Saturday, November 28, 2009
នាគជាតំណាងអ្វីចំពោះប្រជាជាតិខ្មែរ
មានចម្ងល់ជាច្រើនបានលើកឡើងសួរថា ទោះនៅទីណាក៏ដោយឲ្យតែមានតាំង ឬតម្កល់ កសាងវត្ថុបុរាណ បេតិកភណ្ឌជាតិ ឬក៏ជារូបសំណាកនៅទីសាធារណៈ ទីវត្តអារាមនានា គេតែងតែឃើញរូបចម្លាក់នាគនៅសឹងគ្រប់ទីកន្លែងនោះដែរ ។ ជាក់ស្តែងដូចជារូបនាគព័ន្ធកន្ទុយបាញ់ទឹកនៅសួនច្បារវិមានឯករាជ្យ និងរូបនាគទាំង១០០ នៅលើវិមានឯករាជ្យ រូបនាគនៅបង្កាន់ដៃស្ពាន នាគនៅខាងត្បូងវត្តភ្នំ ចម្លាក់នាគវែងសន្ធៃនៅប្រាង្គប្រាសាទអង្គរវត្ត នៅតាមជណ្តើរវត្តនានា... ។
នាគជាតំណាងឱ្យទឹកដីនគរខ្មែរ ។ នាគជាអង្គសត្វដែលរស់នៅលើដីក៏បាន ក្នុងទឹកក៏បាន ។ នាគគឺតំណាងឱ្យភាពខ្លាំង, ទន់ភ្លន់ តែមានប្ញទ្ធានុភាព ។ សត្វនាគមិនចេះស្លាប់ទេ តែពេលណាចាស់គេនឹងសកម្តង ដូច្នេះគេនៅតែក្មេងជារៀងរហូត ។ នាគជាសត្វដែលមានអាយុវែង ប្រៀបឧបមាដូចជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គ្រាន់តែជួបឧបសគ្គទុក្ខលំបាកវេទនា តែមិនសាបសូន្យឡើយ ។
ពិតប្រាកដណាស់ បើនិយាយពីឈ្មោះសត្វនាគ គឺស្ទើរតែគ្រប់ប្រទេសលើសកលលោកសុទ្ធតែមានរូបភាពតំណាងទាំងអស់ ព្រោះនាគគឺជាសត្វក្នុងរឿងព្រេង ។ ប៉ុន្តែរូបភាពទាំងនោះ គឺមានលក្ខណៈខុសៗគ្នា ទៅតាមប្រពៃណីនិងគោលបំណងរបស់សញ្ជាតិនីមួយៗ ។ នាគចិនមានភ្នែកធំលៀនត្លែ មានពុកមាត់វែងៗ ដូចភ្នែកនិងពុកមាត់បង្កង មានជើង ។ អាចនៅក្នុងទឹក លើគោក និងហោះហើរលើមេឃ ។ ជាទូទៅគេច្រើនគូររូបនាគហោះក្នុងពពក ។ ជនជាតិចិនខ្លះបានអះអាងថា នាគរបស់គេតំណាងឱ្យសេនាព្រះនៅក្នុងបាតសមុទ្រ មានតួនាទីជាអ្នកគ្រប់គ្រងទាំងទឹកក្នុងសមុទ្រ ទន្លេ ទាំងទឹកភ្លៀងនៅក្នុងមេឃ ។ ចំណែកនាគរបស់ពួកអឺរ៉ុប គឺជាតំណាងសត្វចម្លែកមុនប្រវត្តិសាស្ត្រ ជាសត្វពស់មានរូបរាងធំសម្បើម មានដុះស្លាប ឬមានក្បាលច្រើន ។ សត្វនេះសាហាវ ប៉ុន្តែច្រើនតែជួយធ្វើអន្តរាគមន៍សម្លាប់ពួកយក្សដែលយាយីមនុស្ស ។
ដោយឡែកនៅប្រទេសកម្ពុជា នាគជាតំណាងសត្វដ៏មានមហិទ្ធិប្ញទ្ធិ និងរក្សាសន្តិភាព ។ ន័យដើម របស់ពាក្យនេះចេញពីបាលី ឬសំស្ក្រឹតគឺមានន័យថា ប្រសើរ ចម្បង បរិសុទ្ធ ។ គេអាចហៅព្រះសព្វញ្ញូពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរហត្ថទាំងអស់ជានាគ ព្រោះលោកលះបង់លែងធ្វើបាបដោយដាច់ខាតហើយ ។ និយាយរួមជនណាមួយដែលប្រព្រឹត្តចាកទុច្ចរិត គេហៅថានាគទាំងអស់ ។ សត្វណាក៏ដោយខុសពីនាគ មានដំរីជាដើម បើមានរូបរាងស័ក្តិសមនិងសីលធម៌ល្អ ក៏គេហៅថានាគដែរ ។ ចំពោះខ្មែរ សត្វនាគ គឺសម្គាល់ទៅលើសត្វពស់ ដ៏ធំហើយមាន សីលធម៌ល្អទៀតផង ។
ក្នុងរឿងរ៉ាវផ្នែកពុទ្ធសាសនាក្តី ផ្នែកព្រហ្មញ្ញសាសនាក្តី ផ្នែករឿងព្រេងប្រវត្តិសាស្ត្រក្តី នាគសុទ្ធតែជួយយកអាសាអ្នកមានបុណ្យ ដូចជានាគប្រក់ព្រះពុទ្ធ នាគធ្វើជាព្រ័ត្រក្នុងរឿងកូរសមុទ្រទឹកដោះ នាងនាគ ក្នុងរឿងព្រះថោងនាងនាគជាដើម ។
ចំពោះលក្ខណៈសិល្បៈខ្មែរ នាគមានតាំងពីក្បាលមួយ ក្បាល៣ ក្បាល៥ ក្បាល៧ ពោលគឺនាគអាចមានក្បាល១ ឬក្បាលច្រើន ប៉ុន្តែក្បាលទាំងនោះមិនត្រូវគូទេ គឺត្រូវសេសមួយជានិច្ច ។
នៅក្នុងរឿងព្រេងស្តីពីកំណកំណើតទឹកដីកម្ពុជា គេតែងនិយាយថានៅកោះដ៏ធំមួយ ដែលគេហៅថា កោះគោកធ្លកនោះ មានម្ចាស់ក្សត្រីមួយអង្គជាបុត្រីរបស់ស្តេចនាគជាអ្នកគ្រប់គ្រង ។ ថៃ្ងមួយមានយុវក្សត្រមួយអង្គមកពីប្រទេសឥណ្ឌាឈ្មោះកម្ពុជៈ បានធ្វើដំណើរមកដល់កោះនោះ បានជួបម្ចាស់ក្សត្រី ហើយបានធ្វើសង្គ្រាមជាមួយគ្នាមួយប្រាវ ប៉ុន្តែក្រោយមកបែរជាចាប់ចិត្តស្នេហារវាងគ្នានឹងគ្នាទៅវិញ ហើយក៏រៀបអាពាហ៍ពិពាហ៍ បង្កបង្កើតជារដ្ឋមួយថ្មី មានច្បាប់ទម្លាប់ប្រពៃណី និងវប្បធម៌ជឿនលឿនរហូតមក ។ ព្រោះទឹកដីដ៏រុងរឿងត្រូវកសាងដោយកូនស្រីនៃស្តេចនាគនោះហើយដែល ខ្មែរសន្មតថា “នាគ” ជាតំណាងឱ្យមាតុភូមិរបស់ខ្លួន ៕(Cambodian Express News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment