Tuesday, March 23, 2010

បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែក

បារមីស័ក្តិសិទ្ធិនៃ ព្រះអង្គធំនិងព្រះអង្គខ្មៅពីសម័យលង្វែកបោះពុម្ភ សារអេឡិចត្រូនិច

ព្រះអង្គធំ និងព្រះអង្គខ្មៅដែលបានកសាង ឡើងពីថ្មភក់នាសម័យលង្វែក ស្ថិតនៅក្នុងវត្តព្រះឥន្រ្ទទេពមានបារមីពូកែស័ក្តិសិទ្ធិ ដែលអ្នកស្រុក តាំងពីដើមរៀងមកតែង ទៅបន់ស្រន់សុំសេចក្តីសុខ ការប្រកបមុខរបរកាក់កបចម្រុងចម្រើនជាដើម ។ វត្តព្រះឥន្រ្ទ ទេពមានប្រវត្តិតាំងពីបុរាណ ចម្លែកប្លែកពីបណ្តាវត្តផ្សេងៗទៀត ពីព្រោះវត្តនេះមានដំបូង ឡើងបានកើតឡើយងដោយសារការសុបិននិម្មិតរបស់ព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ ហើយមានអាយុកាល៤៤០ឆ្នាំមកហើយ តំាងពីសម័យលង្វែក មកម្ល៉េះ ។ ជាអកុសលវត្តព្រះឥន្រ្ទទេពកាលពីស ម័យសង្រ្គាមរងនូវការខូចខាតស្ទើរតែ ទាំងអស់ ប៉ុន្តែដោយសារបារមីវត្តនេះខ្ពស់ និងមានការជឿជាក់ពីពុទ្ធបរិស័ទ បច្ចុប្បន្នវត្ត នេះត្រូវ បានកសាងឡើងវិញយ៉ាងស្រស់ស្អាត ។

វត្តព្រះឥន្ទ្រទេពស្ថិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានសាងសង់នៅលើទីទួលមួយស្ថិតនៅពីទិសអាគ្នេយ៍ វត្តត្រឡាចកែងចម្ងាយ ១.៥០០ម៉ែត្រ ។

ព្រះតេជគុណ ប៊ូពៅ ចៅអធិកាវត្តព្រះឥន្ទ្រទេពមានថេរដីកាថា វត្តនេះទទួលរងនូវ ការខូចខាតខ្ទេចខ្ទីដោយសាររបប ប៉ុលពត ព្រោះ ពួកវាបានវាយកម្ទេចព្រះវិហារ និងព្រះពុទ្ធប្បដិមាព្រះអង្គធំនៅក្នុងព្រះវិហារបាក់បែកដងខ្លួនអស់ នៅសល់តែព្រះកេស ប៉ុណ្ណោះ ដោយ ដាក់ខ្សែទាញទម្លាក់តែម្តង ។ ព្រះអង្គមានថេរដីការបន្តថា ក្រោយពីរបប ប៉ុលពត ពុទ្ធបរិស័ទបាននាំគ្នាប្រមែប្រមូលរើសយកមកផ្គុំឡើងវិញ ។ ព្រះអង្គធំត្រូវបានកសាងឡើងពីថ្មីភក់នាសម័យលង្វែក ហើយបារមីព្រះអង្គពូកែស័ក្តិសិទ្ធ ណាស់ ។ ក្រៅពីព្រះអង្គធំមានព្រះអង្គខ្មៅប្រក់នាគ ដែលធ្វើពីថ្មីភក់ដែរនោះ ក៏ពូកែស័ក្តិសិទ្ធដែរ ។ កាលពីអំឡុងឆ្នាំ ១៩៨០ពួកចោរបានលូចយកព្រះអង្គពីវត្តព្រះឥន្ទ្រ ទេពម្តងរួមមកហើយ ដោយយកទៅជិតដល់ខេត្ត កោះកុង ប៉ុន្តែដោយសារបារមីរស់ព្រះអង្គខ្មៅ ពួកចោរមិនសុខមិនសាប់បាននាំគ្នាយកមកទុកនៅក្នុងវត្តព្រះឥន្ទ្រទេព វិញដោយខ្លួនឯង ។

ហេតុដូច្នេះហើយបានជាពុទ្ធបរិស័ទនាំគ្នាជឿជាក់ទៅលើបារមីព្រះអង្គខ្មៅនិងព្រះ អង្គធំនៅវត្តនេះ ហើយនាំគ្នាទាំងជិតទាំងឆ្ងាយសាងវត្តឡើងវិញ ដែលសព្វថ្ងៃនេះមាន ទាំងព្រះវិហារថ្មីស្រឡាង ព្រមទាំងកុដិនិងសាលាថែមទៀតផង ។ តាំងពីដើមរៀងមករហូត ដល់បច្ចុប្បន្ន អ្នកស្រុកតែងតែ នាំគ្នាទៅបន់ស្រន់ដល់បារមីព្រះអង្គធំនិងព្រះអង្គខ្មៅ ដើម្បី សុំសេចក្តីសុខចម្រើន ហើយការបន់ស្រន់នោះក៏ចេះតែកាក់កបទៅ ។

ប្រវត្តិបុរាណនៃវត្តព្រះឥន្ទ្រទេព
តាមឯកសារមហាបុរស និងប្រវត្តិសាស្ត្រខ្មែរបានឲដឹងថា អារាមនេះមានអាយុ កាលចំនួន៤៤០ឆ្នាំ បន្ទាប់ពីការកសាងទីក្រុងលង្វែកបានចំនួន៣៨ឆ្នាំ ។ វត្តដ៏ចំណាស់ នេះបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំថោះ នព្វស័ក ព.ស ២១១១ គ្រិស្តសករាជ១៥៦៧ ក្នុងរជ្ជកាលព្រះបរមិន្ទរាជាដែលទ្រង់ព្រះនាមថា ព្រះបាទសម្តេចព្រះរាជឪង្ការព្រះបរមិន្ធ របរមរាជាធិរាជ (ព្រះរាជបុត្រទីពីរបស់ព្រះពង្គចន្ទរាជាក្នុងទីក្រុងលង្វែក) ។

កាលឡើងសោយរាជ្យ ព្រះអង្គបានលើកព្រះម៉ែនាងទេពបុប្ជា បុត្រីសម្តេចចៅហ្វាទ ឡ្ហដុង និងអ្នកជំទាវ ទេវីនារីសោភ័ណជៃ (តាដុង យាយជៃ) ទ្រង់ព្រះនាមថា សម្តេចព្រះ អគ្គមហេសី ព្រះភគវតីសិរីទេពធីតាមហាចក្រពក្តិ ឧត្តមបរមរតនា រាធារសោភីលក្ខណា មហាក្សត្រី ជាព្រះរាជអគ្គមហេសី ។
សម័យមួយនោះព្រះរាជអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ នឹកភ្នកព្រះទ័យគិត ចង់សាងព្រះវិហារមួយ ។ យប់នោះទ្រង់សុបិននិម្មិតឃើញសម្តេចព្រះឥន្ទ្រាធិរាជមកចង្អុល កន្លែងឲសាងព្រះវិហារពីអាគ្នេយ៍ព្រះបរមរាវាំង ។ លុះតើនឡើងព្រះអង្គចេញ ទៅឃើញផែនដីមួយអន្លើពីអាគ្នេយ៍ព្រះបរមរាជវាំងផ្សាយរស្មីពណ៌ភ្លឺដូចផ្លេកបន្ទោរ ហើយឃើញទាំងចារឹកថ្មទីនោះផង ទើបសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា យកសេចក្តី ក្រាបទូលសម្តេចព្រះបរមបពិត្រ និងជម្រាបព្រះរាជមាតាបិតា លុះលោកយលើព្រមហើយ ក៏ចាត់ឲកែននាយជាងកូនជាង បានជាច្រើនឲសាងព្រះអារាម ជីកស្រះ តែងឃ្លាំងមឿងរួច ជាស្រេចហើយ នៅខ្វះតែថ្មល្អិតល្អបរិសុទ្ធ និងព្រះពុទ្ធប្បដិមានោះ ទើបព្រះបរមបពិត្រនាំ ព្រះអង្គធំរួមជាមួយសម្តេចព្រះអគ្គមហេសីសិរីទេពធីតា និងព្រះស្នំក្រមការចេញទៅជួប ព្រះបរមរាជវង្សានុវង្ស បារគូបុរោហិត ព្រឹទ្ធាចារ្យ អគ្គមហាសេនា សេនាបតីមន្ត្រីគ្រប់ក្រុម តាំងបួងសួងទាំងប្រាំបីទិសចំនួនបីថ្ងៃ ។

លុះរាត្រីមួយនោះមានហេតុអស្ចារ្យលាន់លឺក្នុងនគរខ្ចារបីដូចជាសូរសព្ទតូរ្យតន្រ្តី ជុំព្រះបរមរាជវាំង ។ ព្រះចន្ទ្រពេញបូណ៌មីភ្លឺច្បាស់ស្រឡះអាកាស ជនទាំងឡាយក្រឡេក មើលនៅឯនភាល័យ ឃើញរស្មីផ្សាយចេញប្រាំពីរពណ៌ដរេដាសទាំងអាកាសផ្លេកភ្លឺដូច ផ្លេកបន្ទោរមានស្រមោលហាក់ដូចជា ទេវតាទេវបុត្រហោះចាកអំពីព្រះរាជវិមានប្រមាណជា ប្រាំបីម៉ោង ទើបបានសូរសព្ទអស្ចារ្យទាំងនោះបាត់ស្ងាតទៅវិញ ។ លុះព្រឹកឡើង ព្រះបរមនាថ បរមពិតជាម្ចាស់ជីវិតលើត្បូង ព្រះអង្គ និងសម្តេចព្រះអគ្គមហេសី ស្រីទេពធិតា ព្រះស្នំក្រមការ ចេញទៅប្រថាប់នៅព្រះអន្លាទីដែលសាងព្រះវិហារនោះ ស្រាប់តែឃើញថ្មល្អិតល្អមានពណ៌ឆ្លុះថ្លាផ្សេងៗនោះ ព្រះបរមពិត្រ និងសម្តេចព្រះអគ្គមហេសីស្រីទេពធិតា សម្តេចចៅហ្វាទឡ្ហ ដុង និងទំទាវទេវីនារី សោភ័ណ ជៃ យល់ព្រមថា ជាសម្តេចឥន្ទ្រាធិរាជថ្វាយនិម្មិតនោះឲនាមតាមនាមព្រះអគ្គមហេសី និងសម្តេចព្រះឥន្ទ្រាធិរាជឲនិម្មិតហៅថា «វត្តព្រះឥន្ទ្រទេព»។
ទីអារាមនេះស្ថិតនៅលើដីផ្ទៃរមៀលក្រូចទៅទិសបូព៌ា ស្រឡះស្រឡុំជុំ ដោយរុក្ខា ចោលម្លប់ត្រឈឹងត្រឈៃ មានបណ្តោយប្រវែង ២០៥.៥ម៉ែត្រ ទទឹង ១៥០.៨ម៉ែត្រ ។ កាល ក្នុងសម័យលង្វែក វត្តនេះថ្កុំថ្កើនរុងរឿងណាស់ ។ តែជាអកុសលក្រោយពី ព .ស ២១៣៨ ត្រូវនឹង គ.ស ១៥៩៥ (ពីរឆ្នាំក្រោយពីពេលដែលសៀមវាយបែកលង្វែក) ថ្វីត្បិតតែទីក្រុង នេះត្រូវបានរំដោះពីសៀមមកវិញក៏ដោយ ក៏យើងបានចាកចោលទីអារាមនេះដែរ ។ ទីអារាមនេះត្រូវអស់អ្នកទ្រទ្រង់ ហើយក៏អាប់រស្មីដូចបន្ទាយលង្វែកដែរ ។ គ្មាននរណាម្នាក់ ចាំថា តាំងពីកកើតរហូតដល់ចំណាកចោលវត្តនេះ មានព្រះចៅអធិការគង់ចាំវង្សាមាន នាមអ្វីខ្លះទេ លុះដល់ ព.ស ២៣៩៦ត្រូវនឹង គ.ស ១៨៥៣ ក្នុងរជ្ជកាលព្រះអង្គដួង នាសម័យឧដុង្គ ទើបត្រូវបានស្តារនិងកសាងឡើងវិញ ។ នាមព្រះថៅអធិការ និងឆ្នាំខែនោះ នៅចាំត្រឹមតែ ៥អង្គ គឺព្រះអង្គគ្រូ ប្រាជ្ញ , ព្រះគ្រូខោល អ៊ុម , ព្រះគ្រូ អ៊ុក សាមិត្តហៅជ័យ , ព្រះគ្រូ អ៊ុម ភោគ និងព្រះគ្រូ ប៊ូ ពៅ (បច្ចុប្បន្ន) ។ ចាប់តាំងពីឆ្នាំ ១៩៧៣ ទីអារាមនេះត្រូវ បនប្រល័យពូជសាសន៍ប៉ុលពត បានវាយកម្ទេចគាស់រុះរើសមិទ្ធផលទាំងអស់ ឯទ្រព្យសម្បត្តិគរុភ័ណ្ឌនានា ក៏ត្រូវបានបំផ្លាញគ្មានសេសសល់ដែរ ថែមទាំងត្រូវបង្ខំឲ បោះបង់ចោលរហូតដល់ឆ្នាំ១៩៧៩ ។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩គណៈកម្មការវត្តត្រឡែង កែង បានមកសង់សាឡុំប្រក់ស្លឹក ដែលទីអារាម នេះនៅស្ងាត់ជ្រងំ។ បន្ទាប់មកសង់ជាបេ តុងអារម៉េ និងត្រូវប្រមូលផ្តុំព្រះពុទ្ធប្បដិមាដែលបែកបាក់ដោយសារ ប៉ុលពត បំផ្លាញមក ផ្គុំ ឡើងវិញ តែគ្មានព្រះសង្ឃគង់ចាំព្រះវស្សាទេ គេឃើញមានតែតាចាស់ម្នាក់ឈ្មោះ ឯម សាត ហៅ ចាន់ ដែលនៅចាំទឹកដីទីនោះតែប៉ុណ្ណោះ ។

ចាប់តាំងពីឆ្នាំ ២០០៣មក វត្តព្រះឥន្ទ្រទេពត្រូវបានធ្វើការសាងសង់ឡើងវិញ និងមាន ព្រះអង្គគង់ចាំវស្សារហូតដល់សព្វថ្ងៃនេះ ដោយគុណបារមីព្រះអង្គធំ និងព្រះអង្គ ខ្មៅ ធ្វើឲពុទ្ធបរិស័ទមានជំនឿនិងមានសទ្ធាជ្រះថ្លា កសាងវត្តព្រះឥន្ទ្រេទេព រហូតមានព្រះវិហារយ៉ាងធំមួយដែលជញ្ជាំងបិទសុទ្ធតែ ក្បាច់ព្រមទាំងលាបថ្នាំពណ៌មាសលាយក្រហម យ៉ាងស្រស់ស្អាត ។ នៅពីមុខព្រះវិហារមានដងទង់ធំៗពីរ និងមានស្រះទឹកមួយ ដែលក្នុង ស្រះទឹកនោះមានកសាងប្រាសាទតូចមួយផង ។ វត្តនេះបច្ចប្បន្នមានការរីក ចម្រើនយ៉ាងខ្លាំង មានកុដិ មានសាលា ព្រមទាំងកំពុងតែកសាង កន្លែងព្រះអង្គប្រសូត ព្រះអង្គត្រាស់ដឹង ព្រះអង្គចូលនិព្វាន និងព្រះអង្គទទួលចង្ហាន់នៅក្រោមដើមពោធិ៍មួយ ក្នុងបរិវេណវត្តថែមទៀតផង ៕

សរសេរដោយ ភ្នំពេញដេលីញូវ

No comments: