Wednesday, November 18, 2009

សាស្ត្រាចារ្យភាសាបាលី ប្រាក់ ព្រុំ បានអនិច្ចកម្មហើយ ដោយរោគាពាធ


លោកសាស្ត្រាចារ្យ (ព្រឹទ្ធាចារ្យ) ប្រាក់ ព្រុំ ដែលជាអ្នកចេះដឹងដ៏ល្បីល្បាញម្នាក់ ក្នុងវិស័យអប់រំ ខាងផ្នែកព្រះពុទ្ធសាសនា បានទទួលអនិច្ចកម្មហើយ កាលពីព្រឹកថ្ងៃពុធ ០៩ រោច ខែកត្តិក ពុទ្ធសករាជ ២៥៥៣ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ វេលាម៉ោង ៣ ទៀប ភ្លឺដោយរោគាពាធ ហើយសពលោក សាស្ត្រាចារ្យ បានតំកល់ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ពុទ្ធសាសនាខ្មែរនៅវត្តលង្កា រាជ ធានីភ្នំពេញ ។
លោកសាស្ត្រាចារ្យ ព្រឹទ្ធាចារ្យ ប្រាក់ ព្រុំ មានតួនាទី ជាគ្រូបង្រៀន ភាសាបាលី និងទ្រឹស្តីព្រះពុទ្ធសាសនា នៅតាមបណ្តាពុទ្ធិកសិក្សា នានាក្នុងរាជធានីភ្នំពេញមាន ពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាដើម ដែលសមណសិស្ស​ និស្សិតភាគច្រើនធ្លាប់បានរៀនជា មួយលោក ។
ពិធីបុណ្យមានរយៈពេលបីថ្ងៃ ក្រោមការសោកស្តាយ អាឡោះអាល័យពីក្រុមគ្រួសារ ញាតិ មិត្តជិតឆ្ងាយ ជាពិសេសសមណសិស្ស និស្សិតដែលតែងតែ បានស្តាប់នូវឱវាទណែនាំ និង ការបង្ហាត់បង្រៀន តែចាប់ពីពេលនេះតទៅ នឹងគ្មានឱកាសបាន ទទួលយកចំណេះដឹង ពីលោកសាស្ត្រាទៀតហើយ ។ លោកគ្រូមិន ត្រឹមតែជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់មួយរូប នៅក្នុង វិស័យព្រះពុទ្ធសាសនា ប៉ុណ្ណោះទេថែមទាំងជា មនុស្សដែលមានគុណធម៌ខ្ពស់ មានអត្តចារិក ស្លូតបូតសុភាពរាបសារ គួរឱ្យគោរពស្រឡាញ់រាប់អាន។ ពិធីបូជាសពលោកសាស្ត្រាចារ្យ បានប្រព្រឹត្តិទៅនៅ រសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកាឆ្នាំ ២០០៩ ក្រោមអធិបតី ភាពរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែង សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គាធិការ នៃអគ្គាធិការពុទ្ធិកសិក្សាជាតិ នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះឧត្តមបញ្ញា ដួង ផង សមាជិកថេរសភានៃព្រះពុទ្ធសាសនាកម្ពុជា និងព្រះរាជាគណៈ មន្រ្តីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរយនាក់ ក្រោមការនឹកស្តាយ ស្រណោះ អាឡោះអាល័យ ជាពន់ពេកប្រមាណមិនបាន ៕ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា

No comments: