Wednesday, November 18, 2009
ព្រះពុទ្ឋឃោសាចារ្យ ខៀវ ណឺយ (បញ្ញាវិសាលោ) ព្រះរាជាគណៈថ្នាក់ទី២ គណៈមហានិកាយ សម្ភព ព.ស ២៤៧៦/គ.ស១៩៣២ អនិច្ចធម្ម ព.ស ២៥៥០/គ.ស២០០៧
ព្រះជីវប្រវត្តិ
ព្រះពុទ្ឋឃោសសាចារ្យ ខៀវ ណឺយ បញ្ញាវិសាលោ សម្ភពក្នុងបច្ឆិម
យាមទៀបភ្លឺ ថ្ងៃ ព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំ វក ចត្វាស័ក ពស
២៤៧៦ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ១៩៣២ នៅភូមិ ជ្រាវ ឃុំ
ជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ក្នុងសតវត្ស ទី ២០ ដើម
ទសវត្ស ទី ៤ ក្នុងបន្ទុក គ្រួសារ កសិករតូចមួយ នៅជនបទដែ
លមានកូន ៧ នាក់ មាតា នាម ឪម តុក បិតា នាម ខៀវ ម៉ាន់។
កូនទី ១ ម៉ាន់ រឹម កូនទី ២ ម៉ាន់ មួត កូនទី ៣ ម៉ាន់ មឿន កូន
ទី ៤ ម៉ាន់ លូស កូនទី ៥ ម៉ាន់ ទុយ កូនទី ៦គឺព្រះពុទ្ឋឃោសាចារ្យ
និងកូនទី ៧ ម៉ាន់ ហេង។ ដោយមាតាបិតាជាកសិករ កុមារ ខៀវ
ណឺយ មិនបានរស់ នៅក្នុងគេហដ្ឋានច្រើនប៉ុន្មានទេ មាតាបិតា
ថ្នាក់ថ្នមថែរក្សាច្រើននៅស្រែ ចំការជ្រក ក្រោមម្លប់ឈើ។ លុះ
អាយុបាន ១០ ឆ្នាំ មាតាបិតាបានយក មកប្រគេន អោយស្នាក់នៅ
វត្តរាជបូណ៍ ក្នុងសំណាក់ព្រះគ្រូហ៊ីង ម៉ៅ ជាព្រះចៅអធិការ
ដែលនៅទីនោះកុមារ ខៀវ ណឺយ បានសិក្សា អក្សរសាស្រ្តផងហើយ
និងរៀនធម៌អាថ៍ សិក្ខាវិន័យផង។ រហូតបានអាយុ ១៥ ឆ្នាំ បាន
បួសជា សាមណេរ ក្នុងសំណាក់ព្រះគ្រូ ហ៊ីង ម៉ៅ ក្នុងពេលបួស
ជាសាមណេរ សមណៈ ខៀវ ណឺយ បានសិក្សាធម៌អាថ៍អស់រយៈកាល
ពេលពីរព្រះវស្សា ក៏បានលាចាកសិក្ខាបទ ទៅបំរើឪពុក ម្តាយវិញ។
រហូតដល់អាយុ ២២ បានចូលមកឧបសប្បទាកម្ម ក្នុងសំណាក់ព្រះ
គ្រូឧប្បជ្ឈាយ៍ ហ៊ីង ម៉ៅ ក្នុង ពុទ្ឋសីមាវត្តរាជបូណ៍ដោយបានទទួល
នាមបញ្ញាតិថា បញ្ញាវិសាលោ។ ក្រោយពីបាន ឧបសម្បទា ហើយភិក្ខុ
ខៀវ ណឺយ បានខិតខំសិក្សាធម៌អាថ៍ដោយ មិនមានការធ្វេសប្រហែស
បណ្តែត បណ្តោយពេល វេលាឡើយរហូតទទួល សញ្ញាប័ត្រថ្នាក់ត្រី
ទោឯក និង សញ្ញាប័ត្របាតិមោក្ខកោវិទ អ្នកសំដែងភិក្ខុបោតិមោក្ខ
ដ៏ចំណានមួយព្រះអង្គ។ ក្នុងចន្លោះដែរបានឆ្លៀតសិក្សា វិបស្សនាធុរៈ
ក្នុង សំណាក់ ព្រះគ្រូធម្មាចារ្យ ហ៊ីង ម៉ៅ ដោយឡែកពីគន្ឋធុរៈ
និងវិបស្សនាធុរៈ ភិក្ខុ ខៀវ ណឺយ បានរៀនឆ្លាក់ រចនាព្រមទាំងបាន
ជាមេជាងយ៉ាង ចំណានទៀតផង។ ដោយចំណេះ វិជ្ជានិងចរិយាធម៌ល្អ
សាកសម ជាសក្យបុត្រ ធ្វើអោយព្រះគ្រូចៅអធិការហ៊ីង ម៉ៅព្រមទាំង
ភិក្ខុសាមណេរ និង ញាតិ ញោមពុទ្ធបរិស័ទ ពេញព្រះទ័យ និង
ពេញចិត្តជាខ្លាំង ។
ដោយអកុសលប្រទេស កម្ពុជាបានទទួលភ្លើងសង្គ្រាម ក្នុងរវាងឆ្នាំ១៩៧៥
ពូក ពល ពត បានជន្លៀស ភិក្ខុ ខៀវ ណឺយ អោយទៅស្នាក់នៅវត្ត
គោកធ្លកស្រុកជីក្រែង ខេត្តសៀមរាប ហើយពួកទមិឡឥត សាសនា
បានបង្ខំ អោយលាចាកសិក្ខាបទ អោយធ្វើស្រែចំការ ដាំដំណាំ
ឃ្វាលគោក្របី លើកទំនប់ ជីកប្រឡាយ បង្អត់បាយទឹក យ៉ាងខ្លោច
ផ្សាបំផុត រហូតមកដល់ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានវិល ត្រឡប់មក
ស្រុកភូមិវិញបន្ទាប់ពីបានរំដោះដោយ រណសិរ្យសាមគ្គីសង្គ្រោះជាតិ
ក្នុងរវាងឆ្នាំ ១៩៨០ ក៏បាន ឧបសម្បទាម្តងទៀតក្រោម ព្រះរាជាធិបតីភាពរបស់
សម្តេចព្រះអគ្គមហាសង្ឃ ទេព វង្ស ជាព្រះឧបជ្ឈាយ៍ ។
សមិទ្ធផលនានារបស់ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ
នៅឆ្នាំ១៩៨២បានជួសជួលស្ពានដែកដែលឆ្លង ស្ទឹងខាង លិចវត្តរាជបូណ៍
(ស្ពានវត្តបូណ៌សព្វថ្ងៃ)។
នៅឆ្នាំ ១៩៨៣ បានកសាងស្ពានលូទឹកមួយកន្លែង មន្ទីរពេទ្យឃុំ
សាលាឃុំ មួយខ្នង មានពីរជាន់ សាលាឆទានមួយខ្នងទៀតនៅភូមិ
សាលា កំរើកអស់ប្រាក់ ពីលានប្រាំ សែនបីម៉ឺនប្រាំពាន់រៀល
ស្មើនិងមាស ៨៤ ជី និង៣ហ៊ុន។
នៅឆ្នាំ ១៩៨៤ បានជួសជួលសាលាបឋមសិក្សា ជ្រាវចំនួន ៣
បន្ទប់អស់ទឹកប្រាក់ មួយលានបួនសែនរៀល ស្មើនិងមាស៥៤ជីនិង៣ហ៊ុន ។
នៅឆ្នាំ ១៩៨៥ បានកសាងសាលាបឋមសិក្សា វត្តរាជបូណ៍ ៣ ខ្នង
៩បន្ទប់ធ្វើអំពីឈើ ប្រក់ក្បឿងអស់ ទឹកប្រាក់ចំនួនសាមសិបប្រាំលាន
ប្រាំមួយម៉ឺនបួនពាន់ពីររយរៀល ស្មើនិងមាស៧០ជីនិង១ហ៊ុន ។
នៅឆ្នាំ ១៩៨៦ បានកសាងសាលាឆទាននៅ ពោធិណរាយ ភូមិកក្រាញ់
ឃុំសៀមរាប ហើយនិង សាលាឆទាននៅភូមិបឹង១ខ្នងទៀត។
នៅឆ្នាំ ១៩៨៨ បានជួយជួសជួលពិដាន មន្ទីរពេទ្យ ខេត្តសៀមរាបចំនួន
២ ខ្នងអស់ទឹក ប្រាក់ចំនួនដប់ប្រាំមួយ លានប្រាំបីសែនរៀលស្មើនិង
មាស៩ជីនិង៦ហ៊ុន ។ និង សាលាបឋមសិក្សាគង់ម៉ុចពីរ អគារចំនួន
៦បន្ទប់អស់ទឹក ប្រាក់ចំនួនប្រាំលានរៀល ស្មើនិង មាស១៤ជីនិង៣ហ៊ុន ។
នៅឆ្នាំ១៩៨៨ ដដែលបានកសាងផ្លូវមួយខ្សែរ ចេញពីផ្លូវ ជាតិលេខ ៦
ទៅដល់សាលាវិទ្យល័យអង្គរ (ផ្លូវលោកតាណឺយ សព្វថ្ងៃ) និងរៀបប្រព័ន្ធ
លូរទឹក និងចាក់កៅស៊ូ នៅឆ្នាំ២០០១ ។
នៅឆ្នាំ ១៩៨៩ ចៅហ្វាយាខេត្តបាននិមន្ត អោយកសាងព្រះវិហារព្រះអង្គចេក
ព្រះអង្គចម ហើយនិង ព្រះអង្គងោកនៅអង្គធំ អស់ទឹកប្រាក់ចំនួន ៨៣២០០០០០រៀល
ប៉េតសិបបីលានពីរសែនរៀល ស្មើនិងមាស៤៦ ជីនិង២ហ៊ុន ។
នៅឆ្នាំ ១៩៩០ ជួសជុលកុដិថ្មបានពីរជាន់១ខ្នងសំណាក់ព្រះសង្ឃរាជក្នុង
វត្តរាជបូណ៍សព្វថ្ងៃ។
នៅឆ្នាំ ១៩៩១បានកសាងសាលាបឋមសិក្សាជ្រាវ១ខ្នង ៤បន្ទប់ធ្វើអំពីថ្ម
ប្រក់ក្បឿង អស់ទឹកប្រាក់ ចំនួន ហាសិបបីលានប្រាំមួយសែន ប្រាំបីម៉ឺន
ពីរពាន់មួយរយរៀល ស្មើ និង១២០តំឡឹង និងកសាងទីស្នាក់ការមួយខ្នងទៀត
នៅឆ្នាំ ដដែលបានធ្វើលូ ប្រឡាយ ចំនួន២ កន្លែង បាននាំប្រជាជន
លើកថ្នល់ពីមុខ សាលាបឋមសិក្សាជ្រាវ រហូតដល់ផ្សារលើហើយ និង
លើកថ្នល់ពីរខ្សែទៀត ពីឃុំសាលាកំរើកដល់ភូមិខ្នារ ចាស់ហើយមួយខ្សែ
ទៀតចាប់ពីខាងកើតសាលា ស្រុកសៀមរាបទៅ ទល់ នឹងអាងក្រពើអស់ទឹក
ប្រាក់ចំនួនចិតសិប ប្រាំលានរៀល ស្មើនិង១៨៧ជីនិង៥ហ៊ុន ។
នៅឆ្នាំ ១៩៩២ បានកសាងសាលាបឋមសិក្សាជន្លង់១ខ្នងចំនួន៣ បន្ទប់អស់
ទឹក ប្រាក់ចំនួន ប្រាំបួនលាន ស្មើនិងមាស៧ជីនិង៥ហ៊ុន ហើយនិង សាលាឆទាន ១ខ្នងខាងកើតអនុវិទ្យាល័យអង្គរអស់ទឹកប្រាក់ចំនួនមួយលានរៀលស្មើនិង៧ជី៥ហ៊ុនមាស ។
ហើយនឹងនិមន្តមកកសាង ក្នុងវត្តបន្តទៀតគឺកុដិពីរខ្នងធ្វើអំពីរឈើ
ចូលរួម ជាមួយ ឧបាសិកា ណន និង ឧបាសកញឹមកសាងបាន
ចំនួន ពីរខ្នងទៀត ផ្នែកសំភារៈតុចំនួន២០ដាក់សាលាជ្រៃ(អនុវិទ្យាល័យស្វាយធំ)
បឋមសិក្សាខ្នារ ៣០ តុ បឋមសិក្សាជ្រាវចំនួន៤០តុ បានធ្វើសាលា
មត្តេយ្យ នៅវត្តគង់ម៉ុចមួយខ្នង។
នៅឆ្នាំ ១៩៩៤បានកសាងសាលាបឋមសិក្សា វត្តរាជបូណ៍មួយខ្នងពីរជាន់ចំនួន
៨ បន្ទប់ បានកសាង ជាមួយសម្តេច ហ៊ុន សែនមួយជាន់ម្នាក់អស់ទឹកមាស
ចំនួន ២៧ ដំឡឹងនិង៥ជី ។
ឆ្នាំ ១៩៩៥ បានកសាងសាលារៀនមួយខ្នងពីរជាន់ ៨បន្ទប់ទៀតក្នុបរិវេន
សាលាវត្ត រាជបូណ៍ ដដែលអស់ ទឹក ប្រាក់ ចំនួនចិតសិបមួយលាន
បួនសែនពីរម៉ឺនប្រាំបីពាន់ ប្រាំរយរៀលស្មើនិងមាស៥៥ដំឡឹង ។
នៅឆ្នាំ១៩៩៥ ដដែលកសាងស្ពានជិតវត្តពោធិ៍ក្រោម ដែលអស់ថវិកា
ចំនួន ប្រាំបួន ពាន់ដុល្លាសហរដ្ឋអាមេរិក ($9,000)និងស្ពានក្នុងភូមិ
ប្រឡាយ ដែលអស់ថវិកាចំនួន ពីរពាន់ប្រាំមួយរយដុល្លាសហរដ្ឋអាមេរិក
($2,600) ។ឆ្នាំ ១៩៩៦ កសាងសាលារៀនភូមិបឹង ជាមួយ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា អស់ថរិកា ចំនួនមួយ ពាន់ដុល្លាសហរដ្ឋអាមេរិ
($1,000) ។ឆ្នាំ១៩៩៧ បានសាងផ្លូវថ្នល់មួយុខ្សែទៀតចាប់ ផ្លូវជាតិលេខ ៦
ដល់រោងម៉ាស៊ីន ភ្លើងចាស់អស់ទឹកប្រាក់ បីម៉ឹនដុល្លាសហរដ្ឋអាមេរិក (30 000$) ។
ឆ្នាំ១៩៩៨ កសាងសាលាបឋមសិក្សា វត្តគង់ម៉ុច មួយខ្នង ចំនួន៣ បន្ទប់។
ឆ្នាំ ២០០០ កសាងស្ពានវត្តរាជបូណ៌(ស្ពានវត្តបូណ៌អតីតស្ពានដែកចាស់)ជាមួយ
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងញោមញាតិពុទ្ធបរិស័ទជិត ឆ្ងាយ អស់ថវិកាចំនួនដប់បួនម៉ឺនដុល្លាសហរដ្ឋអាមេរិក ($140,000)។
ព្រះសមណសក្តិព្រះពុទ្ធឃោសាចារ្យ
ខៀវ ណឺយ ជាព្រះគ្រូសូត្រស្តាំ វត្តរាជបូណ៌, ព្រះអង្គបានទទួលងារជា
ព្រះញាណកោសល្យ ព្រះរាជាគណៈថ្នាក់ទី ៤ និងឡើងងារជា
ព្រះពុទ្ធឃោសាចារ្យ ព្រះរាជគណៈថ្នាក់ ទី២ នៃគណៈមហានិកាយ
នៃព្រះរាជាណាចក្រកម្ពុជា ។
អនិច្ចធម្ម
ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ បញ្ញាវិសាលោ បានអនិច្ចធម្មដោយរោគាពាធ នៅ មន្ទីរពេទ្យកាលឺម៉ែត្រ នៅថ្ងៃ៣ កើតខែចេត្រ ឆ្នាំច អដ្ខស័កពុទ្ធសករាជ ២៥៥០ ត្រូវនិងថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០០៧ វេលាម៉ោង២ និង១០នាទីរសៀល ៕៚
ឯកសារយោង ៖ ព្រះគ្រូបញ្ញានុរក្ខវង្សា ម៉ៅជី ចាន់ណា ជាសិស្សនៅបំរើផ្ទាល់ព្រះពុទ្ធឃោសាចារ្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment