Tuesday, March 30, 2010

មរតក​សិល្បៈ​ខ្មែរ​នៅ​សារមន្ទីរ​ហ្គី​មេ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង (​ភាគ​៣)

​មរតក​សិល្បៈ​ខ្មែរ​នៅ​សារមន្ទីរ​ហ្គី​មេ ទីក្រុង​ប៉ារីស​ប្រទេស​បារាំង (​ភាគ​៣)


​សេចក្ដី​ផ្ដើម​

​ ​សិលាចារឹក បដិមា​កម្ម​ខ្មែរ​នា​សម័យអង្គរ ដែល​កើតចេញ​ពី​មូលដ្ឋាន​សាសនា​ធំៗ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ការវិវត្តន៍​នៃ​សិល្បៈ​ខ្មែរ ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយទៀត ។ ជារួម វឌ្ឍនភាព​នៃ​បដិមាកម្ម​បែប​ព្រាហ្មណ៍ និង​ពុទ្ធ​និយម​ក៏​ជា​សក្ខីកម្ម​នៃ​ការរីកចំរើន​ដុះដាល​ខាង​បញ្ញាញាណ ក៏​ដូច​ខាង​បច្ចេកទេស​ដែរ ។ លើសពីនេះ​ទៀត តាមរយៈ​វត្តមាន​នៃ​បដិមា​កម្ម​ទាំងនោះ យើង​អាច​ឃើញ​នូវ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ នៃ​ប្រជាជន​ខ្មែរ​នា​សម័យ​បុរាណ​ដែរ ។

​ ​១. ចម្លាក់​ទេវរូប​នា​សម័យអង្គរ​បែប​ព្រាហ្មណ៍ និង​ពុទ្ធ​និយម​
​ ​តទៅ​នេះ យើង​សូម​បង្ហាញ​ចម្លាក់​ខ្មែរ​នា​សម័យអង្គរ​ម្ដងវិញ ។ ចម្លាក់​ទាំងនោះ​ដែល​ប្រសូត​ឡើង​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​សារមន្ទីរ​ហ្គី​មេ ប្រទេស​បារាំង ។ ការបង្ហាញ​នេះ គឺ​ដើម្បី​ជូន​ជា​ព័ត៌មាន​ដល់​ខេមរជន​ឲ្យ​ជ្រាប​នូវ​ភាពរុងរឿង និង​សម្បូរបែប​នៃ​វិស័យ​សិល្បៈ​ខ្មែរ​ក្នុង​អតីតកាល ពីស​.​វ​ទី​៩ ដល់​ស​.​វ​ទី​១៣ នៃ​គ​.​ស ។​

​ ​សូមបញ្ជាក់​ថា មួយ​រយ​ឆ្នាំ​មុន​នេះ ពោល​គឺ​នៅ​ឆ្នាំ ១៩១០ លោក ហ្ស​ក ស៊ឺ​ដេស បានឲ្យដឹងថា រូបចម្លាក់​បុរាណ​ខ្មែរ​ទាំង​តូច​ទាំង​ធំ ដែល​ត្រូវ​គេ​យកចេញ​ពី​មាតុភូមិ​ខ្មែរ ហើយ​យក​ទៅ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ហ្គី​មេ មាន​ចំនួន​ទៅដល់ ១៦២​មុខ ។ តាមពិតទៅ បើ​គិត​ដល់​សព្វថ្ងៃ​តួលេខ​នេះ​បាន​កើនឡើង​ជា​លំដាប់​យ៉ាង​ប្រាកដ ដោយ​អំណោយ ឬ​ការទិញ​ដូរ​ថ្មីៗ​កន្លងមក ។​

​ ​ឆ្លៀត​ឱកាស​នេះ សូម​រំលឹក​ឡើង​ផងដែរ​ថា សារមន្ទីរ​ហ្គី​មេ ដែល​ត្រូវបាន​សាងសង់​ឡើង​នៅ​ទីក្រុង​លី​យ៉ុង​(Lyon) នៅ​ឆ្នាំ ១៨៧៩ ដោយ​លោក អេ​ម៉ីល ហ្គី​មេ (១៨៣៦-១៩១៨​គ​.​ស​) នៅ​ប្រទេស​បារាំង ហើយ​បាន​ផ្លាស់​ទីតាំង​មក​ប៉ារីស នៅ​ឆ្នាំ ១៨៨៩ ។ នៅ​ឆ្នាំ ១៨៩០ សារមន្ទីរ​ហ្គី​មេ បាន​ទទួល​បុរាណវត្ថុ​ខ្មែរ​មួយចំនួន​ធំ​ពី​លោក អៃ​ម៉ូ​លី​យេ (១៨៤៤-១៩២៩​គ​.​ស​) ដែល​បាន​យកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងសម័យ​អាណាព្យាបាល​បារាំង ក្នុង​បេសកកម្ម​របស់​លោក ក្នុង​អម្លុង​ឆ្នាំ​១៨៨២ និង ១៨៨៣ ។​

​ ​លោក ល្វី ដឺ​ឡា​ប៉ត (១៨៤២-១៩២៥​គ​.​ស​) ដែល​បាន​យល់​នូវ​សារសំខាន់ និង​តម្លៃ​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម​ជា​សកល នៃ​សិល្បៈ​ខ្មែរ​បុរាណ​ទាំងនោះ ក៏​បាន​រួមចំណែក​ក្នុង​ការប្រមែប្រមូល​សិល្បៈ​ខ្មែរ​មួយចំនួន ដើម្បី​មូលហេតុ​ខាងលើ​នេះ​ដែរ ។ ដោយឡែក​លោក​បាន យកចេញ​ពី​កម្ពុជា​នូវ​ចម្លាក់​មួយចំនួន ដែល​ក្នុងនោះ​មាន​ចម្លាក់​ទេវតា​ទាំងបី​អង្គ មក​ពី​ភ្នំ​បូក នៅ​ខេត្ដ​សៀមរាប តំណាង​ត្រី​ម៌ូតិ​ឥណ្ឌា​-​ខ្មែរ ។ រីឯ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​វិញ នៅ​ឆ្នាំ ១៩៣៦ ក៏​បាន​ធ្វើ​អំណោយ​នូវ​ក្បាច់​ហោជាង​មួយ​ដ៏​ធំ មក​ពី​ប្រាសាទ​បន្ទាយស្រី​ដែរ ។​
​ ​ដូច្នេះហើយ​បានជា​សព្វថ្ងៃនេះ ក្រៅពី​ប្រទេស​កម្ពុជា និង​ថៃ មានតែ​សារមន្ទីរ​ហ្គី​មេ​តែមួយគត់ ដែល​មាន​សម្បត្តិ​វប្បធម៌​បុរាណ​ខ្មែរ​ច្រើនជាងគេ ហើយ​ល្អ​ជាងគេ​ក្នុង​លោក​យើង​នេះ ។​

ក. រចនាបថព្រះគោ និង បាខែង (៨៧៥-៨៩៣ គ.ស / ៨៩៣-៩២៤ គ.ស)

ខ. រចនាបថ គូលែន (៩៤៧-៩៦៥ គ.ស)

គ. រចនាបថ កោះកេរ្តិ៍ (៩២១-៩៤៥ គ.ស)

ឃ. រចនាបថ បាពួន (១០១០-១១៨០ គ.ស)

ង. រចនាបថ អង្គរវត្ត (១១១០-១១៧៥ គ.ស)

ច. រចនាបថ បាយ័ន (១១៧៧-១១៣០ គ.ស)

(​ម​.​ត្រា​ណេ​)

No comments: