ព្រះពោធិសត្វវជ្រធរ ឬវជ្របាណិ នៅសម័យបាយ័ន
ចម្លាក់ព្រះពោធិសត្វវជ្រសារមន្ទីរភិមាយ (ឯកសារ នាយកដ្ឋានវិចិត្រសិល្បៈថៃ, បាងកក)
ក្នុងរជ្ជកាលនៃព្រះបាទជយវរ្ម័នទី៧ មានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់ ដែលយើងមិនអាចបំភ្លេចបានគឺ ស្ដេចខ្មែរអង្គនេះបានយកលទ្ធិព្រះពុទ្ធសាសនានិកាយមហាហាន មកធ្វើជាសាសនារដ្ឋ ។ ព្រះទង្វើនេះដែលជាកុសលទានប្រកបដោយសេចក្ដីអាណិតអាសូរ ដល់ប្រជាជនខ្មែរ និងស្ដែងចេញឲ្យឃើញនូវឯកភាពជាតិ តាមវិស័យមនោគមវិទ្យាសាសនា ដែលជាប្រភពនៃវឌ្ឍនភាព ។ ព្រះអង្គបានលើកតម្លៃយ៉ាងខ្ពស់ ចំពោះនិកាយមហាយាន ដូច្នេះហើយបានជាយើងតែងតែជួបប្រទះនូវចម្លាក់បុរាណតំណាងព្រះពោធិសត្វវជ្រធរ ធ្វើអំពីថ្ម ឬសំរឹទ្ធិនៅតាមបូជនីយដ្ឋានមួយចំនួនទូទាំងអតីតព្រះរាជាណាចក្រកម្ពុជា ។ មានន័យថា សម័យនោះលទ្ធិមហាយាន មានឧត្តមភាពលើគណៈសាសនាឯទៀតៗយ៉ាងប្រាកដ ។ ក្នុងរយៈពេលនេះ យើងក៏បានសង្កេតឃើញមានការសាងសង់នូវ មន្ទីរពេទ្យ ឬអរោគ្យសាសនា និងធម្មសាលា ឬសាលាឆទាន សម្រាប់សាសនិកជន និងភិក្ខុសង្ឃស្នាក់អាស្រ័យជាបណ្ដោះអាស័ន្ន ក្នុងពេលធ្វើដំណើរជិតឆ្ងាយ ។ ព្រះរាជឧបត្ថម្ភ និងការយកព្រះទ័យទុកដាក់ចំពោះវិស័យសាសនានៅក្នុងអាណាខេត្តនានា នៃចក្រភពអង្គរ បាននាំមកនូវការរីកចំរើន ។
យោងលើឯកសារសិលាចារឹកនាសម័យវប្បធម៌បាយ័ន យើងបានដឹងថា នៅក្នុងបូជនីយដ្ឋានដែលជាមន្ទីរពេទ្យនីមួយៗ មានការតម្កល់ចម្លាក់ព្រះពោធិសត្វជាច្រើនអង្គ ដែលមានព្រះពោធិសត្វស្រីអារ្យមេត្រៃ្យ លោកេស្វរៈ, អវលោកេស្វរៈ និងព្រះវជ្រធរ ឬវជ្របាណិជាដើម ។ ចម្លាក់ព្រះពោធិសត្វទាំងនេះសាងឡើងសម្រាប់ជាទីសក្ការៈបូជា ពីសំណាក់ពុទ្ធសាសនិកជនខ្មែរ ។ បើទោះបីជាមានការតម្កល់ទុកចម្លាក់ទាំងនេះក្ដី ក៏គេពុំបានដឹងថា តើព្រះពុទ្ធទាំងនោះមានសភាព ឬរូបរាងកាយយ៉ាងដូចម្ដេចនៅឡើយ ។ ប៉ុន្ដែនៅប្រទេសទីបេត៍ ឬនេប៉ាល់វិញ គេបានប្រទះចម្លាក់ព្រះវជ្រធរយ៉ាងច្រើន ។ ហេតុនេះ លទ្ធផលនៃការសិក្សាប្រៀបធៀប គឺជាបង្អែកសម្រាប់ពុទ្ធិថ្មី ក្នុងការបញ្ជាក់អត្តសញ្ញាណនៃចម្លាក់របស់ខ្មែរយើង ។
ចម្លាក់ព្រះពោធិសត្វវជ្រធរ ប្រាសាទបន្ទាយឆ្មារ (ឯកសារ សារមន្ទីរជាតិភ្នំពេញ)
លក្ខណៈពិសេសនៃចម្លាក់តំណាងព្រះពោធិសត្វវជ្រធរនេះ គឺព្រះអង្គមានព្រះហស្ថទាំងពីរ ម្ខាងកាន់វជ្រ តំណាងឲ្យផ្លេកបន្ទរ និងម្ខាងទៀតកាន់កណ្ដឹង សម្រាប់អន្រុនក្នុងពិធីសាសនា ។ រីឯព្រះភ័ក្ដ្ររបស់ទ្រង់មានភាពញញឹមប្រិមប្រិយ តែស្ថិតក្នុងឥរិយាបថស្មឹងស្មាធ ដោយបិទព្រះនេត្រ ។ ម្យ៉ាងវិញទៀតជើងរបស់ព្រះអង្គគងលើគ្នា ជើងឆ្វេងគងលើជើងស្ដាំ យ៉ាងសមសួន ។ តាមរយៈចម្លាក់ទាំងអស់នេះ យើងអាចដឹងបានថា ព្រះពុទ្ធសាសនានាសម័យវប្បធម៌បាយ័ន មានលក្ខណៈជាតន្ត្រៈ ហើយប្រជាជនរមែងតែគោរពបូជាព្រះពោធិសត្វវជ្រធរ ឬវជ្របាណិ ដែលមានក្នុងនិកាយវជ្រយាន មានប្រភពចេញពីប្រទេសឥណ្ឌា ។ តែយើងសង្កេតឃើញលទ្ធិវជ្រយាន ឬតន្ត្រៈបែបទីបេត៍ បានជិះឥទ្ធិពលដល់ការកសាងព្រះពោធិសត្វបុរាណខ្មែរ ។
ដូចនេះ ដោយសារការលាយចូលគ្នាជាធ្លុងមួយ នៃបណ្ដាសាសនា និងបណ្ដាទេវតានៅក្នុងសម័យវប្បធម៌បាយ័ន ដោយសេចក្ដីសន្ដោសប្រោសប្រណីទៅវិញទៅមក ប្រទេសកម្ពុជានាសម័យនេះ បានឈានទៅរកឯកភាពជាតិ សុខសន្ដិភាព ដែលជាប្រភពនៃវឌ្ឍនភាព ។ ហើយប្រហែលជាដោយសារហេតុនេះហើយ ទើបមានប្រតិកម្មពីសំណាក់អ្នកកាន់លទ្ធិព្រហ្មញ្ញសាសនា ជាពិសេសគណៈនានាដែលចេះតែចុះទន់ខ្សោយទៅៗ ៕ (ម.ត្រាណេ)(ECN)
No comments:
Post a Comment