Tuesday, March 23, 2010

បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែក

បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែកបោះពុម្ភ សារអេឡិចត្រូនិច

ព្រះអង្គធំ និងព្រះអង្គខ្មៅដែលបានកសាង ឡើងពីថ្មភក់នាសម័យលង្វែក ស្ថិតនៅក្នុងវត្តព្រះឥន្រ្ទទេពមានបារមីពូកែស័ក្តិសិទ្ធិ ដែលអ្នកស្រុក តាំងពីដើមរៀងមកតែង ទៅបន់ស្រន់សុំសេចក្តីសុខ ការប្រកបមុខរបរកាក់កបចម្រុងចម្រើនជាដើម ។ វត្តព្រះឥន្រ្ទ ទេពមានប្រវត្តិតាំងពីបុរាណ ចម្លែកប្លែកពីបណ្តាវត្តផ្សេងៗទៀត ពីព្រោះវត្តនេះមានដំបូង ឡើងបានកើតឡើយងដោយសារការសុបិននិម្មិតរបស់ព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ ហើយមានអាយុកាល៤៤០ឆ្នាំមកហើយ តំាងពីសម័យលង្វែក មកម្ល៉េះ ។ ជាអកុសលវត្តព្រះឥន្រ្ទទេពកាលពីស ម័យសង្រ្គាមរងនូវការខូចខាតស្ទើរតែ ទាំងអស់ ប៉ុន្តែដោយសារបារមីវត្តនេះខ្ពស់ និងមានការជឿជាក់ពីពុទ្ធបរិស័ទ បច្ចុប្បន្នវត្ត នេះត្រូវ បានកសាងឡើងវិញយ៉ាងស្រស់ស្អាត ។

វត្តព្រះឥន្ទ្រទេពស្ថិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានសាងសង់នៅលើទីទួលមួយស្ថិតនៅពីទិសអាគ្នេយ៍ វត្តត្រឡាចកែងចម្ងាយ ១.៥០០ម៉ែត្រ ។

ព្រះតេជគុណ ប៊ូពៅ ចៅអធិកាវត្តព្រះឥន្ទ្រទេពមានថេរដីកាថា វត្តនេះទទួលរងនូវ ការខូចខាតខ្ទេចខ្ទីដោយសាររបប ប៉ុលពត ព្រោះ ពួកវាបានវាយកម្ទេចព្រះវិហារ និងព្រះពុទ្ធប្បដិមាព្រះអង្គធំនៅក្នុងព្រះវិហារបាក់បែកដងខ្លួនអស់ នៅសល់តែព្រះកេស ប៉ុណ្ណោះ ដោយ ដាក់ខ្សែទាញទម្លាក់តែម្តង ។ ព្រះអង្គមានថេរដីការបន្តថា ក្រោយពីរបប ប៉ុលពត ពុទ្ធបរិស័ទបាននាំគ្នាប្រមែប្រមូលរើសយកមកផ្គុំឡើងវិញ ។ ព្រះអង្គធំត្រូវបានកសាងឡើងពីថ្មីភក់នាសម័យលង្វែក ហើយបារមីព្រះអង្គពូកែស័ក្តិសិទ្ធ ណាស់ ។ ក្រៅពីព្រះអង្គធំមានព្រះអង្គខ្មៅប្រក់នាគ ដែលធ្វើពីថ្មីភក់ដែរនោះ ក៏ពូកែស័ក្តិសិទ្ធដែរ ។ កាលពីអំឡុងឆ្នាំ ១៩៨០ពួកចោរបានលូចយកព្រះអង្គពីវត្តព្រះឥន្ទ្រ ទេពម្តងរួមមកហើយ ដោយយកទៅជិតដល់ខេត្ត កោះកុង ប៉ុន្តែដោយសារបារមីរស់ព្រះអង្គខ្មៅ ពួកចោរមិនសុខមិនសាប់បាននាំគ្នាយកមកទុកនៅក្នុងវត្តព្រះឥន្ទ្រទេព វិញដោយខ្លួនឯង ។

ហេតុដូច្នេះហើយបានជាពុទ្ធបរិស័ទនាំគ្នាជឿជាក់ទៅលើបារមីព្រះអង្គខ្មៅនិងព្រះ អង្គធំនៅវត្តនេះ ហើយនាំគ្នាទាំងជិតទាំងឆ្ងាយសាងវត្តឡើងវិញ ដែលសព្វថ្ងៃនេះមាន ទាំងព្រះវិហារថ្មីស្រឡាង ព្រមទាំងកុដិនិងសាលាថែមទៀតផង ។ តាំងពីដើមរៀងមករហូត ដល់បច្ចុប្បន្ន អ្នកស្រុកតែងតែ នាំគ្នាទៅបន់ស្រន់ដល់បារមីព្រះអង្គធំនិងព្រះអង្គខ្មៅ ដើម្បី សុំសេចក្តីសុខចម្រើន ហើយការបន់ស្រន់នោះក៏ចេះតែកាក់កបទៅ ។

ប្រវត្តិបុរាណនៃវត្តព្រះឥន្ទ្រទេព
តាមឯកសារមហាបុរស និងប្រវត្តិសាស្ត្រខ្មែរបានឲដឹងថា អារាមនេះមានអាយុ កាលចំនួន៤៤០ឆ្នាំ បន្ទាប់ពីការកសាងទីក្រុងលង្វែកបានចំនួន៣៨ឆ្នាំ ។ វត្តដ៏ចំណាស់ នេះបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំថោះ នព្វស័ក ព.ស ២១១១ គ្រិស្តសករាជ១៥៦៧ ក្នុងរជ្ជកាលព្រះបរមិន្ទរាជាដែលទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឪង្ការព្រះបរមិន្ធ របរមរាជាធិរាជ (ព្រះរាជបុត្រទីពីរបស់ព្រះពង្គចន្ទរាជាក្នុងទីក្រុងលង្វែក) ។

កាលឡើងសោយរាជ្យ ព្រះអង្គបានលើកព្រះម៉ែនាងទេពបុប្ជា បុត្រីសម្តេចចៅហ្វាទ ឡ្ហដុង និងអ្នកជំទាវ ទេវីនារីសោភ័ណជៃ (តាដុង យាយជៃ) ទ្រង់ព្រះនាមថា សម្តេចព្រះ អគ្គមហេសី ព្រះភគវតីសិរីទេពធីតាមហាចក្រពក្តិ ឧត្តមបរមរតនា រាធារសោភីលក្ខណា មហាក្សត្រី ជាព្រះរាជអគ្គមហេសី ។
សម័យមួយនោះព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ នឹកភ្នកព្រះទ័យគិត ចង់សាងព្រះវិហារមួយ ។ យប់នោះទ្រង់សុបិននិម្មិតឃើញសម្តេចព្រះឥន្ទ្រាធិរាជមកចង្អុល កន្លែងឲសាងព្រះវិហារពីអាគ្នេយ៍ព្រះបរមរាវាំង ។ លុះតើនឡើងព្រះអង្គចេញ ទៅឃើញផែនដីមួយអន្លើពីអាគ្នេយ៍ព្រះបរមរាជវាំងផ្សាយរស្មីពណ៌ភ្លឺដូចផ្លេកបន្ទោរ ហើយឃើញទាំងចារឹកថ្មទីនោះផង ទើបសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា យកសេចក្តី ក្រាបទូលសម្តេចព្រះបរមបពិត្រ និងជម្រាបព្រះរាជមាតាបិតា លុះលោកយលើព្រមហើយ ក៏ចាត់ឲកែននាយជាងកូនជាង បានជាច្រើនឲសាងព្រះអារាម ជីកស្រះ តែងឃ្លាំងមឿងរួច ជាស្រេចហើយ នៅខ្វះតែថ្មល្អិតល្អបរិសុទ្ធ និងព្រះពុទ្ធប្បដិមានោះ ទើបព្រះបរមបពិត្រនាំ ព្រះអង្គធំរួមជាមួយសម្តេចព្រះអគ្គមហេសីសិរីទេពធីតា និងព្រះស្នំក្រមការចេញទៅជួប ព្រះបរមរាជវង្សានុវង្ស បារគូបុរោហិត ព្រឹទ្ធាចារ្យ អគ្គមហាសេនា សេនាបតីមន្ត្រីគ្រប់ក្រុម តាំងបួងសួងទាំងប្រាំបីទិសចំនួនបីថ្ងៃ ។

លុះរាត្រីមួយនោះមានហេតុអស្ចារ្យលាន់លឺក្នុងនគរខ្ចារបីដូចជាសូរសព្ទតូរ្យតន្រ្តី ជុំព្រះបរមរាជវាំង ។ ព្រះចន្ទ្រពេញបូណ៌មីភ្លឺច្បាស់ស្រឡះអាកាស ជនទាំងឡាយក្រឡេក មើលនៅឯនភាល័យ ឃើញរស្មីផ្សាយចេញប្រាំពីរពណ៌ដរេដាសទាំងអាកាសផ្លេកភ្លឺដូច ផ្លេកបន្ទោរមានស្រមោលហាក់ដូចជា ទេវតាទេវបុត្រហោះចាកអំពីព្រះរាជវិមានប្រមាណជា ប្រាំបីម៉ោង ទើបបានសូរសព្ទអស្ចារ្យទាំងនោះបាត់ស្ងាតទៅវិញ ។ លុះព្រឹកឡើង ព្រះបរមនាថ បរមពិតជាម្ចាស់ជីវិតលើត្បូង ព្រះអង្គ និងសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា ព្រះស្នំក្រមការ ចេញទៅប្រថាប់នៅព្រះអន្លាទីដែលសាងព្រះវិហារនោះ ស្រាប់តែឃើញថ្មល្អិតល្អមានពណ៌ឆ្លុះថ្លាផ្សេងៗនោះ ព្រះបរមពិត្រ និងសម្តេចព្រះអគ្គមហេសីស្រីទេពធិតា សម្តេចចៅហ្វាទឡ្ហ ដុង និងទំទាវទេវីនារី សោភ័ណ ជៃ យល់ព្រមថា ជាសម្តេចឥន្ទ្រាធិរាជថ្វាយនិម្មិតនោះឲនាមតាមនាមព្រះអគ្គមហេសី និងសម្តេចព្រះឥន្ទ្រាធិរាជឲនិម្មិតហៅថា «វត្តព្រះឥន្ទ្រទេព»។
ទីអារាមនេះស្ថិតនៅលើដីផ្ទៃរមៀលក្រូចទៅទិសបូព៌ា ស្រឡះស្រឡុំជុំ ដោយរុក្ខា ចោលម្លប់ត្រឈឹងត្រឈៃ មានបណ្តោយប្រវែង ២០៥.៥ម៉ែត្រ ទទឹង ១៥០.៨ម៉ែត្រ ។ កាល ក្នុងសម័យលង្វែក វត្តនេះថ្កុំថ្កើនរុងរឿងណាស់ ។ តែជាអកុសលក្រោយពី ព .ស ២១៣៨ ត្រូវនឹង គ.ស ១៥៩៥ (ពីរឆ្នាំក្រោយពីពេលដែលសៀមវាយបែកលង្វែក) ថ្វីត្បិតតែទីក្រុង នេះត្រូវបានរំដោះពីសៀមមកវិញក៏ដោយ ក៏យើងបានចាកចោលទីអារាមនេះដែរ ។ ទីអារាមនេះត្រូវអស់អ្នកទ្រទ្រង់ ហើយក៏អាប់រស្មីដូចបន្ទាយលង្វែកដែរ ។ គ្មាននរណាម្នាក់ ចាំថា តាំងពីកកើតរហូតដល់ចំណាកចោលវត្តនេះ មានព្រះចៅអធិការគង់ចាំវង្សាមាន នាមអ្វីខ្លះទេ លុះដល់ ព.ស ២៣៩៦ត្រូវនឹង គ.ស ១៨៥៣ ក្នុងរជ្ជកាលព្រះអង្គដួង នាសម័យឧដុង្គ ទើបត្រូវបានស្តារនិងកសាងឡើងវិញ ។ នាមព្រះថៅអធិការ និងឆ្នាំខែនោះ នៅចាំត្រឹមតែ ៥អង្គ គឺព្រះអង្គគ្រូ ប្រាជ្ញ , ព្រះគ្រូខោល អ៊ុម , ព្រះគ្រូ អ៊ុក សាមិត្តហៅជ័យ , ព្រះគ្រូ អ៊ុម ភោគ និងព្រះគ្រូ ប៊ូ ពៅ (បច្ចុប្បន្ន) ។ ចាប់តាំងពីឆ្នាំ ១៩៧៣ ទីអារាមនេះត្រូវ បនប្រល័យពូជសាសន៍ប៉ុលពត បានវាយកម្ទេចគាស់រុះរើសមិទ្ធផលទាំងអស់ ឯទ្រព្យសម្បត្តិគរុភ័ណ្ឌនានា ក៏ត្រូវបានបំផ្លាញគ្មានសេសសល់ដែរ ថែមទាំងត្រូវបង្ខំឲ បោះបង់ចោលរហូតដល់ឆ្នាំ១៩៧៩ ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩គណៈកម្មការវត្តត្រឡែង កែង បានមកសង់សាឡុំប្រក់ស្លឹក ដែលទីអារាម នេះនៅស្ងាត់ជ្រងំ។ បន្ទាប់មកសង់ជាបេ តុងអារម៉េ និងត្រូវប្រមូលផ្តុំព្រះពុទ្ធប្បដិមាដែលបែកបាក់ដោយសារ ប៉ុលពត បំផ្លាញមក ផ្គុំ ឡើងវិញ តែគ្មានព្រះសង្ឃគង់ចាំព្រះវស្សាទេ គេឃើញមានតែតាចាស់ម្នាក់ឈ្មោះ ឯម សាត ហៅ ចាន់ ដែលនៅចាំទឹកដីទីនោះតែប៉ុណ្ណោះ ។

ចាប់តាំងពីឆ្នាំ ២០០៣មក វត្តព្រះឥន្ទ្រទេពត្រូវបានធ្វើការសាងសង់ឡើងវិញ និងមាន ព្រះអង្គគង់ចាំវស្សារហូតដល់សព្វថ្ងៃនេះ ដោយគុណបារមីព្រះអង្គធំ និងព្រះអង្គ ខ្មៅ ធ្វើឲពុទ្ធបរិស័ទមានជំនឿនិងមានសទ្ធាជ្រះថ្លា កសាងវត្តព្រះឥន្ទ្រេទេព រហូតមានព្រះវិហារយ៉ាងធំមួយដែលជញ្ជាំងបិទសុទ្ធតែ ក្បាច់ព្រមទាំងលាបថ្នាំពណ៌មាសលាយក្រហម យ៉ាងស្រស់ស្អាត ។ នៅពីមុខព្រះវិហារមានដងទង់ធំៗពីរ និងមានស្រះទឹកមួយ ដែលក្នុង ស្រះទឹកនោះមានកសាងប្រាសាទតូចមួយផង ។ វត្តនេះបច្ចប្បន្នមានការរីក ចម្រើនយ៉ាងខ្លាំង មានកុដិ មានសាលា ព្រមទាំងកំពុងតែកសាង កន្លែងព្រះអង្គប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គចូលនិព្វាន និងព្រះអង្គទទួលចង្ហាន់នៅក្រោមដើមពោធិ៍មួយ ក្នុងបរិវេណវត្តថែមទៀតផង ៕

សរសេរដោយ ភ្នំពេញដេលីញូវ

វប្បធម៌​បាលី​នៅអតីតព្រះរាជាណាចក្រ​កម្ពុជា​

វប្បធម៌​បាលី​នៅអតីតព្រះរាជាណាចក្រ​កម្ពុជា​

ក្នុង​រវាង២០​ឆ្នាំ ក្រោយ​នេះ ​ការសិក្សា​ខាង​ពុទ្ធសាសនា​មាន​ការរីកចំរើន​ជាង​មុន​ឆ្ងាយ​ណាស់ ។ អ្នកស្រាវជ្រាវ​ជាតិ និងអន្ដរជាតិបាន​ខិតខំសិក្សា​ស្រាវជ្រាវ​ ដូច្នេះហើយទើប​ធ្វើឲ្យ​យើង​បាន​ទទួលនូវ​ចំណេះដឹង​ថ្មីៗ​ទៀត អ្វីមួយ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក ។​ ដោយហេតុ​នេះ​ ប្រវត្តិ​នៃ​ពុទ្ធសាសនា​ខែ្មរ​យើង​ក៏​បាន​ទទួល​នូវ​ទិន្នន័យ​បន្ថែមទៀត ដើម្បី​បំភ្លឺ​ដល់​សាសនិកជន​នូវ​ព័ត៌មានថ្មី​មួយចំនួន ។ ព្រោះ​ថា​ពីមុន​មាន​សំនួរ​មួយ​ដែល​មិនទាន់​បាន​ដោះស្រាយ​រួច តែឥឡូវនេះ ​ដោយសារ​លទ្ធផលនៃការស្រាវជ្រាវ យើងអាចឈានទៅរកការចេះដឹងថ្មីៗ ដ៏សមស្របគួរឲ្យយកជាការបាន ។ ​ហើយ​វា​ក៏​ជាការចាំបាច់​ផង​ដែរ ដើម្បី​កែតម្រូវ​ទស្សនៈ​ខុសឆ្គង​ទាំងឡាយ ពីមុនជុំវិញបញ្ហាស្ដីពីប្រភពនៃភាសាបាលីនៅកម្ពុជា ។ ក្នុង​បណ្តា​សំនួរ​ យើង​ឃើញ​មាន​សំនួរ​មួយ​ដែល​សំខាន់​ជាងគេ ​គឺការតាំងកាលបរិច្ឆេទនៃការមកដល់​ភាសាបាលី​នៅ​កម្ពុជា ហើយ​ការ​និយម​ប្រតិបត្តិ​ភាសា​យាននេះ ។​

នៅទួលស្វាយ ហ្គោសាយខ្មែរ កម្ពុជាក្រោម

ទាំងនេះ​ជា​សេក្តីប្រាថ្នា​របស់​យើង​នៅទីនេះ ។ ជា​ការពិត​ដែរ​ ដែលនៅ​គ្រប់​វត្ត​អារាម​ គ្រប់​មជ្ឈដ្ឋាន​ ជនជាតិ​ខ្មែរ​យើង​នៅតែ​ជឿជាក់ថា ភាសាបាលី​ខ្មែរ​ប្រើ​សព្វថ្ងៃ​នេះ​មក​ពី​ស្រីលង្កា ។ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ មាន​អ្នកប្រាជ្ញ​ជាច្រើន​​ជឿ​ថា ​ខ្មែរ​យើង​បានស្គាល់​ភាសា​នេះ​តាមរយៈ​ពួក​មន និងសៀម​ទៅវិញ នៅ​ចុង​ស​.​វ ទី​១៣ ដើម ស​.​វ ទី​១៤ ក្នុង​ខណៈ​ដែល​ខ្មែរបាន​ចុះ​ទន់ខ្សោយ ហើយ​ទទួល​ឥទ្ធិពល​ពី​សៀម ។​

​នេះ​ជា​ដើម​ហេតុ​នាំ​ឲ្យ​តម្លៃ​វប្បធម៌​ជាតិ​ចុះ​តម្លៃ​ អាប់អោនកិត្តិយស ដោយសារតែមូលហេតុនេះហើយ ទើប​​ថ្ងៃនេះ​ យើង​សូម​ធ្វើ​ការកែតម្រូវ​ឡើងវិញ ។ ដើម្បី​សើរើ​ទស្សនៈ​ខុសឆ្គង​ ជាពិសេស​ទស្សនៈ​របស់លោក ប៉ីហ្សូ និង​អ្នកគ្រូ ពៅ សវ​រស់ យើង​សូម​ពិនិត្យ​សិក្សា​ឡើងវិញ នូវ​ដំណើរការ​នៃ​ឥទ្ធិពល​ឥណ្ឌា នៅ​ហ្វូណន ឬនគរភ្នំ ដែលជាដែន​ដី​ខ្មែរ​ដំបូងបង្អស់ ។ រយៈពេល​នៃ​ការស្រាវជ្រាវជា​ច្រើន​ឆ្នាំ​ ធ្វើ​ឲ្យ​យើង​ហ៊ាន​បដិសេធ​ទាំងស្រុង​នូវ​ពំនោល​ខាងលើ​នេះ​ដែរ ដែលថាខ្មែរយើងទទួលភាសាបាលីពីបរទេស ។ ​ចំពោះយើងៗជឿជាក់ថា ទស្សនៈនេះ​គ្រាន់តែ​ជា​គំនិត​មួយ​មិន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ យោងលើរបកគំហើញខាងបុរាណវិទ្យា ។​

កាលណា​យើង​សិក្សា​នូវ​ប្រវត្តិសាស្ត្រ​របស់​ជ​ន​ជាតិ​សៀម ឬ​ក៏​ប្រវត្តិសាស្ត្រ​កម្ពុជា តាម​លំដាប់លំដោយ​ ជា​ហូរហែរ​មក យើង​ឃើញ​ភាពមិនប្រក្រតី​នៃ​ទស្សនៈ​ខាងលើនេះ ដែល​មាន​រហូតដល់បច្ចុប្បន្ន​ភាព ។
សូម​រំលឹក​ថា ​​មុន​ការបង្កើត​រដ្ឋ​មន នៅ​ចុង​ស​.​វ​ទី​៦​ និងដើម​ស​.​វ​ ទី​៧ និងមុនការបង្កើតរដ្ឋ​សៀម និង​លា​វ​ នៅ​ចុង​ស​.​វ ទី​១៣ និង១៤​ នៃ​គ​.​ស ភាសាបាលី​​បានជ្រួតជ្រាប ផ្សព្វផ្សាយលើអតីតទឹកដីខ្មែររួចទៅហើយ ។ ​ស្លាកស្នាម​នៃភាសាបាលីនៅលើទឹកដីចាស់ក៏ត្រូវបាន​រក្សា ហើយគូសបញ្ជាក់ដោយ​សិលា​ចា​រឹក​រហូត​ដល់​សព្វថ្ងៃដែរ ។​ យើងសូមយកឱកាសនេះចែករំលែកនូវអង្គគំនិតមួយចំនួនជូនជនរួមជាតិ ដើម្បីរួមវិភាគទានក្នុងការពង្រីកការចេះដឹងពីអតីតកាល ។

សូម​រំលឹក​ថា​ ព្រះពុទ្ធ​សាសនា​បាន​ផ្សព្វផ្សាយ​ដោយ​មាន​ភាសា​យាន​ទាំងពីរ​គឺ ភាសា​បាលី និង សំស្ក្រឹត ចាប់​តាំងតែ​ពីស​.​វ​ ទី​៣ នៃ​ពុទ្ធសករាជមកម្ល៉េះ ។ បើយោងលើប្រភពសិលាចារឹក ចារលើសសរស្ដម្ភនៅប្រទេសឥណ្ឌា ដោយព្រះបាទធម្មោសោក(Asoka) យើងអាចដឹងថា គឺសមណេទូត សោ​ណ​ត្ថេ​រ និង ព្រះ​ឧត្តរ​ត្ថេ​រពីរអង្គដែលបានផ្សព្វផ្សាយលទ្ធិព្រះពុទ្ធសាសនាទៅកាន់ជ្រោយសុវណ្ណភូមិយើងនេះ ។​

អង្គរបុរី ខេត្ត តាកែវ

វត្តមានរបស់ព្រះពុទ្ធសាសនា នៅក្នុងអាណាចក្រនគរភ្នំ ត្រូវបានទទួលស្គាល់ដោយទំព័រប្រវត្តិសាស្រ្តជាតិ និងបញ្ចូលក្នុងប្រវត្តិសាស្ដ្រសកល ហើយតម្លៃសីលធម៌ និងមនុស្សធម៌តាមរយៈការអប់រំ ពោលគឺឧត្តមគតិ នៃលទ្ធិសាសនានេះក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងក្លាបំផុត ពីសំណាក់ពុទ្ធសាសនិកនៅលើពិភពលោកទាំងមូល ។
ជាមួយនឹងការគូសបញ្ជាក់ខាងលើនេះ សូមរំលឹកឡើងវិញថា ព្រះបាទធម្មោសោកដែលជាព្រះមហាក្សត្រ​ឥណ្ឌា​អង្គ​នេះ​ បាន​ធ្វើ​អគ្គ​ពុទ្ធ​សាសនូ​រូបត្ថ​ម្ភ ក្នុង​ការធ្វើត​តិយ​សង្គាយនា ហើយបន្ទាប់មកក៏​បាន​បញ្ជូន​សម​ណ​ទូត​ទៅ​ប្រកាស​ព្រះពុទ្ធសាសនានៅ​ប្រទេស​នានាជា​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិ​ពុទ្ធសាសនា ។​

ដូច្នេះ​ ភារៈកិច្ច​សំខាន់​ដែល​នឹង​ដោះស្រាយ​បាន​ លុះត្រាតែ​យើង​ត្រូវ​រក​ឃើញ​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​លាយលក្ខណ៍អក្សរណា​មួយ ដើម្បី​បង្ហាញ​បញ្ជាក់ថា តើ​គម្ពីរ​សំខាន់ៗ​ជាង​គេ​បំផុត​របស់​ព្រះពុទ្ធសាសនា​ ដែលត្រូវ​បាន​នាំ​ចូលមកក្នុង​ប្រទេស​ខ្មែរ​បុរាណមាន​គម្ពីរ​អ្វីខ្លះ ហើយ​សរសេរ​ជា​ភាសា​អ្វី​មុនគេ ? ។ ធ្វើ​ដូច្នេះ ​ទើប​ការដោះស្រាយ​នឹងទទួល​បាននូវ​ផល​ ឬផ្លែផ្កា​ជាវិជ្ជមាន ។ ការស្រឡាញ់​រាប់អាន​ ប្រតិបត្តិ​លទ្ធិ​ព្រះពុទ្ធសាសនា ដែលជាន័យនៃជីវិតនោះមិន​គ្រប់គ្រាន់​ទេ ។ តែយើង​ត្រូវ​ហ៊ាន​ដោះស្រាយ​នូវ​ចម្ងល់​មួយចំនួន​ ហើយ​អប់រំ ​រំពត់និស្ស័យ​របស់​យើង​ឲ្យបាន​ត្រឹមត្រូវ​តាម​គន្លង​ធម៌ និងសច្ចភាព ឬក៏ដំណើរការប្រវត្តិសាស្រ្ត ។​

​ចំពោះ​ការប្រើ​គម្ពីរ​ជា​ភាសាបាលី​មុនដំបូង​បង្អស់ គប្បី​យើង​សង្កេតមើល​ចំណុច​សំខាន់​ជាងគេ ដើម្បី​តម្រូវ​ទស្សនៈ​ចាស់​គឺ​ប្រវត្តិ​របស់​ស្តេច​មិលិ​ន្ទ ដែល​ជា​ជនជាតិ​ហ្គិ្រ​ច កាន់​ព្រះពុទ្ធសាសនា​មុន​គេបង្អស់ ក្នុង​ប្រវត្តិសាស្ត្រដោយហេតុថា ស្ដេចអង្គនេះបានតែងគម្ពីរជាភាសាបាលីមួយច្បាប់ មានឈ្មោះថា ​មិលិន្ទបញ្ហា ហើយគម្ពីរនេះនៅមានវត្តមាននៅលើទឹកដីខ្មែររហូតដល់សព្វថ្ងៃ ។ ការយកគម្ពីរខាងលើនេះមកសំអាង គឺជាលក្ខខណ្ឌមួយមិនអាចខ្វះបាន ក្នុងការបង្ហាញពីប្រវត្តិសាស្រ្ត នៃការប្រើភាសាបាលីនៅកម្ពុជា ។

ម៉្យាងវិញទៀត​តាមរយៈ​ការស្រាវជ្រាវ​ យើង​ក៏​ដឹង​ដែរ​ថា នា​សម័យ​នគរ​ភ្នំ ពីស​.​វ​ទី​១ ដល់ ស​.​វ​ទី​៦-៧ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​នៅ​នគរ​ភ្នំ ឬ​ហ្វូណន មាន​ភាព​រីកចំរើន​ស្គុះស្គាយ​អស្ចារ្យ ដោយសាសនារដ្ឋទាំងពីរនោះ ប្រើភាសាសំស្ក្រឹត ដោយឡែកលទ្ធិព្រះពុទ្ធសាសនាប្រើសំស្រ្កឹតច្រើនជាងបាលីតែប៉ុណ្ណោះ ។ ហើយ​វឌ្ឍនភាព​នេះ​ក៏​ជាកញ្ចក់ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​នូវ​ស្ថានភាព​ពិត​នៃ​សង្គម​ខ្មែរ​ដែរ ព្រោះថា​សេដ្ឋកិច្ចជាតិ​នា​សម័យ​បុរាណ​នោះពឹងផ្អែក​ទាំងស្រុង​លើ​វិស័យពាណិជ្ជកម្ម​អន្តរជាតិ ដែលជាប្រភពនៃការរីកដុះដាល នៃវិស័យវប្បធម៌ និងសាសនា ។

​ដូច​ជា​យើង​ទើបតែ​បាន​លើកឡើង អ្វី​ដែល​គួរ​កត់សម្គាល់​នៅទីនេះ ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន កម្រ​មាន​សិលាចារឹក​សរសេរ​ជា​ភាសាបាលី ដែល​គេ​តែងតែ​ឃើញ​ជារឿយៗ នៅ​ប្រទេស​សៀម និង​ភូមា បច្ចុប្បន្ន ច្រើនជាងគេ ហើយ​បញ្ហា​នេះ​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ពិនិត្យ​ឡើងវិញ​នូវ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ របស់​ជាតិ​សាសន៍ ខែ្មរ​ជាមុនសិន មុន​ការបង្កើត​រដ្ឋ មន និង​ថៃ​-​លា​វ ដោយ​ការ​ផ្តាច់ខ្លួន​ចេញពី​ចក្រភពកម្ពុជ​ទេស ដែល​មាន​ទឹកដី​ដ៏​ធំ​មហាសាល ។ ក្នុងន័យនេះ​ យើង​ប្រាកដជា​មិន​ត្រឹមតែ​អាច​បង្ហាញ​ចំណាស់​នៃ​វប្បធម៌​បាលី នៅលើ​ទឹកដី​ខ្មែរ​បុរាណ នា​សម័យ​បុរេ​អង្គរ (​នគរ​ភ្នំ ឬ​ចេនឡា​) ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដោះស្រាយ​សំនួរ​ដែល​ចោទ​ក្នុង​ការកែតម្រូវ​រាល់​គំនិត​ខុសឆ្គង ។​

នៅស្រីសព, ប្រទេសថៃបច្ចុប្បន្ន

​ ​ប្រការ​ខាងលើ​នេះ​បាន​បង្ហាញឲ្យឃើញថា ការ​មិន​ស្គាល់​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ចាស់ ឬ ភូមិសាស្ត្រ​បុរាណ​របស់​ប្រជាជន​ខែ្មរ អា​ច​បង្ក​ឲ្យមាន​ភាពច្របូកច្របល់ ដែលជា​មូលហេតុ​ធ្វើឲ្យ​ប្រវត្តិសាស្ត្រ​ជាតិខ្មែ​រពិការ ។ ជាក់ស្តែង​នៅ​លើ​ទឹកដី ថៃ និង វៀតណាម​ខាងត្បូង​ក៏​ដូច​នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ គេ​បាន​ជួបប្រទះ​នូវ សិលាចារឹក​ជាច្រើន​ផ្ទាំង ដូចជា Ka 465 នៅ​ទួលគោក​ស្វាយ នៅ​កម្ពុជា​ក្រោម និង Ka56 នៅ​អង្គរបុរី និងKa467 នៅទីក្រុង​បុរេ​អង្គរ​ស្រី​ទេព នៅ​ប្រទេស​ថៃបច្ចុប្បន្ន ។ តាមពិត​អត្ថប្រយោជន៍​នៃ​ផ្ទាំង​អក្សរ​ចារ​លើ​ថ្ម ឬ​សន្លឹក​មាស គឺ​ការឆ្លើយតប​ទៅ​នឹង​សំនួរ​ដែល​ចោទ​នៅ​ខាងលើ និង​ការជួយ​ការពារ​ភាពត្រឹមត្រូវ​​ជារួមនៃ​ទស្សនៈ​របស់​យើង ។ យើង​មិន​ត្រូវ​មាន​ការភ្ញាក់ផ្អើល​ទេ ​តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​មាន​មោទនភាព​ក្រៃលែង​ចំពោះ​វត្តមាន​នៃ​ភស្តុតាង​ជា​លាយលក្ខណ៍អក្សរ ទាំងនោះ​ដែល​សរសេរ​ជា​ភាសាបាលី ដោយ​បុព្វបុរស​ខ្មែរ ក្នុងអំឡុង ស​.​វ ទី​៥ និង​ទី​៧ នៃ​គ​.​ស ។​

​ប្រការ​មួយ​ទៀត​គប្បី​ត្រូវ​ជ្រាប​ផងដែរ​ គឺ​ការសិក្សា​អំពី​វប្បធម៌​បុរាណ​ក៏​បានឲ្យដឹង​ទៀតថា សូម្បី​តែ​នា​សម័យ​ចុះ​ទន់ខ្សោយ ក៏​ខ្មែរ​យើង​មិន​បាន​ខ្ចី​ភាសាបាលី​ពី​សៀម​ដែរ ។ តែ​ផ្ទុយទៅវិញ​ គឺ​ជនជាតិ​សៀម​ទេ​ដែល​តាំងតែពី​សម័យ​សុខោទ័យ​រហូត​ដល់​សម័យ​រតនៈ​គោ​សិន នៅតែ​ប្រើ​តួរ​អក្ស​រមូល ឬ​បាលី​ដែលបានខ្ចីពី​ខ្មែរ​ដដែល សម្រាប់​ចងក្រង​គម្ពីរ​ក្បួនខ្នាត​ព្រះពុទ្ធ​សាសនា​របស់​ខ្លួន ។​

​តាម​ការពិត​ជនជាតិ​ខ្មែរ​ពុំ​ដែល​ខ្ចី​ភាសាបាលី ដែល​ជា​ភាសា​ឥណ្ឌា​ពី​ជនជាតិ​សៀម​ម្តងណា​ឡើយ ទោះ​ស្ថិតក្នុង​សម័យ​ឱ​ន​ភាព​ក្តី ។ អក្ស​របាលី នៃ​សន្តតិវង្ស​នៅ​សុខោទ័យ ប្រាកដ​ជាមាន​ប្រភព​ចេញពី​ប្រទេស​ស្រីលង្កា ដែល​នៅ​ទីនោះ​បាន​រៀនសូត្រ​ពី​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក ។ ពោល​គឺ​ជនជាតិខ្មែរ​បាន​បង្ហាត់​បង្រៀន​ជនជាតិ​សៀម​ឲ្យ​ចេះ​ប្រើ​និយម​ប្រតិបត្តិ​ភាសាបាលី​ក្នុងដំណាក់កាល​ដំបូងបង្អស់ ហើយ​ទង្វើ​នេះ​គឺជា​ការធម្មតា​ ​នៃ​ការវិវត្ត​របស់​ប្រវត្តិសាស្ត្រ ដែល​មាន​តាំងពី​បុរាណកាល​មក ​មិន​ត្រូវ​បដិសេធ​ឡើយ​ទោះបី​នា​សម័យ​ក្រោយៗ​មក ប្រទេស​ថៃ​ក្រោយពី​ទទួល​នូវ​ឯករាជ្យភាព​បាន​មាន​ទំនាក់ទំនង​ត្រង់ៗ​ជាមួយ​កោះ​ស្រីលង្កា​ក៏ដោយ ។​

​ដោយឡែកសូមរំលឹកថា កាល​ដើម​ខ្មែរ​យើង​និយម​ភាសាសំស្ក្រឹត​ច្រើន​ជាង​ភាសាបាលី ដោយហេតុ​ថា ខ្មែរ​យើង​នា​មុន​ស​.​វ ទី​១ នៃ​គ​.​ស មិនទាន់មាន​អក្សរ​សម្រាប់​កត់ត្រា​នៅឡើយ ។ ហើយ​ដើម្បី​កត់ត្រា​ក្បួនតម្រា​គេ​ត្រូវ​យក​អក្សរ​ឥណ្ឌា​មកប្រើប្រាស់ មាន​អក្សរ​ព្រហ្មី, អក្ស​រគ្រន្លៈ ដែល​មក​ពី​ភូមិភាគ​ខាងត្បូង​ក្នុងសម័យ​ប្រល្ល​វៈ និង​សម័យ​បាលុ​ក្យ ។ ក្រៅពី​នេះ ​យើង​ក៏​ឃើញ​អក្សរ​ខោ​ស្រី​ដែរ​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ ហើយ​មិនមែន​ជាភាសាផ្លូវការ​ដូច​អក្សរ​ព្រហ្មី ដែល​គេ​និយម​ជា​ទូទៅ ។

ការវិភាគ​ខាងលើ​ធ្វើឲ្យ​យើង​យល់ឃើញថា ឥទ្ធិពល​នៃ​ភាសាសំស្ក្រឹត​មិនមែន​មានន័យ​អវត្តមាន​នៃ​ភាសាបាលី​ទេ ដូច​វត្តមាន​របស់​គម្ពីរ​ត្រៃបិដក​ និងគ​ម្ពីមិលិ​ន្ទបញ្ហា​ ដែល​មាន​វត្តមាន​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​បុរាណកាល​ជាសក្ខី​ភាពស្រាប់ ។ មានន័យ​ថា កាល​ដើម​វប្បធម៌ សំស្ក្រឹត​របស់​ជនជាតិ​ខ្មែរ មានការ​រីកចំរើនជាង​ភាសា​បាលី​តែប៉ុណ្ណោះ ។ សំខាន់​ជាង​នេះ​ទៀត ភាសាបាលី​ចាប់ផ្តើម​ដុះ​ពន្លក ហើយ​ត្រូវ​ជនជាតិខ្មែរ​ចូលចិត្ត​ស្វាធ្យាយ​ណាស់​ដែរ​ តែ​ចាប់​តាំងតែ ស​.​វ ទី​៦ តែបុ​ណ្ណោះ ។

តែ​ទោះជា​យ៉ាងនេះក្តី បើ​ប្រៀបធៀប​ទៅ​នឹង​ភាសាសំស្ក្រឹត ភាសាបាលី ពីស​.​វ ទី​១ រហូត​ដល់​ស​.​វ ទី ១៣ មិនសូវ​មាន​កម្លាំង​ពលំ ពោល​គឺ​ពុំ​បាន​បោះ​ជំ​ហ៊ាន​ទៅ​មុខ​យ៉ាង​លឿន​នោះទេ ។ ឆ្លៀត​ឱ​កាស​នេះ​សូមជម្រាបថា ភាសា​បាលី​បានចាប់ផ្តើម​ដុះដាល​រីក​ស្គុះស្គាយ​នៅ​លើ​តំបន់​ខ្ពង់រាប នគររាជ​ជា​ពិសេសនៅ​ខេត្ត​បច្ចឹ​មបុរី​នៅថៃបច្ចុប្បន្ន ចាប់ពី​ដើម​សម័យអង្គរ​ ។ ដើម្បី​ជាការ​ត្រិះរិះ​យើង​អាចលើក​ផ្លាំង​សិលាចារឹក នៅវត្ដស្រះឈូកជាឧទាហរណ៍ ពីព្រោះសិលាចារឹកនេះសរសេរជាពីរភាសា បាលី និងខ្មែរ ដែលបង្ហាញបញ្ជាក់នូវវិស័យអក្សរសាស្រ្តបែបពុទ្ធនិយមយ៉ាងច្បាស់លាស់ ព្រោះត្រូវបានចងក្រងឡើងជាពាក្យកាព្យខ្លោង ។
ហេតុ​នេះ​គ្មាន​អ្វី​ជាការ​ជំទាស់​នឹង​សេចក្តី​សន្និដ្ឋាន​របស់​យើង​នោះទេ ផ្ទុយទៅវិញ​កាលបើ​សំដៅលើ​ទិន្នន័យ​ថ្មីៗ​នេះ យើង​កាន់តែ​ឃើញ​ចំណារ​របស់​ភាសាបាលី​នៅក្នុង​អតីត​ព្រះរាជាណាចក្រ​ខ្មែរ​បុរាណយ៉ាងប្រាកដ ៕ដកស្រង់ពីCEN

ដើម​កំណើត​របស់​ប្រជាជន​ខ្មែរ​ ​

ដើម​កំណើត​របស់​ប្រជាជន​ខ្មែរ​

​នៅពេលដែល​គេ​ប្រាថ្នា​ចង់​ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា ការយល់ដឹង​អំពី​ប្រភព​នៃ​ជនជាតិខ្មែរ ជា​ការចាំបាច់​បំផុត ខកខាន​ពុំបាន ។ ដូច្នេះ ទើប​បានជា​មាន​សំនួរ​ចោទសួរ​ឡើង​ថា តើ​ជនជាតិ​ខ្មែរ​មកពីណា ?

ការធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ នៅ​កោះ​តា​ពេជ្រ បារាយណ៍​ទឹកថ្លា ខេត្តសៀមរាប (២០០៤)
​ ​ទោះបី​ពីមុនមក​មាន​ការលំបាក​លំបិន​ចម្រូងចម្រាស់​ច្រើន ឬ​តិចក្តី ក៏​សព្វថ្ងៃនេះ ស្ថានភាព​នៃ​ចំណេះដឹង​ជុំវិញ​បញ្ហា​ប្រភព​អម្បូរ​មន​-​ខ្មែរ នៃ​ប្រជាជន​ខ្មែរ ត្រូវ​បាន​បំភ្លឺ​ច្បាស់​ជា​ង​ពេលណាៗ​ទាំងអស់ ។​
​ ​មាន​សំនួរ​មួយ​លើកឡើងថា តើ​ជនជាតិ​ខ្មែរ​មកពីណា ហើយ​ការ​ពិត​នោះ​វា​ស្ថិតនៅ​ត្រង់​ណា ? យោងតាម​ការសិក្សា​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា និង​ជាតិពន្ធុវិទ្យា ជាពិសេស​ការសិក្សា​អំំ​ពី​ប្រភេទ​ឈាម​អេ​ម៉ូក្លូ​ប៉ីន​អឺ (Hemoglobine E) លោក​វេជ្ជបណ្ឌិត សារី និង ហ្ស​ក អូ​លី​ប៊ីយេ បានបញ្ជាក់​ថា ជនជាតិខ្មែរ គឺជា​រដ្ឋវាសី ឬ​អ្នកស្រុក​អាយ​ដែល​បាន​កើតឡើង​នៅលើ​ជ្រោយ​ឥណ្ឌូចិន​យើង​នេះ ហើយ​គ្រាន់តែ​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ឥណ្ឌា​ច្រើនជាង​ចិន​តែប៉ុណ្ណោះ នា​ដើម​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ ។ ប៉ុន្ដែ​កន្លងមក​ជា​ញឹកញយ​រហូតមក​ដល់​បច្ចុប្បន្ន នៅ​មាន​ការលើកឡើង​ពី​សំណាក់​អ្នកនិពន្ធ​ជំនាន់​ចាស់ ថ្នាក់បណ្ឌិត​មួយចំនួន​នៅ​រាជបណ្ឌិត្យសភា​ថា ’​អម្បូរ​មន​-​ខ្មែរ ឬ​ខ្មែរ​-​មន​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​ចិន ដែល​ជា​ទឹកដី​កំណើត ជាពិសេស​មកកាន់​តំបន់​វាលទំនាប​នៃ​ទន្លេ​ខៀវ​យ៉ាង​សេ​គាង ដោយសារ​ការ​លុកលុយ និង​គាបសង្កត់​ពី​ជនជាតិ​ចិន ។ ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​ប្រមាណ​ជា ១.០០០​ឆ្នាំមុន​គ្រិស្ត​សរាជ បាន​បង្ខំ​ឲ្យ​ពួក​មន​-​ខ្មែរ​ទាំងនោះ ធ្វើដំណើរ​ចុះ​មក​ភូមិ​ភាគខាងត្បូង ដោយ​តម្រង់​មក​ទិស​ខាងលិច ហើយក៏​បាន​មកដល់ និង​កាន់កាប់​ដែនដី​ឥណ្ឌា ផ្នែក​ខាងកើត​ទៅ​” ។​

អាវុធ​ថ្ម សម័យ​នវសិលា ឬ​ថ្ម​រំ​លីង សារមន្ទីរ​ស្វាយចេក (​ខេត្ត​ឧត្តរមានជ័យ ២០០៧)
​គំនិត​ជរា​ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​មាន​ការភ័ន្តច្រឡំ​ទៅ​ថ្ងៃមុខ ​នោះ​បាន​អះអាង​បន្ថែមទៀតថា ’​តែ​ជា​អកុសល ពួក​មន​-​ខ្មែរ ត្រូវបាន​បង្ខំចិត្ត​ជន្លៀស​ខ្លួន​ជា​ថ្មី​ម្តងទៀត ក្រោម​ការវាយប្រហា​ររ​បស់​ពួក​អារ្យៈ ដែល​បាន​ចូល​គ្រប់គ្រង​ប្រទេស​ឥណ្ឌា ។ ដូច្នេះហើយ បានជា​មាន​អម្បូរ​មន​-​ខ្មែរ នៅ​ប្រទេស​ឥណ្ឌា​ផ្នែក​ខាងកើត​ដូចជា​ដែនដី​កម្ភោជៈ របស់​ពួក​មុ​ណ្ឌៈ និង​ខា​ស៊ី​មាន​ជនជាតិ​មន និង​ខ្មែរ នៅ​វាលទំនាប​នៃ​ដង​ទន្លេ​អី​រ៉ា​វ៉ាដ​ឌី ទន្លេ​សា​ល្វីន ទន្លេ​មេ​ណា​ម និង​ទន្លេ​មេគង្គ​” ។​
​ ​សព្វថ្ងៃ គេ​អាច​សរុប​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ទោះបីជា​អ្នក​ស្រាវជ្រាវ​នៅតែ​បន្ត​ការជជែក​គ្នា ហើយ​ជួនកាល​ដោយ​ទទឹងទិស​ក៏ដោយ ក៏​ទស្សនទាន​ដែលថា ដែន​កំណើត​របស់​អម្បូរ​មន​-​ខ្មែរ ស្ថិត​នៅ​ប្រទេស​ចិន ឬ​ឥណ្ឌា គឺ​មិន​មាន​តម្លាភាព​មូលដ្ឋាន​ត្រឹមត្រូវ ។ គំនិត​នេះ​ចាស់ជរា​ជ្រុល​ហួសហេតុ ហើយ​លើសពីនេះ​ទៀត ពុំ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រឹងមាំ​ទេ ។ គឺ​វា​ពោរពេញ​ដោយ​លក្ខណៈ​ជា​រឿងព្រេង​ច្រើន​ជាង​ការពិត ។​

ក្រឡ​មកពី​សំរោង​សែន យុគ​ថ្ម​រំ​លីង (​សារមន្ទីរ​ជាតិ​ភ្នំពេញ​)
​ ​នៅ​ក្នុង​ទស្សនៈ​រួមមួយ ដែល​អ្នកវិទ្យាសាស្ត្រ​អាច​ទទួលយក​បាន​នោះ​គឺថា ជាទូទៅ​តំបន់​អាស៊ីអាគ្នេយ៍​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ប្រជាជន​ដែល​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ មិនមែន​ជា​អ្នក​ចំណូល​ថ្មី​ក្នុង​ភូមិភាគ​នេះ​ទេ ។ ផ្ទុយ​ទៅ​វិញ​គឺ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​អម្បូរ​ចិន​ទេ ដែលជា​អ្នក​ស្រុក​មក​ពី​នាយ ដែល​បាន​ចូលមក​រស់នៅ​ក្នុង​តំបន់ ដោយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ព្រមទាំង​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​វប្បធម៌​ជាច្រើន​លើសលប់​ទៀតផង ។​
​ ​ការធ្វើ​អន្តោប្រវេសន៍​របស់​បរ​ទេស​ទាំងនោះ នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​រដ្ឋ​ហ្វូណន ឬ​នគរ​ភ្នំ និង​ប្រទេស​(​ភូមា​) ដែល​មាន​ក្រុង​ធ្យាវ​តី វេ​សាលី និង​ថា​ធូន​ជាដើម ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​កំណត់ហេតុ​ចិន ឬក៏​វិស័យ​បុរាណ​វិទ្យា ។ ដូចគ្នានេះដែរ​នៅ​តំបន់​ដែន​ដី​កោះ ដែល​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក៏​មាន​ការមកដល់​នៃ​អន្តោប្រវេសន៍ ដែល​បាន​អនុវត្ត​ឡើង​នៅ​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ផងដែរ ។ ជា​ការពិត​ណាស់​ហើយ​នេះ​គឺ​អ្វី ដែល​កំណត់​ហេតុ​ចិន​បាន​កត់ត្រា​ទុក ជា​លាយលក្ខណ៍អក្សរ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ។ ដោយសារតែ​ការមកដល់​នៃ​ជនជាតិ​ឥណ្ឌា និង​ការ​សាបព្រោះ​វប្បធម៌​ឥណ្ឌា បានជា​មាន​ការបង្កើត​ឡើង​នូវ​បណ្តា​រដ្ឋ​មួយចំនួន​នៅ​ដើម​សតវត្ស​ទី​១​នៃ​ គ្រិស្តសករាជ ដូចដែល​យើង​បានដឹង​រួច​មក​ហើយ ។​

អាវុធ​ថ្ម យុគ​ថ្ម​គ្រួស​បំបែក​, ម្តុំ​ស្រែ​ស្បូវ រវាង​ក្រចេះ ស្ទឹងត្រែង (​សារមន្ទីរ​ជាតិ ពន្ធ​វិទ្យា ទួលគោក​)
​ ​យើង​អាច​លើកយកឧ​ទារហណ៍​មួយទៀត ស្តីពី​ការធ្វើ​អន្តោប្រវេសន៍​របស់​បណ្តា​ជាតិ​ពន្ធ​ថៃ ក្នុង​អតីត​ទឹកដី​របស់​ប្រទេស​កម្ពុជា ដែល​បាន​បង្កើតឡើង​ជា​រដ្ឋ​អំណាច​ថៃ និង​លាវ (​ឡាវ​) អាច​កំណត់​បាន​ថា កាលបរិច្ឆេទ​នៃ​ការមកដល់​ស្របគ្នា​នឹង​ភស្តុ​ង​តាង​ខាង​វិស័យ​សិល្បៈ​ ស្ថាបត្យកម្ម​ជាដើម ។​
​ ​ចំណុច​ទាំង​នេះ​ធ្វើឲ្យ​យើង​សន្និដ្ឋានថា ការ​ចូល​កាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅលើ​បណ្តា​កោះ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឬ​ប៉ូលេ​ណេ​ស៊ីមាន​ទ្រង់ទ្រាយ​ធំ មិនមែន​ត្រូវ​បាន​ធ្វើឡើង​ក្នុងភូមិ​ភាគ​មួយ ដែល​គ្មាន​មនុស្ស​ដែល​ជា​អ្នកស្រុក​ដើម​រស់នៅ​នោះទេ ។​
​ ​ដូច្នោះ​ហើយ ក្នុងករណី​នេះ​យើង​អាច​បញ្ជាក់​ថា មុន​ការ​មក​តាំង​លំនៅ​ក្នុង​អតីតកាល​ប្រទេស​កម្ពុជា ឬ​ហ្វូណន ភូមិភាគ​នេះ​ធ្លាប់មាន​ជនជាតិដើម​អម្បូរ​មន​-​ខ្មែរ រស់នៅ​រួចមកហើយ ។ បើ​និយាយឲ្យចំ​ទៅ ជនជាតិ​ខ្មែរ​មាន​ចំណាស់​ប្រហាក់ប្រហែល​នឹង​ទឹក​ដី​របស់​ខ្លួន ។ ចំណាស់​នៃ​ការតាំង​លំនៅស្ថាន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​បច្ចុប្បន្ន​អាច​បញ្ជាក់ តាម​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ថ្ម​បំបែក​ដែល​មាន​អាយុកាល​ប្រមាណ ១ លាន​ឆ្នាំ​មកហើយ ។ ជារួម​ខ្មែរ និង​មន​ស្ថិត​ក្នុង​អម្បូរ​តែ​មួយ​ដូច​គ្នា​នឹង​ពួក​កុលសម្ព័ន្ធ​ខ្ពង់រាប ឬ​ព្រៃ​ភ្នំ បាន​កើតឡើង​នៅលើ​ដី​កំណើត​របស់​ដូនតា​យ៉ាង​ប្រាកដ ។​

​ ​ផ្ទុយទៅវិញ កូនចៅ​របស់​ពួក​អន្តោប្រវេសន៍ (​ឥណ្ឌា និង​ចិន​) ទាំងឡាយ​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​ជា​ច្រើន​ជំនាន់ ក៏​បាន​បង្កាត់​ពូជ​ក្លាយទៅជា​ជនជាតិខ្មែរ​ទៅ ដូចដែល​លោក​ទូត​ចិន​ឈ្មោះ ជីវ​តាក្វាន់ បាន​ធ្វើ​អធិប្បាយ​នៅ​ឆ្នាំ ១២៩៧ ជា​ភស្តុតាង​ស្រាប់ ។​
​ ​ក្នុង​ដំណាក់កាល​នៃ​ការស្រាវជ្រាវ​មុនដំបូង លោក​ឡឺ​ក្លែរ បាន​មានមតិ​ថា ជនជាតិខ្មែរ គឺជា​ជនជាតិ​ឥណ្ឌា មាន​ប្រភព​ចេញពី​កា​ស្មឺ​មៀរ តែ​ក្រោយ​មក​វិញ​នៅ​ឆ្នាំ​១៩១១ លោក​ក៏​បាន​ជម្រុះ​ចោល​គំនិត​ខុសឆ្គង​នោះ​ចោល​អស់​ទៅ ។​
​ ​ស្របគ្នា​នឹង​អតីត​ប្រទេស​ចម្ប៉ា ភូមា ដែល​ជា​របស់​ជនជាតិ​មន និង​ម៉ាឡេស៊ី​ដែរ ការអនុវត្តន៍​រចនា​សម្ព័ន្ធ​នយោបាយ វប្បធម៌ សាសនា​ឥណ្ឌា ដោយ​ជនជាតិខ្មែរ គឺជា​មូលហេតុ​ដែល​បាន​នាំ​ឲ្យ​ខ្មែរ​ខ្ចី ឈ្មោះ​ទីក្រុង​ដ៏​ពិសិដ្ឋ ទាំងឡាយ​នៃ​ប្រទេស​ឥណ្ឌា ដូចជា​ពារាណសី តក្ក​សិលា ឥន្តបត្ត​បុរី ជាដើម ៘ ដើម្បី​តាំង​ឈ្មោះ​ទីក្រុង ឬ​ព្រះ​រាជធានី​របស់​ខ្លួន ប្រហែលជា​ដោយសារ​តែ​ប្រការ​នេះ​ហើយ​មើលទៅ ទើប​បានជា​មាន​ការយល់​ច្រឡំ​ថា ជនជាតិខ្មែរ ជា​ជនជាតិ​ឥណ្ឌា​ទី​២​។​

ការធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ នៅ​ទួល​វត្ត​គំនូរ ស្រុក​អង្គរបុរី ខេត្តតាកែវ (២០០៣)​
​ ​យ៉ាងណាមិញ ការ​ដែល​ភាសា​នៃ​ពួក​ខា​ស៊ី និង​ម​រុណ្ឌៈ ត្រូវ​គេ​ចាត់ទុកថា ជា​ភាសា​មួយ​ស្ថិតក្នុង​អម្បូរ​ភាសាមន​-​ខ្មែរ ក៏​មិនមែន​មានន័យថា ទឹកដី​ឥណ្ឌា គឺជា​ទឹកដី​របស់​ខ្មែរ​ដែរ ។ ផ្ទុយទៅវិញ កត្តា​នេះ​គ្រាន់តែ​ជា​សញ្ញា​នៃ​ការទំនាក់ទំនង​ខាង​វប្បធម៌​រវាង​ កុលសម្ព័ន្ធ​ទាំងឡាយ នា​សម័យ​ដើម​តែ​ប៉ុណ្ណោះ ។ កុំភ្លេចថា នា​សម័យ​បុរេប្រវត្តិសាស្ត្រ​បុព្វការី​ជន​អម្បូរ​មន​-​ខ្មែរ បាន​កាន់កាប់​ទឹកដី​កម្ពុជា​, ថៃ​,​លា​វ និង​ភូមា​ទាំងស្រុង ហើយ​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុលសម្ព័ន្ធ​ឥណ្ឌា​មួយចំនួន ។ លើ​បញ្ហា​នេះដែរ យើង​សូម​លើកយក​ភស្តុតាង​មួយ ជាពិសេស​ពាក្យ​កិ្ល​ង្គ ដែល​ខ្មែរ​ហៅ​ជនជាតិ​ឥណ្ឌា​មក​បញ្ជាក់​ឲ្យបាន​ច្បាស់ ។ សូម​រំលឹក​ថា ជា​យូរយារ​ណាស់​មកហើយ អម្បូរ​មន​-​ខ្មែរ បាន​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន កិ្ល​ង្គ ដែល​តាមពិត​ទៅ​វា​ជា​ឈ្មោះ នៃ​ភ្នំ​ឥណ្ឌា​មួយ​ស្ថិតក្នុង​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​ក្បែរ​ ប្រទេស​ភូមា​បច្ចុប្បន្ន ។ ការខ្វែងគំនិត​គ្នា នឹង​អាច​ដោះស្រាយបាន កាល​បើ​គេ​មើលរំលង​សញ្ញាណ​ពាក់ព័ន្ធ នឹង​ព្រំ​ប្រទេស ឬ​ប្រទេស​ដែល​ជា​កត្តា​ថ្មីថ្មោង ។ ឯកភាព​នៃ​ស័ព្ទ​មួយចំនួន បើ​តាម​បណ្ឌិត​សាស្ត្រាចារ្យ ឡុង សៀម អាច​មក​ពី​ក​មី្ច​ពាក្យ​មក​ពី​ខាងក្រៅ​តែប៉ុណ្ណោះ (External contact) ។​

​ ​ចំពោះ​ការបែងចែក​អម្បូ​រ ដែល​វា​គួបផ្សំ​ទៅនឹង​លក្ខណៈ​កំណត់​រូបរាងកាយ ពណ៌​សម្បុរ ទំនៀមទម្លាប់​ផង​នោះ លុះត្រាតែ​ជនជាតិ​ចិន ឬ​ឥណ្ឌា មាន​ប្រភេទ​ឈាម​ដូចគ្នា​ខ្មែរ ទើប​យើង​អាច​រក​ឃើញជាក់ស្តែង​នូវ​ប្រភព​ពូជសាសន៍​តែ​មួយ​បាន ។ ផ្ទុយទៅវិញ ការ​សម្គាល់​តែ​ភិនភាគ​ខាងក្រៅ តាម​ដូច​ករណី​កម្ចី​ខាង​ភាសា​រវាង​ថៃ និង​ខ្មែរ មិន​អាច​ផ្តល់​នូវ​លទ្ធផល​ត្រឹមត្រូវ​ទេ ។ ជនជាតិ​ឥណ្ឌា និង​ចិន មិន​មាន​ប្រភេទ​ឈាម​ដូច​ប្រភេទ​ឈាម​ខ្មែរ និង​មន​ទេ គឺ​អេ​ម៉ូក្លូ​ប៉ីន​អឺ ដែល​ជា​កត្តា​កំណត់​អម្បូរ​របស់​មនុស្ស​លើ​សកលលោក​យើង​នេះ ដែល​មាន​ច្រើន​អម្បូរ​ឬ​ប្រភេទ​ណាស់ ។​
​ ​បន្ទា​បប់​ពី​ការពិនិត្យ​ត្រួសៗ លើ​ធាតុ​សំខាន់ៗ នៃ​បុរាណវិទ្យា ជាតិពន្ធុ​វិទ្យា និង​ភាសា​សាស្ត្រ យើង​អាច​សន្និដ្ឋានបាន​ថា ’​ខ្មែរ​មិនមែន​មាន​ប្រភព​ចេញពី​ប្រទេស​ចិន ឬ​ឥណ្ឌា​នោះទេ ។ តែ​ផ្ទុយទៅវិញ​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ខាង​ពូជសាសន៍​ជាមួយ​ មនុស្ស​ទាំងឡាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែន​ដី​កោះ​ទៅវិញ​” ។​

​ ​មានន័យ​ថា ជនជាតិខ្មែរ ដែល​បាន​កកើតឡើង​នៅលើ​ទឹកដី​ដូនតា​របស់ខ្លួន មិនបាន​ធ្វើ​ចលនា​បន្លាស់​ទី​កនែង​ទ្រង់ទ្រាយ​ធំៗ​ម្តងណា​ឡើយ គឺ​គ្រាន់តែ​មាន​ទំនាក់ទំនង​វប្បធម៌​នឹង​ជនជាតិ​ឥណ្ឌា និង​ចិន ដែល​បាន​មក​កាន់​លំនៅស្ថាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ គំនិត​ដែល​ថា ជនជាតិខ្មែរ បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដំបូង​គឺ​ហ្វូណន​(​នគរ​ភ្នំ​) តាម​ទ្រឹស្តី​របស់​អ្នកនិពន្ធ​មួយចំនួន​ខាងលើ គឺជា​ការ​ប្រាសចាក​ការពិត ។ ប៉ុន្តែ​ទោះជា​មាន​ករណី​ខុសឆ្គង​នេះ​ក្តី ក៏​គ្មាន​នរណា​មួយ​ហ៊ាន​បដិសេធ​ពី​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​លើ​អម្បូរ​មន​-​ ខ្មែរ នោះទេ ដែល​បាន​ធ្វើឲ្យ​មាន​ការលេច​ធោ្ល​រឡើង​នូវរ​ដ្ឋ​ខ្មែរ និង​រដ្ឋ​មន​ដំបូង​នា​សម័យ​ប្រវត្តិសាស្ត្រ ។ សរុប​មក​ផ្ទុយ​ពី​ទស្សនៈ​របស់​អ្នកនិពន្ធ​មួយចំនួន​នា​ជំនាន់​ដើម​ដូច​ជា ឈឹម​ក្រ​សេម​, ពិ​យែរ៍​, ឡូ​ទី​, អៃ​ម៉ូ​នី​យេ និង​ហ្គូ​រូ​ជាដើម យើង​ឯកភាព​នឹង​លោក ម៉ូ​រី​ស គ្លែ​ស្ស៍ ដែល​បាន​យល់ឃើញថា ‹​មិនមែន​ទាល់តែសោះ ដូច​អ្នកខ្លះ​យល់​នោះ​ទេ​ថា ខ្មែរ​ជា​ប្រជាជន​មួយ ដែល​មាន​ដើមកំណើត​ជា​ឥណ្ឌា​សុទ្ធសាធ ដែល​ក្រោយ​ពី​បាន​ជន្លៀស​ខ្លួន បាន​មក​តាំង​ទី​លំនៅដ្ឋាន នៅក្នុង​តំបន់​មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​កំចាត់​ពួក​អ្នកស្រុក​អា​យ ដោយសារ​ការសម្លាប់​រង្គាល និង​ការ​និរទេស​ទាំង​ហ្វូង ។ ប្រជាជន​ខ្មែរ គឺជា​អ្នកស្រុក​ដើម​ទទួល​ឥទ្ធិពល​ឥណ្ឌា​› ៕​ (​ម​.​ត្រា​ណេ​)ដកស្រង់ពី ECN

Thursday, March 18, 2010

ប្រភព​គម្ពីរ ‹មិលិ​ន្ទ​បញ្ហា› នៅ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​

ប្រភព​គម្ពីរ ‹មិលិ​ន្ទ​បញ្ហា› នៅ​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​

​ក្នុងចំណោម​ព្រះមហាក្សត្រ​ហ្គ្រិ​ច ដែល​បាន​គ្រប់គ្រង​នៅក្នុង​ភូមិ​ភាគខាងត្បូងនៃ​ប្រទេស​ឥណ្ឌា (Hindukush) មានតែ​ព្រះបាទ​មេ​ណាំង​ឌ្រឺ​ទី​១ (Menindre) ឬ​មិលិ​ន្ទ (Milinda) ពី ១៥៥ ដល់ ១៣០ មុន​គ​.​ស​ ទេ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ ឮ​រន្ទឺ​ជាងគេ​បំផុត ។ ព្រះ​កិត្តិនាម​របស់​ទ្រង់ ត្រូវបាន​រក្សា​ទុក​ក្នុងប្រវត្ដិ​អក្សរសាស្ត្រ​ឥណ្ឌា តាមរយៈព្រះរាជនិពន្ធ​គម្ពី​រមិលិ​ន្ទបញ្ហា ។ ព្រះមហាក្សត្រ​អង្គ​នេះ​តាំង​ទីក្រុង នៅ​សគល​នគរ ហើយ​ឧបរាជ​របស់​ព្រះអង្គ បាន​ទទួល​ជ័យជំនះ​លើ​សន្តតិវង្ស ម៉ោ​រ្យៈ ហើយ​គ្រប់គ្រង​ស្រុកឧ​ជេ្ជន​និវ ​មថុ​រ៉ា ដែល​ជា​មណ្ឌល​សេដ្ឋកិច្ច​ សាសនាយ៉ាងសំខាន់​បំផុត ដោយ​​វាយ​ដណ្តើម​បាន​ពី​ជនជាតិ​ឥណ្ឌា ។​

​ ​ទំព័រ​ប្រវត្តិសាស្ត្រ​បានឲ្យដឹង​ទៀតថា ស្តេច​ហ្គ្រិ​ច​អង្គ​នេះ បាន​មាន​ព្រះទ័យ​ទុកដាក់​នឹង​លទ្ធិ​ព្រះពុទ្ធ​សាសនាជា​អតិបរិមា ពីព្រោះ​បាន​ថ្វាយ​​កាយជា​ឧបាសក ហើយ​ទន្ទឹម​នឹង​នេះបាន​និពន្ធ​កម្រង​អត្ថបទ​ឆ្លើយឆ្លងមួយ ​រវាង​ព្រះអង្គ ​និងព្រះ​ភិក្ខុ​នាគ​សេន ឈ្មោះ​គម្ពីរ ‹​មិលិ​ន្ទ​បញ្ហា​› ។ ព្រះអង្គ​បាន​ជួយទ្រទ្រង់​ទំនុកបំរុង​ពុទ្ធសាសនិក និកាយសវ៌ា​ស្ថី ឬ​មហាយាន ដែល​មាន​ប្រភព​ចេញពី​ទីក្រុង​មគ​ធៈ ។ ហើយព្រះអង្គ​ទ្រង់បាន​ត្រាស់​បង្គាប់​ឲ្យមាន​ការប្រែ​គម្ពីរ​ត្រៃបិតក បាលី​ចេញ​ជាភាសា​សំស្ក្រឹត​ក្នុងស្រុ​កមថុ​រ៉ា និងទំនុកបំរុងនិកាយ​អារ្យស្ថវី​វា​ទ (​និកាយ​ចាស់ទុំ​) នៅ​ស្រុក​ស​ញ្ជឺ (Sanchi) ដោយ​រក្សា​បាន​ធម្ម​និវ័យជា​ភាសាបាលី​ដូចដើម ។​

​ ​ក្នុង​គម្ពី​រមិលិ​ន្ទ​បញ្ហា ដែល​តែង​ដោយ​ព្រះ​រាជឧប្បត្ថម្ភរបស់​មហាក្សត្រ​ហ្គ្រិ​ច​អង្គ​នេះ នៅ​ប៉ា​ង្ជា​ប (PENJAB) មាន​ការអធិប្បាយ​ដូចតទៅ ‹​ដូច​ច្នេះ ​មហាក្សត្រ (...) សេដ្ឋី​ម្នាក់​ដែលជាមេ​កប៉ាល់ ​ក្រោយពី​បង់​ពន្ធ​ត្រឹមត្រូវ នៅ​កំពង់ផែ​រួច ក៏​បាន​ធ្វើដំណើរ​តាម​មហាសមុទ្រ ហើយ​បាន​ទៅកាន់ ​វ​ង្គ, ត​ក្តោ​លៈ, ចិន​, សោ​វីរ​, សុ​រាដ្ឋ​, អ​លស​ន្ឌ​, កោ​ល​ប៉ត្ត​នៈ​, សុវណ្ណ​ភូមិ ឬសម្មុទ្រ ដ​ទៃៗទៀត › ។​

រូប​របស់​ស្តេច​ហ្គ្រិ​ច មេ​ណាំង​ដ្រឺ​ទី​១, ឆ្នាំ ១៥៥ មុន​គ​.​ស នៅ​ហ្សា​កា​ណ៌ អា​ហ្គានី​ស្ត​កង​
​ ​ទំព័រ​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់ទៀតថា ព្រះអង្គ​បាន​គ្រប់គ្រង​ពួក​បរោ​ប​មិស​ដេស ហើយ​ក្នុងខណៈ​ដែល​ព្រះអង្គ​កំពុងតែ​ជាប់វាយ លុកទៅលើ​ភូមិភាគ​កណ្តាល នៃ​ប្រទេស​ឥណ្ឌា រវាង​ឆ្នាំ ១៥៥-១៥០ នៃ​គ.ស ព្រះបាទ​អ៊ឺ​ក្រា​តិ​ដ​ទី​១ ឆ្លៀត​ឱកាស​នេះ បាន​វាយ​ដណ្តើម​ព្រះរាជា​ធា​នី បេ​គ្រម (Begram) ​របស់​ទ្រ​ង់ ។ ដូច្នេះ​ហើយ​ព្រះបាទ​មេ​ណាំង​ឌ្រឺ ត្រូវ​បង្ខំ​ព្រះទ័យ​យាង​ត្រឡប់​ទៅ​កាន់​រាជធានី​នេះ​វិញ ដោយ​ប្រញាប់ប្រញាល់ ហើយក៏​បាន​ពើប​ប្រយុទ្ធ​ជាមួយ​ស្តេច​អ៊ឺ​ក្រា​តិ​ដ តែ​ជា​អកុសល​ត្រូវ​បានច្បាំង​ចាញ់ ។ ក៏ប៉ុន្តែ​ដោយសារ​តែ​ព្រះមហាក្សត្រនៃបា​ត្រី​យ៉ាន (Bactriane) ត្រូវ​គេ​ធ្វើឃាត ​ព្រះអង្គក៏​បាន​ដណ្តើម​បាន​ទីក្រុង​បេ​គ្រមជា​បណ្តោះអាសន្ន ។​

ចង់ ឬ​មិន​ច​ង់ នៅ​ពេល​គេច​ង់ស្វែងយល់​អំពី​ការផ្សព្វផ្សាយរបស់​លទ្ធិ​ព្រះពុទ្ធសាសនា នៅ​អតីត​នគរ​ភ្នំ ដែល​ជា​ភាគ​មួយ​នៃ​សុវណ្ណ​ភូមិ ព័ត៌មាន​ទាំង​ប៉ុន្មាន​ខាងលើ​នេះមាន​សារសំខាន់​ណាស់ ។ ព្រោះ​វា​ជួយ​ឲ្យ​យើង​ស្គាល់​បន្ថែម​លើ​ប្រវត្តិសាស្ត្រ​របស់​ខេ​មរ​ជាតិ ជាពិសេស​វត្តមាន​ជាប្រយោលនៃភាសា​បាលី​នៅលើ​ទឹកដី​ខ្មែរ ។​
​ ​ដូចគ្នានេះដែរ ដោយ​សំអាង​លើ​មូលហេតុ​នេះហើយ ទើប​យើង​អាចនិយាយបាន​ថា ជនជាតិខ្មែរបាន​ស្គាល់​គម្ពីរ ‹​មិលិ​ន្ទ​បញ្ហា​› ជា​ភាព​បាលី​នា​ដើម ស​.​វ ទី​១ នៃគ​.​ស ម្ល៉េះ ក្នុងពេល​ដែល​ស្ថិតនៅក្រោមឥណ្ឌា​រូបនីយកម្ម ។​
​ ​សូម​រំលឹក​បញ្ជាក់ថា គម្ពី​រមិលិ​ន្ទ​បញ្ហា នៅតែ​មាន​វត្ត​មាននៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​យើង ព្រមទាំង​នៅក្នុង​ខេត្ត​មួយចំនួន ដូចជា​សុ​រិន្ទ្រ និង​បុវី​រម្យ​ដែល​ជា​អតីតខេត្ត​ខ្មែរ​បុរាណ ៕ (ប. ត្រាណេ) ដកស្រង់ពីECN NEWS

Add Image