Tuesday, March 2, 2010

ព្រះសង្ឃ​និង​ពលរដ្ឋ​ដង្ហែ​ក្បួន​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ប្រាជ្ញ​ខ្មែរ

ដោយ ហង្ស សាវយុត (RFA)
2010-03-01
ព្រះសង្ឃ​នៃ​ព្រះ​ពុទ្ធ​សាសនា​និង​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​១​ពាន់​នាក់ បាន​ដើរ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​១ មីនា ដើម្បី​​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​ដូចជា​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត និង​អ្នក​ប្រាជ្ញ​នៅ​ក្នុង​ក្រុម​ជំនុំ​ព្រះត្រៃបិដក​នៃ​ព្រះពុទ្ធ​សាសនា​ជាដើម។
ព្រះភិក្ខុ​​​បរមោ ភោគ គឹង គង់​នៅ​វត្ត​រាជបូព៌ ក្នុង​ទីរួម​ខេត្ត​សៀមរាប ដែល​ជា​គណៈកម្មការ​កណ្តាល​រៀបចំ​កម្មវិធី​បុណ្យ​និង​ដង្ហែ​ក្បួន​នោះ បាន​មាន​ព្រះថេរដីកា​ថា ក្រុម​អ្នក​ចូល​រួម​ដង្ហែ​ក្បួន​ដើរ​តាម​ដង​ផ្លូវ​គឺ​មក​ពី​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា។
ព្រះភិក្ខុ​​​បរមោ ភោគ គឹង មាន​ថេរដីកា​ដូច្នេះ​ថា ៖ «មក​ពី​ខេត្ត​នានា ដូចជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ នៅ​ក្នុង​ខេត្ត​សៀមរាប​ផ្ទាល់ ហើយ​កំពង់ធំ មក​ពី​ពោធិ៍សាត់។ ដង្ហែ​ហ្នឹង គោលបំណង​គឺ​ចង់​បង្ហាញ​ឲ្យ​ពុទ្ធបរិស័ទ​ហ្នឹង​បាន​ដឹង​ថា សម្ដេច ជួន ណាត ហើយ​ក្រុម​ជំនុំ​ព្រះត្រៃបិដក​ហ្នឹង គឺ​មាន​អ្នក​ប្រាជ្ញ ជា​អ្នក​មាន​គុណ​ដ៏​ធំធេង​ទៅ​លើ​អក្សរ​សាស្រ្ដ​ខ្មែរ។ ចង់​បង្ហាញ​នូវ​ការ​ដឹង​នូវ​គុណ​បំណាច់​របស់​អ្នក​ប្រាជ្ញ​ដែល​បាន​រៀបចំ​និង​រក្សា​នូវ​អក្សរ​សាស្រ្ដ​ខ្មែរ»។
ព្រះភិក្ខុ ភោគ គឹង បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​ការ​ដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ដើម្បី​រំឭក​គុណ​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ​និង​ក្រុម​ជំនុំ​ព្រះត្រៃបិដក ដោយ​កាល​ពី​ឆ្នាំ​មុន​មាន​អ្នក​ចូលរួម​ដង្ហែ​ប្រមាណ​ជា​៣.០០០​នាក់៕

No comments: