Tuesday, February 16, 2010

បរា ភវ​សូត្រ(១២​ ប្រការ​ប្រមុខ​នៃ​ក្តីវិនាស)


នៅក្នុង​គម្ពីរ​សុត្តន្តបិដក​, ខុ​ទ្ទកនិកាយ​, សត្ត​និបាត​, តតិយ​ភាគទី​៥៤, ទំព័រ​ទី​៣៦ (​បរា ភវ​សូត្រ​) មាន​ដំណាល​ថា បន្ទាប់ពី​បាន​ស្តាប់​នូវ​ការបកស្រាយ​របស់​ព្រះសម្មាសម្ពុទ្ធ​អំពី​ហេតុ​ដែល ​នាំមក​នូវ​ក្តី​ចំរើន ឬ មង្គល (​មង្គល​សូត្រ ៣៨​ប្រការ​) ​រួចហើយ ពួក​មនុស្ស និង ទេវតា​ទាំងឡាយ​ដែល​ធ្លាប់តែ​មាន​ការខ្វែងគំនិត​គ្នា​នោះ ក៏​បាន​ស្រុះស្រួល​ស្រស់ស្រាយ​នឹង​គ្នា​ឡើង​ដោយ​ពុំ​មានក្តី​ម​ន្ទឹ​លឡើយ ។ មិនយូរប៉ុន្មាន ពួក​គេ​មានគំនិត​មួយ​កើតឡើង​ថា ធម្មតា​ក្នុង​លោក​នេះ​រមែង​មាន​សភាវៈ​ជា​គូ​នឹង​គ្នា គឺថា​៖ មាន គូ​នឹង ក្រ​, សុខ គូ​នឹង ទុក្ខ ជាដើម​, ហេតុនេះ ហេតុ​នៃ​ក្តី​ចំរើន​ត្រូវតែ​ជា​គូ​នឹង​ហេតុ​នៃ​ក្តីវិនាស ។ ព្រះ​សមណ​គោត្ត​ម​បានដឹង​នូវ​ហេតុ​នៃ​ក្តី​ចំរើន ដូច​ដែល​ព្រះអង្គ​បាន​សំដែង​ប្រាប់​យើង​រួចហើយ ហើយ​ជា​ធម៌​ដ៏​ពិរោះ​ដែល​ពួក​យើង​ពុំ​ធ្លាប់​បាន​ឮ ហេតុ​នេះ​ព្រះអង្គ​ពិតជា​ដឹង​អំពី​ហេតុ នៃ ក្តីវិនាស ។ ហេតុនេះ​ទើប​ពួកគេ​បាន​មូលគំនិត​គ្នា​ទៅ​ទូល​សួរ​ព្រះពុទ្ធ​ថា​៖ “​ប​ពិត​ ព្រះ​សមណ​គោត្ត​ម​បរម​សាស្តា​ដ៏​ចំរើន សូម​ព្រះអង្គ​មេត្តា​ប្រាប់​ពួកយើងខ្ញុំ​អោយបាន​ដឹង​នូវ​ហេតុ ដែល​នាំ​អោយ​មនុស្ស​សត្វ​ក្នុង​លោកសន្និវាស​នេះ​នឹង​ជួប​នូវ ក្តីវិនាស​សាបសូន្យ​ចាកគុណដោយ​ប្រការ​យ៉ាងណា​?” ។​

​ ​ព្រះពុទ្ធ​បាន​សំដែង​ថា​ហេតុ​នៃ​ក្តី​វិនាសមាន​ដូចតទៅៈ​
​ ​១- ​បុគ្គល​អ្នក​ទ្រូ​ស្តធម៌​, ស្អប់​ធម៌
​ ​ធម៌ សំដៅ​ដល់​ការបង្រៀន ឬ គោលការណ៍​ទាំងឡាយ​ណា​ដែល​ត្រឹមត្រូវ​ទៅតាម​សភាវៈ​ពិត ពុំមែន​ជា​ការ​ក្លែងបន្លំ​,​ ល្បួង​លួងលោម​, ​បញ្ឆោត​បញ្ចុះបញ្ចូល ។ ធម៌​ក៏បាន​ដល់​ការបង្រៀន​ទាំ​ឡាយ​របស់​ព្រះសម្មាសម្ពុទ្ធ​ផងដែរ ព្រោះ​ព្រះពុទ្ធ​បង្រៀន​តែ​អ្វី​ដែល​ពិត (​ចូរ​ប្រយ័ត្ន​ច្រឡំ​គ្នា​រវាង​ការបង្រៀន​របស់​ព្រះពុទ្ធ និង ទស្សនៈ​មួយ​ចំនួនដែល ពុទ្ធសាសនិក​បាន​តាក់​តែង​ឡើង​ដូច​ជា​ធម៌​ដែល​យើង​ធ្លាប់​ឮ​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​សូត្រ​នៅ​ពេល​បុណ្យទាន​ជាដើម ។ ធម៌​របស់​ព្រះពុទ្ធ មិនមែន​មានន័យថា ធម៌​សម្រាប់​សូត្រ​ឡើយ ។ ប៉ុន្តែ​ក៏​មាន​ធម៌​ដែល​ជា​ការបង្រៀន​របស់​ព្រះពុទ្ធ ត្រូវបាន​គេ​សូ​ត្រដែរ​, ដូច​ជា​ធម៌​ពហុ​ទេ​វា គឺ​មង្គលសូត្រ និង ធម្មចក្កប្បវត្តនសូត្រ ជាដើម​)​ ។ ន័យ​ម្យ៉ាងទៀត​ថា ធម៌ = សភាវៈ​ពិត ។ ហេតុនេះ​បុគ្គល​អ្នក​ទ្រូ​ស្តធម៌ ស្អប់​ធម៌ គឺ​បុគ្គល​ទ្រូ​ស្ត និង ស្អប់​នូវ​មុខវិជ្ជា​ពិត មុខវិជ្ជា​មិន​កុហក ហើយ​ចូលចិត្ត​តែ​ការបង្រៀន​ឬ​ទ្រឹស្តី​ទាំងឡាយណា​ដែល​ជា​ការ​កុហក​, ​លួងលោម​, ​បញ្ឆោត បំភ័ន្ត​បន្លំ ។

​ ​ប្រការនេះ នឹង​នាំមក​នូវ​ក្តីវិនាស​ជាច្រើន ក្នុងនោះ​វិនាស​ដំបូង​បំផុត​ដែល​ខ្លួនគេ​មិន​ដឹង​គឺ​វិនាស​បញ្ញា គឺ​គេ​មិនដឹង​ការពិត ដោយហេតុតែ​គេ​ស្អប់​ការពិត មិន​ព្យាយាម​ស្វះស្វែង ខ្នះខ្នែង​ឈ្វេងយល់ សង្កេត​ពិនិត្យ គិតពិចារណា សិក្សា អោយបាន​ដឹង​ការពិត ដោយហេតុតែ​គេ​មិន​ចូល​ចិត្ត​អ្វី​ដែល​ពិត ចូលចិត្ត និង លុះតែ​ក្នុងការ​បំភ័ន្ត​គំនិត​ប្រាជ្ញា ។ ហេតុនេះ ចាប់ពី​ពេល​នោះ​ទៅ គេ​បាន​ចេះ និង បានដឹង និង សិក្សា​តែ​ក្នុង​រឿង​មិន​ត្រឹម មិនត្រូវ ហើយ​ការប្រព្រឹត្តិ​របស់​គេ ទាំង​ពាក្យសំដី ទាំង​ទង្វើ​ក៏​សុទ្ធតែ​ប្រព្រឹត្ត​ក្នុង​និយាម​ខុសពី​ការពិត​ទាំង​អស់ ហើយ​លទ្ធផល​ក៏​ស្របតាម​អ្វី​ដែល​គេ​ធ្វើ​នោះឯង ។ ដូច្នេះ ការ​ទ្រូ​ស្តធម៌ និង ស្អប់​ធម៌ ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​១ ។​

​ ​២- ​បុគ្គល​ស្រលាញ់​ពេញចិត្ត និង សេពគប់​នឹង​ជន​ជា​អ​សប្បុរស មាន​កិរិយា​មិន​សេពគប់ នឹង ជន​ជា​សប្បុរស
​ ​ជន​ជា​អសប្បុរស​មានន័យ​ស្មើនឹង​បុគ្គល​ពាល​ដែរ​ហើយ​មាន​គ្រឿង​សំគាល់​គឺ​
​ ​ ក​. បុគ្គល​លង់​ខ្លៅ គ្មាន​គំនិត​ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព និង គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ​ចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូក​មួយ ដោយហេតុ​ធ្វើខ្លួន​អោយ​ជា​បុគ្គល​មិនមាន​ប្រយោជន៍ ឬ​ធ្វើ​ខ្លួន​អោយ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល​ខ្លួន ​មាន​ឱកាស​កើត​ជា​មនុស្ស ។​
​ ​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬ ប្រយោជន៍​ខ្លួនឯង ដោយ​ការធ្វើ​អោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃ
​ ​គ​. បុគ្គល​ធ្វើអោយ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង

​ ​នៅក្នុង​មង្គលសូត្រ ព្រះពុទ្ធ​បង្រៀន​ថា ការ​សេពគប់​ត្រូវតែ​ធ្វើឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​ទោះ​តិច ឬ ច្រើន​មិន​លែង​ឡើយ ។ បុគ្គល​ពាល​ទាំង​៣ ជំពូក​ខាងលើ ជា​ប្រភេទ​មនុស្ស​គួរអោយខ្លាច​ជាង​អ្វីៗ​ទាំងអស់ ហើយ​មិន​គប្បី​សេពគប់​ជាដាច់ខាត ព្រោះ​ការ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ផ្សេង​ពី​ធ្វើអោយ​យើង​វិនាស​ប្រយោជន៍ អា​សោចិ​កេរ្តិ៍ឈ្មោះ អស់​ទ្រព្យសម្បត្តិ ខាត​ពេលវេលា គំនិត​ប្រាជ្ញា​ទៅ ថែម​ទាំង​នាំអោយ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយ​គេ​ផង​ទៀត ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា ប្រសិន​បើ​ក្នុង​លោក​នេះ មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូបយើង ហើយ​ម្នាក់ទៀត​ជា​បុគ្គល​ពាល​ក្តី ក៏​មិន​គប្បី​ទៅ​សេពគប់​បុគ្គល​នោះ​ឡើយ ហើយ​គប្បី​នៅ​តែ​ម្នាក់ឯង​ដោយ​រឹងមាំ​ចុះ ។

​ ​ចំណែក​ជន​ជា​សប្បុរស​បាន​ដល់​បុគ្គល​ទាំងឡាយណា​ដែលជា​អ្នក​មាន​ ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​គុណធម៌ មានគំនិតប្រាជ្ញា មិន​បៀតបៀន​អោយ​ខូច​ប្រយោជន៍​កេរ្តិ៍ ឈ្មោះ​ខ្លួនឯង​ផង មិន​បៀតបៀន​ក្តី​សុខ​អ្នកដទៃ​ផង ធ្វើ​តែ​អំពើ​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង ធ្វើ​តែ​កិច្ចការ​ជា​ប្រយោជន៍​រួម​ផង ។ បុគ្គល​ណា​សេពគប់​នឹង​លោក​អ្នក​ជា​សប្បុរស​ទាំង​នេះ រមែង​មិន​សាប​សូន្យ មិន​មាន​ទោស ហើយ​លោក​តែង​ដឹក​នាំអោយ​យើង​ដើរ​ទៅ​រកក្តី​ចំរើន​ជា​និរន្តរ៍​ទៀតផង ។ បុគ្គលដែល​មិន​បាន​សេពគប់​នឹង​លោក​ជា​អ្នក​សប្បុរស​បែបនេះ បុគ្គល​នោះ​ពេញ​ជា​ខាតបង់​យ៉ាង​ធំធេង​ក្នុង​ជីវិត ព្រោះ​មិន​បាន​ចាប់​យក​ឱកាស​ទាំង​ប្រយោជន៍​ទ្រព្យសម្បត្តិ ទាំង​គំនិត​ប្រាជ្ញា និង ភ័ព្វសំណាង​ផ្សេងៗ ។ ហេតុនេះ​បុគ្គល​អ្នក​ចូលចិត្ត​សេពគប់ នឹង​ជន​ជា​អប្បុ​រស មាន​កិរិយា​មិន​សេពគប់​នឹង​ជន​ជា​សប្បុរស ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​២ ។​

​ ​៣- ​អ្នក​ដេក​ច្រើន​១, អ្នក​និយាយ​ច្រើន​១, អ្នក​ខ្ជឹលច្រអូស​១, ពេល​ខឹង​សំដែង​អោយគេ​ឃើញ​បាន​១
​ ​ដេក​ច្រើនពេក ខាត​ពេល​ក្នុងការ​ប្រកបការងារ សិក្សា​រៀនសូត្រ បណ្តាល​អោយ​ស្ពឹក​ដៃជើង ស្ទក់​ខួរក្បាល អ័ព្ទ​គំនិត ស្វិត​ក្រៀម​ប្រាជ្ញា ប្រាថ្នា​នឹង​គិត​អ្វី​ក៏​ពុំ​ធ្លុះធ្លាយ ទោរទន់​ទៅ​រក​តែ​ក្តី​ងោកងុយ លុះ​ពេល​ក្រោកពីដំណេក​កាលណា​ក៏​ប្រាថ្នា នឹកឃើញ​តែ​បរិភោគ រួច​ក៏​ងោកងុយ​ទៀត ​។​

​ ​ប្រសិនបើ​ធម្មជាតិ​អនុគ្រោះ​អោយ​មនុស្ស​និយាយ​ច្រើន​ជាង​ស្តាប់ និង ច្រើន​ជាង​មើល​នោះ ធម្មជាតិ​មុខជា​បាន​បង្កើត​អោយ​មនុស្ស​មាន​មាត់​ពីរ ឯ​ត្រចៀក​តែមួយ និង ភ្នែក​តែ​មួយ​ដែរ​ហើយ ។ និយាយ​ច្រើន​ពេក រមែង​មានការ​ភ្លាំង​ភ្លាត់ ប្រាសចាក​សិល្បៈ នាំ​អោយ​ការនិយាយ​ក្លាយ​ជា​រោយរាយ​ឥត​ខ្លឹមសារ ។ និយាយ​រឹតតែ​ច្រើន​ទំលាយ អាថ៌កំបាំង​កាន់តែច្រើន បង្ហាញ​អោយ​គេ​ឃើញ​ចំណុចខ្សោយ​កាន់តែច្រើន ​។ អ្នក​ស្តាប់​កាន់តែ​ធុញថប់ អ្នក​ដទៃ​មិន​បាន​និយាយ ធ្វើអោយ​ខ្លួន​ឯង​បាត់បង់​ឱកាស​ស្តាប់​គំនិត​របស់​ដៃគូ ធ្វើអោយ​បាត់បង់​ព័ត៌មាន​ពី​ដៃគូ ខាន​សិក្សា​ពី​អ្នក​ដទៃ ខាត​ប្រាជ្ញា​ ។​

​ ​មិន​ថា​បុគ្គល​ណា​ជឿ​ព្រះ ឬ មិន​ជឿ​ព្រះ​ឡើយ ប៉ុន្តែ​គ្រប់គ្នា​បាន​ទទួល​អ្វីមួយ​សុទ្ធតែ​បាន​មក​ដោយ​ការ​ប្រកបការងារ មិន​ដែល​បាន​មក​ដោយ​ព្រះ ឬ​អាទិទេព​យក​មក​អោយ​ឡើយ ហើយ​បើ​គេ​ធ្វើការ​ដោយ​ត្រឹមត្រូវ​នោះ ទោះ​ជា​គេ​បួងសួង​ព្រះក្តី មិន​បួង សួង​ព្រះក្តី ក៏​សុទ្ធតែ​បាន​ផល​ដូចគ្នា ។ ព្រះពុទ្ធ​បាន​សំដែង​ថា តថាគត​មិន​ដែល​បង្រៀន​ថា អោយ​អ្នក​រង់ចាំ​ព្រេងសំណាង​ឡើយ ប៉ុន្តែ​តថាគត​តែងតែ​បង្រៀន​អ្នក​អោយ​ធ្វើការ​ដើម្បី​ទទួលបាន​ផល​សំណាង(១)​ ។ ព្រះពុទ្ធសាសនា​ជឿថា​មនុស្ស​មាន​ព្រេងសំណាង​ពី​អតីត​ជាតិ ប៉ុន្តែ បាន​អះអាង​ថា ព្រេងសំណាង​គឺ​អ្វី ដែល​គេ​ធ្វើ​ហើយពី​ពេល​ខាង​ដើម​នោះ ប្រៀប​ដូចជា​កំណប់​ដែល​គេ​កប់​នៅក្នុង​ដី ដែល​គេ​ត្រូវតែ​ធ្វើការ គឺ​តោង​តែ​ជីក​កកាយ យកចេញ​ពី​ក្នុង​ដី ប្រកប​ដោយ​ក្តីព្យាយាម​យ៉ា​ង​មាំ ប្រាសចាក​ក្តី​រាយមាយ ទើប​អាច​រក​កំណប់​នោះ​ឃើញ បើ​ពុំនោះ​ទេ កំណប់​នោះ​នឹង​នៅ​ក្នុង​ដី​ជា​រៀងរហូត ។ ហេតុនេះ បុគ្គល​ណា​មិន​ធ្វើការ ឬ ធ្វើ​មិន​មាន​ក្តីព្យាយាម​អោយបាន​ពេញលេញ​ទេ បើ​ទោះបី​ខ្លួន​គេ​ជា​មនុស្ស​មានភ័​ព្វ​ក្តី ក៏​គេ​ក្លាយទៅជា​មនុស្ស​ឥត​ភ័ព្វ​ទៅវិញ ។ ផ្ទុយទៅវិញ​បុគ្គល​ណា ពុំ​មាន​ព្រេងសំណាង​ក្តី បើ​គេ​ខិតខំ​ធ្វើ​ការ​មិន​ខ្ជឹលច្រអូស យកចិត្តទុកដាក់​ពិនិត្យ ពិចារណា​រក​វិធី រហូត​ឃើញ​ឧបាយ​ដ៏​ត្រូវ​នោះ គេ​ក៏​អាច​រក​ទ្រព្យ​បានដែរ ដូច​ពុទ្ធភាសិត​ថា បុគ្គល​ឆ្លង​អន្លង់​ទុក្ខ (​និង​ឧបសគ្គ​គ្រប់ប្រការ ដោយ​រួមទាំង ភាព​លង់​ខ្លៅ ភាព​ក្រខ្សត់ ៘ ) បាន​ដោយ​ក្តីព្យាយាម ។ កាលណា​មាន​ភាព​ខ្ជឹលច្រអូ​សហើយ ប្រយោជន៍​ទាំងឡាយ មាន​ការស្វែងរក​ទ្រព្យសម្បត្តិ​ក្តី កិត្តិយស​ក្តី ស្វែងរក​ចំណេះ​វិជ្ជាក្តី ទោះ​ជា​ជន​នោះ​អធិដ្ឋាន​ចំពោះ​ព្រះ ឬ​អាទិទេព​ណា​ក៏​គេ​មិន​បាន​សម្រេច​អ្វី​ឡើយ ។ បើ​ពោល​ដល់​ការស្វែងរក​ធម៌​ជាន់ខ្ពស់ ដើម្បី​សម្រេចមគ្គផល និព្វាន ទៀត​នោះ​រឹតតែ​មិន​បាន​សម្រេច​សោះ​តែ​ម្តង ត្បិត​ធម៌​ទាំងនោះ​ត្រូវការ​នូវ​ក្តី​ព្យ​យាម​យ៉ាងខ្លាំង ទាំង​ការ​ហាត់ពត់ ផ្លូវកាយ និង ផ្លូវចិត្ត​អោយដល់​ថ្នាក់​ឯក ។

​ ​ខឹង​សំដែង​អោយ​គេ​ឃើញ​បាន គឺ​បញ្ចេញ​អាកប្បកិរិយា​អោយ​អ្នកដទៃ​ដឹង ឬ មើល​យល់​បាន​ថា​យើង​ខឹង ឬ ត្រូវបាន​កំហឹង​គ្របដណ្តប់​ហើយ ។ បុថុជ្ជន គឺ​ជន​ដែល​នៅ​ក្រាស​ដោយ​កិលេស រមែង​មានការ​ញាប់​ញ័រ គឺ​សប្បាយ រីករាយ រំភើប ពោល​គឺ​សោមនស្ស និង ទោមនស្ស​ចំពោះ​លោក​ធម៌​៨​យ៉ាង​គឺ​មាន​៖​លាភសក្ការៈ​១, ការបាត់ បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការសរសើរ​១, ការ​បាន​សុខ​សប្បាយ​១, ការបាត់បង់​លាភ សក្ការៈ​១, ការបាត់បង់​យសស័ក្តិ​១, ការ​បាន​នូវ​ការ​និន្ទា​រិះគន់​១, ការ​បាន​នូវ​ទុក្ខទោស​១ ។ មួយ​សោត​ក្នុង​ជីវិត​ប្រចាំ​ថៃ្ង មនុស្ស​គ្រប់រូប​តែ​ប៉ះទង្គិច​នឹង​រឿង​មិន​ជា​ទី​ពេញចិត្ត​ក៏​ច្រើន ដូចជា​រង​នូវ​ការ​តិះដៀល ឬ និយាយ​បង្កាច់បង្ខូច ឬ ត្រូវ​គេ​បៀតបៀន​ជាដើម ។ ជាទូទៅ​បុគ្គល​ដែល មាន​ការអប់រំ​ចិត្ត​តិចតួច ឬ ជា​អ្នក​មិន​មាន​ការ​គ្រប់​គ្រង់​អារម្មណ៍ អោយបាន​ល្អ​នោះ​រមែង​ប្រតិកម្ម​តាម​សភាវ​គតិ នៃ​កំហឹង (​កំហឹង​ទល់​កំហល់​) ។

ប្រការ​នេះ​ធ្វើអោយ​អ្នកដទៃ ជាពិសេស​គូសត្រូវ​ងាយ​នឹង​មើល​ចំណុចខ្សោយ​របស់​យើង ហើយ​ងាយ​នឹង​រុញច្រាន ឬ​អូសទាញ​យើង​អោយ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​អន្តរាយ​ផ្សេងៗ ។ ចំពោះ​អ្នក​ដទៃ នឹង​មើល​មក​យើង​ថា ជា​ប្រភេទ​មនុស្ស​ពុំ​មាន​ក្តីអត់ធ្មត់ ជា​មនុស្ស​ចិត្ត​ស្រាល ។ ជន​ជា​សប្បុរស និង បណ្ឌិត​ទាំងឡាយ លោក​រមែង​មិន​សេពគប់​នឹង​បុគ្គល​គ្មាន​ខន្តី​ខ្ជាប់ខ្ជួន​ឡើយ ដែល​ការណ៍​នេះ​ធ្វើអោយ​យើង​ក្រៅពី​ងាយ​ត្រូវ​សត្រូវ​ធ្វើបាប​ទៅ នៅ​បាត់បង់​ឱកាស​នៃ​ការអនុគ្រោះ ពី​លោក​អ្នក​សប្បុរស និង បណ្ឌិត​ទាំងឡាយ បាត់បង់​ឱកាស​ទទួល​បាន​ប្រយោជន៍​ពី​ពួក​លោក​ទាំងនោះ បែរជា​បាន​តែ​ឱកាស​វាយប្រហារ​យ៉ាង​ផុយស្រួយ​ពី​អមិត្ត​ទៅវិញ ។ បុគ្គល​ប្រភេទ​នេះ ជា​ដំបូង​គឺ​វិនាសក្តី​អត់ធ្មត់ បន្ទាប់​មក​បាត់​បង់គ្រឿង​លំអ គឺ​ភាព​ថ្លៃថ្នូរ ធ្វើអោយ​អ្នក​ដទៃ ក្រែង​រអា និង ងាយ​ត្រូវគេ​ប​ញ្ឆោះ ។ ទោះ​ខឹង​ប៉ុណ្ណា ធ្ងន់ធ្ងរ​ប៉ុណ្ណា​ក្តី ជន​ជា​បណ្ឌិត តែងតែ​ប្រព្រឹត្ត​ខ្លួន​ប្រតិកម្ម​ចំពោះ​បញ្ហា​ទាំងឡាយ ក្នុង​សភាព​ស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែ​មាន​សភាព​ស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និង មាន​ទំងន់​ដូច​ថ្មភ្នំ​ដែល​មិន​កក្រើក​ដោយ​កំលាំង​ព្យុះ ហើយក៏​មិន​ញាប់​ញ័រ​ដោយ​អគ្គិភ័យ ។
​ ​ហេតុនេះ អ្នក​ដេក​ច្រើន​១, អ្នក​និយាយ​ច្រើន​១, អ្នក​ខ្ជឹលច្រអូស​១, អ្នក​ណា​ពេល​ខឹង​សំដែង​អោយ​គេ​ឃើញ​បាន​១ ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី ៣ ។

​ ​៤-​ បុគ្គល​អ្នក​មាន​ទ្រព្យធន​ធាន​ច្រើន ប៉ុន្តែ​មិន​បាន​ចិញ្ចឹម​មាតាបិតា​ដោយ​សមគួរ
​ ​សត្វ​សេក​ស៊ី​ផ្លែ​ជ្រៃ​ហើយ ហោះហើរ​ទៅ​បាត់​ដោយ​មិន​បាន​អរគុណ ដឹងគុណ ឬ មិន​ទាំង​ងាក​ក្រោយ​មើល​ដើម​ជ្រៃ​ផង ក៏​មិន​ទទួល​បាន​ការ​តិះដៀល​អ្វី​ដែរ ព្រោះ​សត្វ​គ្មាន​វិចារណញ្ញាណ មិន​ចេះ​គិត​គុណ​ទោស​អ្វី​ឡើយ ។ ប៉ុន្តែ សម្រាប់​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​ហើយ សូម្បី​តែ​ឪពុក ម្តាយ​របស់​ខ្លួន ជា​អ្នកមានគុណ ក៏​គេ​មិន​ទាំង​អើពើ ហើយក៏​អាច​មើលរំលង​ទៅ​កើត​នោះ តើ​សង្ឃឹមថា​នឹង​មាន​គុណធម៌ ឬ សេចក្តី​ល្អ កើតចេញ​ពី​បុគ្គល​ប្រភេទ​នេះ​យ៉ាង​ម្ត៉េចនឹងបា​នទៅ ។
​ ​តាមពិត​,​កូន​ត្រូវ​ធ្វើ​ចំពោះ​ឪពុក​ម្តាយ​ដោយ​ប្រការ​៥​យ៉ាង​គឺ ត្រូវ​ចិញ្ចឹម មាតា បិតា​១,​ធ្វើ​ការងារ​ជំនួស​គាត់​១,​រក្សា​វង្ស​ត្រកូល​ឱ្យ​គង់វង្ស និង​ខ្ពង់ខ្ពស់​១(​ដោយ​ការ​មិន​ប្រព្រឹត្តិ​អោយ​ថោកទាប​ដល់​វង្ស​ត្រកូល និង លើក​តំកើង​ត្រកូល​) , ធ្វើខ្លួន​ឱ្យ​សមរម្យ​ជា​អ្នក ទទួល​មរតក​ពី​គាត់​១, និង ធ្វើបុណ្យ​ជូន​គាត់​ពេល​ពួក​គាត់​លាចាក​លោក​នេះ​១ ។

ពេល​មាតាបិតា​ លាចាក​លោក​ទៅ​ហើយ មិន​អើពើ​ជា​រឿង​មួយ ប៉ុន្តែ ពេល​ពួកគាត់​នៅរ​ស់​ហើយ​ខ្លួន​មិន​អើពើ​នោះ តើ​អោយ​សប្បុរស និង បណ្ឌិត​ទាំងឡាយ​ផ្តល់​ទំនុកចិត្ត អោយ​តម្លៃ​បុគ្គល​នោះ​យ៉ាង​ណា​ទៅ ? សូម្បីតែ​មនុស្ស​ធម្មតា ក៏​រមែង​តិះដៀល​បុគ្គល​ដែល​មាន​ធនធាន ហើយ​មិន​បាន​ផ្គត់ផ្គង់​ឪពុក ម្តាយ បណ្តោយអោយ​ពួកគាត់​រងទុក្ខ វេទនា ដោយ​ក្តី​ស្រេក ឃ្លាន និង រងា​ជាដើម​នោះដែរ ។ បុគ្គល​នេះ​វិនាស​ជាដំបូង​គឺ គុណ​តម្លៃ បន្ទាប់មក​នឹង​បាត់បង់​ទំនុកចិត្ត​ពី​កល្យាណ​ជន ។ គេ​ច្រើន​ឃើញថា លុះ​បុគ្គល​ប្រភេទ​នេះ​មាន​កូន​ទៅ ក៏​កូន​នោះ​ពុំ​សូវ​ប្រកបដោយ​ធម៌​ឡើយ ព្រោះ​កូន​នោះ​ដើរ​តាម​គន្លង​ឪពុកម្តាយ ប៉ុន្តែ​បើ​បែរជា​មាន​សំណាង​មានកូន​ចេះដឹង​ខុស​ត្រុវ​វិញ រមែង​ឃើញ​ឪពុក​ម្តាយ​ខ្លួន​ថា​ជា​បុគ្គល​អធម៌ ក៏​រមែង​លួច​តិះដៀល​ក្នុង​ចិត្ត ដែល​ប្រការ​នេះ ធ្វើ​អោយ​កូន​ល្អ​នោះ​មានទោស​ដែរ ។ ហេតុនេះ បុគ្គល​អ្នក​មាន​ទ្រព្យធន​ធាន​ច្រើន ប៉ុន្តែ​មិន​បាន​ចិញ្ចឹម​មាតាបិតា ដោយ​សមគួរ ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី ៤ ។

​ ​៥-​ បុគ្គល​អ្នក​ភូតកុហក បោក​បញ្ឆោត​ពួក​សមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃ
​ ​ស​មណៈ (​អ្នក​ស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺ​សំដៅ​ដល់​ពួក​បព្វជិត​ក្នុង​សាសនា​ទាំង ឡាយ ។ ក៏ដូចជា​ពួក​ស្មូម​ទាំងឡាយ​ដែរ ពួក​បព្វជិត​ទាំងនេះ រស់នៅ​ដោ​សារ​ការ បរិច្ចាគ​ទាន​ពី​អ្នក​មាន​មេត្តា និង ជ្រះថ្លា ។ ជនកំហូច​ខ្លះ ឃើញ​ពួក​អ្នកបួស​មាន​ព្រះ សង្ឃ​ជាដើម ក៏​ពោល​ឡើង​ថា លោក​ម្ចាស់ ! នៅ​ទីនោះ គ្រួសារ​នោះ គេ​មាន​រៀបចំ​ធ្វើ​ទាន ចំពោះ​លោក​អ្នក​មាន​សីល និង ចំពោះ​ពួក​ស្មូម​ទាំងឡាយ​..... សូម​លោក​ម្ចាស់​និមន្ត​ទៅ​ត្រកូល​នោះ ទី​នោះ​ចុះ ដើម្បី​ធ្វើ សេចក្តី​អនុគ្រោះ​ដល់​សត្វលោក​ដែលមាន​សេចក្តី​ជ្រះថ្លា​ផង និង ដើម្បី​លោក​ម្ចាស់​បាន​នូវ​គ្រឿង​អាស្រ័យ​ទាំងឡាយ មាន​អាហារ​ជា​ដើម​ផង​....​។ លុះ​ពេល​លោក​និមន្ត​ទៅ ទើប​ឃើញ​ថា ជាការ​កុហក​ជាក់ស្បាន់ ធ្វើអោយ​លោក​ខាត​ពេល​ជាច្រើន​....​។ មិនទាន់​គិត​ដល់​បាបកម្ម​ជាតិ​ខាងមុខ​ទេ យើង​គិត​ត្រឹម​តែ​បច្ចុប្បន្ន​ជាតិ​នេះ ក៏​ឃើញ​ថា​ទារុណ ណាស់​ទៅ​ហើយ ។ អ្នកដទៃ​នឹង​មើល​ទៅ​បុគ្គល​នោះ​ថា ជា​មនុស្ស​គ្មាន​គុណធម៌ គ្មាន​គារវ​ធម៌​គឺ​ការគោរព​បន្តិចបន្តួច ក្នុង​ខ្លួន​ទាល់តែសោះ ជា​មនុស្ស​មិន​អាច​ទុកចិត្តបាន ត្បិត​សូម្បីតែ​ពួក​បព្វជិត​ជា​អ្នក​រក្សាសីល ពួក​ស្មូម​ជា​អ្នក​ខ្សត់ខ្សោយ​ដល់​ម្ល៉ឹង​ហើយ ក៏​គេ​មិន​យល់មុខ​ផង ចុះ​ទម្រាំ​បើ​មនុស្ស​ធម្មតា តើ​នឹង​ទទួល​បាន​ភាព​សុចរិត​ពី​មនុស្ស​នេះ​ដោយ​ប្រការ​ណា​ទៅ ​?

​ ​ការ​កុហក​ដោយ​បំណង​ធ្វើ​បាប ធ្វើអោយ​គេ​ខូចប្រយោជន៍ ខូច​កិត្តិយស បែកបាក់​សាមគ្គី ពោល​គឺ​កុហក ក្នុង​បំណង​ទុច្ចរិ​តក្តី ក្នុង​បំណង​លេង​សើចក្តី រមែង​អោយ​អ្នក ដទៃ​ស្អប់ខ្ពើម ក្តៅក្រហាយ ហើយ​នឹង​អាច​ញ៉ាំង​អន្តរាយ មកវិញ​ជា​ការ​ផ្ចាញ់ផ្ចាល​ក៏សឹងមាន ។ ម្យ៉ាងទៀត អ្នក​ពោល​ពាក្យ​ក​ហុក នឹង​ធ្វើអោយ​អ្នក​ដទៃ​បាត់បង់​ទំនុក ចិត្ត អស់​ភាពជឿជាក់ ។ ​មនុស្ស​គេ​តែង​យកសំដី គឺ​ការគោរព​ពាក្យសំដី បើ​ពាក្យ​សំដី​យកជាការ​លែង​បាន​ទៅហើយ តើ​រំពឹង​លើ​អ្វី ? ហេតុនេះ ការ​កុហក​ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​៥ ។​

​ ​៦- ​អ្នកមាន​ធនធាន និង អាហារ​ឆា្ង​ញ់​ពិសារ លាក់​ទុក​តែ​ម្នាក់ឯង
​ ​មនុស្ស​ក្នុង​លោក​រមែង​មាន​ការពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​ដោយ​ប្រការ​ ណាមួយ ។ បុគ្គល​ណា​រត់ទៅរក​គេ ពោល​ពាក្យ​ផ្អែម​ពីរោះ តែ​ពេល​ត្រូវការ​គេ ឬ ពេល​មាន​ទុក្ខ លុះ​ពេល​គេ​ត្រូវការ​វិញ ក៏​គេច​មុខ​បាត់ ដោយ​សំអាង​លេស​ថា មានធុរៈ​នេះ ធុរៈ​នោះ ឬ មិន​អើពើ មិន​ខ្នះខ្នែង​ជួយ​គេ​វិញ ដោយ​ប្រការ​មួយ ។ ពេល​ខ្លួន​អត់ឃ្លាន រត់​រក​គេ លុះ​ពេល​បាន​សុខ ឬ ពេល​មាន​របស់​ប្រណីត មាន​អាហារ​ឆាញ់​ពិសារ ក៏​សំងំ​លាក់​ខ្លួន​ពួន​សោយសុខ​តែម្នាក់ឯង (​បុគ្គល​ខ្លះ​ពេល​សោយសុខ​រួចហើយ ក៏​ទើប​ទៅ​អួតអាង​ប្រាប់​គេ​ទៀត ) មិន​ចែករំលែក​អ្នកដទៃ​ដោយ​ប្រការ​មួយ ។ លុះ​ពេល​ត្រូវ​ការពឹង​អាស្រ័យ​គេ​នៅ​គ្រាក្រោយ​ទៀត​នោះ តើ​បុគ្គល​ណា​ទៅ​ហ្ន ដែល​មាន​ចិត្ត​នៅ​ជួយ​បុគ្គល​ប្រភេទ​នេះ​ទៀត​នោះ ! ​ហេតុនេះ​បុគ្គល​អ្នកមាន​ធនធាន និង អាហារ​ឆា្ង​ញ់​ពិសា​រហើយ​ក្រសោប​ទុក​តែម្នាក់ឯង ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​៦ ។

​ ​ ៧-​ បុគ្គល​អ្នក​ប្រកាន់​រើសអើង​ជាតិ​សាសន៍ ត្រកូល ទ្រព្យសម្បត្តិ ឋានៈ ហើយ​មើលងាយ​អ្នកដទៃ មើលស្រាល​ញាតិសន្តាន មិន​ប្រមូល​ញាតិមិត្ត
​ ​សត្វ​លា​ដឹក​លាមក ក៏​ស៊ី​ស្មៅ សត្វ​លា​ដឹក​មាស​ក៏​ស៊ី​ស្មៅ ។ ជីវិត​លើ​លោក​នេះ មាន តម្លៃ​ស្មើ​គ្នា រឿង​ឋានៈ ជាតិ​សាសន៍ ត្រកូល ទ្រព្យសម្បត្តិ រួម​ទាំង​របស់​ជាច្រើន​ទៀត​នៅក្នុង​លោក​នេះ រមែង​មាន​ភាពខុសគ្នា​ជាធម្មតា ដែល​មិន​គប្បី​យក​របស់​ទាំងនោះ​ជា​កត្តា​វាស់វែង​មនុស្ស​ឡើយ ។ ការប្រព្រឹត្តិ​លើក​កំពស់​ខ្លួនឯង ហើយ​មិន​គោរ ព​អ្នកដទៃ មើលងាយ​អ្នកដទៃ សូម្បី​សាច់ញាតិ​ខ្លួនឯង​ក៏​មិន​អើពើ​ផង ដោយហេតុតែ​គិតថា គេ​ក្រ តូច​ទាប អន់ថយ​ជា​ង​ខ្លួន​ជា​ដើម​នោះ រមែង​ធ្វើ​អោយ​ខ្លួនឯង​ជា​មនុស្ស​ឯកោ លែង​មាន រ​បង​ការពា​រ ហើយ​អាច​ធ្វើអោយ​អ្នកខ្លះ ក្តៅក្រហាយ ស្អប់ខ្ពើម និង ជា​គោលដៅ​នៃ​ការ​ចងគំនុំ ក៏សឹងមាន ។ ហេតុនេះ ការ​ប្រកាន់ខ្លួន មើលងាយ​អ្នកដទៃ មិន​ប្រមូល​ញាតិ និង មិត្ត ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​៧ ។​

​ ​៨- ​ជន​អ្នកប្រព្រឹត្ត​ល្បែង​៣​ប្រការ គឺ​ល្បែង​ស្រី​១ ល្បែង​ស្រា​១ និង ល្បែងភ្នាល់​ទាំងឡាយ​១
​ ​ត្រេកអរ​ចំពោះ​ភរិយា​ខ្លួន​ជាការ​ប្រពៃ ប៉ុន្តែ​ការ​លេងល្បែង​ស្រី​រមែង​ជួប​ផល​អវិជ្ជ មាន​ជាច្រើន​ដូចជា ខូចខាត​ទ្រព្យ​ដែល​មាន​ស្រាប់ ខាន​បាន​រក​ទ្រព្យ​ថ្មី មាន​បញ្ហា​ទាស់ទែង​គ្នា​ជារឿយៗ ដើរលេង​ចោល​ទ្រព្យសម្បត្តិ ខាន​ថែទាំ​គ្រួសារ (​អាច​ជា​ហេតុ​ធ្វើអោយ​ប្រពន្ធ​ផិតក្បត់​ក៏មាន ) ខូច​កិត្តិយស​ខ្លួន និង វង្ស​ត្រកូល មាន​រឿងអាស្រូវ ច្រើន​មិន ចេះ​ចប់ សុខភាព​ចុះ​ថយ​ជា​លំដាប់ ប្រឈមមុខ​នឹង​ការឆ្លង​ជំងឺ​ផ្សេងៗ ជាពិសេស​រោគ​សង្គម និង កាមរោគ​។​

​ ​អ្នកលេង​ល្បែង​ស្រា​នាំមក​នូវ​គុណវិបត្តិ​យ៉ាង​ច្រើន​ដូចជា វិនាស​ទ្រព្យសម្បត្តិ​ដែល​មាន​ស្រាប់ ខាត​ពេល​មិន​បាន​រក​ទ្រព្យ​ថ្មី និង ខាន​ប្រកបការងារ​ផ្សេងៗ មាន​រឿងរ៉ាវ​ច្រើន បង្ក​ការឈ្លោះទាស់ទែង និង អំពើហឹង្សា​ញឹកញាប់ និយាយស្តី​គ្មាន​សតិ គ្មាន​សុជីវធម៌ បាត់បង់​សីលធម៌ ខូច​ភាពថ្លៃថ្នូរ (​អាច​អោយ​គេ​មើលងាយ​ដល់​កូន ប្រពន្ធ និង វង្ស​ត្រកូល​) មិន​បាន​ថែ​គ្រួសារ ខ្សោយ​ប្រាជ្ញា និង ខ្សោយ​សុខភាព​ជា​លំដាប់ ។​
​ ​ល្បែងភ្នាល់​គ្រប់យ៉ាង​ក៏​ធ្វើអោយ​ស្រកស្រុត​ស្រយុត​របូត​ទ្រព្យសម្បត្តិ​ យ៉ាង​លឿន​រហូត​លក់​កេរ​មរតក និង ប្រព្រឹត្ត​ខុស​ផ្សេងៗ​ទៀត ដូចជា​សំណូក​សូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំអោយ​មាន​ទំនាស់​បែក​បាក់​គ្រួសារ ខូច​កេរ្តិ៍ឈ្មោះ ធ្វើអោយ​អ្នក​ដទៃ​អស់​ទំនុកចិត្ត (​គេ​មើលងាយ​ដល់​កូនចៅ​) ។ ហេតុនេះ ល្បែង​ស្រី ល្បែង​ស្រា និង ល្បែងស៊ីសង ល្បែង​មួយ​ណា​ក៏​ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​៨ ។​

​ ​៩-​ បុរស​មិន​ត្រេកអរ​នឹង​ប្រពន្ធ​ខ្លួន ហើយ​ទៅ​ជាប់​ជួន នឹង ស្រី​ពេស្យា ទ្រូស្ត​នឹង​ប្រពន្ធកូន​ខ្លួនឯង
​ ​ស្រី​ពេស្យា គឺ​ស្រី​អ្នក​ប្រកប​របរផ្លូវភេទ ដោយ​ចេញ​មុខ ឬ ដោយ​លួចលាក់ ធ្វើ​ជា​ទូទៅ ឬ មិន​ទូទៅ (​គឺ​ចំពោះតែ​បុគ្គល​ជាក់លាក់ ដែល​មាន​រូបភាព​ជា​ស្រី​កំណាន់​ជាដើម ) មិន​ពិបាក​យល់​ទេ គឺ​ថា​នាង​នែបនិត្យ​រួមមេត្រី ដើម្បី​ផលប្រយោជន៍​អ្វី​ម្យ៉ាង ហេតុ​នេះ​នាង​មុខ​ជា​សំដែង​ប្ញ​កពារ​ម្ញ៉ិកម្ញ៉ក់ ខ្នក់​ខ្នាញ់ ផ្គាប់ផ្គុន​ណាស់ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា នាង​កំពុង​មើល​មក​អ្នក​ថា​ជា​មនុស្ស​មិនដឹងខ្យល់​អ្វី​ឡើយ ហើយ​អ្នក​នឹង​ត្រូវ​នាង​អូសទាញ​អោយធ្វើ​អាក្រក់​ជំនួស​នាង​ក៏មាន ។ ចំណែក​នាង​ជា​ភរិយា ដោយហេតុតែ​នាង​ត្រូវ​រួម​ដំណើរ​ជីវិត​នឹង​អ្នក ទើប​ត្រូវ​និយាយ​ពាក្យ​ពិត ហើយ​ពាក្យពិត​រែង​ស្លែង ។ ជួនកាល​នាង​ខ្វល់​តែ​រឿង​ថែទាំ​គ្រួសារ ភ្លេច​ថែទាំ​ខ្លួនឯង ធ្វើអោយ​រូប​សម្ផស្ស​របស់​នាង​មិនសូវ​ផូរផង់ ប៉ុន្តែ នាង​ជា​អ្នក​គូសវាស​ផែនទី​នៃ​សុភមង្គល​គ្រួសារ ជា​សំបុក​ដ៏​កក់ក្តៅ​សម្រាប់​អ្នក ។ ពេល​ប្តី​យំ នាង​ជា​អ្នក​ស្រក់​ទឹកភ្នែក (​ឬ ជូត​ទឹកភ្នែក​អោយ​ប្តី ) ពេល​ស្វាមី​សើច នាង​ជា​អ្នក​ទះដៃ ពេល​ស្វាមី​ច្រៀង នាង​ជា​អ្នក​បន្ទរ​....​។ អ្នក​ត្រេកអរ​នឹង​ស្រីពេស្យា នាំ​អោយ​អស់​ទ្រព្យសម្បត្តិ ប្រាក់កាស់ និង បែកបាក់​គ្រួសារ (​អាច​នាំ​អោយ​ប្រពន្ធ​ផិតក្បត់​ក៏មាន ) សុខភាព​ចុះ​ថយ​ជា​លំដាប់ ប្រឈមមុខ​នឹង​ការឆ្លង​រោគ​ច្រើន​ប្រការ​មាន​កាមរោគ​ជាដើម នឹង ត្រូវ​គេ​តិះដៀល (​មើលងាយ​ដល់​កូន ) ។ ​ហេតុ​នេះ​បុរស​មិន​ត្រេកអរ​នឹង​ប្រពន្ធ​ខ្លួន ហើយ​ទៅ​ជក់​ចិត្ត ជាប់​ជួន នឹង​ស្រីពេស្យា ទ្រូស្ត​នឹង​ប្រពន្ធ​កូនខ្លួន ជា​ប្រមុខ​នៃ​ក្តិវិនាស​ទី​៩ ។​

​ ​១០- ​បុរស​ដែល​មាន​វ័យ​ចំណាស់​ពេក ហើយ​មាន​តម្រេក​ដោយ​ក្តី​តណ្ហា នាំ​យក​ស្រី​ក្មេង​ធ្វើ​ជា​ភរិយា
​ ​បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ចាស់​ទៅហើយ យក​មនុស្ស​វ័យក្មេង​ធ្វើជា​ភរិយា ឬ ជា​ស្វា​ម៉ី​, នៅ​ចំពោះមុខ ប្រហែលជា​មាន​គេ​សរសើរ​ថា​ជា​គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី ប៉ុន្តែ​ជន​ជា​សប្បុរស និង បណ្ឌិត​ទាំ​ឡាយ​រមែង​តិះដៀល (​មនុស្ស​ទូទៅ​ហៅថា​ចាស់​ព្រើល​) ។ ដោយហេតុតែ​ការ​ង​ប់ង​ល់នឹង​ភរិយា (​ឬ​ស្វាមី​) ក្មេង​នោះ ធ្វើអោយ​បុគ្គល ចំណាស់​នោះ​តែង​ខ្វល់ខ្វាយ​តែ​នឹង​រឿង​ផ្គាប់ផ្គុន ទោះ​នាង​ធ្វើ​អ្វី​ខុសឆ្គង ក៏​មិន​ហ៊ាន​ប្រកាន់ ព្រោះ​ខ្លាច​នាង​មិន​សប្បាយចិត្ត នាង​ង៉ក់​ងរ ម្ល៉ោះហើយ​ចេះតែ​ញាក់​តាម​មនោគតិ​របស់​នាង ដែល​អាច​អោយ​បុរស​ចំណាស់ នោះ​ហ៊ាន​ប្រព្រឹត្ត អកុសល និង អំពើ​អយ​ស​ផ្សេងៗ​ដើម្បី​បំពេញ​ចិត្ត​នាង ប៉ុន្តែ​អ្នក​ដទៃ​ឆ្គង​ភ្នែក ឃ្នើសចិត្ត​ក្រៃពេក​ ។ បើ​បុគ្គល នេះ​មានកូន​ប្រពន្ធ​ស្រាប់​ផង​នោះ កូន​និង​ប្រពន្ធ​មុខជា​ខ្ចាត់ខ្ចាយ និរាស​ចាក​សុខ​ជា​ប្រាកដ​។​

​ ​ដោយហេតុតែ​រវល់​នឹង​រឿង​ផ្គាប់ផ្គុន ទើប​មិន​មាន​ពេល​គិតពិចារណា​រក​ធម៌អាថ៌​សម្រាប់​ខ្លួន ។ លុះ​ពេល​ស្លាប់​ទៅ យក​ទៅ​តាម​ខ្លួន​តែ​បាបកម្ម​ដោយសារ​ផ្គាប់ចិត្ត​នាង ហើយ​ស្លាប់​ទាំង​បិទ​ភ្នែក​មិន​ជិត ស្លាប់​ទាំង​អាឡោះអាល័យ ចំពោះ​ភរិយា​ក្មេងខ្ចី ។ ប្រការនេះ មានរឿង​តា​ជូ​ជក ជា​គំរូ​ស្រាប់ ។ ហេតុនេះ បុរស​ដែល​មាន​វ័យ​ចំណាស់ ហើយ​មាន តម្រេក​តណ្ហា នាំ​យក​ស្រី​ក្មេង​ធ្វើ​ជា​ភរិយា ជា​ប្រមុខ​នៃ​ក្តីវិនាស​ទី​១០ ។​

​ ​១១- ​បុរស​អ្នក​តាំង​ស្រី ឬ ស្ត្រី​អ្នក​តាំង​បុរស​ដែល​ជា​អ្នកលេង​ខ្ជះខ្ជាយ
​ ​ការតាំង​ស្រី ឬ តាំង​បុរស​អ្នកលេង​ខ្ជះខ្ជាយ បាន​ដល់​ការ​ដែល​យក​ស្ត្រី ឬ បុរស​ដែល​ជា​បុគ្គល​មាន​ចិត្តគំនិត​គិតតែ​ពី​រឿង​ស៊ីចាយ​សប្បាយ​ហ៊ឺ​ហា មិន​ខ្វល់ខ្វាយ ពី​រឿង​សិក្សា​រៀនសូត្រ​ដើម្បី​ចាប់​យក​អាជីព ឬ ប្រកប​ការងារ​ក្នុង​ការ​រក​និង រក្សា​ទ្រព្យសម្បត្តិ មិន​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​នាពេល​ខាងមុខ​ជាដើម មក​ជា​គូ​កំណាន់ ឬ ជា​គូ​កៀក​កើយ ជា​គូ​មេត្រី​ ។ ប្រការនេះ នាំ​អោយ​បុគ្គល​នោះ​រលាយ​ទ្រព្យសម្បត្តិ និង សមត្ថភាព​ដែល​មាន​ស្រាប់​នោះ​យ៉ាង​លឿន ។ មិនយូរប៉ុន្មាន គេ​នឹង​ខ្សោះ​អស់ទ្រព្យ ធ្លាក់​ខ្លួន​ក្រ ហើយ ក៏​មិន​ដឹង​ថា នឹង​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ក្រោកឈរ​វិញ​ឡើយ ។ ស្ត្រី ឬ បុរស​ដែល​ខ្លួន​តាំង​ជា​គូគាប់​នោះ ប្រហែល​ជា​ងាក​មក​មើលងាយ បញ្ឈឺ​បញ្ចើចបញ្ចើ​ដាក់​បុគ្គល​នោះ​វិញ ហើយ​ហក់​ទៅ សប្បាយ​ហ៊ឺហា​ជាមួយ​អ្នក​ផ្សេង​ទៀត ។ ការតាំង​ស្រី ឬ តាំង​បុរស​ដែល​ជា​អ្នកលេង​ខ្ចះខ្ជាយ ជា​ប្រមុខនៃ​ក្តីវិនាស​ទី​១១ ។​

​ ​១២-​ ជន​អ្នក​កើត​ក្នុង​ត្រកូល​ក្សត្រ ហើយ​ក្រខ្សត់​ធនធាន មានគំនិត​គិត​ប៉ង​ជា​ក្សត្រ
​ ​ដោយសារ​តែ​ចិត្ត​លោភលន់​នេះ បុគ្គល​ដែល​ស្ថិតនៅ​ក្នុង​ខត្តិយ​ត្រកូល (​ឬ​ត្រកូល​អ្នកដឹកនាំ​ជាតិ​) ជា​ត្រកូល​ដ៏​ខ្ពង់ខ្ពស់​រូបនេះ បង្កើត​ក្រុម​បក្សពួក​ដើម្បី​ដណ្តើម​រាជ សម្បត្តិ (​ឬ អាសនៈ​ជា​អ្នកដឹនាំ​ជាតិ ) ដោយហេតុតែ​ចង់​សោយសុខ​លើ​គំនរ​ភ្នំ​មាស ភ្នំ​ប្រាក់ និង ភ្នំ​កាមសុខ​ផ្សេងៗ ។ បុគ្គល​នេះ ចង់​បាន​ជា​ក្សត្រ (​ជា​អ្នកដឹកនាំ​ជាតិ​) នេះ​មិនមែន ដោយសារ​ខ្លួន​មាន​សមត្ថភាព​ដឹកនាំ​ជាតិ ចំណែក​អ្នក​ដឹកនាំ​កំពុង​នៅ​ក្នុង​តំណែង ជា​មនុស្ស​អសមត្ថភាព ឬ អ្នក​អយុត្តិធម៌​ជា​ដើម​នោះ​ទេ ការពិត​គេ​ចង់បាន​តំណែង​នោះ​ដោយសារ​តែ​គេ​ចង់​សោយសុខ ឬ ដោយហេតុ​ល្មោភ ឬ ដោយ​ភាព​លង់​ក្នុងការ​បញ្ជោរ​របស់​អ្នកដទៃ​ទាំង​ងងឹតងងល់​តែប៉ុណ្ណោះ ។ ហេតុនេះ ប្រសិនបើ​បំណង​របស់​គេ​បាន​សម្រេច​មែន​នោះ បុគ្គល​នេះ​មុខ​ជា​គ្មាន​ធ្វើ​អ្វី​សម្រាប់​ជាតិ ក្រៅ​តែ​សប្បាយ​ហ៊ឺហា ចាយ​បង្ហិនបង្ហោច​ទ្រព្យ​ជាតិ បំផ្លាញ​ច្បាប់​រដ្ឋ បំផ្លាញ​ភាពរលូន​នៃ​រចនាសម្ព័ន្ធ​នានា បំផ្លាញ​ភាព​សាន្តត្រាណ​របស់​សង្គម​ឡើយ ។ មិនយូរប៉ុន្មាន មុខ​ជា​មាន​ការបះបោរ ហើយ​នឹង​នាំយក​បុគ្គល​នេះ​ទៅ​ផ្តន្ទាទោស​ជាមិនខាន ។ ​ជួនកាល​បុគ្គល​នេះ លុះ​ក្នុង​ការ​លួងលោម បញ្ឆោត​បញ្ជោ​ពី​ពួក​ខិលខូច​ក្រុម​ណាមួយ​អោយ​លង់​ធ្វើបែបនេះ ដូចជា​សរសើរ​រឿយៗ​ថា បុគ្គល​នោះ​មាន​ចា​រិត ប្ញ​ក​ពា រូបរាង មុខមាត់ និង សមត្ថភាព​...​សក្តិសម​នឹង​ឋានៈ​ដ៏​កំពូល​នោះ ហើយ​ថា ពេញចិត្ត​ផ្ញើ​វាសនា និង សន្យាថា​នឹង​ជួយ​បុគ្គល​នោះ​អោយបាន​ជោគជ័យ​ដោយ​ប្រការ​ផ្សេងៗ​ជាដើម ។

តាមពិត ​បុគ្គល​នោះ​គ្រាន់តែ​ឧបករណ៍ នៃ​ល្បែង​ដណ្តើម​អំណាច ឬ ជា​កម្ម​បទ​នៃ​ការបំបែកបំបាក់​សាមគ្គីភាព​នៃ​រាជវង្ស (​ឬ​គ្រួសារ​អ្នកដឹកនាំ​ជាតិ ) តែប៉ុណ្ណោះ ។ ជា​អកុសល​បុគ្គល​នោះ ដោយហេតុតែ​ភាព​លង់​ខ្លៅ ឬ ដោយហេតុតែ​ភាព​ល្មោភ ទើប​មិន​យល់​ពី​ឧបាយ​នេះ ក៏​ក្លាយទៅជា​សត្វ​មាន់​ដែល​ជន​ទុច្ចរិត​ចាប់​បញ្ជល់​ជាមួយ​គ្នា​ឯង ។ ប៉ុន្តែ​ដោយ​ហេតុតែ​ភាព​លង់​ខ្លៅ​នេះ ប្រហែលជា​មិនទាន់​បាន​សម្រេច​បំណង​ផង ក៏​ត្រូវ​គេ​ចាប់​បញ្ជូល​ទ្រុង ឬ និរទេស​បាត់ទៅហើយ ។

​ ​នៅ​ក្នុង​ការ​ឆ្លើយ​នឹង​ប្រស្នា​របស់​មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស់​សំដែង​ថា ប្រមុខ​នៃ​ក្តីវិនាស មាន​១២ ប្រការ​យ៉ាង​នេះ​ឯង ។​

-----------------------------------------------------------------------------------------------------------
(១) សំណាង = ការ​សាង គឺ​ទង្វើ​ដែល​គេ​ធ្វើ ឬ អ្វី​ដែល​ជា​សមិទ្ធិផល​នៃ​ការ​សាង ដូច្នេះ​ពាក្យ​ថា ព្រេង​សំណាង មិនមែន​សំដៅលើ​បុណ្យ​ពី​ជាតិ​មុន​តែ​ម្យ៉ាង​ឡើយ គឺ​មានន័យ ថា អ្វី​ទាំងឡាយណា​ដែល​គេ​បាន​ធ្វើ​ហើយពី​កាល​មុន ដោយ​រួម​ទាំង​ពី​អតីត​ជាតិ និង ក្នុង​ជាតិ​នេះ ដូចជា​កាលពី​ខែ​មុន ឆ្នាំមុន ជា​ដើម​ផង​ដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជា​ដែល​យើង​បាន​សិក្សា​ហើយ ក៏​ចាត់ទុកជា​ព្រេងសំណាង​មួយ​ដែរ ។ បើ​បុគ្គល​ណា​និយាយថា ពឹង​លើ​សំណាង មានន័យ​ថា ពឹង​លើ​អ្វី​ដែល​គើ​ធ្វើ ។​(ដកស្រង់ពី C.E.N news)rinsaro

1 comment:

Anonymous said...

សូមអរគុណជាអណេកចំពោះការបកស្រាយយ៉ាង ក្បោះក្បាយពីវិនាសទាំង ១២

ខ្ញុំបានអានទាំងអស់ពិតជាមូលដ្ឋានគំនិតដ៏ល្អឥតខ្ចោះ​

មែន