Wednesday, March 17, 2010

ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ

ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ

"​ព្រះ​បត់​" បែប​ព្រះពុទ្ធសាសនា​ខ្មែរ​

ភ្នំពេញ : បណ្ឌិត​សាស្ត្រាចារ្យ មី​សែ​ល​ត្រា​ណេ ជំនាញ​ខាង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា បានឲ្យដឹងថា ព្រះបត់​បែប​ព្រះពុទ្ធសាសនា​ខ្មែរ គឺជា​គំនូរ​ពណ៌​នៅលើ​កំណាត់ ដែល​គេ​អាច​មូរ ឬ​លា​ ​ដោយ​ងាយស្រួល​ជាពិសេស​ក្នុង​ការដឹកជញ្ជូន ដើម្បី​មូលហេតុ​សាសនា​ដូចជា ការ​ទេសនា​ជាដើម ។ គំនូរ​ទាំង​នោះ​តំណាង​ភាគ​ខ្លះ​នៃ​ខ្សែ ជីវិត​អតីត​ជាតិ របស់​ព្រះសម្មាសម្ពុទ្ធ ហើយ​អាស្រ័យហេតុនេះ​ទើប​យើង​ឃើញ​ព្រះ​ពុទ្ធអង្គ​បរមគ្រូ នៃ​យើង​ស្ថិត​ក្នុង​ឥរិយាបថ​ផ្សេងៗ​ពីគ្នា តាំង​ពី​ការយាង​ទៅ​សាងព្រះ​ផ្នួស រហូត​ដល់​ចូល​ព្រះ​និព្វាន ។​

​ ​នៅពេលដែល​មាន​បុណ្យទាន​ប្រពៃណី​ទំនៀមទម្លាប់​បែប​ព្រះពុទ្ធសាសនា ប្រជាជន​ខ្មែរ​រមែងតែងតែ​យក​គំរូ​ប្រជាប្រិយ​ទាំងនោះ​មក​លាតត្រដាង ហើយ​គេ​ចង ឬ​ព្យួរ​នៅ លើ​ជញ្ជាំង ឬ​រោងបុណ្យ ៘ គោលដៅ​ដើម​ចម្បង និង​ដ៏​ពិសិដ្ឋ​របស់​ព្រះបត់ គឺ​ការ​ចម្រើន​ភាវនា ឬ​កម្មដ្ឋាន​ពី​សំណាក់​ពុទ្ធសាសនិកជន​ខ្មែរ​នៅ​តាម​វត្ត​អារាម ។ បើ​និយាយ​ម្យ៉ាងទៀត តាមរយៈ​គំនូរ​ស័ក្តិសិទ្ធិ​ទាំងនោះ​អ្នកបួស​អាច​នឹង​ឈាន​រក​ពុទ្ធិ​យ៉ាង​ឆាប់រហ័ស ពីព្រោះ​នៅ​ក្នុង​ទស្សនៈ​បុរាណ​ខ្មែរ​ការឈានទៅរក​ការ​ត្រាស់ដឹង មិនអាច​នឹង​សម្រេច​ទៅ​បាន​បើសិនជា​គ្មាន​គំនូរ​ពិសិដ្ឋ​ទាំងនោះ​ទេ ដែល​តំណាង​ឲ្យ​ពាក្យ​ប្រៀនប្រដៅ ព្រមទាំង​វិធីសាស្ត្រ​សម្រាប់​គោលដៅ គឺ​ព្រះ​និព្វាន ។​

​ ​លោក បណ្ឌិត​មី​សែ​ល ត្រា​ណេ បញ្ជាក់ទៀតថា សាសនិកជន​ខ្មែរ​ចាត់ទុក​គំនូរ​ទាំង នោះ ជា​សញ្ញា​និមិត្ត​តំណាង​ឲ្យ​បុណ្យ​បារមី​ជ័យ​ចេស្តា​របស់​ព្រះ​ពុទ្ធអង្គ ដែល​បាន​ផ្ចាញ់​មារ ហើយ​ទ្រង់​សម្រេច​នូវ​ព្រះសម្មាសម្ពុទ្ធ​ញ្ញាណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ។ ចំពោះ​វិចិត្រករ​ខ្មែរ​ដែល​ផលិត​គំនូរ​ទាំងនោះ ពិត​ជា​ដើម្បី​មូលហេតុ​សាសនា​យ៉ាង​ប្រាកដ គឺ​សម្រាប់​ជា​កសិណ​ក្នុងការ​ចម្រើន​ធម៌ ឬ​ដើម្បី​ជា​ចន្ទល់​នៃ​ការធ្វើ​សមាធិ ។ ដូច្នេះហើយ​បានជា​ពួក​គេ​ចាត់ទុកថា គំនូរ​ទាំងនោះ​មាន​តម្លៃ​យ៉ាង​ឧត្តុង្គឧត្តម​ជាទី​បំផុត​គួរឲ្យ​គោរព​សក្ការបូជា ។​

​ ​នៅក្នុង​សង្គម​ខ្មែរ នៅពេល​មាន​បុណ្យទាន​ម្តងៗ គេ​រមែងតែងតែ​យក​ព្រះបត់​មក​ប្រើប្រាស់​នៅ​តាម​វត្ត​អារាម ក៏ដូចជា​នៅ​គេហដ្ឋាន​នានា​ដែរ ពីព្រោះ​គេ​មិន​អាច​រំលង​បាន​ឡើយ ។​

​ ​ជាង​ខ្មែរ​គូរ ឬ​ឆ្លាក់​ជីវិត​របស់ ព្រះពុទ្ធ​អង្គ​តាម​លំនាំ​ប្រពៃណី​ខ្មែរ ដោយ​យក​គំរូ​តាម​ច្បាប់​ដើម​ដែល​ធ្លាប់ មាន​តាំងពី​បុរាណកាល​មក ។ ក្នុងន័យ​នេះ​ហើយ បាន​ជា​ជនជាតិ​ខ្មែរ​ជឿជាក់ថា គំនូរ​ទាំងនោះ​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច ចេញពី​ផ្ទះសម្បែង ហើយ​ថែមទាំង​នាំ​ពួកគេ​ឲ្យមាន​ទឹកចិត្ត​ជ្រះថ្លា​ល្អ បរិសុទ្ធ​ផង​ពោល​គឺ​ធ្វើឲ្យ​ពួកគេ​ក្លាយទៅស​ភាវៈល្អ​គួរឲ្យ​ញាតិ​ញោម​គោរព​ប្រណិប័តន៍ ។​

​ ​លោក​បណ្ឌិត​ឲ្យដឹងទៀតថា ព្រះបត់​គឺជា​គំនូរ​បុរាណ​ពិសិដ្ឋ ហើយ​ស័ក្តិសិទ្ធិ​មាន​សារសំខាន់​ណាស់ នៅក្នុង​ក្រសែភ្នែក​របស់​ជនជាតិ​ខ្មែរ ដែល​ភាគច្រើន​ជា​អ្នកស្រុក​ស្រែចម្ការ ។ វា​ជា​មរតក​អរូបី ។ គំនូរ​ទាំងនោះ​អាច​ធ្វើឲ្យ​យើង​ស្វែងយល់​អំពី​ទស្សនវិ​ជ្ជា​របស់​ប្រជាជន​ខ្មែរ ។ គេ​គប្បី​ត្រូវតែ​ការពារ​ឲ្យបាន​គ្រប់គ្រាន់​ទប់ស្កាត់ ការលក់ដូរ​នៅលើ​ទីផ្សារ​បើសិនជា​យើង​ប្រាថ្នា​ប្រាប់​មនុស្ស​ខ្មែរ​ពី​ឫស​កែវ វប្បធម៌​ដ៏​ល្អ​ប្រពៃណី​របស់​ដូនតា​ខ្មែរ ។​

​ ​លោក​សាស្ត្រាចារ្យ​បាន​ក្រើនរំលឹក​ថា សព្វថ្ងៃ​នេះ​ឈ្មួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​នឹង​កំពុង​រំលំ​រំលាយ​ស្ទើរតែ​អស់រលីង​គ្មាន​សល់​នូវ​ផ្ទាំងគំនូរ​បុរាណ​ខ្មែរ​ទាំងនោះ ហើយ​វា​កំពុងស្ថិត​នៅ​លើ​ទីផ្សារសេរី​នានា ។ នេះ​ជា​សកម្មភាព​ដ៏​ចង្រៃ​កំពុង​រាតត្បាត​លើ​ខឿនវប្បធម៌​ជាតិ​ខ្មែរ​យ៉ាង​ឃោរឃៅ ឥត​ស្រាកស្រាន្ត​គួរឲ្យ​រន្ធត់ ៕(ECN) rinsaro​

No comments: