ព្រះពោធិសត្វអមិតភៈ
តាមលក្ខណៈទូទៅ គេឆ្លាក់ព្រះពោធិសត្វអង្គនេះ ក្នុងឥរិយាបថអង្គុយសមាធិ នៅចំកណ្ដាលផ្នួងសក់នៃព្រះអវលោកេស្វរៈ ដែលទ្រង់ប្រថាប់ឈរ ដោយមានដៃ ២ ទៅ ១០ ។ តាមគម្ពីរតន្ត្រៈ ព្រះពោធិសត្វ អមិតភៈគង់ប្រថាប់នៅទិសខាងលិចនៃសួគ៌ា ។ ការឆ្លាក់ព្រះពោធិសត្វអមិតភៈលើព្រះកេសព្រះពោធិសត្វអវ លោស្វរៈ ដែលតំណាងឲ្យព្រះបាទជ័យវរ្ម័នទី៧ ឬព្រះកេសព្រះនាងប្រាជ្ញាបារមិតា តំណាងឲ្យព្រះនាងឥន្ទ្រទេវី ព្រោះព្រះបដិមាទាំងនោះរមែងតែងតែសង្គ្រោះសត្វលោក ដែលមានទុក្ខទោស ដោយផ្ដល់នូវសេចក្ដីសុខ សេចក្ដីចំរើន ។ ដូច្នេះហើយយើងឃើញថា ព្រះពោធិសត្វអមិតភៈ មានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាអស្ចារ្យ ក្នុងសង្គមពីសម័យបុរាណ ។
ចម្លាក់ព្រះកេស ព្រះពុទ្ធអង្គ និង ព្រះកេសព្រះបាទជ័យវរ្ម័នទី ៧ ដែលមានចម្លាក់ព្រះពោធិសត្វអមិតភៈលើកភ្នួងសក់ (ឯកសារ សារមន្ទីរហ្គីមេ)
ដោយពិតទៅចម្លាក់ទាំងនោះ បានបង្ហាញពីថ្វីដៃដ៏ប៉ិនប្រសព្វរបស់អ្នកប្រាជ្ញខ្មែរខាងសាសនា ក្នុងការបង្កើតរូបមន្តសំយោគថ្មី ដែលពុំធ្លាប់មានពីមុនមក គេអាចធ្វើឲ្យព្រះមហាក្សត្រ ឬព្រះរាជនី ឲ្យក្លាយទៅជាមហាវីរបុរស រហូតដល់ព្រះអាទិទេពថែមទៀតផង ។ ទាំងអស់នេះ គឺជាទេពកោសល្យខ្ពស់ និងវិធីសាស្ត្រមួយសម្រាប់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងការបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ ។ កុំភ្លេចថា ចម្លាក់ព្រះពោធិសត្វទាំងនោះត្រូវចែកចាយទូទាំងដែនដីខ្មែរ សម្រាប់ជាទីគោរពសក្ការៈ ។
ព្រះភ័ក្ត្រស្លូតបូតញញឹមស្រស់ប្រិមប្រិយ៍ នៅពេលដែលគេគយគន់ព្រះបដិមាពុទ្ធរាជនោះម្ដងៗ ដែលគេចាត់ទុកថា ជាប្រភពនៃគុណធម៌ គេមិនអាចទប់ចិត្តមិនឲ្យស្រលាញ់បេតីឡើយ ។
សរុបមក គឺលក្ខណៈដ៏វិសេសវិសាលទាំងអស់នេះហើយ ដែលបានទាក់ទាញការស្រលាញ់គោរពប្រមុខដឹកនាំ ពីសំណាក់ប្រជានុរាស្ត្រគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដែលជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិខ្មែរយើង ៕ (ម.ត្រាណេ)ដកស្រង់ពីECN
No comments:
Post a Comment