មរតកសិល្បៈខ្មែរនៅសារមន្ទីរហ្គីមេ ទីក្រុងប៉ារីស ប្រទេសបារាំង (ភាគ ២)
១- ចម្លាក់បែបពុទ្ធនិយម និងព្រហ្មណ៍និយមសម័យបុរេអង្គរ

បដិមាកម្មខ្មែរទាំងនោះ មានពីរប្រភេទគឺ ខ្លះមាននិន្នាការបែបព្រាហ្មណ៍និយម ហើយខ្លះទៀតបែបពុទ្ធនិយម ។ ភាគច្រើនចម្លាក់បុរាណខ្មែរខាងលើនេះ ធ្វើអំពីថ្មភក់ លើកលែងតែចម្លាក់មួយចំនួនធ្វើអំពីសំរឹទ្ធិ និងឈើ ដូចករណីចម្លាក់មួយមកពីកម្ពុជាក្រោម ឬវៀតណាមខាងត្បូង ដែលស្ថិតក្នុងឥរិយាបថប្រថាប់ឈរ ។ ដូចនៅសារមន្ទីរជាតិភ្នំពេញ នៅទីនោះចម្លាក់ពុទ្ធបដិមាខ្លះ ត្រូវបានធ្វើឡើងដើម្បីឧទ្ទិសដល់លទ្ធិមហាយានខ្លះទៀតចំពោះហិនយាន ។
ក្រៅពីនេះយើងក៏ត្រូវបញ្ជូលចម្លាក់សំរឹទ្ធិមួយមកពី ខេត្ត បុរីរម្យ ដែលតំណាងព្រះពោធិសត្វអវលោកេស្វរៈ ។

ព្រះពោធិសត្វអវលោកេស្វរៈ, ថ្ម មកពីទីក្រុងព្រៃនគរ, កម្ពុជាក្រោម បច្ចុប្បន្ននៅប្រទេសវៀតណាមខាងត្បូង
ក. ចម្លាក់បែបពុទ្ធនិយមហិនយាន និងមហាយាន សម័យបុរេអង្គរ

ព្រះពុទ្ធអង្គទ្រង់ឈរ, ថ្ម, មកពីទួលព្រះធាតុ ខេត្តកំពង់ស្ពឺ


គឺក្នុងបរិបទនេះហើយដែលយើងបានជួបប្រទះ ក្នុងអតីតដែនដីនៃនគរភ្នំ នូវព្រះបដិមាបែបព្រាហ្មណ៍និយម និងពុទ្ធនិយមជាច្រើន ដែលជាភស្តុតាងនៃការផ្សព្វផ្សាយនៃមនោគមវិទ្យា សាសនា ក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ ការមកដល់នៃសាសនាទាំងពីរនេះ ដែលត្រូវបានប្រើឡើងក្នុងពេលជាមួយគ្នានេះ អាចបញ្ជាក់តាមរយៈបដិមាកម្ម នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក៏ដូចនៅអាណាខេត្តផ្សេងៗដែលធ្លាប់ជាទឹកដីរបស់ប្រជាជនខ្មែរនា សម័យដើម ដូចករណីចម្លាក់មួយចំនួនមកពីដែនដីសណ្ដរកម្ពុជាក្រោម ឬតមកពីទីក្រុងបុរេអង្គរអ៊ូថង នៅប្រទេសថៃសព្វថ្ងៃជាដើម ។
ចម្លាក់ទាំងនោះ ភាគច្រើនមិនត្រូវបាននាំចូលទេ ប៉ុន្ដែគឺជាសមិទ្ធិផលអាចឆ្លុះបញ្ចាំងនូវឥទ្ធិពលរបស់សាលាសិល្បៈ មួយចំនួននៅប្រទេសឥណ្ឌា ឬក៏ស្រីលង្កា ហើយលើសពីនេះទៀតភាពរុងរឿង នៃលទ្ធិព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវិស័យសីលធម៌របស់ជនជាតិខ្មែរ ។
លទ្ធិព្រះពុទ្ធសាសនា រស់រានមានជីវិត និងបានក្លាយទៅជាសាសនារបស់ជនជាតិខ្មែរសព្វថ្ងៃនេះ គឺដោយឧត្តមគតិដ៏ល្អប្រសើរនៃលទ្ធិនេះ ដែលបាននាំប្រទេសខ្មែរទៅរកការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ដោយចិរភាពយ៉ាងប្រាកដ ។
ខ- ចម្លាក់បែបព្រហ្មណ៍និយម សម័យបុរេអង្គរ

ព្រះហរិហរៈ, ថ្ម មកពីអាស្រមមហាឥសី ស្រុកអង្គរបុរី, ខេត្តតាកែវ (ឯកសារសារមន្ទីរ ហ្គីមេ)
រីឯចម្លាក់បែបព្រហ្មណ៍និយមវិញ យើងឃើញមានទេវតាទាំងពីរភេទ ។ ចំពោះទេវតាធំៗ នៃទ្រឹស្តី ត្រីមូតិ យើងឃើញមានទេវតាពីរអង្គ សំខាន់ជាងគេគឺ ព្រះព្រហ្ម, ព្រះវិស្ណុ ឬនារាយណ៍ នៃព្រះទេវី ឬ ព្រះឥសូរ ដែលអមដោយព្រះអាទិទេពស្រី ដូចជា ព្រះនាងឱមា, បរវតីជាដើម ។ ក្រៅពីនេះ យើងក៏បានជួបប្រទះ នូវទេវតាបន្ទាប់បន្សំ ឬ រងដែរ ដូចជា ព្រះស្កន្ធ និង ព្រះអគ្គីជាដើម ។
ចម្លាក់ព្រះអគ្គី ឬអគ្នី មកពីអង្គរបុរី





ចម្លាក់ទេវរូបទាំងនោះ បានកើតឡើងដោយការប្រារព្ធប្រតិបត្តិ នូវព្រហ្មញ្ញសាសនាហើយ គឺជាថ្វីដៃប្រកបដោយទឹកដមរបស់ជនជាតិខ្មែរ ដែលអាចធ្វើឲ្យយើងឃើញនូវទេពកោសល្យដ៏ខ្ពស់ ព្រមជាមួយនឹងប្រព័ន្ធសាសនារបស់ជាតិសាសន៍ខ្មែរ ។
បើនិយាយម្យ៉ាងទៀត ចម្លាក់បុរាណទាំងនោះពិតជាបានកើតឡើងក្រោមឥទ្ធិពលនៃទេវតាឥណ្ឌា ដ៏ខ្លាំងក្លា ។ ពីព្រោះសមិទ្ធិផលទាំងនោះបានសម្តែង គំនិតយល់ឃើញពីសំណាក់ទស្សនិកជនថា លោកយើងនេះគឺត្រូវបានបង្កើតឡើង ហើយ ទ្រទ្រង់ថែរក្សា ដោយព្រះអាទិទេពទាំង ៣ខាងលើនេះ ដែលជាហេតុនៃជីវិត ។ នេះជាការប្រែប្រួលយ៉ាងធំបំផុតផ្នែកបរិស្ថាន វប្បធម៌ និង សង្គមដែលបានកើតឡើងជាពិសេសខាងទស្សនវិជ្ជារបស់មនុស្សខ្មែរ នាដើមសតវត្សទី ១ នៃគ.ស ៕
(ម.ត្រាណេ)
No comments:
Post a Comment