ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
យោងតាមការស្រាវជ្រាវរបស់ អ្នកប្រវត្តិសាស្ត្រយើងដឹងថា ក្រោយពីប្រារព្ធពិធីរាជអភិសេកឡើងសោយរាជ្យភ្លាម ព្រះបាទជ័យវរ្ម័នទី៨ (១២៤៣-១២៩៥ នៃគ្រិស្ដសករាជ) បានប្រកាសយកលទ្ធិព្រហ្មញ្ញសាសនានិកាយសិវៈ ធ្វើជាសាសនារបស់រដ្ឋ ។ ទិដ្ឋភាពនេះសឲ្យឃើញថា មានប្រតិកម្មដ៏ធ្ងន់ធ្ងរមួយប្រឆាំងនឹងលទ្ធិព្រះពុទ្ធសាសនា ដែលធ្លាប់ត្រូវបានប្រជាជនគោរពបូជា ដោយពុទ្ធបូជនីយដ្ឋានទាំងឡាយ ក្នុងចក្រភពអង្គរដ៏បវរនៃយើង ដូចជា វត្តអារាមផ្ទុកទៅដោយចម្លាក់ពុទ្ធបដិមា ត្រូវគេបំផ្លាញឬកម្ទេចចោលស្ទើរតែទាំងអស់ ។ ដូច្នេះព្រះរាជាណាចក្រកម្ពុជា ក្រោយពីរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៨ និងព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលបានសោយរាជ្យបន្ត ពីព្រះបាទជ័យវរ្ម័នទី៧ មកបានស្ថិតក្នុងសង្គ្រាមសាសនា ដែលជាមូលហេតុចម្បងនាំមកនូវឱនភាពនៃវប្បធម៌-អារ្យធម៌អង្គរ ។ ក្នុងពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃបច្ចុប្បន្ន ដែលធ្លាប់តែជាទឹកដីខ្មែរ ក៏ស្ថិតនៅក្រោមការត្រួតត្រា របស់ព្រះរាជាណាចក្រសុខោទ័យ ។ ខ្មែរទាំងនោះដែលប្រារព្ធប្រតិបត្តិព្រះពុទ្ធសាសនា រួចទៅហើយនោះដោយកត្តាសាសនា ក៏បែរជានាំគ្នាគាំទ្រជនជាតិសៀម ឬថៃដែលជាមនុស្សចំណូលថ្មី ដើម្បីប្រយុទ្ធប្រឆាំងទប់ទល់នឹងអំណាចកណ្ដាលរបស់ជាតិខ្លួនឯង ដែលនៅរាជ្យបុរី ឬក្រុងអង្គរធំទៅវិញ ។ ដោយហេតុនេះ ការតស៊ូរបស់ជនជាតិសៀម ដើម្បីឯករាជ្យភាព គួបផ្សំនឹងការចាប់កេណ្ឌរាស្ត្រខ្មែរ ក្នុងខេត្តសុខោទ័យ ក៏ដូចក្នុងខេត្តដទៃទៀត ដែលបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ព្រះបាទឥន្ទ្រទាទិត្យ ឬហ្វាមឿងនៅឆ្នាំ១២៣៨ បានធ្វើឲ្យកងទ័ពសៀមទទួលជ័យជំនះ លើមេបញ្ជាការធំរបស់ខ្មែរទាំងឡាយ ដោយងាយស្រួលហួសពីការស្មានដូចជា នៅរាជបុរី និងលពបុរីជាដើម ។
ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
ចម្លាក់តំណាងព្រះពុទ្ធអង្គ សក្យាមុនី កំពុងសមាធិដែលត្រូវគេដាប់ព្រះភ័ក្ត្រ (ប្រាសាទបន្ទាយឆ្មារ, ២០១០)
នៅក្នុងតំបន់សៀមរាបអង្គរ ក៏ដូចជានៅតាមបណ្ដាខេត្តកម្រណាស់ ដែលមានសាសនាដ្ឋានបានគេចផុត ពីសោកនាដកម្មនេះដែលគួរឲ្យអាណិតអាសូរ ។ ភាគច្រើនចម្លាក់ពុទ្ធបដិមាកម្មខ្មែរ ដែលជាស្នាព្រះហត្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងទឹកដីថៃបច្ចុប្បន្ន មិនត្រូវបានគេបំផ្លាញចោលនោះទេ ព្រោះស្ថិតឆ្ងាយសែនឆ្ងាយ ពីអំណាចកណ្ដាល ឬរាជធានីអង្គរធំ ។ ឧទាហរណ៍ជាក់ស្ដែង សន្លឹកសីមាវត្ត នៅវត្ដមហាធាតុ នៅខេត្តរាជបុរីប្រទេសថៃបច្ចុប្បន្ន ដែលដើមឡើយជាមន្ទីរពេទ្យ ឬអរោគ្យសាលា ពុំត្រូវបានគេដាប់បំផ្លាញចោលឡើយ ។ ទាំងអស់នេះជាសញ្ញានៃការប្រេះឆាក្នុងសង្គមជាតិខ្មែរ នាអតីតកាលដែលម្ខាងប្រកាន់លទ្ធិព្រះពុទ្ធសាសនា រីឯម្ខាងទៀតប្រកាន់លទ្ធិព្រហ្មញ្ញសាសនា ។
គួរបញ្ជាក់ថា នៅលើកំផែងប្រាសាទទាំងឡាយនៃតំបន់អង្គរដែលធ្វើអំពីថ្មបាយក្រៀម មានលំអទៅដោយសន្លឹកសីមាគ្រប់រូបព្រះពុទ្ធអង្គ ក្នុងឥរិយាបថសមាធិត្រូវគេដាប់បំផ្លាញចោលស្ទើរគ្មានសល់មួយឡើយ ។ ជួនកាលគេឆ្លាក់ជំនួសវិញទៅដោយរូបព្រះសិវៈ ឬសិវលិង្គ ។
ក្បាច់ហោជាង ដែលចម្លាក់ព្រះពុទ្ធអង្គជំនួសដោយព្រះសិវលឹង្គ ប្រាសាទជ្រុង, អង្គរធំ (១៩៦៣)
សូមរំលឹកថា ពីសម័យអតីតកាលរបស់ខែ្មរ ចាប់ពីសម័យមហានគរមក ប្រទេសកម្ពុជាលែងជាចក្រភព ឬមហាប្រទេសទៀតហើយក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ហើយកិត្យានុភាពចេះតែទន់ខ្សោយអន់ថយទៅៗ បណ្ដាលមកពីការបំផ្លិតបំផ្លាញនូវឧត្តមគតិជាតិរបស់ព្រះបាទជ័យវរ្ម័ន ទី៧ គួបផ្សំនឹងការវាតទីនិយមរបស់ពួកបរទេសឈ្លានពាន ។ ថ្វីត្បិតតែព្រះរាជពង្សាវតារខ្មែរមិនអាចបញ្ជាក់អំពី ព្រឹត្តិការណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះក៏ពិតមែន ប៉ុន្ដែយើងអាចដឹងបាន ដោយយោងតាមការសិក្សាខ្លឹមសារ នៃសិលាចារឹក គួបផ្សំនឹងវិស័យបដិមាសាស្ត្រ និងកំណត់ហេតុចិន ដែលជាសក្ខីកម្មនៃប្រតិកម្មសិវៈនិយម ដែលជាកត្តាមួយក្នុងចំណោមកត្តាចម្បងជាច្រើន ដែលបានធ្វើឲ្យប្រទេសជាតិចុះទន់ខ្សោយ ៕ (ម.ត្រាណេ)ដកស្រង់ពីCEN
No comments:
Post a Comment