ដកស្រង់ពីECNដោយrinsaro
Tuesday, March 30, 2010
មរតកសិល្បៈខ្មែរនៅសារមន្ទីរហ្គីមេ ទីក្រុងប៉ារីសប្រទេសបារាំង (ភាគ៣)
មរតកសិល្បៈខ្មែរនៅសារមន្ទីរហ្គីមេ ទីក្រុងប៉ារីសប្រទេសបារាំង (ភាគ៣)
សេចក្ដីផ្ដើម
សិលាចារឹក បដិមាកម្មខ្មែរនាសម័យអង្គរ ដែលកើតចេញពីមូលដ្ឋានសាសនាធំៗ គឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការវិវត្តន៍នៃសិល្បៈខ្មែរ ពីសម័យកាលមួយទៅសម័យកាលមួយទៀត ។ ជារួម វឌ្ឍនភាពនៃបដិមាកម្មបែបព្រាហ្មណ៍ និងពុទ្ធនិយមក៏ជាសក្ខីកម្មនៃការរីកចំរើនដុះដាលខាងបញ្ញាញាណ ក៏ដូចខាងបច្ចេកទេសដែរ ។ លើសពីនេះទៀត តាមរយៈវត្តមាននៃបដិមាកម្មទាំងនោះ យើងអាចឃើញនូវភូមិសាស្ត្រជាប្រវត្តិសាស្ត្រ នៃប្រជាជនខ្មែរនាសម័យបុរាណដែរ ។
១. ចម្លាក់ទេវរូបនាសម័យអង្គរបែបព្រាហ្មណ៍ និងពុទ្ធនិយម
តទៅនេះ យើងសូមបង្ហាញចម្លាក់ខ្មែរនាសម័យអង្គរម្ដងវិញ ។ ចម្លាក់ទាំងនោះដែលប្រសូតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងសារមន្ទីរហ្គីមេ ប្រទេសបារាំង ។ ការបង្ហាញនេះ គឺដើម្បីជូនជាព័ត៌មានដល់ខេមរជនឲ្យជ្រាបនូវភាពរុងរឿង និងសម្បូរបែបនៃវិស័យសិល្បៈខ្មែរក្នុងអតីតកាល ពីស.វទី៩ ដល់ស.វទី១៣ នៃគ.ស ។
សូមបញ្ជាក់ថា មួយរយឆ្នាំមុននេះ ពោលគឺនៅឆ្នាំ ១៩១០ លោក ហ្សក ស៊ឺដេស បានឲ្យដឹងថា រូបចម្លាក់បុរាណខ្មែរទាំងតូចទាំងធំ ដែលត្រូវគេយកចេញពីមាតុភូមិខ្មែរ ហើយយកទៅតម្កល់ទុកក្នុងសារមន្ទីរហ្គីមេ មានចំនួនទៅដល់ ១៦២មុខ ។ តាមពិតទៅ បើគិតដល់សព្វថ្ងៃតួលេខនេះបានកើនឡើងជាលំដាប់យ៉ាងប្រាកដ ដោយអំណោយ ឬការទិញដូរថ្មីៗកន្លងមក ។
ឆ្លៀតឱកាសនេះ សូមរំលឹកឡើងផងដែរថា សារមន្ទីរហ្គីមេ ដែលត្រូវបានសាងសង់ឡើងនៅទីក្រុងលីយ៉ុង(Lyon) នៅឆ្នាំ ១៨៧៩ ដោយលោក អេម៉ីល ហ្គីមេ (១៨៣៦-១៩១៨គ.ស) នៅប្រទេសបារាំង ហើយបានផ្លាស់ទីតាំងមកប៉ារីស នៅឆ្នាំ ១៨៨៩ ។ នៅឆ្នាំ ១៨៩០ សារមន្ទីរហ្គីមេ បានទទួលបុរាណវត្ថុខ្មែរមួយចំនួនធំពីលោក អៃម៉ូលីយេ (១៨៤៤-១៩២៩គ.ស) ដែលបានយកចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យអាណាព្យាបាលបារាំង ក្នុងបេសកកម្មរបស់លោក ក្នុងអម្លុងឆ្នាំ១៨៨២ និង ១៨៨៣ ។
លោក ល្វី ដឺឡាប៉ត (១៨៤២-១៩២៥គ.ស) ដែលបានយល់នូវសារសំខាន់ និងតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តមជាសកល នៃសិល្បៈខ្មែរបុរាណទាំងនោះ ក៏បានរួមចំណែកក្នុងការប្រមែប្រមូលសិល្បៈខ្មែរមួយចំនួន ដើម្បីមូលហេតុខាងលើនេះដែរ ។ ដោយឡែកលោកបាន យកចេញពីកម្ពុជានូវចម្លាក់មួយចំនួន ដែលក្នុងនោះមានចម្លាក់ទេវតាទាំងបីអង្គ មកពីភ្នំបូក នៅខេត្ដសៀមរាប តំណាងត្រីម៌ូតិឥណ្ឌា-ខ្មែរ ។ រីឯសាលាបារាំងចុងបូព៌ាប្រទេសវិញ នៅឆ្នាំ ១៩៣៦ ក៏បានធ្វើអំណោយនូវក្បាច់ហោជាងមួយដ៏ធំ មកពីប្រាសាទបន្ទាយស្រីដែរ ។
ដូច្នេះហើយបានជាសព្វថ្ងៃនេះ ក្រៅពីប្រទេសកម្ពុជា និងថៃ មានតែសារមន្ទីរហ្គីមេតែមួយគត់ ដែលមានសម្បត្តិវប្បធម៌បុរាណខ្មែរច្រើនជាងគេ ហើយល្អជាងគេក្នុងលោកយើងនេះ ។
ក. រចនាបថព្រះគោ និង បាខែង (៨៧៥-៨៩៣ គ.ស / ៨៩៣-៩២៤ គ.ស)
ខ. រចនាបថ គូលែន (៩៤៧-៩៦៥ គ.ស)
គ. រចនាបថ កោះកេរ្តិ៍ (៩២១-៩៤៥ គ.ស)
ឃ. រចនាបថ បាពួន (១០១០-១១៨០ គ.ស)
ង. រចនាបថ អង្គរវត្ត (១១១០-១១៧៥ គ.ស)
ច. រចនាបថ បាយ័ន (១១៧៧-១១៣០ គ.ស)
(ម.ត្រាណេ)
Subscribe to:
Posts (Atom)