូច្នេះ​គេ​រាប់​ពី​ត្រឹម​ថ្ងៃ​ទី១​រោច ខែ​ពិសាខ នោះ​មក​ ជា​ពុទ្ធសករាជ។

មុន​ឆ្នាំ១៩៦៨ គឺ​ចាប់​ពី​ឆ្នាំ​១៩៦៧​ថយ​ក្រោយ​​ ខ្មែរ​យើង​ប្រើ​ពុទ្ធ​សករាជ​ពេញ​ ដូច​សៀម​ដែរ​។​ លុះ​ក្រោយ​ពី អនុ​សំ​វច្ចរ មហា​សន្និ​បាត​ នៃ​មន្ត្រី​សង្ឃ​លើក​ទី​២៤ ដែល​ចាប់​ផ្តើម​ធ្វើ ពីថ្ងៃទី​២៧​ខែ​មករាឆ្នាំ​១៩៦៨មក ខ្មែរ​យើង​បាន​កែ​ប្រែ​ការ​ប្រើ​ពុទ្ធ​សករាជ​ជា​អតីត​ មក​ប្រើ​ពុទ្ធ​សករាជ​បច្ចុប្បន្ន​វិញ​។​ រឿង​នេះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ចោទ​ឡើង​ថាៈ

ហេតុ​អ្វី​បាន​ជា​ខ្មែរ​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម​?

យើង​អាច​ឆ្លើយ​យ៉ាង​ខ្លី​ថា ដោយ​ខ្មែរ​យើង​ប្រើ​ពុទ្ធ​សករាជ​បច្ចុ​ប្បន្ន ឯសៀម​ប្រើ​ពុទ្ធសករាជ​អតីត​។

ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​ អំពីពុទ្ធ​សករាជ​ ខ្ញុំ​សូម​ជម្រាបថា​ ពុទ្ធ​សករាជ​មាន​៣យ៉ាង​ ៖

១.​​ ពុទ្ធ​សករាជ​អតីត​ គឺ​ពុទ្ធ​សករាជ​ដែល​កន្លង​មកហើយ ពេញ​ទាំង​ថ្ងៃ​ ខែ​ ឆ្នាំឥត​មាន​ខ្វះ។

២. ពុទ្ធ​សករាជ​បច្ចុប្បន្ន​ គឺ​ពុទ្ធ​សករាជ​បច្ចុប្បន្ន​សុទ្ធ​សាធ ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ ដែល​មិន​ទាន់​មក​ដល់​។

៣. ពុទ្ធសករាជ​អនាគត គឺ​ពុទ្ធ​សករាជ​ដែល​ពេញ​ទាំង​ថ្ងៃ ខែ​ ឆ្នាំ​ តែ​មិនទាន់​មក​ដល់​។

ដើម្បី​​បង្ហាញ​ឲ្យ​កាន់​តេ​ច្បាស់ថែម​ទៀត ខ្ញុំ​សូម​លើក​ឧទាហរណ៍ដូច​ខាង​ក្រោម​នេះ

ឧទាហរណ៍ៈ

ថ្ងៃ​ពុធ​ ៣រោច​ ខែ​មិគសិរ ឆ្នាំ​វក ឆស័ក ពុទ្ធ​សករាជ ២៥៤៨ ដូច្នេះ​យើង​អាច​បកស្រាយ​ថាៈ

អតីត​កាល

- ព្រះ​ពុទ្ធ​សាសនាកន្លង​ទៅ​ហើយ​២៥៤៧ព្រះវស្សា

- ខែ​កន្លង​ទៅ​ហើយបាន​៨​ខែ (ពីខែ​ពិសាខ ដល់ មិគសិរ)

- ថ្ងៃ​កន្លង​ទៅ​ហើយ​បាន​២ថ្ងៃ​ (គឺ​១រោច និង​២រោច)

បច្ចុប្បន្ន​កាល

ថ្ងៃ​៣រោច​ខែ​មិគសិរ​ឆ្នាំ​វក​ ឆស័ក​ ពុទ្ធ​សករាជ ២៥៤៨, ថ្ងៃ​ខែ​ឆ្នាំនេះ​ លោក​កំណត់​ទុក​ជា​បច្ចុប្បន្ន​វារៈ។

អនាគតកាល

អនាគតកាល​របស់​ព្រះ​ពុទ្ធ​សាសនា ឬ​ព្រះ​ពុទ្ធ​សាសន​កាល ដែល​នៅ​សល់​ខាង​មុខ​ទៀត​គឺ

- ឆ្នាំ​នៅ​សល់​ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)

- ខែ​នៅ​សល់​៤​ខែ (​បុស្ស មាឃ​ ផល្គុណ ចេត្រ)

- ថ្ងៃ​នៅ​សល់​ ២៦ថ្ងៃ

បើ​បូក​រួម​សិរីទាំង​បីកាល គឺ​អតីត​ បច្ចុប្បន្ន និង​អនាគត ប្រមូល​បញ្ចូល​គ្នា​មក​ត្រូវ​ជា ព្រះ​ពុទ្ធសាសនា គ្រប់៥០០០ព្រះ​វស្សាដោយ​បរិបូណ៌។

សូម​ពិនិត្យ​មើល​តារាង​បូក​ពុទ្ធ​សករាជៈ

budish.png

ម្យ៉ា​ងទៀត​បើ​តាម​ព័ត៌​មាន​ ដែល​បាន​ទទួល​ពីព្រះតេជគុណ​ភាសាសិរី​វិជ្ជា ឃី សុវណ្ណ​រតនាសាស្ត្រាចារ្យ​អនុ​បណ្ឌិតទស្សនវិជ្ជា ដែល​លោ បាន​និមន្ត​មក​ពី​សិក្សា នៅ​ប្រទេស​សេរី​លង្កា ក៏​គេ​ប្រើ​ពុទ្ធ​សករាជ​បច្ចុប្បន្ន​ ដូច​ខ្មែរ​យើង​ដែរ។

No comments: