Tuesday, March 23, 2010

ដើម​កំណើត​របស់​ប្រជាជន​ខ្មែរ​ ​

ដើម​កំណើត​របស់​ប្រជាជន​ខ្មែរ​

​នៅពេលដែល​គេ​ប្រាថ្នា​ចង់​ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ប្រទេស​កម្ពុជា ការយល់ដឹង​អំពី​ប្រភព​នៃ​ជនជាតិខ្មែរ ជា​ការចាំបាច់​បំផុត ខកខាន​ពុំបាន ។ ដូច្នេះ ទើប​បានជា​មាន​សំនួរ​ចោទសួរ​ឡើង​ថា តើ​ជនជាតិ​ខ្មែរ​មកពីណា ?

ការធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ នៅ​កោះ​តា​ពេជ្រ បារាយណ៍​ទឹកថ្លា ខេត្តសៀមរាប (២០០៤)
​ ​ទោះបី​ពីមុនមក​មាន​ការលំបាក​លំបិន​ចម្រូងចម្រាស់​ច្រើន ឬ​តិចក្តី ក៏​សព្វថ្ងៃនេះ ស្ថានភាព​នៃ​ចំណេះដឹង​ជុំវិញ​បញ្ហា​ប្រភព​អម្បូរ​មន​-​ខ្មែរ នៃ​ប្រជាជន​ខ្មែរ ត្រូវ​បាន​បំភ្លឺ​ច្បាស់​ជា​ង​ពេលណាៗ​ទាំងអស់ ។​
​ ​មាន​សំនួរ​មួយ​លើកឡើងថា តើ​ជនជាតិ​ខ្មែរ​មកពីណា ហើយ​ការ​ពិត​នោះ​វា​ស្ថិតនៅ​ត្រង់​ណា ? យោងតាម​ការសិក្សា​ស្រាវជ្រាវ​ខាង​បុរាណវិទ្យា និង​ជាតិពន្ធុវិទ្យា ជាពិសេស​ការសិក្សា​អំំ​ពី​ប្រភេទ​ឈាម​អេ​ម៉ូក្លូ​ប៉ីន​អឺ (Hemoglobine E) លោក​វេជ្ជបណ្ឌិត សារី និង ហ្ស​ក អូ​លី​ប៊ីយេ បានបញ្ជាក់​ថា ជនជាតិខ្មែរ គឺជា​រដ្ឋវាសី ឬ​អ្នកស្រុក​អាយ​ដែល​បាន​កើតឡើង​នៅលើ​ជ្រោយ​ឥណ្ឌូចិន​យើង​នេះ ហើយ​គ្រាន់តែ​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ឥណ្ឌា​ច្រើនជាង​ចិន​តែប៉ុណ្ណោះ នា​ដើម​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ ។ ប៉ុន្ដែ​កន្លងមក​ជា​ញឹកញយ​រហូតមក​ដល់​បច្ចុប្បន្ន នៅ​មាន​ការលើកឡើង​ពី​សំណាក់​អ្នកនិពន្ធ​ជំនាន់​ចាស់ ថ្នាក់បណ្ឌិត​មួយចំនួន​នៅ​រាជបណ្ឌិត្យសភា​ថា ’​អម្បូរ​មន​-​ខ្មែរ ឬ​ខ្មែរ​-​មន​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​ចិន ដែល​ជា​ទឹកដី​កំណើត ជាពិសេស​មកកាន់​តំបន់​វាលទំនាប​នៃ​ទន្លេ​ខៀវ​យ៉ាង​សេ​គាង ដោយសារ​ការ​លុកលុយ និង​គាបសង្កត់​ពី​ជនជាតិ​ចិន ។ ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​ប្រមាណ​ជា ១.០០០​ឆ្នាំមុន​គ្រិស្ត​សរាជ បាន​បង្ខំ​ឲ្យ​ពួក​មន​-​ខ្មែរ​ទាំងនោះ ធ្វើដំណើរ​ចុះ​មក​ភូមិ​ភាគខាងត្បូង ដោយ​តម្រង់​មក​ទិស​ខាងលិច ហើយក៏​បាន​មកដល់ និង​កាន់កាប់​ដែនដី​ឥណ្ឌា ផ្នែក​ខាងកើត​ទៅ​” ។​

អាវុធ​ថ្ម សម័យ​នវសិលា ឬ​ថ្ម​រំ​លីង សារមន្ទីរ​ស្វាយចេក (​ខេត្ត​ឧត្តរមានជ័យ ២០០៧)
​គំនិត​ជរា​ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​មាន​ការភ័ន្តច្រឡំ​ទៅ​ថ្ងៃមុខ ​នោះ​បាន​អះអាង​បន្ថែមទៀតថា ’​តែ​ជា​អកុសល ពួក​មន​-​ខ្មែរ ត្រូវបាន​បង្ខំចិត្ត​ជន្លៀស​ខ្លួន​ជា​ថ្មី​ម្តងទៀត ក្រោម​ការវាយប្រហា​ររ​បស់​ពួក​អារ្យៈ ដែល​បាន​ចូល​គ្រប់គ្រង​ប្រទេស​ឥណ្ឌា ។ ដូច្នេះហើយ បានជា​មាន​អម្បូរ​មន​-​ខ្មែរ នៅ​ប្រទេស​ឥណ្ឌា​ផ្នែក​ខាងកើត​ដូចជា​ដែនដី​កម្ភោជៈ របស់​ពួក​មុ​ណ្ឌៈ និង​ខា​ស៊ី​មាន​ជនជាតិ​មន និង​ខ្មែរ នៅ​វាលទំនាប​នៃ​ដង​ទន្លេ​អី​រ៉ា​វ៉ាដ​ឌី ទន្លេ​សា​ល្វីន ទន្លេ​មេ​ណា​ម និង​ទន្លេ​មេគង្គ​” ។​
​ ​សព្វថ្ងៃ គេ​អាច​សរុប​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ទោះបីជា​អ្នក​ស្រាវជ្រាវ​នៅតែ​បន្ត​ការជជែក​គ្នា ហើយ​ជួនកាល​ដោយ​ទទឹងទិស​ក៏ដោយ ក៏​ទស្សនទាន​ដែលថា ដែន​កំណើត​របស់​អម្បូរ​មន​-​ខ្មែរ ស្ថិត​នៅ​ប្រទេស​ចិន ឬ​ឥណ្ឌា គឺ​មិន​មាន​តម្លាភាព​មូលដ្ឋាន​ត្រឹមត្រូវ ។ គំនិត​នេះ​ចាស់ជរា​ជ្រុល​ហួសហេតុ ហើយ​លើសពីនេះ​ទៀត ពុំ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រឹងមាំ​ទេ ។ គឺ​វា​ពោរពេញ​ដោយ​លក្ខណៈ​ជា​រឿងព្រេង​ច្រើន​ជាង​ការពិត ។​

ក្រឡ​មកពី​សំរោង​សែន យុគ​ថ្ម​រំ​លីង (​សារមន្ទីរ​ជាតិ​ភ្នំពេញ​)
​ ​នៅ​ក្នុង​ទស្សនៈ​រួមមួយ ដែល​អ្នកវិទ្យាសាស្ត្រ​អាច​ទទួលយក​បាន​នោះ​គឺថា ជាទូទៅ​តំបន់​អាស៊ីអាគ្នេយ៍​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ប្រជាជន​ដែល​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ មិនមែន​ជា​អ្នក​ចំណូល​ថ្មី​ក្នុង​ភូមិភាគ​នេះ​ទេ ។ ផ្ទុយ​ទៅ​វិញ​គឺ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​អម្បូរ​ចិន​ទេ ដែលជា​អ្នក​ស្រុក​មក​ពី​នាយ ដែល​បាន​ចូលមក​រស់នៅ​ក្នុង​តំបន់ ដោយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ព្រមទាំង​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​វប្បធម៌​ជាច្រើន​លើសលប់​ទៀតផង ។​
​ ​ការធ្វើ​អន្តោប្រវេសន៍​របស់​បរ​ទេស​ទាំងនោះ នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​រដ្ឋ​ហ្វូណន ឬ​នគរ​ភ្នំ និង​ប្រទេស​(​ភូមា​) ដែល​មាន​ក្រុង​ធ្យាវ​តី វេ​សាលី និង​ថា​ធូន​ជាដើម ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​កំណត់ហេតុ​ចិន ឬក៏​វិស័យ​បុរាណ​វិទ្យា ។ ដូចគ្នានេះដែរ​នៅ​តំបន់​ដែន​ដី​កោះ ដែល​រួមមាន ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក៏​មាន​ការមកដល់​នៃ​អន្តោប្រវេសន៍ ដែល​បាន​អនុវត្ត​ឡើង​នៅ​ចុង​សម័យ​បុរេប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ផងដែរ ។ ជា​ការពិត​ណាស់​ហើយ​នេះ​គឺ​អ្វី ដែល​កំណត់​ហេតុ​ចិន​បាន​កត់ត្រា​ទុក ជា​លាយលក្ខណ៍អក្សរ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ។ ដោយសារតែ​ការមកដល់​នៃ​ជនជាតិ​ឥណ្ឌា និង​ការ​សាបព្រោះ​វប្បធម៌​ឥណ្ឌា បានជា​មាន​ការបង្កើត​ឡើង​នូវ​បណ្តា​រដ្ឋ​មួយចំនួន​នៅ​ដើម​សតវត្ស​ទី​១​នៃ​ គ្រិស្តសករាជ ដូចដែល​យើង​បានដឹង​រួច​មក​ហើយ ។​

អាវុធ​ថ្ម យុគ​ថ្ម​គ្រួស​បំបែក​, ម្តុំ​ស្រែ​ស្បូវ រវាង​ក្រចេះ ស្ទឹងត្រែង (​សារមន្ទីរ​ជាតិ ពន្ធ​វិទ្យា ទួលគោក​)
​ ​យើង​អាច​លើកយកឧ​ទារហណ៍​មួយទៀត ស្តីពី​ការធ្វើ​អន្តោប្រវេសន៍​របស់​បណ្តា​ជាតិ​ពន្ធ​ថៃ ក្នុង​អតីត​ទឹកដី​របស់​ប្រទេស​កម្ពុជា ដែល​បាន​បង្កើតឡើង​ជា​រដ្ឋ​អំណាច​ថៃ និង​លាវ (​ឡាវ​) អាច​កំណត់​បាន​ថា កាលបរិច្ឆេទ​នៃ​ការមកដល់​ស្របគ្នា​នឹង​ភស្តុ​ង​តាង​ខាង​វិស័យ​សិល្បៈ​ ស្ថាបត្យកម្ម​ជាដើម ។​
​ ​ចំណុច​ទាំង​នេះ​ធ្វើឲ្យ​យើង​សន្និដ្ឋានថា ការ​ចូល​កាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​នៅលើ​បណ្តា​កោះ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឬ​ប៉ូលេ​ណេ​ស៊ីមាន​ទ្រង់ទ្រាយ​ធំ មិនមែន​ត្រូវ​បាន​ធ្វើឡើង​ក្នុងភូមិ​ភាគ​មួយ ដែល​គ្មាន​មនុស្ស​ដែល​ជា​អ្នកស្រុក​ដើម​រស់នៅ​នោះទេ ។​
​ ​ដូច្នោះ​ហើយ ក្នុងករណី​នេះ​យើង​អាច​បញ្ជាក់​ថា មុន​ការ​មក​តាំង​លំនៅ​ក្នុង​អតីតកាល​ប្រទេស​កម្ពុជា ឬ​ហ្វូណន ភូមិភាគ​នេះ​ធ្លាប់មាន​ជនជាតិដើម​អម្បូរ​មន​-​ខ្មែរ រស់នៅ​រួចមកហើយ ។ បើ​និយាយឲ្យចំ​ទៅ ជនជាតិ​ខ្មែរ​មាន​ចំណាស់​ប្រហាក់ប្រហែល​នឹង​ទឹក​ដី​របស់​ខ្លួន ។ ចំណាស់​នៃ​ការតាំង​លំនៅស្ថាន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​បច្ចុប្បន្ន​អាច​បញ្ជាក់ តាម​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ថ្ម​បំបែក​ដែល​មាន​អាយុកាល​ប្រមាណ ១ លាន​ឆ្នាំ​មកហើយ ។ ជារួម​ខ្មែរ និង​មន​ស្ថិត​ក្នុង​អម្បូរ​តែ​មួយ​ដូច​គ្នា​នឹង​ពួក​កុលសម្ព័ន្ធ​ខ្ពង់រាប ឬ​ព្រៃ​ភ្នំ បាន​កើតឡើង​នៅលើ​ដី​កំណើត​របស់​ដូនតា​យ៉ាង​ប្រាកដ ។​

​ ​ផ្ទុយទៅវិញ កូនចៅ​របស់​ពួក​អន្តោប្រវេសន៍ (​ឥណ្ឌា និង​ចិន​) ទាំងឡាយ​ដែល​បាន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​ជា​ច្រើន​ជំនាន់ ក៏​បាន​បង្កាត់​ពូជ​ក្លាយទៅជា​ជនជាតិខ្មែរ​ទៅ ដូចដែល​លោក​ទូត​ចិន​ឈ្មោះ ជីវ​តាក្វាន់ បាន​ធ្វើ​អធិប្បាយ​នៅ​ឆ្នាំ ១២៩៧ ជា​ភស្តុតាង​ស្រាប់ ។​
​ ​ក្នុង​ដំណាក់កាល​នៃ​ការស្រាវជ្រាវ​មុនដំបូង លោក​ឡឺ​ក្លែរ បាន​មានមតិ​ថា ជនជាតិខ្មែរ គឺជា​ជនជាតិ​ឥណ្ឌា មាន​ប្រភព​ចេញពី​កា​ស្មឺ​មៀរ តែ​ក្រោយ​មក​វិញ​នៅ​ឆ្នាំ​១៩១១ លោក​ក៏​បាន​ជម្រុះ​ចោល​គំនិត​ខុសឆ្គង​នោះ​ចោល​អស់​ទៅ ។​
​ ​ស្របគ្នា​នឹង​អតីត​ប្រទេស​ចម្ប៉ា ភូមា ដែល​ជា​របស់​ជនជាតិ​មន និង​ម៉ាឡេស៊ី​ដែរ ការអនុវត្តន៍​រចនា​សម្ព័ន្ធ​នយោបាយ វប្បធម៌ សាសនា​ឥណ្ឌា ដោយ​ជនជាតិខ្មែរ គឺជា​មូលហេតុ​ដែល​បាន​នាំ​ឲ្យ​ខ្មែរ​ខ្ចី ឈ្មោះ​ទីក្រុង​ដ៏​ពិសិដ្ឋ ទាំងឡាយ​នៃ​ប្រទេស​ឥណ្ឌា ដូចជា​ពារាណសី តក្ក​សិលា ឥន្តបត្ត​បុរី ជាដើម ៘ ដើម្បី​តាំង​ឈ្មោះ​ទីក្រុង ឬ​ព្រះ​រាជធានី​របស់​ខ្លួន ប្រហែលជា​ដោយសារ​តែ​ប្រការ​នេះ​ហើយ​មើលទៅ ទើប​បានជា​មាន​ការយល់​ច្រឡំ​ថា ជនជាតិខ្មែរ ជា​ជនជាតិ​ឥណ្ឌា​ទី​២​។​

ការធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ នៅ​ទួល​វត្ត​គំនូរ ស្រុក​អង្គរបុរី ខេត្តតាកែវ (២០០៣)​
​ ​យ៉ាងណាមិញ ការ​ដែល​ភាសា​នៃ​ពួក​ខា​ស៊ី និង​ម​រុណ្ឌៈ ត្រូវ​គេ​ចាត់ទុកថា ជា​ភាសា​មួយ​ស្ថិតក្នុង​អម្បូរ​ភាសាមន​-​ខ្មែរ ក៏​មិនមែន​មានន័យថា ទឹកដី​ឥណ្ឌា គឺជា​ទឹកដី​របស់​ខ្មែរ​ដែរ ។ ផ្ទុយទៅវិញ កត្តា​នេះ​គ្រាន់តែ​ជា​សញ្ញា​នៃ​ការទំនាក់ទំនង​ខាង​វប្បធម៌​រវាង​ កុលសម្ព័ន្ធ​ទាំងឡាយ នា​សម័យ​ដើម​តែ​ប៉ុណ្ណោះ ។ កុំភ្លេចថា នា​សម័យ​បុរេប្រវត្តិសាស្ត្រ​បុព្វការី​ជន​អម្បូរ​មន​-​ខ្មែរ បាន​កាន់កាប់​ទឹកដី​កម្ពុជា​, ថៃ​,​លា​វ និង​ភូមា​ទាំងស្រុង ហើយ​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​កុលសម្ព័ន្ធ​ឥណ្ឌា​មួយចំនួន ។ លើ​បញ្ហា​នេះដែរ យើង​សូម​លើកយក​ភស្តុតាង​មួយ ជាពិសេស​ពាក្យ​កិ្ល​ង្គ ដែល​ខ្មែរ​ហៅ​ជនជាតិ​ឥណ្ឌា​មក​បញ្ជាក់​ឲ្យបាន​ច្បាស់ ។ សូម​រំលឹក​ថា ជា​យូរយារ​ណាស់​មកហើយ អម្បូរ​មន​-​ខ្មែរ បាន​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន កិ្ល​ង្គ ដែល​តាមពិត​ទៅ​វា​ជា​ឈ្មោះ នៃ​ភ្នំ​ឥណ្ឌា​មួយ​ស្ថិតក្នុង​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​ក្បែរ​ ប្រទេស​ភូមា​បច្ចុប្បន្ន ។ ការខ្វែងគំនិត​គ្នា នឹង​អាច​ដោះស្រាយបាន កាល​បើ​គេ​មើលរំលង​សញ្ញាណ​ពាក់ព័ន្ធ នឹង​ព្រំ​ប្រទេស ឬ​ប្រទេស​ដែល​ជា​កត្តា​ថ្មីថ្មោង ។ ឯកភាព​នៃ​ស័ព្ទ​មួយចំនួន បើ​តាម​បណ្ឌិត​សាស្ត្រាចារ្យ ឡុង សៀម អាច​មក​ពី​ក​មី្ច​ពាក្យ​មក​ពី​ខាងក្រៅ​តែប៉ុណ្ណោះ (External contact) ។​

​ ​ចំពោះ​ការបែងចែក​អម្បូ​រ ដែល​វា​គួបផ្សំ​ទៅនឹង​លក្ខណៈ​កំណត់​រូបរាងកាយ ពណ៌​សម្បុរ ទំនៀមទម្លាប់​ផង​នោះ លុះត្រាតែ​ជនជាតិ​ចិន ឬ​ឥណ្ឌា មាន​ប្រភេទ​ឈាម​ដូចគ្នា​ខ្មែរ ទើប​យើង​អាច​រក​ឃើញជាក់ស្តែង​នូវ​ប្រភព​ពូជសាសន៍​តែ​មួយ​បាន ។ ផ្ទុយទៅវិញ ការ​សម្គាល់​តែ​ភិនភាគ​ខាងក្រៅ តាម​ដូច​ករណី​កម្ចី​ខាង​ភាសា​រវាង​ថៃ និង​ខ្មែរ មិន​អាច​ផ្តល់​នូវ​លទ្ធផល​ត្រឹមត្រូវ​ទេ ។ ជនជាតិ​ឥណ្ឌា និង​ចិន មិន​មាន​ប្រភេទ​ឈាម​ដូច​ប្រភេទ​ឈាម​ខ្មែរ និង​មន​ទេ គឺ​អេ​ម៉ូក្លូ​ប៉ីន​អឺ ដែល​ជា​កត្តា​កំណត់​អម្បូរ​របស់​មនុស្ស​លើ​សកលលោក​យើង​នេះ ដែល​មាន​ច្រើន​អម្បូរ​ឬ​ប្រភេទ​ណាស់ ។​
​ ​បន្ទា​បប់​ពី​ការពិនិត្យ​ត្រួសៗ លើ​ធាតុ​សំខាន់ៗ នៃ​បុរាណវិទ្យា ជាតិពន្ធុ​វិទ្យា និង​ភាសា​សាស្ត្រ យើង​អាច​សន្និដ្ឋានបាន​ថា ’​ខ្មែរ​មិនមែន​មាន​ប្រភព​ចេញពី​ប្រទេស​ចិន ឬ​ឥណ្ឌា​នោះទេ ។ តែ​ផ្ទុយទៅវិញ​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ខាង​ពូជសាសន៍​ជាមួយ​ មនុស្ស​ទាំងឡាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែន​ដី​កោះ​ទៅវិញ​” ។​

​ ​មានន័យ​ថា ជនជាតិខ្មែរ ដែល​បាន​កកើតឡើង​នៅលើ​ទឹកដី​ដូនតា​របស់ខ្លួន មិនបាន​ធ្វើ​ចលនា​បន្លាស់​ទី​កនែង​ទ្រង់ទ្រាយ​ធំៗ​ម្តងណា​ឡើយ គឺ​គ្រាន់តែ​មាន​ទំនាក់ទំនង​វប្បធម៌​នឹង​ជនជាតិ​ឥណ្ឌា និង​ចិន ដែល​បាន​មក​កាន់​លំនៅស្ថាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ គំនិត​ដែល​ថា ជនជាតិខ្មែរ បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដំបូង​គឺ​ហ្វូណន​(​នគរ​ភ្នំ​) តាម​ទ្រឹស្តី​របស់​អ្នកនិពន្ធ​មួយចំនួន​ខាងលើ គឺជា​ការ​ប្រាសចាក​ការពិត ។ ប៉ុន្តែ​ទោះជា​មាន​ករណី​ខុសឆ្គង​នេះ​ក្តី ក៏​គ្មាន​នរណា​មួយ​ហ៊ាន​បដិសេធ​ពី​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​លើ​អម្បូរ​មន​-​ ខ្មែរ នោះទេ ដែល​បាន​ធ្វើឲ្យ​មាន​ការលេច​ធោ្ល​រឡើង​នូវរ​ដ្ឋ​ខ្មែរ និង​រដ្ឋ​មន​ដំបូង​នា​សម័យ​ប្រវត្តិសាស្ត្រ ។ សរុប​មក​ផ្ទុយ​ពី​ទស្សនៈ​របស់​អ្នកនិពន្ធ​មួយចំនួន​នា​ជំនាន់​ដើម​ដូច​ជា ឈឹម​ក្រ​សេម​, ពិ​យែរ៍​, ឡូ​ទី​, អៃ​ម៉ូ​នី​យេ និង​ហ្គូ​រូ​ជាដើម យើង​ឯកភាព​នឹង​លោក ម៉ូ​រី​ស គ្លែ​ស្ស៍ ដែល​បាន​យល់ឃើញថា ‹​មិនមែន​ទាល់តែសោះ ដូច​អ្នកខ្លះ​យល់​នោះ​ទេ​ថា ខ្មែរ​ជា​ប្រជាជន​មួយ ដែល​មាន​ដើមកំណើត​ជា​ឥណ្ឌា​សុទ្ធសាធ ដែល​ក្រោយ​ពី​បាន​ជន្លៀស​ខ្លួន បាន​មក​តាំង​ទី​លំនៅដ្ឋាន នៅក្នុង​តំបន់​មួយ​គ្មាន​មនុស្ស ឬ​ក៏​បាន​កំចាត់​ពួក​អ្នកស្រុក​អា​យ ដោយសារ​ការសម្លាប់​រង្គាល និង​ការ​និរទេស​ទាំង​ហ្វូង ។ ប្រជាជន​ខ្មែរ គឺជា​អ្នកស្រុក​ដើម​ទទួល​ឥទ្ធិពល​ឥណ្ឌា​› ៕​ (​ម​.​ត្រា​ណេ​)ដកស្រង់ពី ECN

No comments: