Tuesday, February 24, 2009

អត្ថន័យត្រួសៗរបស់ថ្ឡៃសុក្រ

នៅក្នុង​ភាសា​ខ្មែរ បើ​តាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ​ជួន​ណាត “​សុក្រ​”ជា
ឈ្មោះ​ផ្កាយ​ទី​៦ គឺជា​ផ្កាយ​ប្រចាំ​ទ្វីប ឬ​ផ្កាយព្រឹក ​ហើយក៏​ជា​ឈ្មោះ​ថ្ងៃទី​៦​ក្នុង​សប្តាហ៍​ផងដែរ​។​តាម​ន័យ​នេះ​ខ្មែរ​ជ្រើសរើស​យក​ប្រពន្ធ័​គិតគូ​រមួយ​ដែល​កំណត់​ថា​ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ទី​មួយ​ក្នុង​សប្តាហ៍ ។​សូមបញ្ជាក់​ថា​ថ្ងៃ​សុក្រ គឺជា​ថ្ងៃ​មួយ​ក្នុង​សប្តាហ៌ ស្ថិតនៅ​ចន្លោះ​ថ្ងៃ​ព្រហស្បតិ និង​ថ្ងៃ
សៅរ៍ ។ នៅក្នុង​ប្រទេស​ដែល​កំណត់​ថា​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី​មួយ​​ថ្ងៃ​សុក្រ​ស្ថិតនៅ​លំដាប់​លេខ​រៀងទី​៦​នៃ​សប្តាហ៌ ។ ក៏ប៉ុន្តែ នៅក្នុង ISO 8601 ដែល​ជា​ស្តង់ដា​អន្តរជាតិ​អំពី​ថ្ងៃ និង​ពេលវេលា កំណត់​ដោយអង្គការ​ស្តង់ដា​កម្ម​អន្តរជាតិ​ (ISO: International Organization for Standadization), នៅក្នុង​ប្រពៃណី​ធ្វើ​ការងារ​, និង​នៅក្នុង​ប្រទេស​ដែល​កំណត់​ថា​ថ្ងៃ​ចន្ទ័​ជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌ ​នោះ​ថ្ងៃ​សុក្រ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​៥ ។​​ នៅក្នុង​ប្រទេស​ដែល​សប្តាហ៌ធ្វើការ​ងារ​មានតែ​៥​ថ្ងៃ ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ធ្វើការ​ចុងក្រោយ​មុន​ពេល​សំរាក​ចុង​សប្តាហ៌ ហេតុនេះ​ហើយ​គេ​ចាត់ទុក​វា​ថា​​ជា​ថ្ងៃ​បង្កឲ្យមាន​ការ​ធូរស្បើ​យ និង​ជា​ថ្ងៃ​បង្ក​ឲ្យមាន​ការប្រារព្ធ​ពិធី​សប្បាយ​អ្វីមួយ ។ នៅក្នុង​ការិយាល័យ​ខ្លះ និយោជិក​(​អ្នកធ្វើការ​ឲ្យគេ​)​មិន​ត្រូវបាន​គេ​រិត​បន្តឹង​ក្នុង​​ការ​ស្លៀកពាក់​ផ្លូវការ​ពេក​ទេ ។​​​ នៅ​ប្រទេស​អា​រា​ប៊ី​សាអ៊ូ​ឌី​ត និង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃ​សុក្រ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​សំរាក​ចុង​សប្តាហ៌ បានន័យថា​ថ្ងៃ​សៅរ៌​គឺជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌ធ្វើការ​ងារ ។ប៉ុន្តែ នៅ​ប្រទេស​អ៊ីស្រាអែល ថ្ងៃសុក្រ​គឺជា​ថ្ងៃ​ទី​មួយ​នៃ​ការ​សំរាក​ចុង​សប្តាហ៌ ហើយ​ថ្ងៃអាទិត្យ​គឺជា​ថ្ងៃ​ទី​មួយ​នៃ​សប្តាហ៌​បំពេញការងារ ។​ឈ្មោះ​ថ្ងៃ​សុក្រ​ដែល​ភាសា​អង់គ្លេស​ហៅថា Friday (​ហ្វ្រា​យ​ដេ​យ​)​ផ្តើមចេញ​ពី​ភាសា​អង់គ្លេស
បុរាណ​មាន​ន័យ​ថា​ថ្ងៃ​នៃ​អាទិទេព​ហ្វ្រី​ហ៌្គ​ (Frige ចេញពី​ភាសា​អង់​ហ្គ្លោ​-​សាក់សុង​ហៅថា Frigg) ​ដែល​ជា​អាទិទេព​ស្រី​“​តំណាង​សេចក្តីស្នេហា​”​របស់​ពួក​ជើ​មែន​និក ពាហិរ​និយម (Germanic paganism = ពួក​ជនជាតិ​ជើ​មែន​និក​ដែល​មិន​ជឿ​គ្រឹស្តសាសនា​) ។​រី​ឯ​ពួក​ជើ​មែន​និក​ភាគ​ខាងលិច​វិញ ឈ្មោះថ្ងៃ​សុក្រ​នេះ​បកប្រែ​ចេញពី​ភាសា​ឡាតាំង​មានន័យថា é​ថ្ងៃ​(​នៃ​ផ្កាយព្រះគ្រោះ​)
វីនើស (Venus)” ។​​ទោះជា​យ៉ាង​ដូច្នោះ​ក្តី នៅក្នុង​ភាសា​នៃ​អម្បូរ​ជើ​មែននិក​ភាគច្រើន ឈ្មោះ​ថ្ងៃ​សុក្រនេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​តាម​ឈ្មោះ​នៃ​អាទិទេព​ហ្វ្រេយ​ចា (Freyja) ​ដែល​ជា​អាទិទេព​ស្រី“​តំណាង​សេចក្តីស្រឡាញ់ និង​ភាពស្រស់ស្អាត ។ពាក្យ​ថា​ថ្ងៃ​សុក្រ​នេះ​នៅក្នុង​អម្បូរ​ភាសា​រ៉ូ​ម៉ាំង​ភាគច្រើនផ្តើមចេញ​ពី​ភាសាឡាតាំង dies Veneris មានន័យ​ថា​ é​ថ្ងៃ​(​នៃ​ផ្កាយព្រះគ្រោះ​)​ វីនើស ” ​តួយ៉ាង​ដូចជា​ក្នុង​ភាសា​បារាំង​ហៅថា Vendredi, ភាសា​អ៊ីតាលី​ហៅថា Venedi, ភា​សាអេ​ស្ប៉ាញ​ហៅថា Viemes និងភាសា​រ៉ូ​ម៉ានី​ហៅថា Vineri ។គួរបញ្ជាក់​ថា​វីនើស ជា​ឈ្មោះ​នៃ​ផ្កាយព្រះគ្រោះ​មួយ​(​ខ្មែរ​ហៅថា​ភព​
ព្រះ​សុក្រ​) និង​ជា​ឈ្មោះ​នៃ​អាទិទេព​ស្រី​ដ៏​សំខាន់​មួយ​នៅក្នុង​ទេវ​កថា​រ៉ូ​ម៉ាំង​​ដែល​ជា​អាទិទេព​តំណាង​ឲ្យ​ស្នេហា និង សោភ័ណភាព ។ នៅក្នុង​ក្បួន​ហោរាសាស្ត្រ​លោកខាងលិច ដែល​ជា​ក្បួន​ហោរាសាស្ត្រ​គិត​តាម​ប្រពន្ធ័​ព្រះអាទិត្យ ​គេ​ចាត់ទុកថា​ថ្ងៃ​សុក្រ​ជាប់​ទាក់ទង​ទៅនឹង​ភព​ព្រះ​សុក្រ ។ ប្រការ​នេះ​បាន​ធ្វើឲ្យ​គេ​ប្រដូច​ថ្ងៃ​សុក្រ​ទៅនឹង​សេចក្តីស្នេហា​, សន្តិភាព​, ភាព​ធូរស្រាល​ដោយ​ការ​សំរាក ​ហើយ​ក៏​ប្រដូច​ទៅនឹង ប្រពល​ភាព​នៃ​ការ​រំជួលចិត្ត និង​សុបិន្ត​ផងដែរ ។នៅក្នុង​វប្បធ៌មខ្លះ ថ្ងៃ​សុក្រត្រូវបាន​ចាត់ទុក​ថា​ស៊យ ជាពិសេស​គឺ​ថ្ងៃ​សុក្រ​ទី​១៣​។ ការចាត់ទុក​បែបនេះ ក៏​កើត​មាន​ជាពិសេសផងដែរ​ក្នុង​រង្វង់​នាវាចរណ៍ៈ​ ​ជំនឿ​ឆ្វេង​ដែល​នៅ​ស្ថិតស្ថេរ​មកទល់ពេលនេះ គឺ​គេ​ជឿថា វា​ជារឿង​ស៊យ ប្រសិនបើ​គេ​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃ​សុក្រ​តាម​ផ្លូវទឹក ។នៅក្នុង​អម្បូរ​ភាសាឥណ្ឌា​ថ្ងៃ​សុក្រហៅថា សុ​ក្រា​វា (Shukravar) ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ឡើង​សំរាប់​ឧទ្ទិស​ដល់​សុ​ក្រា (Shukra)
ដែល​ជា​ឈ្មោះ​ភព​ព្រះ​សុក្រ​​ហៅ​តាម​ភាសាសំស្ក្រឹត ។នៅក្នុង​អម្បូរ​ភាសា​ឥណ្ឌុ-​អឺរុប​ដទៃទៀត ឈ្មោះនៃ​ថ្ងៃ​នេះ​មិន​ជាប់​ពាក់​ពន្ធ័​នឹង​ភព​ព្រះសុក្រ​ទេ​។ ភាសា​រុស្សី​ប្រើប្រាស់​លេខ​ធម្មតា​ដើម្បី​ហៅ​ឈ្មោះ​ថ្ងៃ​ក្នុង​សប្តាហ៍ ​ដោយ​ថ្ងៃ​សុក្រ​ហៅថា​ថ្ងៃទី​៥ (Piatnitsa) ហើយ​បណ្តា​ប្រទេស​ស្លា​វ​ដទៃទៀត ថ្ងៃ​សុក្រ​ក៏​ជា​ថ្ងៃទី​៥​ដែរ​។ ភាសា​ព័រ​ទុយ​ហ្គាល់​ក៏​ប្រើ​លេខ​សំរាប់​ហៅ​ថ្ងៃ​ក្នុង​សប្តាហ៍​ដែរ ប៉ុន្តែ​​គេ​ហៅថា​ថ្ងៃទី​៦ (Sexta-feira) ។ ភាសា​វៀតណាម​ក៏​ហៅ​ថ្ងៃ​សុក្រ​ថា​ថ្ងៃទី​៦​ដែរ ។ថ្ងៃសីល​នៃ​សាសនា​យូ​ដា (Judaism) ចាប់ផ្តើម​នា​ថ្ងៃ​សុក្រ​ពេល​ថ្ងៃ​លិច ហើយ​បញ្ចប់​នៅពេល​ស្បៃ​រាត្រី​ចូលមក​ដល់​នា​ថ្ងៃ​អាទិត្យ ។​ ​នៅក្នុង​គ្រឹស្តសាសនា ថ្ងៃ​សុក្រ​ល្អ​គឺ​ថ្ងៃ​សុក្រ​មុន​បុណ្យ​អ៊ី​ស្ទើ (Easter=​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​វ​រស់​ឡើង​វិញ​) ដែល​រំលឹក​ទៅ​ដល់​ការ​ឆ្កាង​ព្រះ​យេស៊ូ​វ ។​​ជាប្រពៃណី សាសនា​រ៉ូ​ម៉ាំង​កាតូលិក តំរូវ​ឲ្យ​ត​មហូប​សាច់សត្វ​ដែល​រស់នៅ​លើ​ដី​នា​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​អនុញ្ញាត​ឲ្យ​ហូបត្រី​។ ចាប់តាំងពី​ក្រុមប្រឹក្សា​វ៉ា​ទី​កង់​ទី​ពីរ​មក (១៩៦២-១៩៦៥) បំរាម​ហូប​សាច់​បានត្រូវ​ដាក់​ចេញ​នៅ​រាល់​ថ្ងៃ​សុក្រ​ក្នុង​ពិធី ឡេន​ធ៍​(Lent=​ពិធី​នៅ​ក្នុង​និកាយ​គ្រឹស្តសាសនា​ខ្លះ មាន​រយៈពេល​៤០​ថ្ងៃ​មុន​បុណ្យ​អ៊ី​ស្ទើ​ ​ដែល​ក្នុង​ពេល​នោះ​គេ​តម​អារ​ហា​រ និង​ធ្វើ​ការ​សូត្រធ៌ម​) ក៏ដូចជា​នៅ​ក្នុង​ថ្ងៃ​អាស វែន​ណេ​ស​ដេយ​ដែរ​(Ash Wednesday= ថ្ងៃ​ទី​មួយ​នៃ​ពិធី​ឡេនធ៍​) ។ ច្បាប់​គ្រឹះ​នៃ​រ៉ូ​ម៉ាំង​កាតូលិក ​នៅតែ​តម្រូវឲ្យ​គ្រឹស្តសាសនិក​ស្វ័យ​ដាក់ទោស​ចំពោះ​អំពើ​បាប ឬ​ធ្វើ​អំពើ​មនុស្សធ៌ម​ខ្លះៗ ឬ​ធ្វើ​ពិធី​សាសនា​នៅ​គ្រប់​ថ្ងៃ​សុក្រ​ទាំង​អស់​ពេញ​មួយឆ្នាំ ទោះ​ជាបាន​តម​សាច់​ឬ​អារ​ហា​រ​ ​ផ្សេង​ទៀត​ហើយ​ក៏​ដោយ ។ ពួកគ្រឹស្តសាសនិក​ប្រពៃណីនិយ​ម
(​ពួក​រ៉ូ​ម៉ាំង​កាតូលិក​)​ខ្លះ នៅតែ​បន្ត​ដោយ​ស្ម័គ្រចិត្ត​នូវ​ទំលាប់​តម​រៀងរាល់ថ្ងៃ​សុក្រ​ដដែល ។​​ពួក​អង់​ហ្គ្លោ​-​កាតូលិក​ខ្លះ (Anglo-Catholics=​និកាយ​មួយ​ដែល​សង្កត់ធ្ងន់​លើ​ការបន្ត​គ្រឹស្តសាសនា​បែបប្រពៃណី​) ក៏​អនុវត្តន៍​តំណម​គ្រប់​ថ្ងៃ​សុក្រ​រាប់ទាំង​ថ្ងៃ​សុក្រ​ក្នុង​ពិធី​ឡេន​ធ៍​ផង ។​ ​ពួក​ព្រះវិហារអ័​រតូ​ដុក​បូពា៍​ទិស (The eastern Orthodox Church = និកាយ​គ្រឹស្តសាសនា​ធំ​ទី​២​លើ​លោក​)​បន្ត​ចាត់​ទុក​គ្រប់​ថ្ងៃ​សុក្រ​(​ក៏​ដូច​ថ្ងៃ​ពុធ​ដែរ​)​ពេញ​មួយឆ្នាំ​ថា​ជា​ថ្ងៃ​តម​ (​លើកលែង​រយៈពេល​មិន​តម​មួយចំនួន​)​ ។ ​តំណម​ក្នុង​ថ្ងៃ​សុក្រ​នោះ​រួមមាន​តម​មិន​ហូប​សាច់ ឬ​ផលិតផល​ពី​សាច់​(​សត្វ​ជើង​បួន​), សត្វ​ស្លាប និង​ផលិតផល​ពី​សត្វ​ស្លាប ។នៅក្នុង​សាសនា​អ៊ីស្លាម ថ្ងៃសុក្រ​គឺជា
ថ្ងៃ​សាធារណៈ​ដែល​គេ​ធ្វើ​សក្ការៈបូជា​នៅក្នុង​ម៉ូស្ក៍ (mosque= ឈ្មោះ​សំរាប់​ហៅ​ព្រះវិហារ​អ៊ីស្លាម​) ។​ ​នៅក្នុង​ប្រទេស​អ៊ីស្លាម​ខ្លះ សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ហើយ​ចប់​នៅ​ថ្ងៃ​សៅរ៍ គឺ​ដូច​ពួក​កាន់សាសនា​យូ​ដា និង​គ្រឹស្ត​ដែរ​។ ប៉ុន្តែ​នៅ​ប្រទេស​អ៊ីស្លាម​ដទៃ​ភាគច្រើន​ផ្សេងទៀត ​ដូចជា​អារ៉ាប៊ីសាអ៊ូឌីត​, អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ សប្តាហ៍​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ហើយ​ចប់​នៅ​ថ្ងៃ​សុក្រ ។​​- ​ថ្ងៃ​សុក្រ​ល្អ (Good Friday) គឺជា​ថ្ងៃ​សុក្រ​មុន​បុណ្យ​អ៊ី​ស្ទើ គិត​តាម​ប្រក្រតិទិន​គ្រឹ​ស្ទៀន​, រំលឹក​ដល់​ការ​ឆ្កាង​ព្រះ​យេស៊ូ​វ-​ ថ្ងៃ​សុក្រ​ខ្មៅ​(Black Friday)​សំដៅ​ទៅលើ​មហន្តរាយ​ក្នុង​ប្រវត្តិសាស្ត្រ​ណាមួយ​ដែល​កើតឡើង​នៅ​ថ្ងៃ​សុក្រ​​ ​-​ នៅ​សហរដ្ឋអាមេរិក ថ្ងៃ​សុក្រ​ខ្មៅ​គឺជា​រហស្សនាម​នៃ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​ស័ង​ហ្គី​វី​ង​(Thanksgiving), ជា​ថ្ងៃ​ទី​មួយ​នៃ​ទំលាប់​ដើរ​ទិញ​ឥ​វ៉ាន់​សំរាប់​បុណ្យ​គ្រី​ស្មាស់-​ ថ្ងៃ​សុក្រ​ឥត​កង្វល់ (Casual Friday or Dress-down Friday or Aloha Friday) គឺជា​ភាព​ធូរស្បើយ​ពី​ការ​ស្លៀកពាក់​ផ្លូវការ​ទៅ​ធ្វើការ ដែល​ក្រុមហ៊ុន​ខ្លះ​បាន​អនុញ្ញាត ​ពោល​គឺ​ក្នុង​ថ្ងៃ​នោះ​និយោជិក​មិនចាំបាច់​ស្លៀក​ពាក់តាម​ការតម្រូវរ​បស់​ក្រុមហ៊ុន​ទេ ។​

No comments: