ប្រភពគម្ពីរ ‹មិលិន្ទបញ្ហា› នៅអតីតព្រះរាជាណាចក្រកម្ពុជា
ក្នុងចំណោមព្រះមហាក្សត្រហ្គ្រិច ដែលបានគ្រប់គ្រងនៅក្នុងភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌា (Hindukush) មានតែព្រះបាទមេណាំងឌ្រឺទី១ (Menindre) ឬមិលិន្ទ (Milinda) ពី ១៥៥ ដល់ ១៣០ មុនគ.ស ទេ ដែលមានឈ្មោះល្បីល្បាញ ឮរន្ទឺជាងគេបំផុត ។ ព្រះកិត្តិនាមរបស់ទ្រង់ ត្រូវបានរក្សាទុកក្នុងប្រវត្ដិអក្សរសាស្ត្រឥណ្ឌា តាមរយៈព្រះរាជនិពន្ធគម្ពីរមិលិន្ទបញ្ហា ។ ព្រះមហាក្សត្រអង្គនេះតាំងទីក្រុង នៅសគលនគរ ហើយឧបរាជរបស់ព្រះអង្គ បានទទួលជ័យជំនះលើសន្តតិវង្ស ម៉ោរ្យៈ ហើយគ្រប់គ្រងស្រុកឧជេ្ជននិវ មថុរ៉ា ដែលជាមណ្ឌលសេដ្ឋកិច្ច សាសនាយ៉ាងសំខាន់បំផុត ដោយវាយដណ្តើមបានពីជនជាតិឥណ្ឌា ។ ទំព័រប្រវត្តិសាស្ត្របានឲ្យដឹងទៀតថា ស្តេចហ្គ្រិចអង្គនេះ បានមានព្រះទ័យទុកដាក់នឹងលទ្ធិព្រះពុទ្ធសាសនាជាអតិបរិមា ពីព្រោះបានថ្វាយកាយជាឧបាសក ហើយទន្ទឹមនឹងនេះបាននិពន្ធកម្រងអត្ថបទឆ្លើយឆ្លងមួយ រវាងព្រះអង្គ និងព្រះភិក្ខុនាគសេន ឈ្មោះគម្ពីរ ‹មិលិន្ទបញ្ហា› ។ ព្រះអង្គបានជួយទ្រទ្រង់ទំនុកបំរុងពុទ្ធសាសនិក និកាយសវ៌ាស្ថី ឬមហាយាន ដែលមានប្រភពចេញពីទីក្រុងមគធៈ ។ ហើយព្រះអង្គទ្រង់បានត្រាស់បង្គាប់ឲ្យមានការប្រែគម្ពីរត្រៃបិតក បាលីចេញជាភាសាសំស្ក្រឹតក្នុងស្រុកមថុរ៉ា និងទំនុកបំរុងនិកាយអារ្យស្ថវីវាទ (និកាយចាស់ទុំ) នៅស្រុកសញ្ជឺ (Sanchi) ដោយរក្សាបានធម្មនិវ័យជាភាសាបាលីដូចដើម ។
ក្នុងគម្ពីរមិលិន្ទបញ្ហា ដែលតែងដោយព្រះរាជឧប្បត្ថម្ភរបស់មហាក្សត្រហ្គ្រិចអង្គនេះ នៅប៉ាង្ជាប (PENJAB) មានការអធិប្បាយដូចតទៅ ‹ដូចច្នេះ មហាក្សត្រ (...) សេដ្ឋីម្នាក់ដែលជាមេកប៉ាល់ ក្រោយពីបង់ពន្ធត្រឹមត្រូវ នៅកំពង់ផែរួច ក៏បានធ្វើដំណើរតាមមហាសមុទ្រ ហើយបានទៅកាន់ វង្គ, តក្តោលៈ, ចិន, សោវីរ, សុរាដ្ឋ, អលសន្ឌ, កោលប៉ត្តនៈ, សុវណ្ណភូមិ ឬសម្មុទ្រ ដទៃៗទៀត › ។
រូបរបស់ស្តេចហ្គ្រិច មេណាំងដ្រឺទី១, ឆ្នាំ ១៥៥ មុនគ.ស នៅហ្សាកាណ៌ អាហ្គានីស្តកង
ទំព័រប្រវត្តិសាស្ត្របានបញ្ជាក់ទៀតថា ព្រះអង្គបានគ្រប់គ្រងពួកបរោបមិសដេស ហើយក្នុងខណៈដែលព្រះអង្គកំពុងតែជាប់វាយ លុកទៅលើភូមិភាគកណ្តាល នៃប្រទេសឥណ្ឌា រវាងឆ្នាំ ១៥៥-១៥០ នៃគ.ស ព្រះបាទអ៊ឺក្រាតិដទី១ ឆ្លៀតឱកាសនេះ បានវាយដណ្តើមព្រះរាជាធានី បេគ្រម (Begram) របស់ទ្រង់ ។ ដូច្នេះហើយព្រះបាទមេណាំងឌ្រឺ ត្រូវបង្ខំព្រះទ័យយាងត្រឡប់ទៅកាន់រាជធានីនេះវិញ ដោយប្រញាប់ប្រញាល់ ហើយក៏បានពើបប្រយុទ្ធជាមួយស្តេចអ៊ឺក្រាតិដ តែជាអកុសលត្រូវបានច្បាំងចាញ់ ។ ក៏ប៉ុន្តែដោយសារតែព្រះមហាក្សត្រនៃបាត្រីយ៉ាន (Bactriane) ត្រូវគេធ្វើឃាត ព្រះអង្គក៏បានដណ្តើមបានទីក្រុងបេគ្រមជាបណ្តោះអាសន្ន ។ ចង់ ឬមិនចង់ នៅពេលគេចង់ស្វែងយល់អំពីការផ្សព្វផ្សាយរបស់លទ្ធិព្រះពុទ្ធសាសនា នៅអតីតនគរភ្នំ ដែលជាភាគមួយនៃសុវណ្ណភូមិ ព័ត៌មានទាំងប៉ុន្មានខាងលើនេះមានសារសំខាន់ណាស់ ។ ព្រោះវាជួយឲ្យយើងស្គាល់បន្ថែមលើប្រវត្តិសាស្ត្ររបស់ខេមរជាតិ ជាពិសេសវត្តមានជាប្រយោលនៃភាសាបាលីនៅលើទឹកដីខ្មែរ ។
ដូចគ្នានេះដែរ ដោយសំអាងលើមូលហេតុនេះហើយ ទើបយើងអាចនិយាយបានថា ជនជាតិខ្មែរបានស្គាល់គម្ពីរ ‹មិលិន្ទបញ្ហា› ជាភាពបាលីនាដើម ស.វ ទី១ នៃគ.ស ម្ល៉េះ ក្នុងពេលដែលស្ថិតនៅក្រោមឥណ្ឌារូបនីយកម្ម ។
សូមរំលឹកបញ្ជាក់ថា គម្ពីរមិលិន្ទបញ្ហា នៅតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើង ព្រមទាំងនៅក្នុងខេត្តមួយចំនួន ដូចជាសុរិន្ទ្រ និងបុវីរម្យដែលជាអតីតខេត្តខ្មែរបុរាណ ៕ (ប. ត្រាណេ) ដកស្រង់ពីECN NEWS
No comments:
Post a Comment