Tuesday, February 24, 2009

ការជាវពុទ្ធរូបជូនពលរដ្ឋខ្មែររបស់អ្នកស្រាវជ្រាវជប៉ុន

អ្នកស្រាវជ្រាវ​ជនជាតិ​ជប៉ុន​សម្រាប់​គម្រោងការណ៍​ធ្វើ​កំណាយ​ផ្លូវការ នៅ​ស្ថានីយ៍​បុរេប្រវត្តិ​វិទ្យា​ខ្មែរ​ភូមិ​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បាន​ជាវ​ពុទ្ធរូប​ពី​ថ្ម​ចម្លាក់​នៅ​ភ្នំ​ជញ្ជាំង​ចំនួន ២ អង្គ យក​ទៅ​តម្កល់​ទុក​សម្រាប់​ពលរដ្ឋ​ពុទ្ធបរិស័ទ​គោរពបូជា ។​​ លោក​បណ្ឌិត មី​យ៉ា​ស៊ូកា នាយក​គម្រោង និង​លោក យ៉ូ​ស៊ី​ណូរី យ៉ា​ស៊ូដា ជា​សាស្ត្រ​ចារ្យ​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​ជប៉ុន​សម្រាប់​ស្រាវជ្រាវ បាន​ដឹកនាំ និង​អនុវត្តន៍​ផ្ទាល់​នូវ​ការស្រាវជ្រាវ ដោយ​ធ្វើ​កំណាយ​ផ្លូវការ​នៅ​ស្ថានីយ៍​បុរេប្រវត្តិ​វិទ្យាភូមិ​ស្នាយ តាំងពី​ឆ្នាំ ២០០៨ មកទល់​ឆ្នាំ ២០០៩ នេះ ។ គម្រោងការណ៍​នេះ ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​វប្បធម៌​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​កីឡា ប្រទេស​ជប៉ុន និង​កិច្ចសហប្រតិបត្តិការ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ។​​ ដោយ​ស្ថិតនៅ​ធ្វើការ​ក្នុង​ស្ថានីយ៍​កំណាយ​បុរេប្រវត្តិ​វិទ្យាភូមិ​ស្នាយ អស់លោក​មាន​ទទួល​រាប់អាន និង​ផ្តល់​នូវ​ភាពកក់ក្តៅ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នក​ស្រាវជ្រាវ​កម្ពុជា ។ អស់លោក​ស្គាល់ និង​យល់​ច្បាស់​ពី​ទឹកចិត្ត សន្តាន​ចិត្ត​ល្អ និង​ជំនឿ​របស់​ពលរដ្ឋ​កម្ពុជា ។ ហេតុនេះ អស់លោក​ក៏​បាន​ជាវ​ពុទ្ធរូប​ឆ្លាក់​ពី​ថ្មភក់​នៃ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ចំនួន ២ អង្គ គឺ ១ ព្រះអង្គ​ទ្រង់​អង្គុយ​លើ​បល្ល័ង​ធ្វើ​សមាធិ និង ១ អង្គ​ទៀត​ទ្រង់​ឈរ​ធ្វើ​សមាធិ​ដែរ ។​​ នៅ​ថ្ងៃ​ទី ២១/០២/២០០៩ សាស្ត្រ​ចារ្យ​ជនជាតិ​ជប៉ុន​ទាំង​ពីរ​រូប និង​អ្នកស្រាវជ្រាវ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បានឲ្យដឹក​ពុទ្ធរូប​ទាំង​ពីរ​អង្គ​នោះ ទៅ​តម្កល់ ១ អង្គក្នុង​អគារ​សារមន្ទីរ​បុរេប្រវត្តិ​វិទ្យា​ខ្មែរ ភូមិ​ស្នាយ ដែល​កសាង​កាលពី​ឆ្នាំ ២០០៧-២០០៨ ដឹកនាំ​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឃឹម សារិទ្ធ និង ១ អង្គ​ទៀត​តម្កល់​នៅ​ត្រង់​គល់​ដើម​ពោធិ​នៃ​ទីទួល​បូរាណ​មួយ មុខ​សារៈមន្ទីរ​នេះ និង​ព័ទ្ធជុំវិញ​ដោយ​វាលស្រែ​ស្រះ​ទឹក ។ ​ ទី​តម្កល់​ពុទ្ធ​រូប និង​អគារ​សារៈមន្ទីរ និង​ទួល​ដើម​ពោធិ​ស្ថិតនៅ​ភូមិ​ស្នាយ ឃុំ​រហាល ដែល​កៀក​នឹង​ផ្លូវជាតិ​លេខ ៦ ក្នុង​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ ។​​ សាស្ត្រ​ចារ្យ​មី​យ៉ា​ស៊ូកា និង​យ៉ូ​ស៊ី​ណូរី យ៉ា​ស៊ូដា មានសមានចិត្ត​ប្រកបដោយ​ក្តី​ស្រឡាញ់ជ្រា​ល​ជ្រៅ​ចំពោះ​ប្រជាជន​កម្ពុជា និង​គោ​រពសក្ការៈ​ព្រះពុទ្ធសាសនា ។ ហេតុនេះ ទើប​ពួកគាត់​ជាវ​ពុទ្ធរូប​ទាំង​ពីរ​អង្គ សម្រាប់​តម្កល់​ទុកជូន​គោរពបូជា ក៏ដូចជា​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជ​ន​ជាតិ និង​សាសនា​រវាង​កម្ពុជា និង​ជប៉ុន ៕

No comments: